
លោកឧត្តមសេនីយ៍ ប៉ុល សារឿន ក្នុងពិធីមួយកន្លងមក។ រូបថត ហ្វេសប៊ុក
Tue, 22 May 2018
បែន សុខហ៊ាន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បើទោះបីជាគ្មានគណបក្សប្រឆាំងដែលជាគូប្រជែងដ៏ស្រួចស្រាល់របស់ខ្លួនចូលរួមប្រកួតនៅក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខក៏ដោយ ក៏គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ចូលមន្ត្រីយោធាជាន់ខ្ពស់ និងមន្ត្រីនគរបាលដែលមានឥទ្ធិពលឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រក្នុងការបោះឆ្នោតដែលគេជឿថាគណបក្សប្រជាជនកម្ពុជាអាចនឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។
យោងតាមបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ឆ្នាំ ២០១៨ របស់គណបក្សប្រជាជនកម្ពុជាបង្ហាញថា មន្ត្រីយោធា និងមន្ត្រីនគរបាលជាន់ខ្ពស់មួយចំនួនត្រូវបានគេដាក់ឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅក្នុងមណ្ឌលផ្សេងៗគ្នាដែលនេះ គឺជាអ្វីដែលអ្នកវិភាគយល់ថាជាយុទ្ធសាស្ត្រក្នុងការពង្រឹងអំណាចក្នុងស្ថាប័ននីតិប្បញ្ញត្តិ។
លោក ប៉ុល សារឿន ជានាយឧត្តមសេនីយ៍ផ្កាយមាស ៤ និងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទដ៏មានឥទ្ធិពលត្រូវបានដាក់ឲ្យឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី ១ មណ្ឌលខេត្តព្រះសីហនុដែលជាខេត្តជាប់ឆ្នេរសមុទ្រ និងជាខេត្តដែលទើបត្រូវបានបង្កើនចំនួនអាសនៈពី ១ ទៅ ៣ អាសនៈ។
បន្ថែមលើនេះនាយឧត្តមសេនីយ៍ផ្កាយមាស ៤ ពីររូបផ្សេងទៀតដែលមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទក៏ត្រូវបានជ្រើសរើសឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិប្រចាំមណ្ឌលខេត្តជាប់ព្រំដែនថៃ ដែលជាអតីតមូលដ្ឋានយោធារឹងមាំរបស់ពួកខ្មែរក្រហមផងដែរ។
លោក មាស សុភា ដែលគេស្គាល់ថាជាមេបញ្ជាការកងទ័ពជើងគោកត្រូវឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ មណ្ឌលខេត្តព្រះវិហារ ខណៈលោក គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទត្រូវឈរឈ្មោះជាបេក្ខជនពេញសិទ្ធិមណ្ឌលខេត្តឧត្តរមានជ័យ។
ក្រៅពីនេះគេក៏ឃើញមានឈ្មោះមន្ត្រីយោធាផ្សេងៗទៀតដូចជានាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ អាវុធគីមី ក្រសួងការពារជាតិត្រូវឈរជាបេក្ខជនពេញសិទ្ធិ លេខរៀងទី ៣ មណ្ឌលខេត្តស្វាយរៀង, ឧត្តមសេនីយ៍ឯក ម៉ម សុផាត ឣគ្គលេខាធិការរង និងជានាយកនៃនាយកដ្ឋាន នីតិកម្មក្រសួងការពារជាតិជាបេក្ខជនបម្រុងមណ្ឌលស្វាយរៀង, លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងឈរជាបេក្ខជនបម្រុងមណ្ឌលស្ទឹងត្រែងជាដើម។
មិនមែនមានតែមន្ត្រីយោធាជាន់ខ្ពស់ប៉ុណ្ណោះទេដែលត្រូវជ្រើសរើសឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់ក្នុងជួរនគរបាលជាតិក៏មានឈ្មោះនៅក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រផងដែរ។ ក្នុងនោះមានលោក កែ គឹមយ៉ាន អតីតអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបច្ចុប្បន្នជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ លេខរៀងទី ១ មណ្ឌលខេត្តបន្ទាយមានជ័យ រីឯលោក ឌី វិជ្ជា កូនប្រសាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបច្ចុប្បន្នជាអគ្គស្នងការរងនគរបាលជាតិត្រូវឈរជាបេក្ខជនបម្រុងលេខរៀងទី ១ មណ្ឌលស្វាយរៀង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា ការជ្រើសរើសមន្ត្រីយោធា និងមន្ត្រីនគរបាលជាន់ខ្ពស់ឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រគឺជា «ការងារផ្ទៃក្នុង» របស់គណបក្សដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនប៉ុណ្ណោះ។ លោកថ្លែងថា៖ «វាជាការងារផ្ទៃក្នុងរបស់គណបក្សដែលចង់ដាក់សមាសភាពណាដែលគ្រប់លក្ខណៈ ដើម្បីបម្រើផលប្រយោជន៍ប្រជាជាតិ និងប្រជាជន។ បងប្អូនសុទ្ធតែចូលក្រុមការងារចុះទៅជួយមូលដ្ឋាន។ ចេញពីក្រុមការងារកសាងស្នាដៃជួយប្រជាជនមហាជននៅមូលដ្ឋាននោះឯង»។
លោកបន្តថាមន្ត្រីយោធា និងមន្ត្រីនរបាលទាំងនោះបានព្យួរការងាររបស់ខ្លួនរួចហើយ ហើយក៏មិនទទួលបានប្រាក់ខែពីរដ្ឋទៀតដែរ គឺគណបក្សជាអ្នកទទួលខុសត្រូវ។ លោកថ្លែងថា៖ «វាជាប្រជាធិបតេយ្យនៅក្នុងបក្ស អត់មានបញ្ហាអ្វីគួរឆ្ងល់ទេ។ ការទៅឈរបេក្ខជនគេមិនគិតថាជានគរបាល ឬជាយោធាទេ។ ពេលដែលគាត់ឈរឈ្មោះគាត់បានព្យួរការងាររបស់គាត់ហើយ។ បើធ្វើយោធាទៅឈរតំណាងរាស្ត្រម៉េចកើត នរណាក៏ដោយនៅក្នុងមុខងារសាធារណៈក្នុងជួររាជរដ្ឋាភិបាល ពេលដែលទៅឈរ អាហ្នឹងត្រូវដាក់ព្យួរការងារស្នូលចេញ។ អត់បើកប្រាក់ខែទេ មកយកបៀវត្សពីគណបក្ស អត់មានទៅពាក់ព័ន្ធជាមួយរដ្ឋទេ»។
លើសពីនេះលោក ឥសាន បានបដិសេធថាការដាក់មន្ត្រីយោធា និងមន្ត្រីនគរបាលជាន់ខ្ពស់ឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនេះមិនមែនជាការបំភិតបំភ័យដល់នរណានោះទេ។ លោកថ្លែងថា៖ «គេមានយកកាំភ្លើងទៅឃោសនាឯណា! ដូចខ្ញុំជម្រាបអ៊ីចឹងពេលគេទៅឈរឈ្មោះបេក្ខជនតំណាងរាស្ត្រហើយគេលាលែងពីការងារស្នូលអស់ហើយនៅមានជាយោធាមាននគរបាលឯណាទៀត អត់មានទេ»។
លោក មាស នី អ្នកវិភាគនយោបាយយល់ថានេះគឺផ្នែកមួយនៃយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច។ លោកថ្លែងថា៖ «ខ្ញុំដឹងថានឹងមានរឿងនេះកើតឡើងជាយូរឆ្នាំមកហើយ។ ខ្ញុំគិតថាមានហេតុផលចំនួន ២ ។ ទី ១ វាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីជំនួសតំណែងមន្ត្រីឧត្តមសេនីយ៍ជើងចាស់ និងវ័យចំណាស់ ដោយមន្ត្រីដែលស្និទ្ធស្នាលក្នុងជួរកងទ័ពដែលស្និទ្ធនឹងលោក ហ៊ុន ម៉ាណែត (កូនប្រុសច្បងលោក ហ៊ុន សែន)»។
លោកបន្តថា៖ «វាក៏អាចទៅរួចផងដែរក្នុងការដែលមានឧត្តមសេនីយ៍យោធាច្រើនជាងមុនក្នុងសភាដើម្បីឲ្យរចនាសម្ព័ន្ធនៃយោធានិយមអាចពង្រីកខ្លួនបាននៅក្នុងរដ្ឋសភា ហើយក្នុងករណីនេះក្រុមទាហាននឹងមានអំណាចខ្លះក្នុងក្រុមនីតិប្បញ្ញត្តិដែលអាចនឹងឈានទៅរកការធ្វើសវនកម្មមួយដែលក្រុមទាហាននឹងមានទីតាំងរបស់ខ្លួនជាស្វ័យប្រវត្ដិក្នុងរដ្ឋសភា ដូចប្រទេសភូមាដោយមិនបាច់មានការបោះឆ្នោត។ ក្នុងឆ្នាំកន្លងទៅខ្ញុំបានសង្កេតឃើញមានការកើតឡើងនៃក្រុមឧត្តមសេនីយ៍យោធា ដែលកាន់តំណែងជាអភិបាលខេត្ត»។
ប៉ុន្តែលោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះដោយថ្លែងថា៖ «គាត់និយាយធ្វើអ្វីក៏មិនចេះត្រូវចិត្ត គេមិនមែនធ្វើតម្រូវចិត្តគាត់ទេ គណបក្ស មានសិទ្ធិធ្វើត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់ដែលកំណត់។ មន្ត្រីណាក៏ដោយទាំងមន្ត្រីតុលាការ គេអាចឈរជាបេក្ខជនបានដោយលាលែង ឬព្យួរការងារស្នូល»៕
Contact author: បែន សុខហ៊ាន
New strategy of veitcong mafia dictator’ this is can’t make people trust all of theses beast people in beast regime’ because Veitcong mafia dictator still destroy democracy ‘.Cambodia have no hope without CNRP ‘. GOD bless all good people’