ដោយ វ៉ែន សុមេធ
2018-01-26
RFA

ម្ដាយរបស់លោក ហ៊ុន វណ្ណៈ លោកស្រី ទី ម៉ារី (អាវបៃតង) និងម្តាយរបស់លោក ឌឹម គុណឌី លោកស្រី ដួង សាកធារី (អាវក្រហម) ឈរនៅខាងមុខតុលាការខេត្តកោះកុង កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ Photo courtesy of LICADHO
តុលាការខេត្តកោះកុង សម្រេចផ្តន្ទាទោសសកម្មជនបរិស្ថានទាំង២នាក់ ចំនួន១ឆ្នាំ និងបង់ប្រាក់ ១លានរៀល
ក្រុមគ្រួសារ និងអង្គការសង្គមស៊ីវិលហៅការសម្រេចផ្ដន្ទាទោសសកម្មជនអង្គការមាតាធម្មជាតិ ចំនួន ២នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យប្រាក់ម្នាក់ ១លានរៀន គឺជារឿងអយុត្តិធម៌។ ការលើកឡើងនេះ ក្រោយពេលសាលាដំបូងខេត្តកោះកុង បានចេញសាលក្រមសម្រេចផ្ដន្ទាទោសលោក ហ៊ុន វណ្ណៈ និង លោក ឌឹម គុណឌី ដែលជាសកម្មជនអង្គការមាតាធម្មជាតិ ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ដោយអនុវត្តទោសចំនួន ៥ខែ សល់ពីនេះព្យួរទាំងអស់ និងបង្គាប់ឱ្យបង់ប្រាក់ពិន័យម្នាក់ចំនួន ១លានរៀល នៅរសៀលថ្ងៃទី២៦ ខែមករា។
ក្រុមគ្រួសារសកម្មជនអង្គការមាតាធម្មជាតិ មិនពេញចិត្តឡើយចំពោះសេចក្ដីសម្រេចរបស់តុលាការខេត្តកោះកុង ពេលនេះ ប៉ុន្តែពួកគាត់មិនទាន់មានគម្រោងប្ដឹងជំទាស់នៅឡើយទេ។ យ៉ាងនេះក្តី ម្ដាយរបស់លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី រីករាយ ត្បិតកូនៗរបស់ខ្លួនជិតត្រូវបានគេដោះលែងឱ្យមានសេរីភាពវិញ ក្នុងរយៈពេលប្រមាណកន្លះខែទៀត ក្រោយពេលអនុវត្តទោសរួចរាល់។
ម្តាយលោក ហ៊ុន វណ្ណៈ គឺអ្នកស្រី ទី ម៉ារី មានប្រសាសន៍ស្នើសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងឡាយ និងបញ្ចប់សំណុំរឿងមួយនេះ ពីព្រោះពួកគេទាំងពីរនាក់បំពេញការងារមិនមែនសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ គឺជាផលប្រយោជន៍សម្រាប់សង្គមជាតិតែប៉ុណ្ណោះ។
អ្នកស្រីហៅការចោទប្រកាន់កន្លងមកគឺជារឿងអយុត្តិធម៌៖ «ហើយខ្ញុំវាសប្បាយចិត្តត្រង់ថា គេលើកលែង គេកាត់ទោសឱ្យកូនយើងជាប់ប៉ុណ្ណឹង យើងបានចេញពីគុកហើយហ្នឹង និយាយថា ចេញពីគុកចុះ។ ប៉ុន្តែខ្ញុំមិនសប្បាយចិត្តត្រង់ថា គ្នាអត់មានខុសអីចាប់គ្នាមកដាក់គុក»។
ការប្រកាសសាលក្រមនេះ គឺមានការចូលរួមពីក្រុមគ្រួសារជនជាប់ចោទ មេធាវីឱ្យជនជាប់ចោទ អង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី នៅរសៀលថ្ងៃទី២៦ ខែមករា។ នៅម៉ោងជាង ២ និង ៤០នាទី ចៅក្រមជំនុំជម្រះ លោក កែវ សុខា បានប្រកាសសាលក្រម ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង សម្រេចផ្ដន្ទាទោសសកម្មជនមាតាធម្មជាតិ ២នាក់ គឺលោក ឌឹម គុណឌី និងលោក ហ៊ុន វណ្ណៈ ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ដោយត្រូវអនុវត្តទោសរយៈពេល ៥ខែ និងបង់ប្រាក់ពិន័យម្នាក់ ចំនួន ១លានរៀល។ គិតមកដល់ថ្ងៃប្រកាសសាលក្រមនេះ អ្នកទាំងពីរជាប់ពន្ធនាគាររយៈពេលជាង ៤ខែ ហើយនឹងត្រូវអនុវត្តទោសរយៈពេលកន្លះខែទៀត។
មិនខុសគ្នានេះ ម្តាយរបស់លោក ឌឹម គុណឌី គឺអ្នកស្រី ដួង សាកធារី រីករាយ ពីព្រោះកូនរបស់ខ្លួនជិតមានសេរីភាពឡើងវិញ ប៉ុន្តែអ្នកស្រីក៏មិនពេញចិត្តចំពោះការកាត់ទោសកូនអ្នកស្រីឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងបង់ប្រាក់ដល់ដើមបណ្ដឹង ១លានរៀលទេ ពីព្រោះកូនរបស់អ្នកស្រីគ្មានកំហុស។ អ្នកស្រីមិនទាន់ដឹងថា ត្រូវធ្វើអ្វីបន្តទៀតនោះទេ ដោយរង់ចាំកូនចេញពីពន្ធនាគារវិញទើបសម្រេចជាក្រោយ៖ «ខ្ញុំសូមអំពាវនាវឱ្យតុលាការហ្នឹងលុបចោលរឿងទោសអីឱ្យអស់ ហើយរឿងលុយមួយលានរៀលហ្នឹងដូចអយុត្តិធម៌ពេកហើយ»។
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ត្រូវបានអាជ្ញាធរខេត្តកោះកុង ចាប់ឃុំខ្លួនតាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ ក្រោយពេលអ្នកទាំងពីរបានជិះទូកថតរូបភាព និងវីដេអូ សកម្មភាពកប៉ាល់ដឹកខ្សាច់ស៊ីលីកា (Silica) ពីរគ្រឿងក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។
ដើមបណ្តឹងក្នុងសំណុំរឿងនេះ គឺក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលហៅកាត់ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ជាមេបនល្បែងដ៏មានឥទ្ធិពល និងជាអ្នករកស៊ីនាំចេញខ្សាច់នៅខេត្តកោះកុង អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
តំណាងអយ្យការខេត្តកោះកុង ចោទប្រកាន់ពួកគេចំនួនពីរបទល្មើស គឺទី១ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងទី២ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល។
អតីតអ្នកសម្របសម្រួលបណ្តាញស្ត្រីនៃអង្គការមាតាធម្មជាតិ អ្នកនាង លឹម គីមស័រ យល់ថា ការសម្រេចរបស់តុលាការពេលនេះ គឺអយុត្តិធម៌សម្រាប់ជនជាប់ចោទដដែល ពីព្រោះការចោទប្រកាន់កន្លងមកគឺជារឿងមិនត្រឹមត្រូវ។
ស្ថាបនិកអង្គការមាតាធម្មជាតិជនជាតិអេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) បានដឹងជាមុនរួចទៅហើយចំពោះការសម្រេចរបស់តុលាការខេត្តកោះកុង ទៅលើសហការីរបស់លោកពេលនេះ។
លោក អាឡិច បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២៥ មករា ថា តុលាការនឹងផ្ដន្ទាទោសលោក ហ៊ុន វណ្ណៈ និង លោក ឌឹម គុណឌី ពីព្រោះតុលាការបានចោទប្រកាន់ និងឃុំខ្លួនពួកគាត់រយៈពេលជាង ៤ខែរួចហើយ ម្យ៉ាងតុលាការស្រុកខ្មែរ ពិសេសតុលាការខេត្តកោះកុង មិនឯករាជ្យទេ ប៉ុន្តែជាតុលាការបែបឆាកល្ខោនតែប៉ុណ្ណោះ៖ «ជារឿងដែលអាចវាអស្ចារ្យបំផុត ព្រោះអីគេចោទប្រកាន់ទៅលើអ្នកណាម្នាក់វាមិនចាំបាច់មានបទល្មើស មិនចាំបាច់មានជនរងគ្រោះ មិនចាំបាច់មានភស្តុតាង ឬសាក្សីអីទាំងអស់ទេ។ គ្រាន់តែមានបញ្ជាពីជនអន្ធពាលមួយចំនួន ដូចជាជនអន្ធពាល លី យ៉ុងផាត់ ជាដើម ឬក៏បទបញ្ជារដ្ឋមន្ត្រី ឬរដ្ឋលេខាធិការម្នាក់ក្នុងវិស័យរដ្ឋ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ»។
យ៉ាងណាក៏ដោយ ម្តាយរបស់លោក លោក ហ៊ុន វណ្ណៈ និងម្តាយ លោក ឌឹម គុណឌី លើកឡើងថា នៅពេលកូនៗរបស់ពួកគាត់ចេញពីពន្ធនាគារវិញ ហើយចង់ចូលរួមសកម្មភាពការពារបរិស្ថានបន្តទៀត អ្នកស្រីមិនហាមឃាត់ឡើយ គឺមានតែលើកទឹកចិត្តពួកគេឱ្យចូលរួម ពីព្រោះជាការងារជួយដល់សង្គមជាតិ។
អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត ដែលបានតាមដានសំណុំរឿងនេះរហូតមក មានប្រសាសន៍ថា ការសម្រេចសាលក្រមរបស់តុលាការ គឺអយុត្តិធម៌សម្រាប់ជនជាប់ចោទទាំងពីរ។ លោកថា សំណុំរឿងនេះតុលាការគួរទម្លាក់ចោលការចោទប្រកាន់ទាំងឡាយ និងមិនគួរផ្ដន្ទាទោសទេ ពីព្រោះសកម្មភាពរបស់ពួកគាត់កន្លងមកគឺជាការរួមចំណែកជួយដល់សង្គមជាតិ៖ «យុវជនទាំងពីរហ្នឹងគាត់បានលះបង់ ស្ម័គ្រចិត្តដោយពុំមានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយគ្នាធ្វើការដូចជាមិនមានប្រាក់ខែប្រាក់អីផង។ អ៊ីចឹងមិនគួរទទួលទោសបែបនេះទេ ហើយការសម្រេចក្ដីថ្ងៃនេះ ជាសារមួយបញ្ជូនទៅកាន់យុវជនទាំងអស់ឱ្យមានការភ័យខ្លាច»។
មន្ត្រីសង្គមស៊ីវិលដដែលយល់ថា ការចោទប្រកាន់ និងកាត់ទោសសកម្មជនមាតាធម្មជាតិទាំង ២នាក់ ឱ្យជាប់ពន្ធនាគារ ១ឆ្នាំ និងពិន័យប្រាក់ ១លានរៀលពេលនេះ គឺជាការអនុវត្តផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលតែងអំពាវនាវឱ្យពលរដ្ឋចូលរួមការពារធនធានធម្មជាតិទាំងអស់គ្នា។ លោកបន្តថា ការចូលរួមរបស់ពលរដ្ឋ ពិសេសយុវជនចំពោះកិច្ចការពារធនធានធម្មជាតិ គឺមានសារសំខាន់ណាស់ ហើយគួរមានការលើកទឹកចិត្តពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាល ដោយមិនត្រូវចាប់ចង ចោទប្រកាន់ និងផ្ដន្ទាទោសនោះឡើយ៕

សម័យតេជោគឺអញ្ចឹង នេះគឺជារឿងជាក់ស្តែង បើនរណាហ៊ានស្នេហាជាតិ ហ៊ានការពារសម្បត្តិធម្មជាតិ ហ៊ានការពារដីធ្លីផ្ទះសម្បែង ហ៊ានការពារព្រំដែន ហ៊ានការពារយុត្តិធម៏សង្គម នឹងត្រូវមានទោស ប៉ុន្តែបើនរណាចេះពុករលួយ ចេះអែបអប លួចសម្បតិជាតិ លួចសម្បត្តិធម្មជាតិ នឹងត្រូវបានឡើងធ្វើធំ និងការពារដោយបក្សកាន់អំណាចថែមទៀត។
UN-Justice??? OMG ‘cambodian people should know that this beast regime leaded by former veitcong killer never have justice” O K’ . When ever ordinary people or low ranking fight in the court is alway lost ‘ because court system in this country are the wampires ‘they suck the blood from the poor ‘ and they followed their boss veitcong mafia dictator so don’t expected to get justice in this beast regime. GOD bless all cambodian people’