លោក​ ហ៊ុន សែន​ព្រមាន​ចាប់​ សម រង្ស៊ី ​បើ​ចូល​មក​តំបន់​អាស៊ី

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កាល​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​ព្រមាន​ចាប់​ខ្លួន​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ព្រោះ​ពេល​នេះ​ត្រូវ​ចាត់​ទុក​ជា​មេ​ភេរវកម្ម ហើយ​បើ​សិន​ជា​ចូល​មក​ក្នុង​ប្រទេស​ណា​មួយ​ក្នុង​តំបន់​អាស៊ី​នឹង​សុំ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​។

ការ​ព្រមាន​ធ្ងន់ៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជាង​ ២ ​ពាន់​នាក់ និង​សម្ពោធ​អគារ​ទេពកោសល្យ​វិស្វកម្ម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី​ ១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ នេះ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​អ្នក​ខ្លះ អា​អ្នក​រត់​ចោល​ស្រុក​ហ្នឹង​ថា សម្ពាធៗ អញ្ជើញ​មក​សម្ពាធ វា​ត្រូវ​ក្បាល​ ហ៊ុន សែន ​ហើយ​។ សម្ពាធ​តិច​ប៉ះ​លើ​ខ្លួនឯង ហើយ​ខ្ញុំ​សូម​ផ្តាំ​កុំ​មក​អាស៊ី​ឱ្យ​សោះ សូម​កុំ​មក​ក្បែរ​អាស៊ី បើ​អ្នកឯង​តាំង​ខ្លួន​ជា​ភេរវករ​ហើយ ខ្ញុំ​នឹង​តាម​យក​អ្នកឯង​ទាល់​តែ​បាន ឥឡូវ​នេះ​គេ​កំពុង​ប្រកាស​ខ្លួន​ជា​មេ​ភេរវករ​ហើយ មិនមែន​ត្រឹម​តែ​ជា​អង្គការ​ក្រៅ​ច្បាប់ ប៉ុន្តែ​ជា​ភេរវករ​តែ​ម្តង ជា​អង្គការ​ភេរវកម្ម​សូម​អញ្ជើញ​ចុះ​ជន​ភេរវករ​យើង​អាច​សហប្រតិបត្តិការ​ទៅ​តាម​ចាប់​ខ្លួន​នៅ​ទីកន្លែង​នេះ​ ឬ​ទីកន្លែង​នោះ​»​។

លោក​ ហ៊ុន សែន បាន​ថ្លែង​បន្ត​ថា​៖ «​ខ្ញុំ​គ្រាន់​តែ​ប្រាប់​ទេ អ្នកឯង​គួរ​តែ​កុំ​បង្ខំ​ឱ្យ​គេ​វ៉ៃ​ដែកគោល​ទៅ​លើ​ក្តារ​មឈូស​របស់​អ្នកឯង​ថែម​ទៀត កុំ​សង្ឃឹម​ឱ្យ​សោះ​បើ​នៅ​ក្នុង​ដៃ​តុលាការ​វា​ជា​រឿង​មួយ ប៉ុន្តែ​បើ​ចូល​ក្នុង​កម្រិត​អបគមន៍​ហើយ សូម្បី​តែ BM21 ក៏​គេ​ហ៊ាន​វ៉ៃ​ចូល​ទៅ​កន្លែង​ហ្នឹង​ដែរ គេ​មិន​អាច​ឱ្យ​ប្រទេស​នេះ មាន​អបគមន៍​សា​ជាថ្មី​ទេ សុំទោស​។ ខ្ញុំ​អត់​និយាយ​ទេ ប៉ុន្មាន​ថ្ងៃ​នេះ ប៉ុន្តែ​ចលនា​ឯណា​សូម​អញ្ជើញ​ចុះ អញ្ជើញ​មក​ហើយ​មក​ខ្លួន​ឯង​គឺ​ល្អ​បំផុត​ហើយ​។ អត់​អី​ទេ ហ៊ុន សែន បើ​ទោះបី​ជា​មិន​កាន់​ទ័ព​ផ្ទាល់​ក៏ដោយ ក៏​ប៉ុន្តែ​បញ្ជា​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ក្នុង​ក្របខ័ណ្ឌ​ជា​អនុប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ដូច្នេះ​អ្នក​ត្រូវ​យល់​ថា​មេទ័ព​មួយ​នេះ​គឺ​មិនមែន​ជា​មេទ័ព​​ទន់ជ្រាយ​ទេ​»​។

សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​ទើប​តែ​បង្កើត​ថ្មី​ហើយ​មាន​មូលដ្ឋាន​នៅឯ​ក្រៅ​ប្រទេស​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ងើប​ឡើង​តវ៉ា ឬ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព និង​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​កុំ​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ដែល​ធ្វើ​បាតុកម្ម​។

លោក សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​ ៣១ ខែ​មករា​ថា​នឹង​បង្កើត​តុលាការ​កាត់ទោស​លោក​ ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ​បាត់បង់​អំណាច​ហើយ​អះអាង​ថា​លោក ហ៊ុន សែន មាន​ទោស​ឧក្រិដ្ឋ​ជាច្រើន​ករណី​ក្នុង​អំឡុង​ពេល​ដឹកនាំ​ប្រទេស​។

លោក សម រង្ស៊ី ថ្លែង​ថា​៖ «​ទោស​នេះ​គឺ​ទោស​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដូច្នេះ​គឺ​គាត់​មាន​ទោស​ធ្ងន់​ណាស់​តាំងពី​ដើម​មក​ហើយ​ក្រោយ​ថ្មីៗ​នេះ​គាត់​បាន​រួម​ចំណែក​ក្នុង​ការ​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​ធ្វើឲ្យ​ប្រជារាស្ត្រ​ស្លាប់​យ៉ាង​ច្រើន​គាត់​បាន​ធ្វើ​រដ្ឋប្រហារ​សម្លាប់​មេទ័ព​ហ៊្វុនស៊ិនប៉ិច​រាប់រយ​នាក់ គាត់​បាន​នៅ​ពី​ក្រោយ​ឃាតកម្ម​ជាច្រើន​ដូច្នេះ​គាត់​ច្បាស់​ជា​ភ័យ​ថា នៅ​ពេល​គាត់​បាត់បង់​អំណាច​ពេល​ណា​គាត់​នឹង​ប្រឈមមុខ​ចំពោះ​តុលាការ​ឯករាជ្យ​…​ ពេលណា​គាត់​បាត់បង់​អំណាច ប្រទេស​យើង​មាន​លទ្ធិប្រជាធិបតេយ្យ​យើង​នឹង​រៀបចំ​ឲ្យ​មាន​តុលាការ​ឯករាជ្យ​ដើម្បី​កាត់ទោស​លោក​ ហ៊ុន សែន​»​។

លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ដោយ​ចោទ​ប្រកាន់​មក​លើ​លោក ហ៊ុន សែន ថា ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​អំពើ​ហិង្សា និង​ទោសៈ មិន​អាច​គ្រប់គ្រង​ខ្លួន​បាន​នៅ​ពេល​ដែល​មាន​ការ​គំរាម​កំហែង​។

លោកស្រី សុខហួរ ថ្លែង​ថា​៖ «​ទុក​ឲ្យ​សហគមន៍​ពិភពលោក​កត់ត្រា​ពាក្យពេចន៍​របស់​លោក ហ៊ុន សែន​។ តើ​លោក​ ហ៊ុន សែន អាច​នាំ​កាំជ្រួច​ចូល​ទៅ​នៅ​ក្នុង​អាស៊ី​បាន​ទេ​? ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គួរ​តែ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​»​។

កាលពី​ចុង​ខែ​មករា​ឆ្នាំ​ ២០១៨ កន្លង​ទៅ​នេះ​លោក សម រង្ស៊ី បាន​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ដែល​ចលនា​នេះ ត្រូវ​បាន​លោក​អះអាង​ថា​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ ទាមទារ​ឱ្យ​ដោះលែង លោក កឹម សុខា និង​ទាមទារ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​រំលាយ​នោះ​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឡើង​វិញ​។ ក្នុង​ពិធី​​ប្រកាស​ជា​ផ្លូវការ​នូវ​ចលនា​នេះ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​មាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ជួរ​កងទ័ព និង​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។

ខណៈ​មន្ត្រី​យោធា​ជាន់​ខ្ពស់​បាន​ព្រមាន​កម្ទេច​ចលនា​សង្គ្រោះ​ជាតិ ដែល​បង្កើត​ឡើង​ដោយ​បុគ្គល សម រង្ស៊ី ប្រសិន​បើ​កើត​មាន​នៅ​​កម្ពុជា​។

ទន្ទឹម​គ្នា​នេះ​ដែរ​លោក​ ហ៊ុន សែន បាន​រិះគន់​ទៅ​លើ​អ្នក​សរសេរ​របាយការណ៍​ដែល​ដាក់​ស្ថានភាព​ប្រជាធិបតេយ្យ​កម្ពុជា​ក្នុង​កម្រិត​របប ​«​ផ្ដាច់ការ​» ​ជា​ក្រុម​ដែល​លោក​ថា​មាន​គ្នា ៥ នាក់​ដែល​ចង់​សរសេរ​ល្អ​អាក្រក់ ស្រេច​តែ​លើ​ពួកគេ​។ វា​ចង់​សរសេរ​អា​ណា​អាក្រក់​អាហ្នឹង​អាក្រក់​ហើយ ហើយ​កាសែត​ចេះ​តែ​យក​មក​ផ្សាយ​ទៅ​៕


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

6 Responses to "លោក​ ហ៊ុន សែន​ព្រមាន​ចាប់​ សម រង្ស៊ី ​បើ​ចូល​មក​តំបន់​អាស៊ី"

  1. Anonymous says:

    ចេះតែអួត និងក្អេងក្អាងហ្មង។ ទៅចាប់យ៉ាងម៉េច? បើដម រង្ស៊ី មកលេងស្រុក យួន លាវ ចិនប្រហែលជាជឿមែន ថាអាចនឹងត្រូវចាប់ខ្លួន។ ក្រៅពីប្រទេសទាំងនេះមានតែចសប់មូស និងរ៉ុយ។ នេះបានពូកែក្អេងក្អាងមែន។

  2. Chourn says:

    វៃក្បាលដែកគោលលើក្តាមជ្ឈូសបានន័យថាម៉េច អាចនិយាយបានថា គេនិងបញ្ជូនឃាតករ របស់គេទៅតាមធ្វើឃាតលោកសមរង្សុីនៅបរទេសហើយមើលទៅ។

  3. Anonymous says:

    Dirty talk, bullshit walk, who care?
    Hun Sen said ” cut my head, if no forest”. Woods for sell, his head is still on his shoulder.
    Words tough, Body is weaker.
    President Trump said USA must develop a stronger weapon to challenge dictators, communist, any nation against humanity freedom. Thank you, president Trump. I’m proud to be a US citizen as a pure Cambodian blood. Thank America for giving me the opportunity to practice our freedom.

  4. ?? says:

    to every one what do you think about HUN SEN ‘s word ????????????????????????? my understanding it is the word of evil the person used to murder so many people is exactly like that . GOD bless our poor people and the nation

  5. Anonymous says:

    គាត់និយាយមានន័យថានឹងប្រើល្បិចដូចយួនកុម្មុយនីសឬកូរ៉េខាងជើង។

  6. people says:

    Mr veitcong mafia dictator playing the KI_LOURNG for cambodian people ‘now the revelation of the true between you&mr raisy&mr so kha could be shown .