ដោយ វ៉ា សំណព្វ
07/03/2018
RFI

រូបភាពបែកធ្លាយ ដែលសារព័ត៌មាន Fresh News ផ្សព្វផ្សាយកាលពីថ្ងៃទី ៦ មីនា ឆ្នាំ ២០១៨។ @Fresh news
@Fresh news
ក្រសួងមហាផ្ទៃកំពុងពិចារណាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ថាបានចុះហត្ថលេខាកាត់ខេត្តចំនួន៤ទៅឲ្យវៀតណាមសេរី នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតឈានទៅដឹកនាំប្រទេស។ ការប្រកាសប្តឹងលោក សម រង្ស៊ី នេះធ្វើឡើងបន្ទាប់ពីមានការទម្លាយឯកសារចាស់កាលពីឆ្នាំ២០១៣ ស្តីពី កិច្ចព្រមព្រៀង ទទួលស្គាល់សិទ្ធិរបស់ជនជាតិភាគតិចម៉ុងតាញ៉ា (Degar) វៀតណាមរស់នៅកម្ពុជា។ សម្រាប់ក្រសួងមហាផ្ទៃ នោះគឺជាទង្វើក្បត់ជាតិ ដែលមិនអាចអត់ឱនឲ្យបានទេ។
ការប្រកាសប្តឹងនេះ គឺធ្វើឡើងបន្ទាប់ពី សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានចុះផ្សាយពីឯកសារបែកធ្លាយមួយ ជាឯកសារនៃកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ជាមួយលោក កុក ស ប្រធានមូលនិធិជនជាតិម៉ុងតាញ៉ា។ ជាកិច្ចព្រមព្រៀងដែលបានកើតឡើងតាំងពីថ្ងៃទី ១៤ មេសា ឆ្នាំ២០១៣ នៅឯប្រទេសហ្វីលីពីន។ បើតាមសារព័ត៌មានក្នុងស្រុក ឯកសារនេះ ត្រូវបានទម្លាយឲ្យដឹងតាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook របស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិឈ្មោះ «Rithy Erng» ហើយត្រូវបានចុះផ្សាយដោយ Fresh News កាលពីយប់ថ្ងៃទី ៦ មីនា។ ឯកសារបែកធ្លាយនោះ រួមមាន កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី ជាភាសាអង់គ្លេស ដែលបានបកប្រែជាភាសាខ្មែរក្រៅផ្លូវការ រួមទាំងរូបភាព និងវីដេអូឃ្លីបរបស់លោក សម រង្ស៊ី ផងដែរ។
បើផ្អែកតាមការចុះផ្សាយរបស់ Fresh News ថា លោក សម រង្ស៊ី នឹងកាត់ខេត្តចំនួន៤ទៅឲ្យវៀតណាមសេរី នៅពេលដែលគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាល។ ខេត្តទាំងនោះរួមមាន ខេត្តរតនៈគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ដោយអនុញ្ញាតឱ្យជនជាតិម៉ុងតាញ៉ា មានស្វ័យភាពគ្រប់គ្រងនិងមានសិទ្ធិពេញលេញ ក្នុងការរស់នៅដូចប្រជាជនកម្ពុជាទូទៅ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកថា ករណីនេះ គឺជាទង្វើក្បត់ជាតិខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ នឹងមិនអាចអត់អោនឲ្យបានឡើយ។ លោក ខៀវ សុភ័គ ក៏បានភ្ជាប់ករណីរបស់លោក សម រង្ស៊ី នេះថា មិនខុសគ្នាពីករណីរបស់លោក កឹម សុខា ដែលសហការជាមួយបរទេសដើម្បីបំផ្លាញជាតិសាសន៍ឯងនោះទេ។ ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក កិច្ចព្រមព្រៀងដែលផ្តល់កិច្ចសហប្រតិបត្តិការណ៍នយោបាយដល់ជនជាតិវៀតណាមដែលគេហៅថា (ម៉ុង តាញ៉ា) នោះ ជាអង្គហេតុដែលមានធាតុផ្សំអាចចាត់ទុកថា ល្មើសនឹងច្បាប់ព្រហ្មទណ្ឌ ក៏ដូចជា រដ្ឋធម្មនុញ្ញកម្ពុជា។ រាជរដ្ឋាភិបាលមិនទទួលស្គាល់ជាដាច់ខាតនូវកិច្ចព្រមព្រៀងនេះ។ ហើយថា សកម្មភាពនេះ ជាការរំលោភច្បាប់ និងការប្រមាថដល់ឆន្ទះ និងផលប្រយោជន៍ខ្មែរទាំងមូល។
គួរជំរាបជូនថា លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរស់នៅដោយនិរទេសខ្លួននៅឯក្រៅប្រទេស នៅមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានៅឡើយទេចំពោះករណីថ្មីនេះ។ ប៉ុន្តែប្រសិនបើករណីនេះ ត្រូវបានរដ្ឋាភិបាលប្តឹងទៅកាន់តុលាការពីបទក្បត់ជាតិមែន នោះវាអាចនឹងធ្វើឲ្យអតីតប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជារូបនេះ មិនអាចវិលត្រលប់មកកាន់ប្រទេសកម្ពុជាបានអស់មួយជីវិត៕
Cambodian knew who is their nation’s traitor . all I knew HUN SEN pointing finger to some one but he forgot his fore fingers up side down pointing to him. GDO bless Cambodia and all Cambodian
Ah KVAK HUN SEN is a traitor, just for his boss Youn, that is why this dumb ass known how to speak street talk.