បទ​វិភាគ៖ ហេតុអ្វី​បាន​ជា​គណបក្ស​កាន់​អំណាច​បង្កើន​ចំនួន​គណៈ​មជ្ឈិម​បក្ស?

ដោយ ជុន ច័ន្ទបុត្រ
2018-02-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណបក្ស​ប្រជាជន​កម្ពុជា រំឮក​​ខួប ៧ មករា លើក​ទី​៣៧ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA
គណបក្ស​ប្រជាជន​កម្ពុជា រំឮក​​ខួប ៧ មករា លើក​ទី​៣៧ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA


គណបក្ស​ប្រជាជន​កម្ពុជា ទើប​បាន​បង្កើន​ចំនួន​សមាជិក​គណៈកម្មាធិការ​កណ្ដាល ឬ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​របស់​ខ្លួន​ឡើង​ដល់​ជិត ៩០០​នាក់។ ក្នុង​សន្និបាត​វិសាមញ្ញ​របស់​បក្ស​ដើម​ឆ្នាំ​២០១៨ នេះ បក្ស​កាន់​អំណាច​បាន​បញ្ជាក់​ថា ការ​ដំឡើង​ឋានៈ​មន្ត្រី​បក្ស​ជាង ៣០០​នាក់​បន្ថែម​ទៀត​ក្នុង​ជួរ​បក្ស គឺ​ជា​ការ​ចាំបាច់​សមស្រប​តាម​កាលៈទេសៈ​នយោបាយ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

តើ​ការ​ចាំបាច់​អ្វី​ទៅ​ដែល​គណបក្ស​កាន់​អំណាច​ត្រូវ​បំប៉ោង​ចំនួន​សមាជិក​គណៈមជ្ឈិម​បក្ស​របស់​ខ្លួន​អោយ​ធំ​ហួស​មាឌ​បែប​នេះ?

គណបក្ស​ប្រជាជន​កម្ពុជា ក្ដាប់​អំណាច​ស្រុក​ខ្មែរ​ជិត ៤០​ឆ្នាំ​មក​ហើយ។ បក្ស​នេះ​រីក​ធំធាត់​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយសារ​ការ​ប្រមូល​យក​ធនធាន​ក្នុង​ប្រទេស ដូចជា​តាម​រយៈ​បណ្ដាញ​ពង្រឹង​អំណាច​ទាំង​នយោបាយ យោធា និង​សេដ្ឋកិច្ច។ តាំង​ពី​បាន​ឡើង​ធ្វើ​ជា​មេ​បក្ស​ថ្មី​បន្ទាប់​ពី​លោក ជា ស៊ីម លោក ហ៊ុន សែន បញ្ចូល​កម្លាំង​ថ្មី​រាប់​រយ​នាក់​ក្នុង​សមាជិក​មជ្ឈិម​បក្ស ដែល​ធ្វើ​ឲ្យ​ចំនួន​សមាជិក​មជ្ឈិម​បក្ស​កើន​ឡើង​រហូត​ដល់ ៨៦៥​នាក់ បន្ទាប់​ពី​មហា​សន្និបាត​វិសាមញ្ញ​បក្ស​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា កន្លង​ទៅ។ ចំនួន​នេះ គឺ​ច្រើន​ជាង​សមាជិក​រាជរដ្ឋាភិបាល​ទៅ​ទៀត។ ការ​បង្កើន​ចំនួន​គណៈ​មជ្ឈិម​បក្ស​នេះ អាច​បណ្ដាល​មក​ពី​មូលហេតុ​សំខាន់​ធំៗ​ចំនួន​២ រួម​មាន ការ​ពង្រឹង​អំណាច​ក្នុង​បក្ស​របស់​មេៗ​គ្រាក់ៗ​ដុះ​ស្នឹម និង​ការ​ត្រៀម​ទប់​ទល់​នឹង​ស្ថានការណ៍​ខាង​ក្រៅ។

​ទោះបីជា​គេ​ខំ​បង្ហាញ​ពី​ខាង​ក្រៅ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​សាមគ្គីភាព​ផ្ទៃក្នុង​រឹងមាំ​ក៏ដោយ តាំង​ពី​ឆ្នាំ​១៩៩៣ មក គណបក្ស​ប្រជាជន​មាន​សែ​ពីរ​ធំៗ​គឺ ម្ខាង​ក្រុម​របស់​លោក ហ៊ុន សែន ដែល​ជា​អនុ​ប្រធាន​បក្ស និង​ម្ខាង​ទៀត​ជា​ក្រុម​របស់​លោក ជា ស៊ីម ដែល​ជា​ប្រធាន​បក្ស។ ក្រុម​ទាំង​ពីរ​ប្រជែង​គ្នា​ក្នុង​បក្ស​មិន​ជា​ចាញ់​ឈ្នះ​គ្នា​នោះ​ទេ រហូត​ដល់​ពេល​លោក ជា ស៊ីម ចូល​វ័យ​ជរា​ព្យាធិ ទើប​អំណាច​ក្នុង​ជួរ​បក្ស​បាន​ផ្អៀង​បន្តិច​ម្តងៗ​ទៅ​ខាង លោក ហ៊ុន សែន។ មនុស្ស​ជំនិត​របស់​លោក ជា ស៊ីម រួម​មាន​ទីប្រឹក្សា ប្រធាន​ក្រុម​អង្គរក្ស និង​ប្រធាន​ក្រុម​ពិធីការ​ត្រូវ​បាន​គេ​បោសសំអាត​ចេញ​ដោយ​ត្រូវ​គេ​ចាប់​ខ្លួន​ពី​បទ​ល្មើស​ផ្សេងៗ​គ្នា​ជា​បន្តបន្ទាប់។

ចាប់​តាំង​ពី​អតីត​ប្រធាន​គណបក្ស​លោក ជា ស៊ីម អនិច្ចកម្ម​ទៅ អំណាច​ក្នុង​បក្ស​បាន​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ ដោយ​មាន​ក្រុម​ថ្មី​លេច​មុខ​ឡើង​ពីរ​ផ្សេង​ទៀត គឺ​អនុ​ប្រធាន​បក្ស និង​ជា​អគ្គលេខាបក្ស លោក សាយ ឈុំ និង​ក្រុម​អនុ​ប្រធាន​បក្ស​លោក ស ខេង។ លោក​មេ​បក្ស ហ៊ុន សែន មិន​តែងតាំង​អោយ​មាន​តំណែង​អនុ​ប្រធាន​ទី​១ និង​ទី​២ នោះ​ទេ។ ការណ៍​នេះ ទំនង​ជា​លោក ហ៊ុន សែន ចង់​ឲ្យ​មាន​តុល្យភាព​ក្នុង​បក្ស ឬ​ម្យ៉ាង​ងាយស្រួល​ក្នុង​ការ​ផ្ទេរ​អំណាច​គ្រប់គ្រង​បក្ស ពេល​លោក​មាន​ភារកិច្ច​ទៅ​ក្រៅ​ប្រទេស ឬ​ជាប់​រវល់​ដោយ​ប្រការ​ណា​មួយ។

ឧទាហរណ៍៖ ប្រសិនបើ​លោក ហ៊ុន សែន មិន​ទុក​ចិត្ត​លោក សាយ ឈុំ គាត់​នឹង​ផ្ទេរ​អំណាច​បក្ស​ឲ្យ​លោក ស ខេង។ បើ​មិន​ទុក​ចិត្ត​លោក ស ខេង គាត់​នឹង​ផ្ទេរ​អំណាច​បក្ស​ឲ្យ​លោក សាយ ឈុំ។ ទំនង​ជា​ដឹង​យុទ្ធសាស្ត្រ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​ហើយ ទើប​ទាំង​សែ​លោក ស ខេង និង​លោក សាយ ឈុំ លោក ហ៊ុន សែន និង​មន្ត្រី​ឯ​ទៀត ខិតខំ​ប្រមូល​សាច់ញាតិ​កូន​បង្កើត ជីដូនមួយ សាច់ថ្លៃ ដាក់​បញ្ចូល​គ្នា​ក្នុង​សមាសភាព​គណៈ​មជ្ឈិម​បក្ស។

ចប់​មហាសន្និបាត​វិសាមញ្ញ​លើក​នេះ កូន​ប្រុស​ទាំង​បី​របស់​លោក ហ៊ុន សែន រួម​មាន ហ៊ុន ម៉ាណែត ហ៊ុន ម៉ានី ហ៊ុន ម៉ានិត បាន​ដាក់​បញ្ចូល​កូនជឹង និង​ក្រុម​យុវជន​ដែល​ជា​ឧបករណ៍​ដៃ​ឆៅ​របស់​មួយ​ចំនួន​ធំ​ទៅ​ក្នុង​សមាជិក​មជ្ឈិម​បក្ស។ កូនប្រុស​លោក សាយ ឈុំ គឺ​លោក សាយ សំអាល់ កូន​ប្រុស​លោក ស ខេង គឺ​លោក ស សុខា កូន​ប្រុស​លោក ទៀ បាញ់ គឺ​លោក ទៀ សីហា កូន​ប្រុស​លោក សៅ សុខា គឺ​លោក សុខា រ៉ានាថ សុទ្ធតែ​បាន​ក្លាយ​ជា​សមាជិក​មជ្ឈិម​បក្ស។ ក្រោម​ការ​ក្ដោបក្ដាប់​បក្ស​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល​បី​ឆ្នាំ​នេះ លោក​បញ្ចូល​សមាជិក​មជ្ឈិម​បក្ស​ថ្មី​យ៉ាង​តិច​ក៏​បី​លើក​ដែរ។

ថ្វីត្បិតតែ​កូនៗ​របស់​មន្ត្រី​ចាស់ៗ​ក្នុង​បក្ស បាន​ចូល​សមាជិក​មជ្ឈិម​មែន ពួកគេ​មិន​អាច​នាំ​កូនជឹង​ទៅ​ជា​មួយ​ច្រើន​គ្នា​ដូច​កូនៗ​របស់​លោក ហ៊ុន សែន ឡើយ។ ប្រាកដ​ណាស់ បើសិនជា​មាន​ការ​បោះ​ឆ្នោត​ក្នុង​បក្ស​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ រាប់​តាំង​ពី​គោលនយោបាយ​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត និង​ការ​ជ្រើសតាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​ដើម​នោះ សឹងតែ​មិន​មាន​អ្នក​ណា​ឈ្នះ​លោក ហ៊ុន សែន បាន​ឡើយ ព្រោះ​ថា មនុស្ស​របស់​លោក និង​របស់​កូនលោក​ក្នុង​ជួរ​គណៈ​មជ្ឈិម​បក្ស​មាន​ចំនួន​ច្រើន​ជាង​អ្នក​ដទៃ​បូក​បញ្ចូល​គ្នា រាប់​ទាំង​មនុស្ស​របស់​លោក ស ខេង និង​មនុស្ស​របស់​លោក សាយ ឈុំ ផង។

មួយ​វិញ​ទៀត ការ​បង្កើន​ចំនួន​សមាជិក​គណៈ​មជ្ឈិម​នេះ ក៏​ទំនង​ធ្វើ​ឡើង​ដើម្បី​ទប់ទល់​ពី​ចលនា​នយោបាយ​ជំទាស់​ដែរ។ ការ​បង្កើន​ចំនួន​នេះ គឺ​ជា​យុទ្ធសាស្ត្រ​ឯង​ជួយ​អញ អញ​ជួយ​ឯង​ដែល​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​រួច​ទៅ​ហើយ​ក្នុង​ពេល​តែងតាំង​គណៈរដ្ឋមន្ត្រី​ដែល​មាន​ក្បាល​ធំ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ស្រុក​ខ្មែរ។ បើ​មាន​មន្ត្រី​មជ្ឈិម​បក្ស​កាន់​តែ​ច្រើន ពួកគេ​នឹង​ក៏​កាន់តែ​ខំ​ប្រឹងប្រែង​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ដើម្បី​រក្សា​បក្ស ព្រោះ​ថា បើ​បក្ស​នោះ​ខ្សោយ ពួកគេ​ក៏​នឹង​អស់​អំណាច​តាម​នោះ​ដែរ។ បើ​បក្ស​បោះ​ឆ្នោត​ចាញ់ សមាជិក​មជ្ឈិម​ទាំង​នោះ​នឹង​ក្លាយ​ជា​អ្នក​រួម​ចំណែក​ទទួល​ខុស​ត្រូវ​ដែរ។

គណបក្ស​កាន់​អំណាច​ចាប់​ផ្ដើម​លើកទឹកចិត្ត​មេៗ​ក្រុម​ការងារ​ថ្នាក់​ក្រោម​ជាតិ ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​រួច ដោយ​បញ្ចូល​ពួកគេ​ជា​សមាជិក​មជ្ឈិម ដើម្បី​ជំរុញ​ពួកគេ​ឲ្យ​ចុះ​មូលដ្ឋាន​ក្តោប​ចិត្ត​រាស្ត្រ​ឲ្យ​បាន។ នៅ​ពេល​ដែល​បាន​ត្រូវ​តែងតាំង​ជា​សមាជិក​ជាន់​ខ្ពស់​បក្ស​ភ្លាម អ្នក​ដែល​យីអ៊ុន​ឡើង​តាម​សែស្រឡាយ ឬ​តាម​ការ​លុតក្រាប​ដាក់​ត្រកូល “ហ៊ុន” ស្ទើរ​សឹក​ក្បាល​ជង្គង់​ទាំង​នោះ ខ្លះ​ជប់លៀង​អបអរ ខ្លះ​ប្រញាប់ប្រញាល់​បង្អួត​ប្រាប់​គេ​ឯង​តាម​ហ្វេសប៊ុក (Facebook) បញ្ចេញ​ខ្នាយ​ប្រហោង​របស់​ខ្លួន ដោយ​គ្មាន​ការ​ខ្មាសអៀន​បន្តិចបន្តួច​ណា​សោះ។

ទោះជា​យ៉ាង​ណា​ក៏ដោយ​ចុះ បាន​តួនាទី​ក្នុង​បក្ស​ប៉ុណ្ណេះ​ហើយ ចង់ ឬ​មិន​ចង់ ក៏​ត្រូវតែ​បង្កើន​សកម្មភាព​ចុះ​ឃោសនា​ទិញ​ទឹក​ចិត្ត​ពលរដ្ឋ​តាម​មូលដ្ឋាន ដែល​គេ​ហៅ​អោយ​ពីរោះ​ត្រចៀក​បន្តិច​ថា ចុះ​ពង្រឹង​មូលដ្ឋាន ហើយ​ផ្សាយ​អួត​គ្នា​ពី​សកម្មភាព​ទាំង​នោះ​តាម​ទូរទស្សន៍​ក្នុង​ស្រុក​ព្រោងព្រាត មិន​ខ្វល់​ថា​ពលរដ្ឋ​ណា​មើល​មិន​មើល​ឡើយ។ ពួកគេ​ធ្វើ​ណា​បង្ហាញ​ឲ្យ​មេ​បក្ស​ឃើញ​ថា គេ​បាន​ធ្វើ​ការ​ក្រុម​ការងារ​ចុះ​ជួយ​ឃុំ ឬ​ស្រុក ជា​សមាជិក​មជ្ឈិម​នេះ ជា​អ្នក​ប្រមូល​ចិត្ត​រាស្ត្រ ប្រមូល​ម្ចាស់​ឆ្នោត ប្រមូល​មន្ត្រី​បក្ស​ប្រឆាំង សន្យា​ផ្ដល់​តំណែង លួងលោម ទិញ​ទឹក​ចិត្ត ឬ​ព្រមាន​ផង​ក៏​មាន។ អ្នក​ណា​មាន​ស្នាដៃ​អូស​ទាញ​បក្ស​ប្រឆាំង ឬ​កម្ទេច​បក្ស​ប្រឆាំង ឬ​ជន​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​និយាយ​រិះគន់​បក្ស​ប្រជាជន​កម្ពុជា ឬ​ក៏​ត្រកូល “ហ៊ុន” សុទ្ធតែ​ឡើង​បុណ្យស័ក្ដិ​ទៅ​តាម​ទំហំ​បាបកម្ម​ដែល​គេ​បាន​សាង​ទៅ​លើ​ក្រុម​ប្រឆាំង និង​ជន​ស្លូត​ត្រង់​តែ​រៀងៗ​ខ្លួន។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល ដែល​មាន​ស្នាដៃ​កាន់​សំណុំរឿង​រំលាយ​បក្ស​ប្រឆាំង លោក​ចៅក្រម ជីវ កេង ក៏​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​មជ្ឈិម​បក្ស​ដែរ​ក្នុង​សមាជ​លើក​ចុង​ក្រោយ​នេះ។ សូម្បី​តែ​អ្នកនយោបាយ​លក់​ខ្លួន​មួយ​ចំនួន​ដែល​កន្លង​មក​គេ​អោយ​តួនាទី​មិន​លើស​ពី​សត្វ​សេក ក៏​ពេល​នេះ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មជ្ឈិម​បក្ស ចំពោះ​ថ្វីមាត់​ពូកែ​បំភ្លៃ​ការពិត និង​ការ​និយាយ​លើក​ជើង​មេ​របស់​ខ្លួន​ដែរ។

អ្នក​ដែល​ត្រូវ​ឡើងបុណ្យ​តាម​ក្បាលជង្គង់ និង​តាម​កណ្ដាប់ដៃ​ឆៅ​ទាំង​នេះ អាច​បាន​ទទួល​ផល​ចំណេញ​ពី​អំណាច​ជា​សមាជិក​មជ្ឈិម​បក្ស​ថ្មី​របស់​គេ ដែល​នឹង​អាច​ផ្ដល់​លទ្ធភាព​អោយ​ពួកគេ​បាន​ច្រើន​ជាង​មុន ក្នុង​ការ​កេង​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន​តាម​គ្រប់​រូបភាព។

ទោះជា​យ៉ាង​ណា​ក៏ដោយ ពួកគាត់​ទំនងជា​មិន​សូវ​ចំណេញ​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ប៉ុន្មាន​ទេ។ ភាព​ក្រីក្រ ភាព​អត់​ការងារ​ធ្វើ ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ បូករួម​នឹង​ការ​ជិះជាន់​សង្កត់សង្កិន​ពី​សំណាក់​អ្នក​មាន​អំណាច​ដែល​កំពុង​កើត​មាន​គ្រប់​ទិស​ទី អាច​ជា​​កត្តា​កំណត់​ប្រជាប្រិយភាព​របស់​ក្រុម​អ្នក​កាន់​អំណាច មិន​មែន​បាន​ដោយសារ​ដោយសារ​ការ​ចុះ​ទិញ ទាក់ទាញ​ពង្រឹង​បក្ស​ក្នុង​រដូវ​បោះឆ្នោត​នោះ​ឡើយ។

សរុប​សេចក្ដី​ទៅ ការ​ដំឡើង​មនុស្ស​បក្ស​ឲ្យ​ចូល​ជា​សមាជិក​គណៈ​មជ្ឈិម​បក្ស​នេះ អាច​ជា​យុទ្ធសាស្ត្រ​ពង្រឹង​អំណាច​ត្រកូល “ហ៊ុន” នៅ​ក្នុង​បក្ស ជា​ជាង​ដើម្បី​ពង្រឹង​គណបក្ស។ ចំពោះ​ប្រយោជន៍​ជាតិ​វិញ ក៏​ប្រហែលជា​កាន់តែ​យ៉ាប់​ថែម​ទៀត ព្រោះ​ថា មន្ត្រីៗ​ដែល​ធ្លាប់​រក​លុយ​ក្រៅ​បាន​កាន់​តែ​ចំណាយ​ច្រើន​ជួយ​បក្ស​ចុះ​មូលដ្ឋាន ដូច្នេះ​ពួកគេ​ក៏​ខំ​បូម​រក​ក្រៅ​បន្ថែម​ដើម្បី​បង្គ្រប់​ការ​ចំណាយ​ក្នុង​ការ​ចុះ​ពង្រឹង​បក្ស​របស់​គេ​ដែរ… ហើយ​អ្នក​ដែល​រងគ្រោះ និង​ខាតបង់​នោះ គឺ​ប្រជាជាតិ និង​ប្រជាជន​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "បទ​វិភាគ៖ ហេតុអ្វី​បាន​ជា​គណបក្ស​កាន់​អំណាច​បង្កើន​ចំនួន​គណៈ​មជ្ឈិម​បក្ស?"

  1. people says:

    Veitcong mafia dictator are scaring of losing power and losing blood money that why the veitcong mafia dictator try to protected power and followed the order from Angka lour ‘so they promoted to suck money from state and they don’t care about the nation or people all they care are money,power,woman,properties and control everything under veitcong mafia dictator .GOD will punish these mafia groups soon. GOD bless all cambodian people’

  2. Chourn says:

    អ្វីដែលសំខាន់ទៀតនោះកម្ពុជានិងក្លាយជារបស់យួនដូចខ្មែរកម្ពុជាក្រោមអញ្ចឹង ព្រោះយួនវារៀបចំ យន្តការណ៍ ឲ្យយបក្សប្រជាជនម្នាក់ៗស្រឡាញ់អំណាច ហើយនៅថ្ងៃណាមួយពួកដែលស្រឡាញ់ អំណាចវាឈ្លោះគ្នាកាប់សំលាប់គ្នា នៅពេលដែលខ្មែរមានការកាប់សំលាប់គ្នាពេលនោះហើយយួន វាមានឪកាសបញ្ចូលយួនដែលរៀនចេះភាសារខ្មែរនៅស្រុកខ្មែរឲ្យយឡើងកាន់អំណាច។