ដោយ សេក បណ្ឌិត
2019-08-12
អាស៊ីសេរី

បាតុករខ្មែររាប់រយនាក់ កាន់បដារ និងហែក្បួន ស្រែកប្រឆាំងការដឹកនាំរបស់លោក ហ៊ុន សែន នៅទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។ រូប៖ ពីវីឌីអូលើហ្វេសប៊ុក Vanna Hay
![]()
បាតុករខ្មែរជាង៥០០នាក់ នៅប្រទេសជប៉ុន ទាមទារឲ្យលោកហ៊ុន សែន ចុះចេញពីតំណែង
ស្ដាប់ ឬទាញយកសំឡេង
ស្ដាប់ ឬទាញយកសំឡេង
បាតុករខ្មែររាប់រយនាក់ បានដើរហែក្បួន កាន់បដា និងស្រែកប្រឆាំងការដឹកនាំរបស់លោក ហ៊ុន សែន នៅទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន នៅថ្ងៃទី១២ ខែសីហា។ ក្រុមបាតុករភាគច្រើន គឺជាយុវជន ដែលរស់នៅ និងធ្វើការ ក្នុងប្រទេសជប៉ុន ប៉ុន្តែក៏មានពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិក កាណាដា និងកូរ៉េខាងត្បួងចូលរួមដែរ។ ក្រៅពីនេះ ក៏មានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនបង្ហាញវត្តមានក្នុងការទាមទារនេះដែរ។
សម្រែកទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង បានលាន់ឮពេញផ្លូវក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ជាកន្លែងដែលក្រុមបាតុករដើរហែក្បួនធ្វើបាតុកម្ម។ ការទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងនេះ ព្រោះបាតុករមិនទទួលស្គាល់ថា របបក្រុងភ្នំពេញសព្វថ្ងៃដឹកនាំប្រទេសស្របច្បាប់នោះទេ។
អ្នកដឹកនាំបាតុកម្ម និងជាប្រធានចលនាយុវជនសង្គ្រោះជាតិ នៅប្រទេសជប៉ុន លោក ហៃ វណ្ណា ប្រាប់អាស៊ីសេរីថា អ្នកចូលរួមធ្វើបាតុកម្មមានជាង ៥០០នាក់។ លោកយល់ថា នេះជោគជ័យខណៈការទាមទារ ដែលធ្វើឡើងចំថ្ងៃធ្វើការ ប៉ុន្តែបែរជាអ្នកចូលរួមច្រើនបែបនេះ។ លោកបន្តថា សារសំខាន់ដែលក្រុមបាតុករចង់បង្ហាញទៅសហគមន៍ជាតិ និងអន្តរជាតិ មានបួនចំណុចសំខាន់ៗ ចំណុចអ្វីដែលសំខាន់មួយទៀតនោះ គឺក្រុមបាតុករប្រកាសថា ពួកគេនឹងអមដំណើរលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ក្នុងឆ្នាំ២០១៩ នេះ៖ «យើងទាមទារឲ្យប្រទេសហត្ថលេខីទីក្រុងប៉ារីសជួយស្តារលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានសម្លាប់ដោយរបបក្រុងភ្នំពេញដឹកនាំដោយជនផ្តាច់ការ ហ៊ុន សែន ហ្នឹង ហើយទី២ យើងចង់ឲ្យប្រទេសហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស ជួយធ្វើសាក្សីដឹងឮអំពីការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងប្រជាពលរដ្ឋខ្មែរ ហើយទី៣ គឺយើងប្រឆាំងដាច់ខាតពីអ្វី ដែលរបបលោក ហ៊ុន សែន គ្រោងធ្វើលើប្រជាពលរដ្ឋស្លូតត្រង់ ដែលគាត់ជាម្ចាស់ស្រុក ដែលគាត់គ្រាន់តែទៅប្រទេសកំណើតគាត់វិញហេតុអី លោក ហ៊ុន សែន ចង់សម្លាប់ចង់ចាប់ចងពួកគាត់។ ទី៤ យើងនៅប្រកាសថា យើងមិនដែលទទួលស្គាល់ ហើយនៅតែមិនទទួលស្គាល់របបខុសច្បាប់កើតចេញពីការបោះឆ្នោតក្លែងក្លាយ»។
បាតុកម្មនេះចែកចេញជាពីរវគ្គ។ វគ្គទី១ ចាប់ផ្តើមពីម៉ោង១០ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ ជាការធ្វើវេទិកាសាធារណៈ ដែលមានអនុប្រធានគណបក្សសង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ ឡើងថ្លែងសារ។ បន្ទាប់មក នៅវគ្គទី២ ក្រុមបាតុករដើរហែក្បួន ចាប់ពីម៉ោង ២ ដល់ម៉ោង ៣រសៀល។ ក្នុងពេលធ្វើវេទិកាសាធារណៈស្តីពីការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អនុប្រធានគណបក្សសង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ លើកឡើងថា ខ្មែរនៅក្រៅប្រទេសដែលមានសិទ្ធិសេរីភាពពេញលេញ ត្រូវតែយកសិទ្ធិនេះធ្វើជាឧបករណ៍ស្របច្បាប់ ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងទាមទារយកគណបក្សសង្គ្រោះជាតិមកវិញ។ អ្នកស្រី ចាត់ទុកការចោទប្រកាន់ពីតុលាការកម្ពុជា ដែលបានរំលាយគណបក្សសង្រ្គោះជាតិ និងធ្វើការចោទប្រកាន់នានា ទាក់ទងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សនេះ គឺគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវទេដែលជាការធ្វើតាមការចង់បានរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ៖ «តុលាការតេឡេហ្នឹង តុលាការជឹបអូចៗ ហ្នឹងមែនទេ? មានសិទ្ធិអំណាចអីតុលាការបែបហ្នឹង មែនទេបងប្អូន?»។
បាតុករម្នាក់ លោក សេង ការី ដែលបានចំណាយពេលជាង ១៦ម៉ោងធ្វើដំណើរពីព្រំដែនប្រទេសជប៉ុនមកចូលរួមធ្វើបាតុកម្មនេះ ប្រាប់អាស៊ីសេរីថា អ្វីដែលលោកលះបង់ គឺចង់ឃើញប្រទេសជប៉ុន និងប្រទេសសេរីផ្សេងទៀតជំរុញទៅរបបក្រុងភ្នំពេញឲ្យងាកមកស្តារប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញ។ បាតុកររូបនេះផ្ញើសារទៅរបបក្រុងភ្នំពេញថា ការក្រោកឡើងរបស់ក្រុមយុវជនពេលនេះ ជាការបង្ហាញថា នេះគឺជាការទាមទារផ្លាស់ប្តូរមេដឹកនាំផ្តាច់ការខុសច្បាប់ចេញពីកម្ពុជា៖ «កូនខ្មែរពិតជាមានការសាមគ្គីគ្នាមែន ហើយកូនខ្មែរពិតជាចង់ផ្លាស់ប្តូរមេដឹកនាំ ដែលគាត់មិនបានគោរពស្រលាញ់ពលរដ្ឋខ្មែរហើយគាត់មិនបានយកបេះដូងខ្លួនមកបម្រើជាតិពិតប្រាកដទេ គាត់ធ្វើការរាល់ថ្ងៃនេះគាត់បម្រើតែផលប្រយោជន៍ឲ្យបរទេស ជាពិសេស គឺវៀតណាម និងចិនតែម្តង»។
បាតុករម្នាក់ទៀត អ្នកនាង សៀ ណៃគួយ បង្ហាញចិត្តរីករាយនៅពេលឃើញមានបាតុករចូលរួមច្រើនដូចនេះ។ យុវជនខ្មែរនៅក្រៅស្រុករូបនេះស្នើទៅពលរដ្ឋខ្មែរក្នុងប្រទេសឲ្យត្រៀមខ្លួនទទួល លោក សម រង្ស៊ី និងពួកគេទាំងអស់គ្នាដែលអមដំណើរ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផ្សេងទៀត ដែលនឹងវិលទៅកម្ពុជាវិញក្នុងឆ្នាំ២០១៩ នេះ៖ «ក្នុងអារម្មណ៍ខ្ញុំ គឺសប្បាយចិត្តក្នុងថ្ងៃនេះណាស់ ព្រោះចង់ឃើញការរួបរួមហើយដែលបានឃើញប្រជាជនយើងមកចូលរួមច្រើន។ សូមផ្តាំទៅរបបក្រុងភ្នំពេញថា ទោះពួកយើងមានកំលាំងនៅស្តួចស្តើងក៏ពិតមែនប៉ុន្តែកំលាំងរបស់ពួកខ្ញុំសន្សំគ្នាធ្វើជារឿយៗ អ៊ីចឹងហើយបើទោះជារបបអ្នកខ្លាំងប៉ុណ្ណា ក៏ដោយក៏ថ្ងៃណាមួយក៏គង់រលំរលាយទេ ខ្ញុំជឿជាក់អ៊ីចឹងហើយពួកខ្ញុំនឹងខំតស៊ូព្យាយាមរហួតដល់តែដួលបាន»។
ការធ្វើបាតុកម្មរបស់ក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិបែបនេះ ក្នុងពេលសហភាពអឺរ៉ុបកំពុងអនុវត្តនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ពួកគេយល់ថា បើរបបក្រុងភ្នំពេញព្រមធ្វើតាមការទាមទាររបស់បាតុករគឺនឹងអាចបញ្ចៀសការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។
មេដឹកនាំបាតុកម្មលោក ហៃ វណ្ណា ថា ជំហានបន្ទាប់ក្រោយពេលធ្វើបាតុកម្មនេះ លោកនឹងផ្ញើញត្តិតាមប្រៃសណីយ៍ ទៅរដ្ឋាភិបាលប្រទេសជប៉ុន និងបណ្តាស្ថានទូតនៃប្រទេសជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ពីអ្វីដែលក្រុមបាតុករស្នើសុំ ដើម្បីឲ្យពួកគេដឹងឮ និងជួយធ្វើអន្តរាគមន៍ស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅម្ពុជាឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សំណាញ់ !
…….
ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
សមហេតុផល។
ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
បើសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រើន
ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក ដែល
នេះជាការវាយតម្លៃខុស ។
បើយើងចាំមិនភ្លេច កឹមសុខា
ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ។
ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕
ចម្រៀងបទ : ស្អែកសន្យា !
I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។