អាមេរិក​ប្រកាស​រឹតបន្តឹង​ទិដ្ឋាការ​ដល់​បុគ្គល​ណា ​ដែល​ធ្វើឲ្យ​ខូច​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ

លោកស្រី Heather Nauert អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​។ រូបថត AFP



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ រដ្ឋបាល​របស់​លោក ត្រាំ បាន​ប្រកាស​កាលពី​យប់​ម្សិលមិញ​ថា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នឹង​ចេញ​នូវ​ការ​រឹតបន្តឹង​ទិដ្ឋាការ​ទៅ​លើ​បុគ្គល​ណា​ «​ដែល​ពាក់ព័ន្ធ​ការ​ធ្វើឲ្យ​ខូច​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​» បន្ទាប់ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​ធំ​បំផុត​កាលពី​ខែ​មុន និង​ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​កាលពី​ខែ​កញ្ញា​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Heather Nauert ចំណាត់ការ​នេះ​គឺជា​ «​ការ​ឆ្លើយតប​ដោយ​ផ្ទាល់​ទៅ​នឹង​សកម្មភាព​ប្រឆាំង​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​កម្ពុជា​» ដោយ​លើក​យក​នូវ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ការ​ហាម​ប្រាម​មន្ត្រី​របស់​គណបក្ស​សង្គ្រោះជាតិ​មិន​ឲ្យ​ធ្វើ​នយោបាយ ការ​ដាក់​ពន្ធនាគារ​លោក​ កឹម សុខា ការ​ដាក់​កំហិត​លើ​សង្គម​ស៊ីវិល និង​ «​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​»​។ ​

លោក​ កឹម សុខា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាលពី​ជាង​ ៣ ​ខែ​មុន​ដោយ​ទំនង​ជា​រំលោភ​បំពាន​ទៅ​លើ​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «​ក្បត់ជាតិ​»​។

ការ​ថ្លែង​មួយ​កាលពី​ឆ្នាំ ២០១៣ របស់​លោក កឹម សុខា ដែល​ក្នុង​នោះ​លោក​បាន​និយាយ​អំពី​ការ​គាំទ្រ​របស់​អាមេរិក​នៅ​ក្នុង​ការ​អភិវឌ្ឍ​អាជីព​នយោបាយ​របស់​លោក​ត្រូវ​បាន​ប្រើ​ដោយ​រដ្ឋាភិបាល​ដើម្បី​ជា​ហេតុផល​សម្រាប់​ការ​ចាប់​ខ្លួន​នេះ​ហើយ​នៅ​ក្នុង​រយៈកាល​ប៉ុន្មាន​ខែ​នេះ អាមេរិក​ត្រូវ​បាន​ចោទប្រកាន់​ជា​បន្តបន្ទាប់​ដោយ​មន្ត្រី​រដ្ឋាភិបាល​ថា​នៅ​ពី​ក្រោយ​ការ​បង្កើត ​«​បដិវត្តន៍​ពណ៌​»​។

ភ្លាមៗ​បន្ទាប់ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ សេតវិមាន​បាន​ប្រកាស​ថា ខ្លួន​នឹង​កាត់​ថវិកា​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហើយ​នឹង​ដាក់​នូវ​វិធានការ​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​។ វា​មិន​ប្រាកដ​ទេ​កាលពី​ម្សិលមិញ​ថា តើ​មន្ត្រី​ណា​មួយ​នឹង​ស្ថិត​នៅ​ក្នុង​គោលដៅ​នៃ​ការ​រឹតបន្តឹង​ទិដ្ឋាការ​នេះ​ប៉ុន្តែ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ក៏​បាន​ថ្លែង​ផង​ដែរ​ថា ការ​រឹតបន្តឹង​ទិដ្ឋាការ​នឹង​អនុវត្ត​ផង​ដែរ​ទៅ​លើ​សមាជិក​គ្រួសារ​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ទាំង​នោះ​។

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​លោក David Josar បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា​ទាំង​ចំនួន និង​អត្តសញ្ញាណ​នៃ​បុគ្គល​ទាំង​នោះ​មិន​អាច​បង្ហាញ​បាន​ទេ​។

លោក​បន្ត​ថា​៖ «​កំណត់ត្រា​ទិដ្ឋាការ​ជា​ការ​រក្សា​ការ​សម្ងាត់​ក្រោម​ច្បាប់​អាមេរិក ហើយ​ហេតុ​ដូច្នេះ​យើង​មិន​អាច​ផ្តល់​សេចក្តី​លម្អិត​អំពី​ករណី​បុគ្គល​ណា​មួយ​ទេ​»​។ លោក​បាន​បន្ថែម​ថា​រាល់​ករណី​ទិដ្ឋាការ​ដទៃៗ​ទៀត​នឹង​ដំណើរការ​ដូច​ធម្មតា​។

លោកស្រី Nauert សរសេរ​ថា​ការ​លុប​ចោល​ការ​រឹតបន្តឹង​នេះ​នឹង​ត្រូវ​ភ្ជាប់​ទៅ​នឹង​ការ​បញ្ឈប់​សកម្មភាព​នៃ​ការ​បង្ក្រាប​នយោបាយ​នាពេល​ថ្មីៗ​។ «​យើង​នឹង​បន្ត​តាមដាន​ស្ថានភាព​ហើយ​នឹង​ចាត់​វិធានការ​បន្ថែម​តាម​ការ​ចាំបាច់ ខណៈ​រក្សា​ចំណង​មិត្តភាព​ជិតស្និទ្ធ​របស់​យើង​ជាមួយ​ប្រជាជន​កម្ពុជា​»​។

លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ហៅ​ចំណាត់ការ​នេះ​ថា​ជា​ «​ជំហាន​សំខាន់​មួយ​»​។

លោកស្រី​បាន​សរសេរ​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា​៖ «​សហរដ្ឋអាមេរិក​បាន​ឮ​ការ​អំពាវនាវ​ពី​អ្នក​បោះឆ្នោត ៣ លាន​នាក់​ដែល​បោះឆ្នោត​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​។ មន្ត្រី​ជាន់ខ្ពស់ និង​សមាជិក​គ្រួសារ​របស់​ពួកគេ​ធ្វើ​ដំណើរ​ជា​ទៀងទាត់​ទៅ​ប្រទេស​លោក​ខាង​លិច​។ ពួកគេ​នឹង​មាន​អារម្មណ៍​ទទួល​សម្ពាធ​នេះ ជាពិសេស​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ និង​កូន​ទៅ​រៀន​នៅ​សាកល​វិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក​»​។

កញ្ញា កឹម មនោវិទ្យា កូនស្រី​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ស្វាគមន៍​ការ​ហាមប្រាម​ទិដ្ឋាការ​នេះ​ផង​ដែរ​។ កញ្ញា​បាន​ថ្លែង​ក្នុង​សារ​មួយ​ថា​ «​ចំណាត់ការ​បន្ថែម​ទៀត​នឹង​ធ្វើ​ឡើង​» ប្រសិន​បើ​មិន​មាន​ការ​កែប្រែ​ពី​រដ្ឋាភិបាល​កម្ពុជា​។

កញ្ញា​រំពឹង​ថា​ចំណាត់ការ​ទាំង​នោះ​នឹង​រួមមាន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​ទាំង​នោះ​ការ​កាត់​ជំនួយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​កញ្ញា​ថា​នឹង​សម្រេច​នៅ​ខែ​នេះ​រួម​ជាមួយ​នឹង​ការ​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (GSP)​។

ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (GSP) កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដូចជា​ការ​នាំ​ចូល​ទៅ​អាមេរិក​ដោយ​មិន​បង់​ពន្ធ​សម្រាប់​ទំនិញ​មួយ​ចំនួន​។

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា និង​ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​យល់​ស្រប​ថា​ការ​រឹតបន្តឹង​ទិដ្ឋាការ​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​។ លោក​ថ្លែង​ថា​ការ​រឹតបន្តឹង​នេះ​​គឺ​មិន​យុត្តិធម៌ និង​ជា​វិធានការ​មួយ​ដោយ​មន្ត្រី​អាមេរិក​ដើម្បី​ «​រក្សា​មុខមាត់​របស់​ពួកគេ​»​។

លោក​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​ប្រជាពលរដ្ឋ​កម្ពុជា​មិន​ខ្លាច​ទេ​។ យើង​មើល​ឃើញ​វា​ជា​វិធានការ​អាក្រក់​មួយ​»​។ លោក វណ្ណៈ បន្ថែម​ថា​នេះ​បង្ហាញ​ថា «​មន្ត្រី​អាមេរិក​មួយ​ចំនួន​» ​មិន​គោរព​គោល​នយោបាយ​នៃ​ការ​មិន​ជ្រៀតជ្រែត​របស់​លោក ដូណាល់ ត្រាំ​។

លោក​បាន​ចោទ​សួរ​ថា​៖ «​តើ​មន្ត្រី​អាមេរិក​កំពុង​ធ្វើការ​សារភាព​ថា​ពួកគេ​ពិតជា​កំពុង​គាំទ្រ​ជន​ក្បត់ជាតិ និង​គណបក្ស​នយោបាយ​មួយ​ដែល​ជា​របស់​បរទេស​មួយ​ចំនួន​ដើម្បី​ផ្តួលរំលំ​អាជ្ញាធរ​ស្រប​ច្បាប់​របស់​កម្ពុជា​?»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​ទង្វើ​នេះ​គឺជា​ «​រឿង​ដ៏​ចម្លែក​» ដែល​បង្ហាញ​ថា​អាមេរិក​កំពុង​នៅ​ខាង​គណបក្ស​ប្រឆាំង​ហើយ​មិន​ខ្វល់​អំពី​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​៖ «​នេះ​ជា​លេស​របស់​ពួកគេ​ដើម្បី​នៅ​ខាង​អាយ៉ង​របស់​ខ្លួន​»​។ «​ពួកគេ​សហការ​គ្នា​ដើម្បី​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​ស្រប​ច្បាប់​»​។

ទោះ​យ៉ាង​ណា​លោក ឥសាន ថ្លែង​ថា​ចំណាត់ការ​នេះ​មិន​មាន​អ្វី​បារម្ភ​សម្រាប់​រដ្ឋាភិបាល​ទេ​។ «​ការ​ហាមប្រាម​ទិដ្ឋាការ​នឹង​មិន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​ទេ ពួកគេ​អាច​មក​លេង​ឪពុកម្តាយ​របស់​ពួកគេ​[​នៅ​ទី​នេះ​] គ្មាន​បញ្ហា​ទេ​»​។

លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​តាម​អ៊ីមែល​ថា​វា​ជា​ «​ការ​សោកស្តាយ​ដែល​យើង​ឈាន​ដល់​ចំណុច​នេះ​»​។ លោកស្រី​បន្ត​ថា​៖ «​វា​ដល់​ពេល​ដែល​អាជ្ញាធរ​ចាត់​វិធានការ​រឹងមាំ​ដើម្បី​ស្តារ​សេរីភាព និង​យុត្តិធម៌​ស៊ីវិល​ដែល​សមាជិក​សង្គម​ស៊ីវិល​អាច​ធ្វើ​ការងារ​របស់​ពួកគេ​ដោយ​មិន​មាន​ការ​រារាំង​»​។

លោក ព្រាប កុល នាយក​អង្គការ​តម្លាភាព​កម្ពុជា​បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ផង​ដែរ​ថា​ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ «​គោលនយោបាយ​ចាញ់‑ចាញ់​» នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ភ័យខ្លាច​ប្រទេស​មួយ​ចំនួន​ដទៃៗ​ទៀត​…​រួមមាន​សហភាព​អឺរ៉ុប​អាច​នឹង​ដាក់​ [​ទណ្ឌកម្ម​] ​ប្រភេទ​នេះ​ផង​ដែរ និង​/​ឬ​ទម្រង់​មួយ​ចំនួន​នៃ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាច​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​»​។

លោក​ កុល ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រឡប់​ទៅ​រក​ការ​ចរចា​ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​ «​ស្តារ​ក្តីសង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​»​។

ក្រសួង​ការបរទេស និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕ PS

រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា


Contact author: Leonie Kijewski

What Next?

Recent Articles

One Response to "អាមេរិក​ប្រកាស​រឹតបន្តឹង​ទិដ្ឋាការ​ដល់​បុគ្គល​ណា ​ដែល​ធ្វើឲ្យ​ខូច​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ"

  1. people says:

    Please do more action and tell all allies to punish this beast regime’ because this beast regime never respect constitution or law&order ‘they are former khmer rough killers and some of them are veitcong germs (Youn-spy) who control cambodia behind the door and used one eye dictator to be leader .U S and Allies and international must do more because this beast regime deserve it. GOD bless all cambodian people’