នយោបាយ
03 ធ្នូ 2018
ម៉ែន គឹមសេង
វីអូអេខ្មែរ
សេចក្តីសម្រេចរបស់សន្និសីទនេះធ្វើឡើង ក្រោយពីប្រតិភូនៃគណបក្សសង្គ្រោះជាតិដែលជាអ្នកគាំទ្រលោក សម រង្ស៊ី ដែល មកពីប្រទេសជាច្រើន បានជួបប្រជុំគ្នារយ:ពេលពីរថ្ងៃនៅទីក្រុងអាត្លង់តា រដ្ឋចរចា ដើម្បីស្វែងរកវិធីស្តារគណបក្សសង្គ្រោះជាតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
សន្និសីទពិភពលោកលើកទី១របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បានសម្រេចអញ្ជើញលោក សម រង្ស៊ី មកធ្វើជាប្រធានស្តីទីគណបក្សដើម្បីដឹកនាំសកម្មភាពនយោបាយការទូត និងរៀបចំគណបក្សទាំងក្នុងនិងក្រៅប្រទេស ក្នុងពេលដែលលោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំងនៅជាប់ឃុំឃាំងក្នុងលំនៅដ្ឋាននៅឡើយ។
លោក សម រង្ស៊ី ដែលជាសហស្ថាបនិកគណបក្សសង្គ្រោះជាតិ និងជាអតីតប្រធាន បានប្រាប់ដល់ក្រុមអ្នកគាំទ្រជាង៤០០នាក់ ថាលោកសុខចិត្តមកដឹកនាំបណ្តោះអាសន្ន រហូតដល់ពេលលោក កឹម សុខា ត្រូវដោះលែងចេញពីការឃុំឃាំងក្នុងលំនៅដ្ឋាន។
លោកបានបន្ថែមថា៖
«សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយហ្នឹង ហើយជាស្មារតី ជាពាក្យស្លោក ជានិមិត្តរូប។ ជាស្មារតីនៃយើងទាំងអស់គ្នាធ្វើការជាមួយគ្នា គឺគណបក្សសង្គ្រោះជាតិនៅរួបរួមគ្នាជាធ្លុងមួយ ដោយសារតែ កឹម សុខា-សម រង្ស៊ី មនុស្សតែមួយ»។
ការសម្រេចអញ្ជើញលោក សម រង្ស៊ី មកដឹកនាំវិញនេះដោយក្រុមអ្នកគាំទ្រលោក សម រង្ស៊ី យោងលើហេតុផលមួយចំនួនដែលមានដូចជា លោក កឹម សុខា ជាប្រធានគណបក្សត្រូវជាប់ឃុំឃាំង ហើយមិនមានសេរីភាពបញ្ចេញយោបល់ និងធ្វើសេចក្តីសម្រេច ក្នុងនាមគណបក្សបាន។ ភាពចាំបាច់ឱ្យមានមេដឹកនាំមួយរឹងមាំ និងច្បាស់លាស់ដើម្បីដឹកនាំ និងរៀបចំផែនការយុទ្ធសាស្រ្តគណបក្ស និងធ្វើសេចក្តីសម្រេចសមស្របឱ្យទាន់ពេលវេលា។ ប៉ុន្តែ ពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា លោក កឹម សុខា នៅតែជាប្រធានគណបក្សដដែល ដរាបណាលោក កឹម សុខា ចេញផុតពីការឃុំឃាំងនៅក្នុងលំនៅដ្ឋានវិញ គឺតួនាទីប្រធានស្តីទីនេះនឹងបាត់បង់ដោយស្វ័យប្រវត្តិ។
សេចក្តីសម្រេចរបស់សន្និសីទនេះធ្វើឡើង ក្រោយពីប្រតិភូនៃគណបក្សសង្គ្រោះជាតិដែលជាអ្នកគាំទ្រលោក សម រង្ស៊ី ដែល មកពីប្រទេសជាច្រើន បានជួបប្រជុំគ្នារយ:ពេលពីរថ្ងៃនៅទីក្រុងអាត្លង់តា រដ្ឋចរចា ដើម្បីស្វែងរកវិធីស្តារគណបក្សសង្គ្រោះជាតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
លោក សម រង្ស៊ី បានផ្តល់ហេតុផលបីក្នុងពេលដែលលោកថ្លែងទៅកាន់អ្នកគាំទ្រ ក៏ដូចជាក្នុង បទសម្ភាសជាមួយនឹង VOA Khmer អំពីការសម្រេចចិត្តនេះថា ហេតុផលទីមួយ គឺលោកទទួលយកដោយមិនឱ្យមានការកែប្រែរចនាសម្ព័ន្ធគណបក្សទេ គឺទុកដូចមុនពេលដែលតុលាការកម្ពុជាបានសម្រេចរំលាយកាលពីឆ្នាំមុន។ ជាពិសេសលោកកឹម សុខា នៅតែជាប្រធានដដែល។ ទីពីរ តួនាទីបណ្តោះអាសន្ននេះនឹងចប់ នៅពេលដែលលោក កឹម សុខា រួចផុតពីការឃុំឃាំង និងទីបី គឺដើម្បីបង្រួបបង្រួមក្រុមដែលមាននិន្នាការគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី ដើម្បីឱ្យជ្រកក្រោមដំបូលតែមួយ។
លោក សម រង្ស៊ី សង្ឃឹមថា អ្វីដែលបានកើតមានឡើងនៅទីក្រុងអាត្លង់តានេះ គឺនឹងជួយឱ្យលោក កឹម សុខា មានសេរីភាពក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបានបន្ថែមថា៖
«លោក ហ៊ុន សែន ចាប់លោក កឹម សុខា ឃុំឃាំងកុំឱ្យលោក កឹម សុខា ធ្វើអ្វីកើត ហើយលោក កឹម សុខា ធ្វើជាប្រធាន ហើយប្រធានត្រូវគេចាប់ឃុំឃាំងមិនអាចធ្វើអ្វីកើតទេ អីចឹងគណបក្សគាំង។ អីចឹងលោក ហ៊ុន សែន មានផលប្រយោជន៍ទុកលោក កឹម សុខា ក្នុងការឃុំឃាំងរបស់គាត់ ពីព្រោះធ្វើឱ្យគណបក្សសង្គ្រោះជាតិគាំង ប៉ុន្តែចាប់ពីថ្ងៃនេះទៅគណបក្សសង្គ្រោះជាតិឈប់គាំងហើយ។ បើគណបក្សសង្គ្រោះជាតិឈប់គាំង ហើយដំណើរការទៅមុខ លោក កឹម សុខា គ្មានផលប្រយោជន៍ឱ្យលោក ហ៊ុន សែន ចាប់ឃាត់ទៀតទេ»។
លោក សម រង្ស៊ី បញ្ជាក់ថា លោកនឹងបន្តទាមទារឱ្យដោះលែងលោក កឹម សុខា គឺ លោកយល់ថា ចំណាត់ការប៉ុន្មានថ្ងៃនេះដែលរដ្ឋាភិបាលលោក ហ៊ុន សែន បន្ធូរបន្ថយការរឹតបន្តឹងលើអង្គការសង្គមស៊ីវិល សហជីព និងសារព័ត៌មានជាការល្អហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺដោះលែងលោក កឹម សុខា បើកសិទ្ធិនយោបាយដល់មន្ត្រីទាំង១១៨នាក់។
ដំណោះស្រាយបន្ទាន់ដែលលោក សម រង្ស៊ី ដាក់ចេញសម្រាប់ការខ្វែងគំនិតគ្នានៅក្នុងផ្ទៃក្នុងគណបក្ស គឺក្រោមពាក្យស្លោកថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ»។ អ្នកណាដែលគាំទ្រលោក កឹម សុខា គឺដូចគាំទ្រលោក សម រង្ស៊ី ហើយ អ្នកណាគាំទ្រលោក សម រង្ស៊ី ក៏ដូចគាំទ្រលោកកឹម សុខា ហើយអ្នកណាវាយប្រហារលោកសម រង្ស៊ី គឺដូចជាវាយប្រហារលោក កឹម សុខា និងអ្នកណាវាយប្រហារលោក កឹម សុខា ក៏ដូចជាវាយប្រហារលោក សម រង្ស៊ី។ ជាពិសេសទៀត លោកស្នើឱ្យអ្នកដែលចូលរួមសន្និសីទនេះបោះដៃទៅរកអ្នកដែលមិនគាំទ្រ។
អង្គសន្និសីទនេះក៏ស្នើសុំលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សយកសេចក្តីសម្រេចរបស់ពួកគេ ដើម្បី ឆ្លងយោបល់និងការសម្រេចពីគណ:កម្មាធិការអចិន្ត្រៃយ៍របស់បក្ស ប៉ុន្តែពួកគេដាក់លក្ខខណ្ឌថា ក្នុងរយ:ពេល មួយសប្តាហ៍ បើមិនមានសេចក្តីសម្រេចអ្វីពីគណ:កម្មាធិការអចិន្ត្រៃយ៍ទេ គឺសេចក្តីសម្រេចនេះនឹងចូលជាធរមាន។
ទំាងលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ បានសម្តែងការគាំទ្រដល់សន្និសីទនេះ ហើយលោកស្រី មូរ សុខហួរ បានបញ្ជាក់បន្ថែមថា លោកស្រីនឹងបំពេញតាមសំណើនេះ ហើយឆ្លើយតបឱ្យទាន់ពេលវេលា។
សន្និសីទនេះក៏បង្ហាញពីការមិនចុះសម្រុងរវាងអ្នកគាំទ្រលោក សម រង្ស៊ី និងលោក កឹម សុខា ផងដែរដោយសារអ្នកគាំទ្រក្រុមលោក កឹម សុខា មិនយល់ស្របនឹងការរៀបចំសន្និសីទនេះទេ។
បើទោះបីជាកិច្ចប្រជុំនេះមានការចូលរួមពីលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ដែលជាអនុប្រធានគណបក្ស ហើយសម្តែងការគាំទ្រសេចក្តីសម្រេច និងសរសើរដល់អ្នកដែលចូលរួមប្រជុំ។ ប៉ុន្តែ សេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទនេះ ដែលមានប្រើត្រានិងស្លាកសញ្ញាគណបក្សសង្គ្រោះជាតិដែរ ហើយ ដែលផ្ញើចេញដោយក្រុមអ្នកគាំទ្រលោក កឹម សុខា បន្តថ្លែងបដិសេធការជួបប្រជុំនេះ។
ប៉ុន្តែយ៉ាងណាក៏ដោយ សេចក្តីថ្លែងការនេះចាត់ទុកថា អ្វីដែលសម្រេចបាននៅទីក្រុងអាត្លង់តា រដ្ឋចរចា គឺគ្រាន់តែជា «យោបល់មតិរបស់មនុស្សមួយក្រុមប៉ុណ្ណោះ»៕
បទសម្ភាសលោក សម រង្ស៊ី ជាមួយនឹង VOA Khmer
កិច្ចសម្ភាសជាមួយនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកយល់ព្រមទទួលយកឋាន:ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។