មន្ត្រី​សង្ឃ ៣ អង្គ​ត្រូវ​តែងតាំង​គោរមងារ​ជា ​«​សម្តេច​»

ព្រះតេជគុណ ឃឹម សន លោក​នាយក​រដ្ឋមន្ត្រី​ និង​ភរិយា​។ រូប ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មន្ត្រី​សង្ឈ​ជាន់​ខ្ពស់​ចំនួន​ ៣ ​ព្រះអង្គ​នៃ​គណៈមហានិកាយ​ត្រូវ​បាន​ប្រកាស​តែងតាំង​គោរមងារ​កិត្តិយស​ជា​ «​សម្ដេច​» ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ខណៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ពី​គុណសម្បត្តិ​របស់​ព្រះសង្ឃ​នៅ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។

សម្តេចព្រះ​កិត្តិយស​ទាំង ៣ អង្គ​ដែល​ត្រូវ​បាន​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​ព្រះសុគន្ធវារី​នៅ​ព្រឹក​ថ្ងៃទី​ ២៤ ខែ​ឧសភា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង នៅ​វត្ត​បទុមវតី​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ការ​និមន្ត​ និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេច​ព្រះសង្ឃ​នាយក សម្តេច​ព្រះសង្ឃ​នាយករង ព្រះអនុគណ​ក្នុង​រាជធានី​ភ្នំពេញ និង​គ្រប់​ខេត្ត​ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ពិសេស​លោក​នាយក​រដ្ឋមន្ត្រី និង​ភរិយា​របស់​លោក​គឺ​លោកស្រី ប៊ុន រ៉ានី​។

មន្ត្រី​សង្ឃ​ដែល​ត្រូវ​បាន​តែងតាំង​រួម​មាន ព្រះតេជគុណ ជា សំអាង ព្រះមេគណ​ខេត្ត​កណ្តាល​ត្រូវ​តែងតាំង​ជា​ «​សម្តេចព្រះ​ឧត្តមមុនី ជា សំអាង​»​។ ព្រះតេជគុណ​ ឃឹម សន ព្រះមេគណ​រាជធានី​ភ្នំពេញ​ត្រូវ​ទទួល​គោរមងារ​ជា​ «​សម្តេចព្រះ​ពុទ្ធជ័យមុនី ឃឹម សន​» ​ខណៈ​ព្រះតេជគុណ រ័ត្ន សារឿន ព្រះអនុគណ​ខណ្ឌ​សែនសុខ​ទទួល​បាន​គោរមងារ​ជា​ «​សម្តេចព្រះ​សក្យមុនី រ័ត្ន សារឿន​»​។

នៅក្នុង​ពិធី​នោះ​លោក ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ចំពោះ​ព្រះសង្ឃ​ទាំង​ ៣ ​​អង្គ​ដែល​ត្រូវ​បាន​ទទួល​ព្រះ​គោរមងារ​ជា​ «​សម្តេច​» ​នាពេល​នេះ​ដោយសារ​ការខិតខំ​ប្រឹងប្រែង​របស់​ព្រះអង្គ​ក្នុង​សកម្មភាព​ព្រះពុទ្ធសាសនា​កន្លង​មក​។

លោក​ថ្លែង​ថា​៖ «​​នេះ​ក៏​បាន​សង្កេត​ឃើញ​ពី​តួនាទី​របស់​ព្រះអង្គ​…​ព្រះអង្គ​បាន​បំពេញ​តួនាទី​ដ៏ល្អ​ប្រសើរ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ដែល​សមរម្យ​ដើម្បី​ថ្វាយ តាមរយៈ​សំណើសុំ​ព្រះរាជក្រឹត្យ​សម្រាប់​តែងតាំង​ជា​សម្ដេច​។ នេះ​រឿង​សំខាន់​ទាក់ទិន​នឹង​គុណសម្បត្តិ​ដែល​ត្រូវ​ផ្តល់​តួនាទី​សម្រាប់​គោរមងារ​ជា​សម្ដេច​»​។

លោក ហ៊ឹម ឆែម រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​ថ្លែង​ក្នុង​ពិធី​កាលពី​ម្សិលមិញ​ថា មក​ទល់​បច្ចុប្បន្ន​នេះ​នៅ​ទូទាំង​ប្រទេស​មាន​វត្ត​សរុប​ទាំងអស់​ចំនួន ៤៩២៥ វត្ត​ និង​មាន​ព្រះសង្ឃ​សរុប​ចំនួន ៦៦០៥៦ អង្គ​ក្នុង​នោះ​គណមហានិកាយ​មាន​វត្ត​ ៤៧០០ ​វត្ត​មាន​ព្រះសង្ឃ ៦២១៥៦ អង្គ គណធម្ម​យុត្តិកនិកាយ​មាន​វត្ត​ ២២៥ វត្តមាន​ព្រះអង្គ​ ៣៩០០ អង្គ​។

លោក​ថា​៖ «​ក្រោយ​ពី​រស់រាន​មាន​ជីវិត​ឡើង​វិញ​ក្នុង​ដំណាក់កាល​តែ​មួយ​គឺ​នៅ​ថ្ងៃ ៧ មករា​ឆ្នាំ​ ១៩៧៩ តាមរយៈ​ការយក​ចិត្ត​ទុកដាក់​ដ៏ខ្ពង់ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្ដេច [​ហ៊ុន សែន​] នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ខិតខំ​យក​កម្លាំងកាយ កម្លាំង​ចិត្ត​ប្រាជ្ញា ស្មារតី​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ជាពិសេស​ធ្វើឲ្យ​សាសនា​ទាំងអស់​នៅ​កម្ពុជា​មាន​ការ​បោះជំហាន​ទៅ​មុខ​ជា​លំដាប់​ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា​មាន​ការវិវត្ត​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​»​។

កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​ក្នុង​ពិធី​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​ ២៦ សម្ដេច​ព្រះសង្ឃរាជ ទេព វង្ស បាន​អំពាវនាវ​ឲ្យ​ព្រះសង្ឃ​នៅ​ទូទាំង​ប្រទេស ចូលរួម​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់ពី​ព្រះអង្គ​ធ្លាប់​បាន​អំពាវនាវ​កាលពី​មុន​ការបោះឆ្នោត​ឆ្នាំ ២០១៣ កុំ​ឲ្យ​ព្រះសង្ឃ​ទៅ​បោះឆ្នោត ឬ​ចូលរួម​ក្នុង​សកម្មភាព​ការបោះឆ្នោត​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​ការហាម​ឃាត់​ និង​ចង់​ឲ្យ​មាន​ច្បាប់​ហាម​ព្រះសង្ឃ​ទៅ​បោះឆ្នោត​។

ព្រះតេជគុណ បូរ បេត សមាជិក​ជាន់​ខ្ពស់​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ដែល​សកម្ម​ក្នុង​ការជួយ​ការងារ​សង្គម​ និង​បរិស្ថាន​មាន​សង្ឃដីកា​ថា បច្ចុប្បន្ន​សីលធម៌​សង្គម​បាន​ធ្លាក់​ចុះ​ហើយ​ព្រះសង្ឃ គួរ​តែ​ចូលរួម​ចំណែក​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ស្តារ​សីលធម៌​សង្គម​ដែល​កំពុង​ធ្លាក់​ចុះ​នេះ​។

ព្រះអង្គ​មាន​ថេរដីកា​ថា​៖ «​ព្រះសង្ឃ​យើង​ត្រូវ​តែ​នាំ​គ្នា​ចូលរួម​អប់រំ​សង្គម ព្រោះ​អី​សង្គម​មួយ​នេះ​ដូច​បច្ចុប្បន្ន​មើល​ទៅ​គឺ​ធ្លាក់​ចុះ​សីលធម៌ ធ្លាក់​ចុះ​ទាំង​ការ​ឲ្យ​តម្លៃ​គ្នា​ជា​មនុស្ស​ខ្សោយ​មែនទែន​។ …​គួរតែ​នាំគ្នា​លើក​នូវ​គុណ​តម្លៃ​ព្រះពុទ្ធសាសនា ជាពិសេស​អប់រំ​ប្រជាជន​ឲ្យ​គាត់​ចូលរួម​ក្នុង​ការ​ការពារ​ព្រៃឈើ​ការពារ​ធនធាន​ធម្មជាតិ វប្បធម៌ ប្រពៃណី​សង្គមជាតិ​យើង​នេះ​ឲ្យ​បាន​ប្រសើរ​»​។

ព្រះអង្គ​ក៏​បាន​លើក​ឡើង​ដែរ​ថា​បុគ្គល​ដែល​ស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច​តែងតែ​ទទួល​បាន​នូវ​តំណែង​មុខងារ​។ «​យើង​ដឹង​ស្រាប់​ហើយ យើង​ឃើញ​ថា​ឲ្យ​តែ​ព្រះសង្ឃ​ណា​ដែល​កៀក​ជាមួយ​នឹង​រដ្ឋាភិបាល​…​សេពគប់​រដ្ឋាភិបាល​បាន​តួនាទី​បាន​ឋានៈ​បាន​បុណ្យស័ក្តិ​មាន​ឡាន មាន​អី​ជិះ តែ​ដូច​ក្រុម​អាត្មា អ្នក​តស៊ូ​បញ្ចេញមតិ តស៊ូ​ការពារ​ព្រៃឈើ​…​ក្រុម​អាត្មា​អត់​ឃើញ​មាន​អី​ទេ មាន​តែ​គេ​ឲ្យ​ទោស​»៕


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

One Response to "មន្ត្រី​សង្ឃ ៣ អង្គ​ត្រូវ​តែងតាំង​គោរមងារ​ជា ​«​សម្តេច​»"

  1. Người bạn Khmer says:

    ​សម្តេចព្រះ​សក្យមុនី រ័ត្ន សារឿន​
    when we are Buddhism we must not criticize the bonzes
    But BONZE AND BONZE
    Observe the image you can verify in Tipitaka’s tomes such a gesture, giving the blessing to the bonzes by pouring water or whatever that does not matter
    Thank you for going to VINAYYA
    Have noticed this term?
    this word ព្រះ សក្យមុនី is and retains only to name a BUDDHA
    I only make observations because I am a convinced Buddhist
    To finish a few words
    LOBBHA AVIYYA PUNNA AND PAPA
    THANK YOU