មន្ត្រី​របប​ភ្នំពេញ​ថា មិន​ចាប់អារម្មណ៍​កិច្ចប្រជុំ​របស់​លោក សម រង្ស៊ី ជាមួយ​តំណាង​សហភាព​អឺរ៉ុប

ដោយ ទីន ហ្សាការីយ៉ា
2019-06-28
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA


អ្នកនាំពាក្យ​រដ្ឋាភិបាល​អះអាង​ថា លោក សម រង្ស៊ី មិន​មាន​ឥទ្ធិពល​ណាមួយ ក្នុង​ការ​កៀរគរ​ឱ្យ​សហភាព​អឺរ៉ុប​ឱ្យ​ដក​ប្រព័ន្ធ​គ្រោះ​ពន្ធ​ចេញពី​កម្ពុជា​បាន​ឡើយ ទោះបី​លោក សម រង្ស៊ី បាន​អះអាង​ថា សហភាព​អឺរ៉ុប​នឹង អនុវត្ត​ទៅតាម​ផែនការ​របស់​ខ្លួន​លើ​ការ​ព្យួរ អនុ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ទៅតាម​ផែនការ​កំណត់​របស់​ខ្លួន​ប្រសិន របប​លោក ហ៊ុន សែន មិន​បើក​លំហ​សិទ្ធិ​ពលរដ្ឋ នយោបាយ​ឡើងវិញ​ទេ​នោះ។

លោក ផៃ ស៊ីផាន អះអាង​ថា របប​ក្រុងភ្នំពេញ​មិន​ចាប់អារម្មណ៍​និង លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក នោះ​ទេ។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា សកម្មភាព​របស់ លោក សម រង្ស៊ី គ្មាន​អ្វី​ឱ្យ​លោក​ចាប់អារម្មណ៍​ឡើយ ព្រោះថា លោក​ជា​ទណ្ឌិត​ទៅ​ហើយ​នោះ​៖ «សម រង្ស៊ី អាច​និយាយ​និយាយ​បាន​អ្វី​ស្រេច​តែ​ចិត្តបាន តែ​គេ​លែង​ចាប់អារម្មណ៍ មានតែ​អាស៊ីសេរី​ទេ​ដែល​ចាប់អារម្មណ៍ ព្រោះ​សម រង្ស៊ី ជា​ទណ្ឌិត និង​ជា​ថ្លុក​ព័ត៌មាន​រួច​ទៅ​ហើយ​ហ្នឹង»

លោក សម រង្ស៊ី និង​គណៈប្រតិភូ​គណបក្ស​សង្គ្រោះជាតិ​វិញ បាន​ជួបជុំ​ជាមួយ​មេដឹកនាំ​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក ចាប់ពី​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ មិថុនា។ លោក​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៧ មិថុនា​ថា ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប មាន​គោលដៅ​មួយ​យ៉ាង​ច្បាស់ គឺ​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​រស់​ឡើងវិញ នៅ​ប្រទេស​កម្ពុជា ពីព្រោះ​គេ​យល់ថា មិន​អាច​មាន​លទ្ធិប្រជាធិបតេយ្យ​បាន​ទេ បើ​គ្មាន​គណបក្ស​ប្រឆាំង​។ ហើយ​ពុំ​មាន​គណបក្សប្រឆាំង​ណា​ពិតប្រាកដ​នៅ​កម្ពុជា ក្រៅពី​គណបក្ស​សង្គ្រោះជាតិ​ដែរ។

លោក សម រង្ស៊ី អះអាង​ថា លោក ហ៊ុន សែន បាន​បរាជ័យ ៣ លើក​ហើយ ក្នុង​ការ​ប៉ុនប៉ង​កម្ចាត់​គណបក្ស​សង្គ្រោះជាតិ ពី​បេះដូង​ប្រជារាស្ត្រ​ខ្មែរ និង​ក្នុង​ការ​ប៉ុនប៉ង​បង្កើត​គណបក្សប្រឆាំង​ក្លែងក្លាយ។ លោក​បាន​រៀបរាប់​ថា បរាជ័យ​ទី​១ គឺ​អូសទាញ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ៥.០០៧ រូប មក​ពី​គណបក្ស​សង្គ្រោះជាតិ ឱ្យ​ចុះចូល​គណបក្ស​កាន់អំណាច​សព្វថ្ងៃ តែ​សាមីខ្លួន​ជាង ៩០ ភាគរយ មិន​ព្រម​ដាច់ខាត។ បរាជ័យ​ទី​២ គឺ​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ នៅ​ឆ្នាំ ២០១៨ ដោយ​បង្កើត​គណបក្សប្រឆាំង​ក្លែងក្លាយ រហូតដល់​ទៅ ១៩​គណបក្ស តែ​គណបក្សប្រឆាំង​ក្លែងក្លាយ​ទាំងនោះ ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ​ទាត់ចោល​ទាំងអស់ គ្មាន​ទទួល​បាន​អាសនៈ​ទាល់តែ​សោះ នៅ​ក្នុង​រដ្ឋសភា​ទីងមោង​សព្វថ្ងៃ។ បរាជ័យ​ទី​៣ គឺ​ចង់​អូសទាញ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ១១៨ នាក់ ឱ្យ​ក្បត់​គណបក្ស​ខ្លួន ដោយ​ទៅ​សុំ​ច្បាប់​ពី ហ៊ុន សែន ដើម្បី​ធ្វើ​នយោបាយ​ឡើងវិញ ក្រោម​បញ្ជា ហ៊ុន សែន តែ​ក្នុងចំណោម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១៨ នាក់​នោះ មានតែ ៩ នាក់​ទេ ដែល​ចាញ់បោក ហ៊ុន សែន ឬ​ព្រម​លក់ខ្លួន​ឱ្យ​គេ។

លោក សម រង្ស៊ី បន្ថែម​ថា ដើម្បី​ជៀសវាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម ពី​សហភាព​អឺរ៉ុប ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ លោក ហ៊ុន សែន ដាច់ខាត​ត្រូវតែ​ដោះលែង​លោក កឹម សុខា ដោយ​ទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់ មក​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បើកផ្លូវ​ឱ្យ​គណបក្ស​ប្រឆាំង ដំណើរការ​ឡើងវិញ​ជាបន្ទាន់។ លោក​បញ្ជាក់​ថា ដំណោះស្រាយ​នយោបាយ គ្មាន​អ្វី​ពិបាក​ទេ គឺ​គ្រាន់តែ​លោក ហ៊ុន សែន គោរព​តាម​លក្ខខ័ណ្ឌ​របស់​សហភាព​អឺរ៉ុប ទៅលើ​គោលការណ៍​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សិទ្ធិ​ដីធ្លី និង​ដោះលែង​អ្នក​ជាប់ឃុំ​ដោយសារតែ​រឿង​នយោបាយ​ទាំងអស់​នោះ គឺជា​ការ​ស្រេច ហើយ​អ្វីៗ​នឹង​ប្រសើរ​ឡើង ទាំង​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ​សង្គម​ជាដើម​៖ «លោក ហ៊ុន សែន ត្រូវតែ​ធ្វើតាម​អ្វី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន ដោះលែង​លោក កឹម សុខា ផ្ដល់​គណបក្ស​សង្គ្រោះ​ជាតិ​មកវិញ ដើម្បី​ជៀសវាង​បញ្ហា ហើយ​សូម​ប្រជារាស្ត្រ​ខ្មែរ​ត្រៀមខ្លួន​បាតុកម្ម ហើយ​ហ៊ុន សែន បើសិនជា​មិន​ព្រម​ដោះលែង កឹម សុខា និង​គោរព​ប្រជាធិបតេយ្យ​វិញ​ទេ គឺ​ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវ​ពេញ​ទេ ចំពោះ​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ជាតិ»

ចំពោះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​វិញ បាន​ចេញ​សារ​ដ៏​កម្រ​មួយ​នា​ឱកាស​ពិធី​ខួបកំណើត​របស់​លោក​គម្រប់ ៦៧​ឆ្នាំ នេះ​ថា ដ៏​រាប​ណា​ព្រះអាទិត្យ​នៅតែ​រះ លោក​នៅតែ​មាន​ក្ដី​សង្ឃឹម វិល​ទៅ​ជួបជុំ​អ្នកគាំទ្រ​របស់​លោក និង​បម្រើ​ជាតិ​មាតុភូមិ​វិញ។

លោក កឹម សុខា សរសេរ ក្នុង​ទំព័រ​ហ្វេសប៊ុក​លោក​ថា វា​គ្មាន​ទេ​ពាក្យ​ថា “ ស្ដាយក្រោយ​សម្រាប់ កឹម សុខា ដែល​បាន​បូជា​ជូន​ជាតិ ប្រជាពលរដ្ឋ ដើម្បី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព អធិបតេយ្យភាព និង​ការផ្សះផ្សា​ជាតិ”។

លោក កឹម សុខា បាន​ប្ដេជ្ញា​ចិត្ត​ថា ទោះបីជា​លោក​ស្ថិតនៅ​ទី​ឃុំឃាំង​ក្នុង​ផ្ទះ គឺ​លោក​ជាប់ឃុំ​តែ​រូប​កាយ បាត់បង់​សេរីភាព​ក៏​ពិតមែន ប៉ុន្តែ​ស្មារតី​ស្នេហា​ជាតិ​របស់​លោក​មិន​ជាប់ឃុំ​ឃាំង​ឡើយ។

លោក​សរសេរ​បន្ត​ទៀត​ថា “​ទឹកចិត្ត និង​សេចក្ដី​នឹករលឹក​របស់​ជនរួមជាតិ បាន​ផ្តល់​ដល់​រូប​ខ្ញុំ នូវ​កម្លាំងចិត្ត​ដែល​ជា​ថាមពល ជំរុញ​ឱ្យ​រូប​ខ្ញុំ​បន្ត​នូវ​ស្មារតី​ស្នេហា​ជាតិ បើ​ទោះ​ជា​រូប​កាយ​ខ្ញុំ​ត្រូវ​បាន​បាត់បង់​សេរីភាព អស់​ជិត​២​ឆ្នាំ​មក​ហើយ​ក្ដី​។ មិន​មាន​អ្វី​ឡើយ​ដែល​អាច​រារាំង​មនោសញ្ចេតនា​របស់ខ្ញុំ​ដែល​មាន​ចំពោះ​ប្រជាជាតិ​មួយ​នេះ”។

លោក កឹម សុខា បន្ត​ថា “ ទោះបី​ខ្ញុំ​មិន​អាច​ជួបជុំ​ប្រជាពលរដ្ឋ​ដូច​កាលពីមុន ទោះបី​ខ្ញុំ​មិន​អាច​ស្តាប់​ឮ​ដោយ​ផ្ទាល់​នូវ​ទុក្ខ​កង្វល់​របស់​បងប្អូន ទោះបី​មាន​ឧបសគ្គ​យ៉ាងណា បើ​ដរាបណា​ព្រះអាទិត្យ​នៅតែ​រះ សូម​ប្រជា​ជាតិខ្មែរ​ជឿ​ចុះ​ថា ខ្ញុំ កឹម សុខា នៅតែ​ភ្ញាក់​ឡើង​ទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​បាន​ជួបជុំ និង​បម្រើ​ជាតិខ្មែរ​តទៅ​ទៀត។ នៅ​ចុង​បញ្ចប់​នៃ​សារ​លោក កឹម សុខា បញ្ជាក់​ជាថ្មី​ថា “​សេចក្ដីប្រាថ្នា​សម្រាប់​ខ្ញុំព្រះករុណា ខ្ញុំ ក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត​នេះ​គឺ​សេចក្ដី​សុខ សន្តិភាព សិទ្ធិ​សេរីភាព វឌ្ឍនភាព និង​យុត្តិធម៌ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ

សហភាព​អឺរ៉ុប​នឹង​បិទ​បញ្ចប់​ដំណើរការ​តាមដាន និង​វាយតម្លៃ​ស្ថានការណ៍​កម្ពុជា នៅ​ពាក់កណ្ដាល​ខែ​សីហា​ខាងមុខ​។ បន្ទាប់​ពី​នេះ សហភាព​អឺរ៉ុប​នឹង​ចេញ​របាយការណ៍​ស្ដីពី​របកគំហើញ និង​ធ្វើ​សេចក្ដីសន្និដ្ឋាន​នៅ​ខែ​វិច្ឆិកា។ ពេលនោះ សហភាព​អឺរ៉ុប​នឹង​ទុក​ពេល ១​ខែ ឱ្យ​របប​លោក ហ៊ុន សែន ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​នេះ។ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្តជា​ចុងក្រោយ​ថា ត្រូវ​ដក ឬ​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ហើយ​បើ​អឺរ៉ុប​សម្រេច​ដកហូត​មែន នោះ​ការ​យកពន្ធ​លើ​ទំនិញ​កម្ពុជា​នឹង​ត្រូវ​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ខែ​សីហា ឆ្នាំ​២០២០ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "មន្ត្រី​របប​ភ្នំពេញ​ថា មិន​ចាប់អារម្មណ៍​កិច្ចប្រជុំ​របស់​លោក សម រង្ស៊ី ជាមួយ​តំណាង​សហភាព​អឺរ៉ុប"

  1. Anonymous says:

    no you are not worry about that of cause your boss is worry. I think you PHAI SIPHOM and SOK MENBANSAN will punishing from Cambodian first .