ដោយ សួង សុភារី
08/12/2017
RFI

ជនអន្តោប្រវេសន៍ខ្មែរដែលបាននិរទេសពីអាមេរិក មកកម្ពុជា (@SEAFN)
ការនិរទេសជនអន្តោប្រវេសន៍ខ្មែរដែលមានទោស ពីអាមេរិក មកកម្ពុជាវិញ ជារឿងដែលគួរឲ្យថ្កោលទោស ព្រោះវានឹងធ្វើឲ្យគ្រួសាររបស់ពួកគេ ត្រូវបែកបាក់គ្នាយ៉ាងខ្លោចផ្សា។ នេះបើតាមការលើកឡើងរបស់នាយិកាប្រតិបត្តិសមាគមបណ្តាញសេរីភាពអាស៊ីអាគ្នេយ៍ Southeast Asian Freedom Network (SEAFN)។ ការលើកឡើង នេះ បានធ្វើឡើងក្រោយមានការបញ្ជាក់ថា ជនភៀសខ្លួនខ្មែរ ៧០នាក់ នឹងត្រូវបណ្តេញចេញពីទឹកដីអាមេរិក មកប្រទេសកម្ពុជា នៅមុនពិធីបុណ្យណូអែល ក្នុងខែធ្នូនេះ។
ការិយាល័យអន្តោប្រវេសន៍កម្ពុជា បានបញ្ជាក់ឲ្យដឹងនៅពេលថ្មីៗនេះថា មានជនអន្តោប្រវេសន៍ជាង ៧០នាក់ នឹងត្រូវបណ្តេញចេញពីអាមេរិក ហើយបញ្ជូនមកប្រទេសកម្ពុជាវិញ នៅក្នុងខែធ្នូ ឆ្នាំ ២០១៧នេះ។ ហើយនឹងមានជនអន្តោប្រវេសន៍ខ្មែរសរុប ២០០នាក់ ត្រូវរំពឹងថា នឹងបញ្ជូនចេញពីអាមេរិក ក្នុងឆ្នាំ ២០១៨។ កត្តានេះ បានធ្វើឲ្យបណ្តាញសេរីភាពអាស៊ីអាគ្នេយ៍ យល់ថា រដ្ឋាភិបាលនៃប្រទេសទាំង ២ ហាក់ដូចជាគ្មានបេះដូង ថ្លើមប្រម៉ាត់សោះ ដែលសម្រេចបំបែកក្រុមគ្រួសាររបស់ពួកគេ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យណូអែលនោះ។
លោកស្រី Quyen Dinh នាយិកាប្រតិបត្តិនៃសមាគមបណ្តាញសេរីភាពអាស៊ីអាគ្នេយ៍ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ៦ធ្នូថា ការបណ្តេញជនភៀសខ្លួនបែបនេះ ជាការបំពានសិទ្ធិមនុស្ស ហើយសមាគម ទាមទារឲ្យមានការផ្លាស់ប្តូរច្បាប់ ឬ កិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនទៅប្រទេសកំណើតវិញ។ តាមសមាគមនេះ ការបញ្ជូនជនភៀសខ្លួនមកវិញ មិនត្រឹមតែធ្វើឲ្យពួកគេបែកបាក់គ្រួសារនោះទេ តែវាក៏នឹងធ្វើឲ្យពួកគេពិបាកក្នុងការរស់នៅក្នុងប្រទេសកំណើត ខណៈដែលជនភៀសខ្លួនមួយចំនួន មិនចេះភាសាដើម មិនយល់ពីទំនៀមទម្លាប់ប្រពៃណី ដោយសារពួកគេបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក តាំងពីកុមារភាព។
គួរជម្រាបជូនថា កន្លងមករដ្ឋាភិបាលកម្ពុជា បានបដិសេធ មិនព្រមទទួលយកដាច់ខាតនូវជនអន្តោប្រវេសន៍ខ្មែរ ដែលប្រព្រឹត្តល្មើសច្បាប់ លើទឹកដីសហរដ្ឋអាមេរិក ហើយតម្រូវឲ្យបណ្តេញចេញមកប្រទេសកម្ពុជាវិញ។ ប៉ុន្តែក្រោយពីក្រសួងការបរទេសអាមេរិក ដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការលើមន្ត្រីក្រសួងការបរទេសកម្ពុជាមួយចំនួន កាលពីខែកញ្ញា ឆ្នាំ ២០១៧ វិធានការនេះ ត្រូវគេមើលឃើញថារដ្ឋាភិបាលកម្ពុជា ទំនងជាប្តូរចិត្ត ហើយបានប្រកាសឲ្យត្រៀមទទួលយកពលរដ្ឋខ្មែរទាំងនោះមកវិញ ដោយគ្រាន់តែសំណូមពរឲ្យអាមេរិកគិតគូរផ្តល់ជំនួយដល់ពួកគេ ដើម្បីអាចឲ្យពួកគេកសាងជីវភាពថ្មីបាន។ រដ្ឋាភិបាលកម្ពុជាមុននឹងការសម្រេចដូច្នេះ កន្លងមកក៏បានទាមទារឲ្យអាមេរិកធ្វើវិសោធនកម្មលើចំណុចមួយចំនួននៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដោយហេតុថាវាជាសោកនាដកម្មមួយនៃការបែកបាក់គ្រួសារជារៀងរហូត។ ក៏ប៉ុន្តែ អាមេរិកនៅមិនមានជំហរណាមួយផ្លាស់ប្តូរនៅឡើយ។
សូមបញ្ជាក់ថា តាំងពីមានកិច្ចព្រមព្រៀងឆ្នាំ២០០២ ស្ដីពីការទទួលពលរដ្ឋកម្ពុជាដែលប្រព្រឹត្តបទឧក្រិដ្ឋនៅអាមេរិកឲ្យត្រឡប់មកប្រទេសវិញ រហូតមកដល់ពេលនេះ រដ្ឋបាលអាមេរិកាំង បានបញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តបទល្មើស និងបានទទួលទោសរួចមកកាន់ប្រទេសកម្ពុជាចំនួនជាង៦០០នាក់ហើយ៕
នេះជាភាពអាមាសជាតិ ហេតុអ្វីពួកនេះមិនចេះភ្ញាក់ខ្លួន បានទៅដល់ស្រុកគេហើយ នៅតែមានមាយាទថោកមិនព្រមធ្វើអំពើល្អ។ រឿងនេះបានធ្វើឲ្យប៉ះពាល់ដល់កិតិ្តយសពលរដ្ឋខ្មែរដទៃទៀតដែលគេធ្វើអំពើល្អ ហើយនឹងធ្វើឲ្យប្រទេសគេមានការញញើតក្នុងការទទួលឲ្យជនជាតិខ្មែរផ្សេងទៀតចូលទៅរស់នៅទឹកដីសហរដ្ឋអាមេរិកលើកក្រោយៗទៀត។