ដោយ ថន ថារ៉ូ
2019-07-20
RFA

ទិដ្ឋភាពកាប់ទន្ទ្រានដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី កាលពីខែ ឧសភា ឆ្នាំ ២០១៨។ រូប៖ ដោយសហគមន៍
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ៥ ឋិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុនទាំងនេះភាគច្រើនជាក្រុមហ៊ុនរបស់ចិន ហើយលួចកាប់ឈើ នៅក្រៅបរិវេណដីសម្បទានសេដ្ឋកិច្ច។ សកម្មជនបរិស្ថាន និងក្រុមជនជាតិដើមភាគតិច ធ្លាប់បានរាយការណ៍ជាញឹកញយមកហើយថាក្រុមហ៊ុនទាំងនេះ ធ្វើអាជីវកម្មឈើខុសច្បាប់ទ្រង់ទ្រាយធំ ក្នុងតំបន់ព្រៃការពារធម្មជាតិ ជាយូរមកហើយ។ អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ថ្លែងថា ក្រុមហ៊ុនណាដែលល្មើសច្បាប់ នឹងដកអាជ្ញាប័ណ្ណ។
អ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ថ្លែងក្នុងវេទិកាសន្និសីទកាសែត នៅចំពោះមុខក្រុមអ្នកកាសែត កាលពីព្រឹកថ្ងៃទី១៨ កក្កដាថា ក្រុមមន្ត្រីជំនាញ កំពុងស្រាវជ្រាវ និងស៊ើបអង្កេតទៅលើក្រុមហ៊ុនចំនួន ៥ ដែលទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ច ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ លោកថា ប្រសិនបើរកឃើញថា ក្រុមហ៊ុនទាំងនោះ មានពាក់ព័ន្ធបទល្មើសព្រៃឈើនឹងត្រូវដកអាជ្ញាប័ណ្ណ។
ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនម៉ាស្ទ័រខេសិន ក្រុមហ៊ុនចិន យ៉ាន់ចាវ ក្រុមហ៊ុន ថាច់វូដ ក្រុមហ៊ុនវិជ្ជរី និង ក្រុមហ៊ុនណេងណា។ លោកបន្ថែមថា សមត្ថកិច្ចកំពុងរកជនសង្ស័យពាក់ព័ន្ធ ៩នាក់ទៀត។ សមត្ថកិច្ចក៏បានរកឃើញឈើខុសច្បាប់ចំនួន ១ពាន់ ៧រយម៉ែត្រគូប (១៧០០) និងរឹបអូសរថយន្តដឹកឈើ អារ៉េវ ជាង ៤០គ្រឿង ក្នុងនោះមានរថយន្តចំនួន២៩គ្រឿង ត្រូវដុតកម្ទេចចោលនៅហ្នឹងកន្លែង។
អាស៊ីសេរីបានទាក់ទងអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ដើម្បីសុំការអធិប្បាយបន្ថែមជុំវិញ បញ្ហានេះតែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី១៨ កក្កដា។
អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា ថ្លែងថា អភិបាលខេត្តតែងកោះប្រជុំគណៈបញ្ជាការឯកភាពខេត្ត ជាញឹកញាប់ ដោយស្នើឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តច្បាប់ព្រៃឈើ។ រីឯអភិបាលខេត្តតែងតែចុះទៅមូលដ្ឋានផ្ទាល់ ណែនាំក្រុមហ៊ុនឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីអប់រំពួកគេ ឱ្យចូលរួមការពារព្រៃឈើ និងបញ្ឈប់សកម្មភាពកាប់ឈើខុសច្បាប់ទាំងឡាយ៖ «ថ្នាក់ខេត្តចៅហ្វាយខេត្ត គាត់ចុះទៅផ្ទាល់ទៅណែនាំ នៅកន្លែងហ្នឹងទៀត ពេលនោះពុំមានអីទេ។ ទើបតែមួយរយៈក្រោយដែលយើង រវល់ប៉ុន្មានខែ ប្រហែល ២ខែយើងដកឃ្លា គឺមួយរយៈហ្នឹង តែមុនហ្នឹងអត់មាន ឬក៏ពេលដែលយើងទៅអត់មាន យើងដកឃ្លាមកគេមាន។ គេលួចគេឆក់ក្រោយខ្នង នៅចាំតែមើលផ្លូវយើង ហើយយើងពុំមានពេលនៅប្រចាំការ ២៤ម៉ោងអ៊ីចឹង»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មើលឃើញថា ចំណាត់ការក្តៅរបស់គណៈកម្មការជំនាញមួយនេះ អនុវត្តតែខេត្តមួយប៉ុណ្ណោះ រីឯខេត្តផ្សេងៗទៀតដែលសំបូរដោយបទល្មើសឧក្រិដ្ឋព្រៃឈើ ដូចជា ខេត្តរតនគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម មិនឃើញមានការបង្ក្រាបទ្រង់ទ្រាយធំនោះទេ។ បញ្ហានេះហាក់ទុកឱកាសឱ្យក្រុមឧក្រិដ្ឋជន និងក្រុមហ៊ុនផ្សេងទៀត ប្រុងប្រយ័ត្ន និងលាក់វត្ថុតាងទុក។ លោកថា អភិបាលខេត្តនីមួយៗដែលជាសមាជិកគណៈកម្មការជាតិត្រូវតែបើកប្រតិបត្តិការបង្ក្រាបបទល្មើសឱ្យខ្លាំងក្លា ពុំមែនរង់ចាំតែថ្នាក់ជាតិចុះបង្ក្រាបម្ដងម្កាលនោះទេ៖ «អ្វីដែលធ្វើតែមួយកន្លែង ធ្វើឱ្យពលរដ្ឋយើងមានការសង្ស័យទៅវិញទេ។ សមាជិកជាអភិបាលខេត្ត ប្រាកដជា មានទំនាក់ទំនង ឬមួយក៏ពាក់ព័ន្ធជាមួយអំពើឧក្រិដ្ឋព្រៃឈើ និងអំពើពុករលួយហ្នឹងហើយ។ ប្រសិនជាពុំមានទេ ប្រាកដជាប្រតិបត្តិការធ្វើគ្រប់តែកន្លែង នេះជាការដាក់ការសង្ស័យ។ ដូចយើងនិយាយអ៊ីចឹង ខេត្តបានផ្សាយព័ត៌មានទេ តែផ្ទុយទៅវិញខេត្តប្រាកដជាមានការពាក់ព័ន្ធ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ការបាត់បង់ព្រៃឈើធំធេង ហើយការដឹកជញ្ជូនឈើខុសច្បាប់កើតមានច្រើនជាយូរមកហើយ ពុំមែនមានជាប់ពាក់ព័ន្ធមន្ត្រីរដ្ឋបាលព្រៃឈើ ៣នាក់ ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួននោះទេ។ លោកគិតថា សមត្ថកិច្ច និងអាជ្ញាធរ ដែលឃុបឃិតអនុញ្ញាតឱ្យមានបទល្មើសព្រៃឈើ និងប្រព្រឹត្តអំពើពុករលួយ បានកើតមានជាប្រព័ន្ធ និងអាចមានពាក់ព័ន្ធមន្ត្រីធំៗថ្នាក់ខេត្ត និងថ្នាក់ជាតិ គឺជាឧបសគ្គធ្វើឱ្យគណៈកម្មការជំនាញមួយនេះពិបាកសម្រេចចិត្តអនុវត្តច្បាប់ដែរ៖ «បង្ក្រាបតែរឿងអីថ្មីៗ អ៊ីចឹងវាអយុត្តិធម៌។ ចំពោះច្បាប់ គឺមានចែងច្បាស់អាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋដែលមានរហូតដល់ ១៥ឆ្នាំ។ អ៊ីចឹងរាល់បទល្មើសឧក្រិដ្ឋព្រៃឈើ បទល្មើសពុករលួយ ដែលឋិតក្នុងដែននៃអាជ្ញាយុកាលនេះ។ មន្ត្រីនគរបាលយុត្តិធម៌ត្រូវកសាងសំណុំរឿងគ្រប់កន្លែងបញ្ជូនមកអយ្យការ ដើម្បីឱ្យអាជ្ញាយុកាលធ្វើការស៊ើបអង្កេតនាំខ្លួនអតីតឧក្រិដ្ឋជនមកផ្ដន្ទាទោស វាអាចបំបាត់បទល្មើសបាន»។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ ដែលចុះអង្កេតរឿងនេះថ្លែងថា ក្រុមហ៊ុនទាំង ៥នោះ សុទ្ធសឹងមានពាក់ព័ន្ធបទល្មើសព្រៃឈើខ្នាតធំជាយូរមកហើយ ខណៈដែលពួកគេបានចុះស៊ើបអង្កេតដល់មូលដ្ឋាន រកឃើញក្បួនរថយន្តយីឌុប រាប់សិបគ្រឿងដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច ឆ្លងកាត់ភូមិសំពោច ស្រុកស្នួល ខេត្តក្រចេះ ទៅលក់នៅវៀតណាម។ លោកថា មានក្រុមហ៊ុនខ្លះ មានរោងចក្រអារច្រៀកឈើខ្នាតធំ នៅតំបន់នោះ។ រីឯក្រុមឈ្មួញបានកៀរគរពលរដ្ឋឱ្យចូលព្រៃអារឈើលក់ឱ្យខ្លួន៖ «មិនត្រឹមតែរដ្ឋបាលព្រៃឈើ ៣នាក់នេះទេ គឺត្រូវមានចៅហ្វាយស្រុក មានប៉េអិម ចៅហ្វាយខេត្ត មានស្នងការរង គឺសុទ្ធតែជាប់ពាក់ព័ន្ធរកស៊ីឈើបទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគិរីហ្នឹង។ ពួកគាត់សុទ្ធតែអ្នកដឹងហើយ នរណាដែលទទួលសំណូកចេញពីក្រុមឧក្រិដ្ឋជនទាំងនោះ ដើម្បីបើកភ្លើងខៀវឱ្យក្រុមឧក្រិដ្ឋជនទាំងនោះ រកស៊ីកាប់បំផ្លាញព្រៃឈើ ហើយឡានរាប់សិបគ្រឿង រកស៊ីដឹកជញ្ជូនឈើ។ ដឹកពុំមែនតិចខែទេ គឺដឹកសុទ្ធ ២ ទៅ ៣ខែ ក្នុងខេត្តមណ្ឌលគិរី»។
សកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិល បន្ថែមថា វត្តមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចទាំងនោះ បានធ្វើអាជីវកម្មឈើខ្នាតធំ ជាច្រើនឆ្នាំមកហើយ បណ្ដាលឱ្យ ដែនជម្រកសត្វព្រៃស្នួល ដែលមានផ្ទៃដីជាច្រើនម៉ឺនហិកតាររលាយហិនហោចអស់ទាំងស្រុង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ ២០១៨ របបលោក ហ៊ុន សែន បានរំសាយដែនជម្រកសត្វព្រៃស្នួល និងដែនជម្រកសត្វព្រៃរនាមដូនសំ ដែលមានផ្ទៃដីជាង ១១ម៉ឺនហិកតារ ក្រោមហេតុផលថា តំបន់ទាំងពីរបាត់បង់សក្ដានុពលជាតំបន់អភិរក្ស តែធាតុពិតព្រៃការពារធម្មជាតទាំងពីរនេះរងគ្រោះ ដោយសារតែក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច និងក្រុមហ៊ុនឯកជន ទទួលបានដីសម្បទានសេដ្ឋកិច្ច ឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ បន្លំកាប់ឈើធំៗ លក់នៅប្រទេសវៀតណាម៕
land concession in Cambodia to Chinese company was HUN SEN policy in order to mad corruption money. and the land concession to Vietnamese for 99 years was HO CHIMIN policy to take over Cambodia. there was a lot of question about land concession to CHINA. CHINA and CAMBODIA agree about economy trade of selling rice, sugar, banana, ext. please think over to see what their plane was?? CHINA got free land to produce right here in Cambodia then they send it to CHINA. they will tell the world that CHINA take a lot of production from Cambodia. there is nothing that HUN SEN said making job for Cambodian .instated CHINA bring their farming machinery come to farming in Cambodia. the question is how can HUN SEN said greed job for Cambodian . this is the big question that Cambodian should ask HUN SEN . did Cambodian ever hard world report said Cambodia the country for sell. this is what it mean all Cambodian can see in their own eyes . I did not believe that Cambodia is a small country why HUN SEN had a lot of land for those foreigner. how about Cambodian are they have land to at lease grooving rice to feet their families . no I did not see that Cambodian have to go looking for work in Thai land or other . it is strange no Cambodian going looking for work in Vietnam why?? HUN SEN leadership saying Cambodia right now is booming economic , road, building. ex . but some Cambodian right now is staving to dead they are crying for food. that right I can not believe that HUN SEN is only a Cambodian GOD. instated HUN SEN is………………………………. please fill up this blank