ក្រសួងជំរុញឲ្យពលរដ្ឋសហការជាមួយសមាគមន៍វៀតណាម​ដាំស្វាយចន្ទី

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨​ | ម៉ោង 4:46 PM
http://vodhotnews.com

អភិបាលកិច្ចល្អ

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន (FB៖ ក្រសួងកសិកម្ម)


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឲ្យកសិករ ឬ ក្រុមហ៊ុនសហការជាមួយសមាគមន៍ស្វាយចន្ទីវៀតណាម ដោយថា អាចមានឱកាសទទួលបានគ្រាប់ពូជ បច្ចេកទេស និងមានទីផ្សារលក់ទៅវិញពេលដាំដុះបានផលនោះ។​

សេចក្តីណែនាំចេញផ្សាយកាលពីម្សិលមិញចុះហេត្ថលេខាដោយរដ្ឋមន្ត្រីលោក វេង សាខុន បានលើកថា សមាគមន៍ស្វាយចន្ទីវៀតណាម យល់ព្រមផ្តល់ប្រភេទពូជ បច្ចេកទេស និង ប្រមូលទិញផលិតស្វាយចន្ទីតាមកិច្ចសន្យា។​

សេចក្ដីណែនាំឲ្យដឹងទៀតថា ក្រសួងនឹងផ្សព្វផ្សាយ ដើម្បីជំរុញទៅកសិករ សហគមកសិកម្ម និង​ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ឲ្យចូលរួមដាំស្វាយចន្ទីជាមួយសមាគមន៍ស្វាយចន្ទីវៀតណាម ដើម្បីភ្ជាប់ទំនាក់ទំនងទីផ្សារនាំចេញ។​

អ្នកនាំពាក្យក្រសួងកសិកម្ម​ លោក ចាន់ ហេង បញ្ជាក់បន្ថែមថា នេះគឺជាឱកាសល្អរបស់កសិករ។​

លោកថា៖ «មានច្រើនកន្លែងណាស់ សម្រាប់កសិករ​យើងឃើញគេដាំដំឡូងមី ខ្លះដាំស្វាយចន្ទី​នាំគ្នាដាំៗទៅ ដល់វាច្រើនពេក ធ្លាក់ថ្លៃធ្លាក់អីទៅ អត់មានអ្នកណាដែលថាទទួលខុសត្រូវលើហ្នឹងទេ។ កាលណាយើងមានដៃគូរ មានកិច្ចសន្យាអីត្រឹមត្រូវច្បាស់លាស់ហើយ គឺយើងផលិតបានរហូតយើងមានទីផ្សារ យើងមានទីផ្សាររបស់យើងរហូត ហើយការងារយើងដើររហូតតែម្ដង»។

នាយកកម្មវិធីបរិស្ថាន និងសុវត្ថិភាពនៃអង្គការសេដាកលោក គាប មករាឌី យល់ថា​ ប្រសិនវៀតណាមព្រមផ្ដល់ ពូជ បច្ចេកទេស រួចហើយវៀតណាមទទួលទិញស្វាយចន្ទីពីក្រុមកសិករ ឬសហគមន៍កសិកម្មវិញនោះ ជារឿងល្អ ហើយត្រូវពង្រឹងធ្វើការរួមគ្នាឲ្យស្និទ្ធ។

លោកថា៖ «គួរតែបង្កើននៅស្មារតី ឬក៏ចំណេះដឹងខាងតាមកិច្ចសន្យា ដល់កសិករទៀត ធ្វើម៉េចឲ្យមានការសម្របសម្រួលរវាងវិនិយោគទុន និងកសិករឲ្យមានគឺស្គាល់គ្នា ហើយហ្នឹង ទុកចិត្តគ្នាឲ្យកាន់តែល្អប្រសើរ កុំឲ្យដល់ពេលទទួលផល ឬនៅពេលទិញកសិផលពីកសិករយើងថា មានបញ្ហាកើតឡើង»។

នៅឆ្នាំ២០១កន្លងទៅ កម្ពុជាប្រមូលផលគ្រាប់ស្វាយចន្ទីបានជាង១០ម៉ឺនតោន។ បើតាមក្រសួងកសិកម្មបានឲ្យដឹងថា នៅក្នុង១ឆ្នាំៗ កម្ពុជាបានចេញគ្រាប់ស្វាយចន្ទីទៅលក់វៀតណាមបាន១០០ពាន់តោន៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles

One Response to "ក្រសួងជំរុញឲ្យពលរដ្ឋសហការជាមួយសមាគមន៍វៀតណាម​ដាំស្វាយចន្ទី"

  1. miloss says:

    សំណួរដែលកើតឡើងចំពោះកម្រិតនៃសមត្ថកិច្ចរបស់រដ្ឋមន្រ្តីកសិកម្មកម្ពុជាមិនថាគាត់ជាមនុស្សដែលមិនអាចធ្វើបានឬគាត់ធ្វើការឱ្យវៀតណាមទេ។
    ស្វាយចន្ទីមានតំលៃថ្លៃណាស់នៅអឺរ៉ុប
    ទាំងរដ្ឋាភិបាលខ្មែរគ្មានសមត្ថភាពឬរដ្ឋាភិបាលកំពុងធ្វើការក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដោយហាមឃាត់ផលិតផលកសិកម្មខ្មែរ