លោក ហ៊ុន សែន៖ កម្ពុជា​រួច​ផុត​ពី​ភាព​ក្រីក្រ ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី

ដោយ អ៊ឹង ប៊ុនថន
20/04/2018
RFI

media
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន
@PM Hun Sen Facebook Page


ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បាន​សំដែង​មោទនភាព​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​និង​ចាត់​ទុក​ថា ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី បន្ទាប់​ពី​ប្រទេស​នេះ​បាន​រួច​ផុត​ពី​បន្ទាត់​នៃ​ប្រទេស​ដែល​ក្រី​ក្រ​បំផុត។ ប៉ុន្តែ​អ្នក​វិភាគ​សេដ្ឋកិច្ច ស្ទាក់​ស្ទើរ​ក្នុង​ការ​ហៅ​កម្ពុជា​ថា​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី​នេះ។

ក្នុង​ពិធី​ប្រជុំ​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្នាំ នៃ​ការ​អនុវត្ត​កម្មវិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅ​ថ្ងៃ​សុក្រ​នេះ ក្រៅ​តែ​ពី​អះអាង​ថា​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​និង​ចាត់​ទុក​ថា ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​រំពឹង​ទុក​ថា ​នៅ​ឆ្នាំ​២០៣០​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ហើយ​ឆ្នាំ​២០៥០​ កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​តែ​ម្តង។

តាម​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ អាណត្តិ​នេះ កម្ពុជា​បាន​ប្រែ​ក្លាយ​ខ្លួន​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​រួច​ទៅ​ហើយ ហើយ​កំពុង​តែ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច នៅ​ក្នុង​ពេល​ខាង​មុខ។

ប៉ុន្តែ​អ្នក​វិភាគ​សេដ្ឋកិច្ច​វិញ ហាក់​ស្ទាក់​ស្ទើរ​ក្នុង​ការ​​ហៅ​ប្រទេស​កម្ពុជា ​ថា​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី​នេះ។

លោក ងែត ជូ ទី​ប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍ នៃ​ក្រុមហ៊ុន EMC លើក​ឡើង​ថា ប្រទេស​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​​ខ្លា​សេដ្ឋកិច្ច​ គឺ​ទាល់​តែ​មាន​លក្ខណៈ​ជឿន​លឿន​ផ្នែក​ឧស្សាហកម្ម​ខ្លាំង ជាង​កម្ពុជា​បច្ចុប្បន្ន​។

បើ​តាម លោក ងែត ជូ ការ​រំពឹង​ដែល​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ហើយ​ឆ្នាំ​២០៥០​ កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​តែ​ម្តង​ ទំនង​ជា​មិន​អាច​ទៅ​រួច​នៅ​ឡើយ​ទេ ខណៈ​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត។ បញ្ហា​ប្រឈម​ទាំង​នោះ​មាន​ដូច​ជា​កង្វះ​ធន​ធាន​មនុស្ស​ និង​បញ្ហា​សេដ្ឋកិច្ច​ផុយ​ស្រួយ។ លើស​ពី​បញ្ហា​ទាំង​នេះ បញ្ហា​នយោបាយ​ក៏​អាច​ជះ​ឥទ្ធិពល​រដ្ឋ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែរ។ នេះ​បើ​តាម លោក ងែត ជូ។

កាល​ពី​ថ្ងៃ​ទី​១១​ខែ​មេសា​នេះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា ADB បាន​ព្យាករណ៍​ថា សេដ្ចកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ក្នុង​កម្រិត ៧​ភាគ​រយ​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ ប៉ុន្តែ ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​បញ្ហា​ប្រឈម​នានា​ដែល​អាច​បំផ្លាញ​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​នេះ។

បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បង្ហាញ​ថា កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​គេ និង​តាម​ពីក្រោយ​ដោយ​ប្រទេស​ភូមា និង​ឡាវ​ដែល​មាន​កំណើន​ ៦.៨​ភាគរយ​ដូច​គ្នា ខណៈ​ដែល​ប្រទេស​ថៃ ត្រូវ​បាន​ព្យាករណ៍​ថា មាន​កំណើន​​ត្រឹម​តែ ៤​ភាគរយ​ប៉ុណ្ណោះ៕

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន៖ កម្ពុជា​រួច​ផុត​ពី​ភាព​ក្រីក្រ ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី"

  1. ?? says:

    how can you sit on a basket and trying to lift yourself ?????????????????????????????????? GOD bless Cambodia

  2. Chipmonk says:

    Cambodia to becomes a baby tiger with the sound of Meow, Meow, Meow!!!

  3. Anonymous says:

    Dumb and dumber, lie and liar, shut up and step down, Hun Sen…????

  4. people says:

    Eco -tiger of borrowing money’ Tiger of debt