Fri, 8 December 2017
បែន សុខហ៊ាន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សមាជិករដ្ឋសភា ១០៤ រូបមកពី ៤ គណបក្សដែលចូលប្រជុំនៅរដ្ឋសភាពីម្សិលមិញបានបោះឆ្នោតជាឯកច្ឆន្ទផ្តល់ទំនុកចិត្តដល់មន្ត្រី ៣ រូបឲ្យជាប់ជាអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខណៈសមាជិកសភាថ្មី ១៦ រូបក៏ត្រូវបានផ្ដល់សុពលភាព បើទោះណាជាមានការរិះគន់ថា ដំណើរការនេះធ្វើឡើងដើម្បីបង្គ្រប់កិច្ចក៏ដោយ។
រដ្ឋសភាដែលដឹកនាំដោយលោក ហេង សំរិន បានបោះឆ្នោតឲ្យលោក នុត សុខុម អតីតមន្ត្រីមកពីគណបក្សហ៊្វុនស៊ិនប៉ិចជាអនុប្រធាន គ.ជ.ប លោក ហ៊ែល សារ៉ាត់ អតីតមន្ត្រីគណបក្សសញ្ជាតិកម្ពុជា និងលោក ឌឹម សុវណ្ណារុំ អតីតអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាសមាជិកជំនួសអតីតមន្ត្រីមកពីគណបក្សសង្គ្រោះជាតិដែលបានលាលែងក្រោយបក្សខ្លួនត្រូវរំលាយ។
លោក ហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងមុនផ្អាកការប្រជុំថា៖ «អនុលោមតាមលទ្ធផលនៃការបោះឆ្នោតទុកចិត្តអម្បាញ់មិញនេះខ្ញុំសូមប្រកាសថា ឯកឧត្តម នុត សាខុម ជាអនុប្រធាន ឯកឧត្តម ឌឹម សុវណ្ណារុំ ជាសមាជិក និងឯកឧត្តម ហ៊ែល សារ៉ាត់ ជាសមាជិកត្រូវបានអង្គសភាបោះឆ្នោតជាប់នាសម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី ៥ នៅថ្ងៃព្រហស្បតិ៍ ទី ៧ ខែធ្នូឆ្នាំ ២០១៧។ សូមអង្គសភាអបអរសាទរ»។
ថ្លែងបន្ទាប់ពីចាកចេញពីមន្ទីររដ្ឋសភាលោក នុត សុខុម បានប្ដេជ្ញាថានឹងបម្រើផលប្រយោជន៍ និងប្រជាជនដោយសតិសម្បជញ្ញៈ។
លោកថា៖ «ខ្ញុំមានសេចក្ដីរំភើបរីករាយ និងសូមថ្លែងអំណរគុណ…ដល់អង្គសភាទាំងមូលដែលលោកបានបោះឆ្នោតផ្តល់សេចក្ដីទុកចិត្តដល់ខ្ញុំក្នុងឋានៈជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ជាការតបស្នងមានតែការប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងស្ថាប័នដ៏មានសារៈសំខាន់នេះដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រ»។
ទោះជាយ៉ាងណាលោក នុត សុខុម មិនបានឆ្លើយនឹងសំណួរស្ដីពីឯករាជភាពរបស់ គ.ជ.ប ក្រោយពីអវត្តមានមន្ត្រីមកពីគណបក្សប្រឆាំងទេដោយលោកគ្រាន់តែបញ្ជាក់ថា «តើយល់ពីពាក្យតស៊ូទេ? តស៊ូនេះគឺលំបាកហើយយកជីវិតទៅប្ដូរ ដូច្នេះខ្ញុំធ្វើទៅតាមសតិសម្បជញ្ញៈរបស់ខ្ញុំក្នុងរឿងជាតិ…»។
សភាគាំទ្រមន្ត្រី គ.ជ.ប និង តំណាងរាស្ត្រថ្មី
លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ថ្មីមកពីគណបក្សសញ្ជាតិកម្ពុជាបានថ្លែងដែរថារាល់ការរិះគន់គឺជាសិទ្ធិបុគ្គល ហើយតួនាទីរបស់លោកត្រូវបានធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ។
លោកថា៖ «កម្ពុជាជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស អ៊ីចឹងអ្វីៗយើងធ្វើតាមរដ្ឋធម្មនុញ្ញ ហើយខ្ញុំក៏អរគុណដែរដល់រដ្ឋសភាដែលបានបោះឆ្នោតជ្រើសតាំងឲ្យខ្ញុំបាទផ្ទាល់ជាសមាជិក គ.ជ.ប…»។
រីឯលោក ឌឹម សុវណ្ណារុំ ជាសមាជិកថ្មីម្នាក់ទៀតដែលធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលនៃពិធីការសង្គមស៊ីវិលកម្ពុជាប្រធានផ្នែកទំនាក់ទំនងសាធារណ:នៃសាលាក្តីខ្មែរក្រហម និងជាអនុប្រធាននៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលកាន់តំណែងជាសមាជិកចេញពីបេក្ខជនសេរីនេះដែរ។
តបនឹងសំណួរដែលថាលោកត្រូវបានគេជឿថាមានជំហរទៅគណបក្សកាន់អំណាចលោក សុវណ្ណារុំ ថ្លែងការពារថា៖ «ខ្ញុំគិតថាប្រទេសកម្ពុជាជាប្រទេសមួយដែលមានសេរីភាពបញ្ចេញមតិដ៏ពេញលេញអ៊ីចឹងអ្នកណាក៏មានសិទ្ធិក្នុងការបញ្ចេញមតិដែរ តែការពិតវានៅតែជាការពិត…»។
លោកថា៖ «ខ្ញុំគិតថាគេរើសតាមនីតិវិធី ហើយខ្ញុំបានប្រឡងជាប់…អ៊ីចឹងអ្នកណានិយាយយ៉ាងម៉េចពីខ្ញុំឲ្យគេនិយាយចុះ ប៉ុន្តែការពិតនៅតែជាការពិត ខ្ញុំមានកិត្តិយស ខ្ញុំមានបទពិសោធការងារច្រើនហើយខ្ញុំបានធ្វើកិច្ចការងារសង្គមច្រើនណាស់តាំងពីឆ្នាំ ១៩៩៥ មកទល់ពេលនេះ»។
លោកថាសមាសភាពអនុប្រធាន និងសមាជិកទាំង ៣ នាក់នឹងត្រូវធ្វើសច្ចាប្រណិធានយ៉ាងយូរ ៧ ថ្ងៃ ។
លោកថា៖ «ខ្ញុំបានត្រៀមរួចជាស្រេចហើយដើម្បីធ្វើជាបុគ្គលមួយមានអព្យាក្រឹតដែលជាសមាជិកថ្មីរបស់ គ.ជ.ប…អ៊ីចឹងអ្នកណាឈប់ ឬអ្នកណាដែលបន្តការងារវាមិនពាក់ព័ន្ធស្ថាប័ន គ.ជ.ប ទេមានន័យថាស្ថាប័ន គ.ជ.ប គេមានត្រីវិស័យគេមានមាគ៌ារបស់ខ្លួនត្រឹមត្រូវហើយ»។
ក្នុងឱកាសនោះដែររដ្ឋសភាក៏បានប្រកាសសុពលភាពសមាជិកថ្មីនៃរដ្ឋសភាទាំង ១៦ រូបមកពីគណបក្សប្រជាជន ១៥ រូប និង ១ រូបមកពីគណបក្សហ៊្វុនស៊ិនប៉ិច។ សមាជិកសភាថ្មីទាំង ១៦ រូបបានធ្វើសច្ចាប្រណិធានក្នុងថ្ងៃតែមួយនាព្រះបរមរាជវាំងមុនចូលកាន់តំណែង។
លោក ម៉ា ឈឿន តំណាងរាស្ត្រថ្មីមកពីគណបក្សប្រជាជនបានថ្លែងក្នុងសម្លៀកបំពាក់ប្រពៃណីមុនធ្វើដំណើរទៅសច្ចាប្រណិធាននៅព្រះបរមរាជវាំងថា៖ «ខ្ញុំប្ដេជ្ញាចិត្តបម្រើប្រជារាស្ត្រឲ្យបានល្អប្រសើរប្ដេជ្ញាចូលរួមបម្រើក្នុងការតាក់តែងច្បាប់ដើម្បីបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រទេសជាតិ»។
លោក កន សាវាង្ស ជាមន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថាខុមហ្វ្រែលថ្លែងថាការជ្រើសរើសសមាសភាព គ.ជ.ប ថ្មីហាក់មិនស្របតាមនីតិវិធីច្បាប់ដែលតម្រូវឲ្យរើសចេញពីគណបក្សនយោបាយ។
លោកលើកជាចម្ងល់ថា៖ «បើតាមនីតិវិធីត្រូវតែជ្រើសរើសចេញពីសមាសភាពគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ក៏ប៉ុន្តែការអនុម័តជាក់ស្ដែង ៣ នាក់នេះយើងមើលឃើញថាមាន ២ មកពីខាងហ៊្វុនស៊ិនប៉ិច ១ គណបក្សសញ្ជាតិកម្ពុជា..មួយទៀតមកពី NGO ឬគណបក្សកាន់អំណាច បើតាមនីតិវិធីគឺមិនត្រឹមត្រូវទេ»។
លោកថាសមាសភាពត្រូវធ្វើតាមទិដ្ឋភាពច្បាប់ ប៉ុន្តែលោកហាក់គ្មានជំនឿលើសមាសភាពដែលគ្មានការគាំទ្រពីម្ចាស់ឆ្នោតហើយតំណាងរាស្ត្រថ្មីក៏គ្មានភាពជាតំណាងម្ចាស់ឆ្នោតដែរ។
លោកបន្ថែម៖ «បើយើងមើលសមាសភាពគឺអាចមានចន្លោះប្រហោងត្រង់ថា តាមពិតទៅបើសមាជិក គ.ជ.ប ក៏ដោយសភាក៏ដោយគឺកើតចេញអំពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋដែលជាអ្នកផ្ដល់សេចក្ដីទុកចិត្ត…ក៏ប៉ុន្តែយើងមើលទៅសមាសភាពដែលកើតចេញរបស់រដ្ឋាភិបាលសភាតំណាងរាស្ត្រដែលក្រោយពីរំលាយគណបក្សប្រឆាំងទៅគឺថាមិនមែនជាអ្វីដែលពលរដ្ឋលោកបានបោះឆ្នោតឲ្យនោះទេ»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថ្លែងថា សមាសភាព គ.ជ.ប ថ្មីនឹងមិនអាចធានាបានពីឯករាជ្យហើយលោកក៏គ្មានជំនឿចិត្តលើស្ថាប័ននេះដែរដោយសារវាត្រូវបានចង្អុលបង្ហាញដោយបក្សកាន់អំណាចរួចទៅហើយ។
លោកថ្លែងថា៖ «វាជាការចាត់ចែងរបស់គណបក្សកាន់អំណាច ដូច្នេះទោះបីយ៉ាងម៉េចក៏ដោយ ក៏ស្ដាប់តាមការចាត់ចែងរបស់បក្សកាន់អំណាចដែរ។ សម្រាប់ខ្ញុំជាបុគ្គល ខ្ញុំអត់មានជំនឿទេព្រោះស្ថាប័នមួយនេះយើងដឹងតាំងពីមុនហើយ តាំងពី ២០១៣ យើងតែងតែមានបញ្ហាក្រោយពេលបោះឆ្នោត ហើយស្ថាប័ននេះតែងតែប្រកាសខ្លួនឯងថាជាស្ថាប័នឯករាជ្យ ស្ថាប័នដែលគោរពតាមឆន្ទៈពលរដ្ឋ ប៉ុន្តែកន្លងមកយើងឃើញមានបញ្ហាក្រោយពេលបោះឆ្នោតគ្រប់ពេលទាំងអស់ទើបតែបោះឆ្នោត ២០១៧ នេះពេលបោះឆ្នោតឃុំ សង្កាត់ យើងឃើញមានភាពប្រសើរ»។
លោកថាតំណាងរាស្ត្រថ្មីមិនត្រូវទទួលបានការស្វាគមន៍ ឬទទួលស្គាល់ពីពលរដ្ឋម្ចាស់ឆ្នោតនោះទេ។ លោកថា៖ «ពលរដ្ឋមិនអាចទទួលយកបានទេ ព្រោះសុទ្ធតែជាបុគ្គលដែលលោកមិនបានបោះឆ្នោតឲ្យ…»៕
Contact author: បែន សុខហ៊ាន

So funny’ and laughable ‘because this country doing like stupid depend on veitcong mafia dictator’s mouth.