មាន​ការ​រិះគន់​ព្រះសង្ឃ​ដែល​ថា​ ​អ្នក​បាត់បង់​ដីធ្លី​ដោយសារ​ជាតិ​មុន​យក​ដី​គេ

ព្រះតេជគុណ ថាច់ ហាសំអាង មាន​សង្ឃដីកា​ទៅ​កាន់​ពលរដ្ឋ​។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មាន​ការ​រិះគន់​ជាច្រើន​ទៅ​លើ​សង្ឃដីកា​របស់​ព្រះសង្ឃ ថាច់ ហាសំអាង ចៅ​អធិការ​វត្ត​សាមគ្គីរង្សី​ដែល​ព្រះអង្គ​មាន​សង្ឃដីកា​ដោយ​អះអាង​សំអាង​ទៅ​តាម​ទ្រឹស្តី​កម្មផល បុណ្យ បាប​ថា ប្រជាពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី​នាពេល​បច្ចុប្បន្ន​គឺ​ដោយសារ​តែ​ពួកគាត់​មាន​បាបកម្ម ព្រោះ​ជាតិ​មុន​ពួកគាត់​ទាំង​នោះ​បាន​យក​ដីធ្លី​របស់​អ្នក​ដទៃ​។

សង្ឃដីកា​របស់​ព្រះសង្ឃ​ដែល​ជា​ចៅអធិការ​វត្ត​សាមគ្គីរង្សី​កាលពី​ថ្ងៃទី​ ១៨ ខែ​ឧសភា​ដែល​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ជាច្រើន​គ្រួសារ​ដែល​មក​សុំ​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ដើម្បី​ទៅ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ដែនដី​សុំ​ឲ្យ​រក​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មក​ហើយ​នេះ​បាន​ធ្វើឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​។

នៅក្នុង​វីដេអូ​ឃ្លីប​ដែល​បាន​ចែកចាយ​តាម​ហ្វេសប៊ុក ព្រះសង្ឃ​ហា​សំអាង​មាន​សង្ឃដីកា​ថា​៖ «​មកពី​ញាតិ​ញោម​មិន​ចេះ​ធ្វើ​បុណ្យ​កុសល មិន​ចេះ​ស្តាប់​ធម៌​ហ្នឹង​ហើយ បាន​ហៅ​បាបកម្ម គេ​ចេះ​តែ​លួច​ដី​ញាតិ​ញោម ហើយ​អ្នក​ដែល​លួច​ដី​មិនមែន​រាជរដ្ឋាភិបាល​ទេ​ណា​ញាតិញោម កុំ​ចេះ​តែ​ចោទប្រកាន់​រាជរដ្ឋាភិបាល​»​។

ព្រះអង្គ​បាន​ពន្យល់​ពី​ទ្រឹស្តី​កម្មផល​ថា ដាំ​ដើម​ស្វាយ​បាន​ផ្លែ​ស្វាយ មិនមែន​ផ្លែ​ដូង​ទេ​។ ព្រះអង្គ​ថា​ការ​ដែល​ពួកគាត់​ទទួល​រងកម្មពៀរ​វេរា​នេះ​ដោយសារ​តែ​ពួកគាត់​ធ្លាប់​ធ្វើ​បាបកម្ម​ជាមួយ​អ្នក​ណា​ម្នាក់​។ «​អត់​ទេ​ញាតិ​ញោម ចាំ​ក្រសួង​ដែនដី​មក​គេ​ដោះ​ឲ្យ​ហើយ មិន​បាច់​ភ័យ​ទេ​។ មកពី​បាបកម្ម​ញាតិញោម​ជាតិ​មុន ធ្លាប់​លួច​ដី​គេ​។ ធ្វើ​ម៉េច​ដឹងៗ​? មុខ​ញោម​នេះ​ជាតិ​មុន​ញែក​យក​ដី​គេ​ត្រូវ​ជាតិ​នេះ​គេ​យក​ដី​វិញ​។ បើ​មើល​មិន​ឃើញ​អាត្មា​ជួយ​ប្រាប់​»​។ ព្រះអង្គ​មាន​សង្ឃដីកា​ដូច្នេះ​សំដៅ​លើ​ស្ត្រី​អ្នកភូមិ​ម្នាក់​មកពី​ស្រុក​បទុមសាគរ ខេត្ត​កោះកុង​។

វីដេអូ​ឃ្លីប​នេះ​ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក​ចែករំលែក និង​ធ្វើឲ្យ​មាន​ប្រតិកម្ម​ជាច្រើន​។

វីដេអូឃ្លីប​ដែល​បង្ហោះ​នៅលើ​ហ្វេសប៊ុក​ឈ្មោះ​ Lee Chantha ត្រូវ​បាន​ចែករំលែក​ជាង​ ៤ ​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិយោបល់​ជាច្រើន​។ អ្នកលេង​ហ្វេសប៊ុក​ម្នាក់​ទៀត​ឈ្មោះ ChanChhan Keo បាន​សរសេរ​ថា​៖ «​ព្រះសង្ឃ​អង្គ​នេះ​មិន​ជួយ​ដល់​អ្នក​រងគ្រោះ​ត្រឡប់​ជា​យក​ទ្រឹស្តី​កម្មផល​មក​ដាក់​បន្ទុក​លើ​អ្នក​រងគ្រោះ​ទៅវិញ គួរតែ​ឈប់​ប្រគេន​ចង្ហាន់​លោក​ទៅ​ទើប​សម​! ឆាន់​ចង្ហាន់​ឧបាសក ឧបាសិកា គួរ​តែ​និយាយ​ការពារ​អ្នក​រងគ្រោះ តែ​មិន​ដូច្នោះ​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​រងគ្រោះ​ទៅ​វិញ​គួរ​ឲ្យ​អស់​សំណើច​!»​។

លោក ទិត តេន អ្នក​រងគ្រោះ​ដីធ្លី​ម្នាក់​មកពី​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ដែល​បាន​ទៅ​ស្នាក់នៅ​វត្ត​សាមគ្គីរង្សី​ដែរ​នោះ​បាន​សម្តែង​ការហួសចិត្ត​នឹង​សង្ឃ​​ដីកា​នេះ​។ ​

លោក​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា​៖ «​យើង​មាន​អារម្មណ៍​ថា មិន​គួរ​ណា​ព្រះសង្ឃ​មាន​ពាក្យ​វាចា​អសុរោះ​មក​លើ​ពួកគាត់​ទេ គាត់​តូចចិត្ត​តូចថ្លើម​ខ្លាំង​ណាស់ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច​។ យើង​មិន​ដឹង​ថា អាជ្ញាធរ​ដាក់​សម្ពាធ​លើ​លោក ឬ​ក៏​យ៉ាង​ម៉េច​! លោក​ចេញ​វាចា​អ៊ីចឹង គឺ​គាប​សង្កត់ និង​ប៉ះពាល់​លើ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​។ ធ្វើ​ជា​លោក​ហើយ​គួរ​មាន​សីលធម៌​សមរម្យ​។ អ្នក​ខ្លះ​ស្រក់​ទឹកភ្នែក​ដោយសារ​តែ​លោក​ចេញ​វាចា​បែប​នេះ​»​។

លោក ទិត តេន ថ្លែង​បន្ត​ថា​៖ «​សង្ឃដីកា​នេះ​ធ្វើឲ្យ​យើង​កាន់តែ​មាន​កំហឹង កាន់​តែ​ឈឺ​ចិត្ត​។ យើង​អត់​បាន​យក​ដី​គេ​សោះ តែ​ឧកញ៉ា និង​ខាង​ក្រុមហ៊ុន​ទេ ជា​អ្នក​បំពាន​លើ​ដី​យើង ហើយ​មក​ថា​ឲ្យ​បងប្អូន​ដែល​រងគ្រោះ​ទៅ​វិញ គួរ​ឲ្យ​អាណោច​អាធ័ម​ណាស់ ហើយ​តូចចិត្ត​តូចថ្លើម​។ រឿង​អី​យក​អតីតកាល​មក​ប្រៀបធៀប​ឥឡូវ​នេះ​។ យើង​កាន់​ព្រះពុទ្ធ​សាសនា​មាន​យុត្តិធម៌​ទៀងត្រង់ មក​ចេញ​វាចា​បែប​នេះ​វា​មិន​សមស្រប​ទេ​»​។

ទោះ​យ៉ាង​ណា​ព្រះសង្ឃ ថាច់ ហាសំអាង មាន​សង្ឃដីកា​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា ព្រះអង្គ​នៅ​តែ​ប្រកាន់​ជំហរ​របស់​ព្រះអង្គ​ចំពោះ​ពាក្យ​ទាំង​នោះ​ដោយ​ផ្អែក​លើ​ទ្រឹស្តី​ព្រះពុទ្ធសាសនា​។ ប៉ុន្តែ​ព្រះអង្គ​បញ្ជាក់​ថា វីដេអូ​នោះ​ត្រូវ​បាន​គេ​កាត់​ធ្វើឲ្យ​បាត់​ន័យ​ដើម​។

ព្រះអង្គ​បន្ថែម​ថា​៖ «​អាត្មា​មាន​សង្ឃដីកា​ទៅ​តាម​ច្បាប់​ព្រះពុទ្ធសាសនា​តើ​! អាត្មា​ថា​ប្រហែល​ជា​ជាតិ​មុន ញាតិញោម​ធ្លាប់​បាន​សាង​បាបកម្ម​យក​ដី​គេ​ពី​ជាតិ​មុន​ហើយ បាន​ជាតិ​ហ្នឹង គេ​មក​ឆក់​ប្លន់​ដីធ្លី​យើង​វិញ​។ ប៉ុន្តែ​នៅ​ពេល​បន្ត​អាត្មា​ថា ទោះបី​យើង​បាន​សាង​បាបកម្ម​ពី​ជាតិ​មុន​ក៏ដោយ ជាតិ​នេះ​យើង​ទទួល​បាបកម្ម​ហ្នឹង ញាតិ​ញោម​នៅ​តែ​បន្ត​ការតស៊ូ​មិន​ត្រូវ​លះបង់​ការតស៊ូ​ទេ ប៉ុន្តែ​ញាតិញោម​ត្រូវ​ស្ដាប់​ន័យ​អាត្មា​មិន​ទាន់ អ្នក​សារព័ត៌មាន​យក​ន័យ​អាត្មា​មិន​ទាន់​បែរ​ជា​ទៅ​ថា អាត្មា​ជេរ​ស្តី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​វិញ​»​។

ព្រះអង្គ​បន្ត​ថា​៖ «​ឃ្លា​អាត្មា​និយាយ អាត្មា​នៅ​តែ​ប្រកាន់​ជំហរ​ដែរ​។ អាត្មា​អ្នក​កាន់​ព្រះពុទ្ធសាសនា អាត្មា​នៅ​តែ​និយាយ​តាម​ព្រះ វា​មិន​ដែល​អ្នក​ណា​ដែល​ទទួល​នូវ​បាបកម្ម​ហើយ​មិន​ធ្លាប់​សាង​ពី​ជាតិ​មុន​ទេ​។ ជាតិ​មុន​យើង​ធ្លាប់​បាន​សាង​បាបកម្ម​ហ្នឹង បាន​ជាតិ​នេះ​វា​បែរ​មក​យើង​ត្រូវ​តែ​ទទួល​យក​តាម​ព្រះពុទ្ធសាសនា​»​។

ទោះ​យ៉ាង​ណា​ព្រះសង្ឃ​អង្គ​នេះ​បាន​បញ្ជាក់​ថា​ព្រះអង្គ​ក៏​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ត្រូវតែ​ខំតស៊ូ​តទៅ​ទៀត ដើម្បី​បាន​ដី​របស់​ខ្លួន​មក​វិញ និង​ថា​ព្រះអង្គ​ធ្លាប់​បាន​ជួយ​ពលរដ្ឋ​រងគ្រោះ​ជាច្រើន​មក​ហើយ​រហូត​ដល់​មាន​ការ​ចោទប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​ទៀត​ផង​។

យ៉ាង​ណា​ក៏ដោយ​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Sak Pheak Nuon បាន​និយាយ​ថា​៖ «​ទៅ​ដល់​ទះ​លោក​មួយ​ដៃ លោក​សួរ​ថា ម៉េច​បាន​វ៉ៃ​អាត្មា​? ប្រាប់​ទៅ​លោក​វិញ​ថា ជាតិ​មុន​លោក​បង​វ៉ៃ​ខ្ញុំ ទើប​ជាតិ​នេះ ខ្ញុំ​វ៉ៃ​លោក​បង​វិញ​»​។

លោក មាន ព្រហ្មមុនី អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​កោះកុង​ថ្លែង​ថា​លោក​ក៏​ធ្លាប់​បាន​បួស​រៀន ទ្រឹស្តី​ព្រះពុទ្ធសាសនា​ដែរ​។ លោក​ថា​ព្រះពុទ្ធ​បង្រៀន​មនុស្ស​ឲ្យ​រឹងមាំ ហើយ​ប្រឈមមុខ​ដោះស្រាយ​បញ្ហា​។ «​ទ្រឹស្តី​ព្រះពុទ្ធ​លោក​ឲ្យ​រួម​គ្នា​ដោះស្រាយ​បញ្ហា ហើយ​ព្រះពុទ្ធ​អត់​ឲ្យ​ទៅ​បង្ក​រងគ្រោះ​ដល់​អ្នក​ដទៃ​ទេ បើ​ប៉ះពាល់​ដល់​អ្នកដទៃ​ជា​អំពើ​បាប​ហើយ មិន​គិត​ជាតិ​មុន​ជាតិ​ក្រោយ​ទេ​»​។

លោក សេង សុមុនី អ្នក​នាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​ថ្លែង​ថា ការលើក​ឡើង​របស់​ព្រះសង្ឃ ថាច់ ហាសំអាង ប្រហែល​ជា​ព្រះអង្គ​ផ្អែក​លើ​ឯកសារ ឬ​ភ័ស្តុតាង​របស់​ព្រះអង្គ​។ លោក​ថ្លែង​ថា​ក្រសួង​មិន​មាន​វែកញែក​រឿង​ធម៌​វិន័យ​ទេ គឺ​ធ្វើ​តែ​លើ​កិច្ចការ​រដ្ឋបាល​ប៉ុណ្ណោះ ចំណែក​ធម៌វិន័យ គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​គណៈសង្ឃ​៕


Contact author: នៀម ឆេង

What Next?

Recent Articles

One Response to "មាន​ការ​រិះគន់​ព្រះសង្ឃ​ដែល​ថា​ ​អ្នក​បាត់បង់​ដីធ្លី​ដោយសារ​ជាតិ​មុន​យក​ដី​គេ"

  1. Anonymous says:

    សូមសួរលោកសង្ឃនេះថា ចុះខ្មែរជិត3លាននាក់ដែលស្លាប់ក្នុងសម័យខ្មែរក្រហម ជាផលកម្មពីជាតិមុនដែរឬទេ ?