ដោយ អ៊ឹង ប៊ុនថន
22/05/2018
RFI

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
@Samdech Hun Sen, Cambodian Prime Minister
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ការដែលមានគណបក្សរហូតដល់២០ ចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះ គឺមិនមែនជាបញ្ហាលេងសើចនោះទេ។ រីឯការចាត់ទុកថា គណបក្សដទៃទៀតនោះថា លោក ហ៊ុន សែន ជាអ្នកបង្កើតឡើង គឺលោកថាជាការមើលស្រាលដល់គណបក្សទាំងនោះ។
ប្រមុខបក្សកាន់អំណាចបានប្រតិកម្មជាថ្មីថា ការដែលចាត់ទុកគណបក្សដទៃទៀតដែលចូលរួមការបោះឆ្នោតថា ជាគណបក្សដែល លោក ហ៊ុន សែន ជាអ្នកបង្កើតឡើងនោះ គឺជាការមើលស្រាលដល់គណបក្សទាំងនោះ។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ គឺបន្ទាប់ពីមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ បានប្រៀបធៀបគណបក្ស ដែលចូលរួមការបោះឆ្នោតពេលខាងមុខ គឺមានទំងន់ខុសគ្នាដាច់ឆ្ងាយជាមួយគណបក្សកាន់អំណាចសព្វថ្ងៃ។
លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ បានថ្លែងកាលពីថ្ងៃចន្ទថា គណបក្សភាគច្រើន ដែលចូលរួមការបោះឆ្នោតថ្ងៃទី២៩កក្កដា គឺមានទំងន់ត្រឹម៣គីឡូឬ៥គីឡូប៉ុណ្ណោះ បែរជាទៅប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ដែលលោកថាមានទំងន់រហូតដល់៧០គីឡូក្រាម។ ទំងន់ខុសគ្នាដាច់ឆ្ងាយបែបនេះហើយ ដែលលោក អេង ឆៃអ៊ាង ហៅការបោះឆ្នោតខាងមុខថា ជាការបោះឆ្នោត«ក្លែងក្លាយ»។
ចំណែក លោក សម រង្ស៊ី ក៏បានចាត់ទុកគណបក្សដែលឆ្លៀតឱកាសចូលរួមបោះឆ្នោតដោយមិនមានវត្តមានគណបក្សសង្រ្គោះជាតិនេះ ថាជាគណបក្ស«អំពិលអំពែក»។
ក៏ប៉ុន្តែបើតាមលោកប្រមុខរដ្ឋាភិបាលកម្ពុជា ទោះបីជាគណបក្សនោះតូចឬធំក៏ដោយ គឺមានសិទ្ធិដូចៗគ្នាក្នុងការចូលរួមការបោះឆ្នោត។
គិតត្រឹមថ្ងៃទី ២១ ឧសភា ម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានទទួលស្គាល់ចុះបញ្ជីគណបក្សនយោបាយចំនួន១៦ហើយ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើងតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅខែកក្កដាខាងមុខនេះ។ ជាមួយគ្នានេះ គណបក្សនយោបាយចំនួន ៤ផ្សេងទៀត គ.ជ.ប មិនទាន់ទទួលស្គាល់ចុះបញ្ជីនៅឡើយទេ ដោយសារតែបំពេញឯកសារមិនទាន់គ្រប់លក្ខខណ្ឌ។ គណបក្សនយោបាយទាំង៤ នោះគឺ គណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោក គង់ គាំ គណបក្សខ្មែរសាធារណរដ្ឋដឹកនាំដោយកូនប្រុសលោកសេនាប្រមុខ លន់ នល់ គណបក្សរស្មីខេមរា និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា៕
OH ……dear…… GOD is watching …………. GOD bless Cambodia