លោក​ គី តិច ​ត្រូវ​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល

លោក គី តិច (​ពាក់​វ៉ែនតា​) ​នៅ​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា​។ ផា លីណា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​បន្ទាប់ពី​បាន​ការពារ​ឈ្នះក្តី​ក្នុង​សំណុំ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏ចម្រូង​ចម្រាស លោក គី តិច ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ នេះ​បើ​យោង​​តាម​ព្រះរាជក្រឹត្យ​មួយ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក សាយ ឈុំ ក្នុង​នាម​ប្រមុខ​រដ្ឋ​​ស្តីទី កាលពី​ថ្ងៃ​ទី​ ៣ ខែ​មីនា ឆ្នាំ​ ២០១៨​។

ការតែងតាំង​នេះ​ក៏​ធ្វើ​ឡើង​បន្ទាប់ពី​លោក គី តិច ត្រូវ​បាន​ដាក់​បញ្ចូល​ឈ្មោះ​ក្នុង​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ ​នេះ​ផង​ដែរ​។

យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​ លោក សាយ ឈុំ ប្រមុខ​រដ្ឋស្តីទី​ហើយ​ដែល​ទើប​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ចែង​ថា​៖ «​យើង​ត្រាស់​បង្គាប់​តែងតាំង​ឯកឧត្តម គី តិច ជា​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​»​។

ព្រះរាជក្រឹត្យ​បាន​បន្ថែម​ថា​៖ «​សម្តេច​អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះហស្ត​នេះ​តទៅ​»​។

ក្រៅពី​ធ្វើ​ជា​មេធាវី​តំណាង​ឲ្យ​ក្រសួង​មហាផ្ទៃ​ហើយ​បាន​ឈ្នះក្តី​ក្នុង​សំណុំ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​វិច្ឆិកា​លោក គី តិច ក៏​ធ្វើ​ជា​មេធាវី​តំណាង​ឲ្យ​រដ្ឋាភិបាល តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​ព្រម​ទាំង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ក្នុង​សំណុំ​រឿង​ជាច្រើន​ដែល​ប្តឹង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក​ សម រង្ស៊ី និង​អតីតមន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត ហើយ​លោក​ គី តិច ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​តែងតែ​ឈ្នះ​ក្តី​នៅ​គ្រប់​សំណុំ​រឿង​ទាំង​នោះ​។

លោក គី តិច មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បានទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា ការតែងតាំង​លោក គី តិច ជា​ប្រធាន​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល​គឺ​ «​ផ្អែក​លើ​គុណសម្បត្តិ​ទៅ​លើ​ស្នាដៃ​របស់​គាត់​ដែល​បាន​សម្រេច​ស្នាដៃ​ជូន​ជាតិ​ និង​ប្រជាជន​…​វា​ជា​ការពិត​ហើយ​ធ្វើ​មេធាវី​នៅ​ពេល​ដែល​គាត់​ឈ្នះក្តី គាត់​ត្រូវ​ឡើង​ដូច្នេះ​ហើយ​។ ឈ្នះ​ទាំងអស់​ឲ្យ​តែ​ឈ្នះ គឺជា​ស្នាដៃ​របស់​គាត់​ហើយ​»​។

ប៉ុន្តែ​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​ការ​ឈ្នះ​ក្តី​មិន​ដែល​ចាញ់​របស់​លោក គី តិច នាពេល​កន្លង​មក​ភាគច្រើន​វា​មិនមែន​ដោយសារ​រឿង​ច្បាប់​ទេ​។

លោក​បញ្ជាក់​ថា​៖ «​រឿង​អ្វី​ក៏ដោយ​ឲ្យ​តែ​គាត់​ដាក់ គឺ​ដឹង​តែ​ឈ្នះ​ហើយ​ពីព្រោះ​តុលាការ​នៅ​លើ​ដៃ​របស់​គាត់ ពីព្រោះ​តុលាការ​គាត់​មិន​ឯករាជ្យ​។ ការ​ដែល​គាត់​ឈ្នះក្តី ដោយសារ​គាត់​ការពារ​រាជរដ្ឋាភិបាល និង​បុគ្គល​អ្នក​កាន់អំណាច ដូចនេះ​គាត់​ត្រូវ​តែ​ឈ្នះ​បែប​នេះ​ហើយ​»​។

លោក ច័ន្ទរ័ត្ន បញ្ជាក់​ថា​លោក​មិន​ចាប់​អារម្មណ៍​នឹង​ការតែងតាំង​នេះ​ទេ «​ដោយសារ​នៅ​ស្រុក​យើង​នេះ​តែងតាំង​តំណែង​វា​ច្រើន ហើយ​ងាយៗ ហើយ​មិន​សូវ​មាន​សារៈសំខាន់​»៕


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

One Response to "លោក​ គី តិច ​ត្រូវ​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល"

  1. Bob says:

    This guy is a special vietnamese agent that controls Hun Sen since 1993. He can order one eye man to do whatever he wants, He doesn’t need this job.