សកម្មជនព្រៃឈើថា ជនជាតិ​វៀតណាម​រាប់​រយ​នាក់ លួច​ចូល​ដី​ខ្មែរ​កាប់​ឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ

ដោយ ហេង សកល
2018-06-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឈើមូល​ដែល​គេ​កាប់​រំលំ ឋិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ កាល​ពី​អំឡុងខែឧសភា ២០១៨។ រូបភាពផ្តល់ដោយសកម្មជនការពារព្រៃឈើ
ឈើមូល​ដែល​គេ​កាប់​រំលំ ឋិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ កាល​ពី​អំឡុងខែឧសភា ២០១៨។ រូបភាពផ្តល់ដោយសកម្មជនការពារព្រៃឈើ


ដើមឈើធំៗ ឋិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី កំពុង​ទទួល​រង​ការ​អារ​រំលំ​ជា​គំនរ​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​ជនជាតិ​វៀតណាម​ជា​ច្រើន​ក្រុម និង​ត្រៀម​ដឹក​ចេញ​ទៅ​ដេប៉ូ​អារ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម​នៅ​តំបន់​នោះ។ សកម្មជន​បរិស្ថាន​ថា អាជ្ញាធរ​ខ្មែរ​បាន​បើក​ច្រក​ព្រំដែន​ជា​ច្រើន​កន្លែង ឋិត​នៅ​ស្រុក​អណ្តួង​មាស ខេត្ត​រតនគិរី ដែល​ជា​ច្រក​សម្រាប់​នាំ​ឈើ​ចេញ​ទៅ​វៀតណាម។

ឈើមូលធំៗ ដែលមានមុខកាត់ ៥តឹកឡើងទៅ ឋិតក្នុងឧទ្យានជាតិវីរៈជ័យ កំពុងទទួលរងការកាប់​បំផ្លាញធ្វើអាជីវកម្មពេញទំហឹង ពីសំណាក់កម្មករជនជាតិវៀតណាមរាប់រយនាក់ ដែលសង្ស័យ​ថា ឆ្លងដែនខុសច្បាប់។ សកម្មជនបរិស្ថានថា កម្មករវៀតណាមទាំងនោះប្រើម៉ាស៊ីនអារឈើ​ស្វ័យប្រវត្តិ​ជាមធ្យោបាយអារំលំឈើធំៗ ត្រៀមដឹកចេញទៅដេប៉ូឈើរបស់ក្រុមហ៊ុនវៀតណាម មាន ៦ ដេប៉ូ​នៅ​តំបន់ឧទ្យានជាតិវីរៈជ័យ។

សកម្មជនបរិស្ថាន លោក ហេង ស្រស់ ឲ្យដឹងនៅថ្ងៃទី ២១ មិថុនា ថាបើអាជ្ញាធរច្រកព្រំដែន នៅតែ​បើក​ដៃឲ្យជនបរទេសចូលមកកាប់ឈើខុសច្បាប់ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ មិនយូរទេព្រៃ​អភិរក្ស​មួយនេះ នឹងរលាយទាំងស្រុងនៅពេលដ៏ខ្លីខាងមុខ។ លោកថា​ ច្រកព្រំដែនក្នុងចន្លោះបង្គោលលេខ ០១ ដល់ លេខ ១០ ក្នុងស្រុកតាវែងខេត្តរនគិរី អាជ្ញាធរទើបបើកឲ្យដំណើរការអំឡុងឆ្នាំ ២០១៧ និង​ច្រកព្រំដែនមួយចំនួនទៀត​ឋិត​ក្នុង​ស្រុក​អណ្តួងមាស​ គឺ​បើក​ឲ្យ​ដំណើរ​ការ​អំឡុង​ឆ្នាំ ២០១៦។ លោក​បន្ថែម​ថា ច្រក​ព្រំដែន​ទាំង​នោះ សម្រាប់​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស និង​មាន​សមត្ថកិច្ច​ការពារ​ព្រំដែន យាម​តឹង​តែង​មិន​ឲ្យ​មនុស្ស​ប្លែក​មុខ​ចូល៖ «»

បុរស​ដដែល​បន្ថែម​ថា​​ តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ មាន​ដេប៉ូ​ស្តុក​ឈើ​ក្រុមហ៊ុន​វៀតណាម ៦​កន្លែង ដែល​គេ​ប្រមូល​ឈើ​ធំៗ ចេញ​ពី​ព្រៃ​អភិរក្ស ដឹក​តាម​ច្រក​របៀង​តូចៗ ទៅ​ក្រៅ​ប្រទេស ដែល​មាន​អាជ្ញាធរ​ខ្មែរ​សម្របសម្រួល។ លោក​ថា ឆ្មាំ​អភិរក្ស​ឧទ្យាន​ជាតិ​វីរៈជ័យ​ម្នាក់ បាន​បង្ហើប​ថា មេ​របស់​គាត់​បាន​ទទួល​សំណូក​ពី​ឈ្មូញ​ឈើ​ខុស​ច្បាប់ ជា​ថ្នូរ​បើក​ដៃ​ឲ្យ​ជន​ល្មើស កាប់ និង​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ដោយ​សេរី។ លោក​បន្ថែម​ថា​ ប្រជាជន​ខ្មែរ​នៅ​តំបន់​នោះ​ខក​ចិត្ត នៅ​គ្រា​ដែល​មាន​ក្រុមហ៊ុន​វៀតណាម​យ៉ាង​ច្រើន បោះ​ទីតាំង​ទិញ​ឈើ និង​ជួល​កម្មករ​អារ​ឈើ​ធ្វើ​អាជីវកម្ម និង​គំរាម​ពួក​គេ​មិន​ឲ្យ​ប៉ះពាល់​ឈើ​ដែល​គេ​អារ​រំលំ​ជា​គំនរ​ទុក៖ «»

អាស៊ីសេរីបានព្យាយាមទាក់ទង​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​ទី២១ មិថុនា។

ឧទ្យានជាតិវីរៈជ័យ ឋិតក្នុងស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង និង​ស្រុក​អណ្តូងមាស ស្រុក​តាវែង​ក្នុង​ខេត្ត​រតនគិរី ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ​ព្រះនរោត្តម សីហនុ ចេញ​ព្រះរាជក្រឹត្យ​កំណត់ ជា​ព្រៃ​អភិរក្ស ដែល​មាន​ផ្ទៃដី​ជាង ៣៣ម៉ឺនហិកតារ (៣៣២.៥០០) កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ១៩៩៣។ ព្រៃ​អភិរក្ស​នេះ មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​ឡាវ និង​វៀតណាម ហើយ​របប​លោក ហ៊ុន សែន បាន​បញ្ជូន​ឆ្មាំ​អភិរក្ស​ជា​ច្រើន​នាក់ ទៅ​ប្រចាំ​ការ​នៅ​តំបន់​នោះ។

កាលពីដើមឆ្នាំ ២០១៨ សមត្ថកិច្ចនៅ​តំបន់​នោះ និង​មន្ត្រី​បរិស្ថាន​ប្រដាប់​ដោយ​អាវុធ បាន​ហាម​ឃាត់​ក្រុម​យុវជន​ការពារ​បរិស្ថាន​ និង​ក្រុម​អ្នក​កាសែត មិន​ឲ្យ​ចុះ​ទៅ​ទីនោះ​ទេ ដោយ​ចោទ​ថា​ ជា​ក្រុម​ញុះញង់ និង​បង្ក​ចលាចល ថែម​ទាំង​ព្រមាន​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ បើ​មិន​ដូច្នេះ​គេ​នឹង​ចាប់​ដាក់​គុក។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ពន្យល់​ថា ការ​បើក​ច្រក​ព្រំដែន គឺ​ជា​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ។ លោក​ថា បើសិនជា​មាន​ការ​បើក​ច្រក​ព្រំដែន​ណា​មួយ ដែល​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ គឺ​ជា​ទង្វើ​ខុស​ច្បាប់។​ លោក​ផ្តល់​មតិ​ថា ក្រសួង​មហាផ្ទៃ​គួរ​ចុះ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បើក​ច្រក​ព្រំដែន​នៅ​តំបន់​នោះ ដើម្បី​លុប​បំបាត់​ភាព​ហិនហោច​ធនធាន​ធម្មជាតិ និង​ទប់​ស្កាត់​ការ​ឆ្លង​ចូល​ដី​ខ្មែរ​ខុស​ច្បាប់៖ «»

លោក សន ជ័យ បន្ថែម​ថា​ ប្រសិន​បើ​ច្រក​ព្រំដែន​នៅ​តំបន់​នោះ​ជា​ច្រក​ខុស​ច្បាប់ អាច​នឹង​មាន​មនុស្ស​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ខុស​ច្បាប់​ដែរ។ លោកថា ជា​គោលការណ៍​ការ​ចេញ​ចូល​ច្រក​ព្រំដែន ត្រូវ​មាន​ការ​ត្រូត​ពិនិត្យ​អត្តសញ្ញាណ​អ្នក​ធ្វើ​ដំណើរ ដែល​ទាមទារ​ឲ្យ​មាន​លិខិត​ឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សកម្មជនព្រៃឈើថា ជនជាតិ​វៀតណាម​រាប់​រយ​នាក់ លួច​ចូល​ដី​ខ្មែរ​កាប់​ឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ"

  1. so socheath says:

    រដ្ឋាភិបាលប្រទេសអូស្រ្តាលី ពេលនេះកំពុងរៀបចំច្បាប់មិនឱ្យប្រទេសណាមួយ លូកលាន់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្រ្តាលីយ៉ាងដាច់ខាត។ ប៉ុន្តែប្រទេសនេះ
    កន្លងទៅនេះ បែរជារិះគន់លើវិធានការនានា របស់ប្រទេសកម្ពុជា ដែលធ្វើឡើង ដើម្បីការពារដល់សុខសន្តិភាព និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសទៅវិញ។
    នៅក្នុងអាទិត្យនេះ សភាអូស្ត្រាលីនឹងអនុម័តច្បាប់ដែលគេហៅថា
    The Espionage and Foreign Interference bill ដែលសំដៅទប់ស្កាត់ការលូកលាន់របស់
    បរទេស ទៅក្នុងឆាកនយោបាយរបស់អូស្ត្រាលី ដោយផ្តោតជាសំខាន់លើការចូលជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោត ការគាំទ្រ និង ការផ្តល់អំណោយបរទេសដល់គណបក្សនានា ការជួយកាសែតនានាសរសេរគាំទ្រគណបក្សនយោបាយ ជាដើម ។
    តើវាចម្លែកទេច្បាប់ក្នុងស្រុករបស់អូស្ត្រាលី ទប់មិនឲ្យគណបក្សនយោបាយក្នុងប្រទេសអូស្ត្រាលី
    មិនអោយមានការទាក់ទង និង ទទួលជំនួយពីបរទេស តែបែរមករិះគន់កម្ពុជា ដែលមានវិធានការចំពោះអតីតបក្សប្រឆាំងសង្គ្រោះជាតិដែលកឹមសុខាប្រកាសជាចំហថា មានបរទេសនៅពីក្រោយខ្លួន។
    នេះបានហៅថាអស្ចារ្យ ! ដាក់ច្បាប់ថាកុំឲ្យគេផោម តែបែរជាផោមខ្លួនអែងទៅវិញ ?