ដោយ អ៊ឹង ប៊ុនថន
21/05/2018
RFI

គម្រោងបាតុកម្មរបស់អ្នកគាំទ្រ CNRP នៅមុខទូតជប៉ុន
@FB
ក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ប្រកាសថា ពួកគេនឹងរៀបចំបាតុកម្មមួយ នៅមុខស្ថានទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក នៅថ្ងៃទី១ខែមិថុនាខាងមុខនេះ ដើម្បីស្នើសុំឲ្យ ប្រទេសជប៉ុនដកខ្លួនថយ និងបញ្ឈប់ការផ្តល់ជំនួយ សម្រាប់ការបោះឆ្នោត នៅកម្ពុជា។ ការប្រកាសធ្វើបាតុកម្មនេះ គឺបន្ទាប់ពី គ.ជ.ប បានបិទទ្វារឈប់ទទួលពាក្យចុះឈ្មោះគណបក្សនយោបាយកាលពីសប្តាហ៍មុន សម្រាប់ការបោះឆ្នោតថ្ងៃទី២៩ខែកក្កដា ខាងមុខ ដោយមិនមានគណបក្សសង្រ្គោះជាតិ។
លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ បានប្រាប់វិទ្យុបារាំងអន្តរជាតិពីក្រៅប្រទេសមកថា ការធ្វើបាតុកម្មនេះមិនមែនមានតែនៅមុខស្ថានទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិតែមួយនោះទេ គឺនឹងមានធ្វើជាបន្តបន្ទាប់ទៀត នៅសហរដ្ឋអាមេរិក ដោយមានការគាំទ្រពីពលរដ្ឋខ្មែរទាំងនៅ កាណាដា អូស្រ្តាលី និង នៅអ៊ឺរ៉ុប ជាដើម។
ការដែលជ្រើសរើសការធ្វើបាតុកម្មនៅមុខស្ថានទូតជប៉ុនមុនគេ លោក អេង ឆៃអ៊ាង បញ្ជាក់ថា ដោយសារតែប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះបានជួយគាំទ្រប្រទេសកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែលោកថាពេលនេះកម្ពុជាមិនបានដើរលើផ្លូវប្រជាធិបតេយ្យទៀតទេ។
បើតាមលោក អេង ឆៃអ៊ាង ការធ្វើបាតុកម្មនៅពេលនេះ មិនមែនជាជម្រើសចុងក្រោយទេ តែជាការបង្ហាញទៅកាន់ប្រទេសមហាអំណាចធំៗថា ពលរដ្ឋខ្មែរមិនគាំទ្រការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ដែលអតីតគណបក្សប្រឆាំងនេះចាត់ទុកថា ជាការបោះឆ្នោត«ក្លែងក្លាយ»នោះទេ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា យល់ថា ការធ្វើបាតុកម្មនោះ នឹងមានមិនឥទ្ធិពលអ្វីឲ្យជប៉ុនផ្អាកការគាំទ្រដល់ដំណើរការបោះឆ្នោតដែលកំពុងតែប្រព្រឹត្តិទៅយ៉ាងសកម្មដែលមានគណបក្សនយោបាយចូលរួមច្រើនបែបនេះទេ។ ម្យ៉ាងទៀតលោកថាបើទោះបីជាប្រទេសមួយចំនួនផ្តាច់ជំនួយក៏ពិតមែនតែថាគ.ជ.ប មិនខ្វះថវិកានោះឡើយ។
សូមបញ្ជាក់ថា មកដល់ពេលនេះប្រទេសជប៉ុនមិនបានផ្តាច់ជំនួយមកកម្ពុជា ទាំងជំនួយអភិវឌ្ឍ និងជំនួយសម្រាប់ការបោះឆ្នោត បើទោះបីជាសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកបានផ្តាច់ជំនួយនេះតាំងពីមានការរំលាយគណបក្សសង្រ្គោះជាតិឆ្នាំមុនក៏ដោយ។ ប៉ុន្តែជំហរចុងក្រោយនេះរបស់ប្រទេសជប៉ុន គឺបានប្រាប់មន្រ្តីរដ្ឋាភិបាលកម្ពុជាម្តងហើយម្តងទៀតថា ក្នុងនាមជាដៃគូរ ជប៉ុនចង់ឃើញការបោះឆ្នោតនៅកម្ពុជា ឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់ពលរដ្ឋខ្មែរ៕
By repeatedly protesting, these CNRP leaders and supporters are taking the wrong course of actions.
Japan has already committed to help Cambodia. This help and other financial assistance are irreversible. They should know it By now!
There are all sorts of diplomatic channel for them to pursue. They need to listen to the credible advisor if they want to succeed. We all know that this action is a sign of desperation and self indulging. It will accomplish nothing.
It’s just another reason for their supporters to stop supporting.