ខ្មែរ​ក្រៅ​ប្រទេស​គ្រោង​ធ្វើ​បាតុកម្ម​នៅ ​អ.ស.ប ​ទាមទារ​ឱ្យ​ជប៉ុន​ដក​ជំនួយ​បោះឆ្នោត

ដោយ មួង ណារ៉េត
2018-05-22
RFA

លោក អ៊ុង ឫទ្ធី (រូបកាន់មេក្រូនិយាយ) ចូលរួមបាតុកម្មតវ៉ាឲ្យដោះលែងលោក កឹម សុខា នៅមុខក្រសួងការបរទេសអាមេរិក នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧។ RFA
លោក អ៊ុង ឫទ្ធី (រូបកាន់មេក្រូនិយាយ) ចូលរួមបាតុកម្មតវ៉ាឲ្យដោះលែងលោក កឹម សុខា នៅមុខក្រសួងការបរទេសអាមេរិក នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧។ RFA


ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស គ្រោង​ធ្វើ​មហា​បាតុកម្ម នៅ​អង្គការ​សហប្រជាជាតិ ពាក់​កណ្ដាល​ខែ មិថុនា ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ជប៉ុន ដក​ជំនួយ​បោះឆ្នោត និង​ស្នើសុំ​ឱ្យ​ប្រទេស​ជប៉ុន ប្រកាស​ជា​ផ្លូវការ កុំ​គាំទ្រ​លទ្ធផល​បោះឆ្នោត​ជាតិ រៀបចំ​ដោយ​របប​លោក ហ៊ុន សែន ដែល​បាន​ផាត់​ចោល​គណបក្ស​សង្គ្រោះជាតិ មិន​ឱ្យ​ចូលរួម​នោះ។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​សហរដ្ឋអាមេរិក លោក អ៊ុង រិទ្ធី បាន​ប្រាប់​អាស៊ីសេរី ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ថា មហា​បាតុកម្ម ដែល​គ្រោង​ធ្វើ​នៅ​ទី១៦ ខែ​មិថុនា នៅ​មុខ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ របស់​ប្រទេស​ជប៉ុន ប្រចាំ​អង្គការសហប្រជាជាតិ និង​នៅ​ទីក្រុង​ញូវយ៉ក​នេះ គឺជា​ការ​ផ្ញើ​សារ​មួយ ដល់​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​មួយ​នេះ ឱ្យ​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន ឱ្យ​ងាក​មក​គោរព​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​សិទ្ធិមនុស្ស​ឱ្យ​បាន​ខ្ជាប់ខ្ជួន ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រទេស​ជប៉ុន ក៏​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​មួយ​ដែរ។

លោក អ៊ុង រិទ្ធី អះអាង​ថា ជំហរ​ទន់ភ្លន់ បែប​ការទូត​របស់​ប្រទេស​ជប៉ុន និង​ការ​មិន​ព្រម​ដាក់​សម្ពាធ​ណាមួយ គឺជា​ការ​បើកដៃ​ឱ្យ​របប​លោក ហ៊ុន សែន បាន​ចិត្ត នៅ​តែ​មានះ​បន្ត​រៀបចំ​ការបោះឆ្នោត​មួយ​ក្លែងក្លាយ ដែល​រង​ការរិះគន់​ពី​ជុំ​ទិស​ដូច្នេះ​នោះ៖ «ជាពិសេស​ជប៉ុន​ជា​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី​ហ្នឹង ឱ្យ​ខ្លួន​ថយ បើសិនជា​គេ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ។ បើសិនជា​គេ​នៅ​តែ​ចចេស នៅតែ​បន្ត​ផ្តល់​ជំនួយ​ការបោះឆ្នោត​ទៅ​របប​លោក ហ៊ុន សែន យើង​នឹង​បន្ត​បាតុកម្ម​រហូត ដល់​ជប៉ុន​ដក​ជំនួយ​ចេញ​ពី​ការបោះឆ្នោត នៅ​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨​នោះ»

លោក អ៊ុង រិទ្ធី បញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ក៏​នឹង​រៀបចំ​ធ្វើបាតុកម្ម​មួយ​ដែរ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី១៧ ខែ មិថុនា​ខាងមុខ ក្នុង​គោលបំណង​ដូចគ្នា​នេះ​ដែរ។

ប្រទេស​ជប៉ុន តែងតែ​សម្ដែង​ក្តី​បារម្ភ​របស់​ខ្លួន​ជា​បន្តបន្ទាប់ អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ក្រោយ​របប​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ រដ្ឋាភិបាល​ជប៉ុន បាន​បញ្ជាក់​ប្រាប់​របប​លោក ហ៊ុន សែន រាល់​ជំនួប​ផ្លូវ​ការ ថា​ប្រទេស​ជប៉ុន​ចង់​ឃើញ​ការបោះឆ្នោត​មួយ នៅ​កម្ពុជា​ដែល​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ពិតប្រាកដ របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ ប៉ុន្តែ ប្រទេស​ជប៉ុន នៅតែ​រក្សា​ជំហរ​ទន់ភ្លន់ ដោយ​នៅតែ​បន្ត​ផ្ដល់​ជំនួយ​ដល់​គ..ប និង របប​លោក ហ៊ុន សែន ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក កាត់ផ្ដាច់​ជំនួយ​ទាំងស្រុង​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​កាត់​ផ្ដាច់​ជំនួយ​ដទៃ​ទៀត ដល់​របប​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ខ្មែរ​ក្រៅ​ប្រទេស​គ្រោង​ធ្វើ​បាតុកម្ម​នៅ ​អ.ស.ប ​ទាមទារ​ឱ្យ​ជប៉ុន​ដក​ជំនួយ​បោះឆ្នោត"

  1. Free Cambodia says:

    Japan has been our donor and lender for many years. Japan has already and unconditionally committed to help us. This strong relationship cannot be broken.
    These “Overseas Cambodians,” are trying many useless tactics to break us. Unfortunately, they have seriously failed. Do Something to help us, not to separate us. We want to free Cambodia but they want to eliminate us.