រូបភាព៖ លោក សម រង្ស៊ី ចូលបង្គំគាល់ ព្រះមហាក្សត្រ កាលពីកន្លងទៅ (បណ្ដាញសង្គម)
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានទូលសុំព្រះមហាក្សត្រឲ្យទ្រង់គង់នៅជាអាជ្ញាកណ្ដាលដើម្បីផ្សះផ្សាជាតិ ខណៈ ស្ថានការណ៍នយោបាយកំពុងមានភាពចម្រូងចម្រាសខ្លាំង ក្រោយពីអតីតបក្សប្រឆាំង ត្រូវបានផាត់ចេញពីការបោះឆ្នោត។ ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចថ្កោលទោសការស្នើសុំអន្ដរាគមន៍ពីព្រះមហាក្សត្របែបនេះ។
ក្នុងលិខិតមួយចុះថ្ងៃទី ២៣ខែឧសភា ដែលផ្ញើជូនទៅព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងជាថ្មីទៀតថា ការបោះឆ្នោតខែកក្កដាខាងមុខ គឺជាការបោះឆ្នោតក្លែងក្លាយ ពោរពេញដោយការ បង្ក្រាបពលរដ្ឋ និងមិនអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដែលតម្រូវឲ្យមានវត្តមានគណបក្សប្រឆាំងចូលរួម។
អតីតមេបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសរូបនេះ រិះគន់ថា បក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងដាក់សំពាធលើប្រជាពលរដ្ឋ និងជំរុញឲ្យពួកគេទៅចូលរួមការបោះឆ្នោតមួយ ដែលគ្មានភាពច្បាស់លាស់ និងជាន់ឈ្លីដល់លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។
ក្នុងកាលៈទេសៈបែបនេះ លោក សម រង្ស៊ី បានសុំឲ្យព្រះមហាក្សត្រគង់នៅជាអព្យាក្រិត្យ ដើម្បីបង្រួមបង្រួមជាតិ និងកុំធ្វើតាមការស្នើសុំ របស់បក្សកាន់អំណាច ដែលលោកថា បានដាក់សំពាធឲ្យពលរដ្ឋចេញទៅបោះឆ្នោត។ លោកបន្ដថា ពលរដ្ឋម្នាក់ៗ មានសិទ្ធិសម្រេចថា ពួកគេគួរ ឬមិនគួរចេញទៅបោះឆ្នោត ដោយគ្មានការគាបសង្កត់ ឬការគំរាមកំហែងអ្វីឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ឆ្លើយតបថា លោក សម រង្ស៊ី ខ្លួនឯងទេ ដែលកំពុងរារាំងពលរដ្ឋកុំឲ្យចេញទៅបោះឆ្នោត និងចាត់ទុកថា លិខិតរបស់លោក សម រង្ស៊ី កំពុងបញ្ជាព្រះមហាក្សត្រ។ មួយវិញទៀត លោកថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន កំពុងអនុវត្តតាមច្បាប់ និងមិនដែលដាក់សំពាធណាមួយលើប្រជាពលរដ្ឋឡើយ។
លោកអះអាងថា បើទោះជាគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ក៏នៅមានគណបក្សនយោបាយ ២០ទៀត នឹងចូលរួមប្រកួតប្រជែងបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។
លោកថា៖ «លោក សម រង្ស៊ី ខ្លួនឯងជាអ្នកដាក់សំពាធលើប្រជាជនយ៉ាងខ្លាំង ព្រោះបានចេញបញ្ជាឲ្យពលរដ្ឋកុំចេញទៅបោះឆ្នោត ខុសពីគោលការណ៍ច្បាប់។ ទី២ គាត់បានដាក់លិខិតផ្ញើទៅព្រះករុណា អញ្ចឹង គាត់ហ៊ានបញ្ជាទៅព្រះករុណាទៀត មិនមែនជារឿងធម្មតាទេ ដែលគាត់សរសេរឲ្យទៅព្រះករុណាត្រូវធ្វើម៉េចៗ ដូច្នេះ គាត់មិនមានពាក់ព័ន្ធនឹងនយោបាយទេ គាត់ជាឧត្តមកំពូលរបស់ជាតិ»។
ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ថា លិខិតរបស់លោក សម រង្ស៊ី ផ្ញើជូនទៅព្រះមហាក្សត្រ គឺជាសិទ្ធិបញ្ចេញមតិរបស់លោកចំពោះបញ្ហានយោបាយ និងការបោះឆ្នោតនៅកម្ពុជា បន្ទាប់ពីអតីតគណបក្សប្រឆាំង ដែលរូបលោកជាស្ថាបនិក ត្រូវតុលាការកំពូលរំលាយចោល ព្រមទាំងមានការរិះគន់ជាបន្ដបន្ទាប់ពីសហគមន៍អន្ដរជាតិផងនោះ។
លោកថា៖«ស៊ីសងទៅលើទឹកព្រះទ័យរបស់ព្រះមហាក្សត្រ ដែលលោកអន្ដរាគមន៍ជាកណ្ដាល ឬមួយទ្រង់ស្វែងយល់យ៉ាងម៉េច ហ្នឹងគឺមិនមានបុគ្គលណាមួយ អាចទៅបង្ខំបានទេ […] ទាំងនោះ គឺរួមទាំងប្រជាពលរដ្ឋខ្មែរ និងអន្ដរជាតិ គាត់បានមើលឃើញថា ក្នុងនោះ មានគណបក្សប្រឆាំងទេ ដែលគាត់មានលទ្ធភាព សមត្ថភាពប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច»។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានរំឮកថា កាលពីឆ្នាំ១៩៩៨ និងឆ្នាំ២០០៣ អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ បានអន្ដរាគមន៍វិបត្តិនយោបាយនៅកម្ពុជាផងដែរ ដោយទ្រង់បានបដិសេធមិនយាងទៅបើកសម្ពោធរដ្ឋសភាថ្មី ខណៈគ្មានវត្តមានអ្នកតំណាងរាស្ត្រជាប់ឆ្នោតមកពីគ្រប់គណបក្សនយោបាយ ពិសេសគឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី៕
The objective of the King is to make peace for all of his people. Rainsy should now better.
This is showing that Rainsy’s final resort by trying to entice our King getting in politics.
Again and again, by trying to separate our people is Rainsy crazy or stupid?
Haha dam jake tove mr sy’ because king only followed the order from veitcong mafia dictator