កូន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​រតនគិរី​ទទូច​ដល់​ប៉ូលិស​ឱ្យ​ដោះលែង​ឪពុក ដើម្បី​បាន​ចូល​រួម​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ ហេង រស្មី
2019-09-23
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ ងិន សុផាត (ឆ្វេង) លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី ​​និង​លោក​ ធឿន ប៊ុនធន ​​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បានលុង ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ គេផ្ដល់ឱ្យ
លោក​ ងិន សុផាត (ឆ្វេង) លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី ​​និង​លោក​ ធឿន ប៊ុនធន ​​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បានលុង ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ គេផ្ដល់ឱ្យ


កូនសកម្មជនបក្សប្រឆាំងខេត្តរតនគិរីទទូចឱ្យប៉ូលិសដោះលែងឪពុកដើម្បីបានចូលរួមបុណ្យភ្ជុំ


កូន​ស្រី​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​រតនគិរី​ទទូច​ដល់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ដោះលែង​ឪពុក​របស់​លោក​ស្រី​ឱ្យ​មាន​សេរីភាព​វិញ​ ដើម្បី​បាន​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ។ កូន​ស្រី​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា ឪពុក​របស់​លោក​ស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ឡើយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ យល់​ថា ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​នេះ គឺ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​ឱ្យ​ភ័យ​ខ្លាច​ ដើម្បី​កុំ​ឱ្យ​ពួកគេ​ទៅ​ទទួល​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ។

កូនស្រី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី​លើក​ឡើង​ថា​ មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ចាប់​ឪពុក​របស់​លោក​ស្រី​យក​ទៅ​ដាក់​ឃុំ​ឃាំង​ដោយ​អយុត្តិធម៌​បំផុត។

កូន​ស្រី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​អូរយ៉ាដាវ​លោក​ស្រី ងិន គង្គា​ ប្រាប់​អាស៊ី​សេរី​ នៅ​រសៀល​ថ្ងៃ​ទី២៣ កញ្ញា​ថា លោក​ស្រី​បាន​ទៅ​សុំ​ជួប​ឪពុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​ជា​ច្រើន​លើក​ច្រើន​សារ​ កាល​ពី​ថ្ងៃ​ទី២១ កញ្ញា​ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​ប្រចាំ​ការ​នៅ​ទី​នោះ​មិន​អនុញ្ញាត​ឱ្យ​លោក​ស្រី​បាន​ចូល​ជួប​ឪពុក​នោះ​ទេ។ លោក​ស្រី​ហៅ​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​នេះ​ ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដ៏​អាក្រក់​បំផុត​មក​លើ​គ្រួសារ​របស់​លោក​ស្រី ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ លោក​ស្រី​សង្កត់​ធ្ងន់​ថា ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​បែប​នេះ សូម្បី​ពពួក​​​ប្រេត និង​អសុរកាយ​ទាំង​ឡាយ ដែល​មាន​នៅ​ក្នុង​ជំនឿ​ព្រះពុទ្ធ​សាសនា ក៏​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ ដើម្បី​បាន​ទៅ​ទទួល​កុសល​ផល​បុណ្យ​ ដែល​ញាតិសន្ដាន​របស់​ពួកគេ​បាន​ឧទ្ទិស​ឱ្យ​ដែរ​ ក៏​ប៉ុន្តែ​​​លោក​ស្រី​ថា​មន្ត្រី​ប៉ូលិស​បែរ​ជា​ចាប់​ឪពុក​​លោក​ស្រី​ដាក់​ឃុំឃាំង​ធ្វើ​ឱ្យ​ព្រាត់ប្រាស​ប្រពន្ធ​កូន​ទៅ​វិញ៖ «បើ​សិន​ខ្ញុំ​ដឹង​ថា​ពុក​ខ្ញុំ​មាន​រឿង​អី​ខុស​យ៉ាង​ម៉េចៗ ដែល​ថា​យើង​ទទួល​បាន​ តែ​នេះ​ខ្ញុំ​និង​ម៉ាក់​របស់​ខ្ញុំ​អត់​ដឹង​រឿង​អី​សោះ​ គេ​ថា​មេ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ឪពុក​ខ្ញុំ។ ខ្ញុំ​គិត​ថា​ពេល​ខែ​បុណ្យ​ទាន​គ្រួសារ​គេ​នៅ​ជុំ​គ្នា​ហើយ​ហេតុ​អី​បាន​ធ្វើ​គ្រួសារ​ខ្ញុំ​ ខ្ញុំ​គិត​ថា​សូម្បី​តែ​ប្រេត​ ក៏​ដោះ​លែង​ដែរ​ តែ​ពុក​ខ្ញុំ​មាន​កំហុស​អី? ខ្ញុំ​អត់​ដឹង​អី​សោះ​បែរជា​ជាប់​ឃុំ​អីចឹង​ ក្រឡេក​មើល​គ្រួសារ​គេ គេ​សប្បាយ​រីករាយ​ណាស់​គេ​ជុំ​គ្នា​ តែ​ឯង​ម៉េច​អីចឹង»

លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី ​លោក​ងិន សុផាត​ និង​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បានលុង​ លោក​ ធឿន ប៊ុនធន ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី២១ កញ្ញា។ លោក​ស្រី​ ងិន គង្គា​ ឱ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​បាន​បញ្ជូន​​ឪពុក​របស់​លោក​ស្រី​ទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត​ តាំង​តែ​ពី​ព្រឹក​ថ្ងៃ​ដដែល​រហូត​មក​ទល់​ពេល​នេះ​ មិន​ទាន់​ដោះលែង​នៅ​ឡើយ​ទេ។ លោក​ស្រី​ទទូច​សុំ​ឱ្យ​មន្ត្រី​ប៉ូលិស និង​សមត្ថកិច្ច​កិច្ច​ពាក់​ព័ន្ធ​ដោះលែង​ឪពុក​របស់​លោក​ស្រី​ឱ្យ​មាន​​​សេរីភាព​ឡើង​វិញ​ ដើម្បី​បាន​ទៅ​ជួប​ជុំ​គ្រួសារ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​រួម​គ្នា។

អាស៊ី​សេរី​ពុំ​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​រតនគិរី លោក​ យិន ចំណាន ​ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៣ កញ្ញា ដោយ​លោក​ចុច​ផ្ដាច់​ទូរស័ព្ទ​ម្ដង​ហើយ​ម្ដង​ទៀត។

កូន​ស្រី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី​ លោក​ស្រី​ ងិន​ គង្គា​ ប្រាប់​អាស៊ី​សេរី​នៅ​មុន​ពេល​ផ្សាយ​​នេះ​ថា​ មន្ត្រី​ប៉ូលិស​បាន​បញ្ជូន​ឪពុក​លោក​ស្រី ​និង​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បានលុង​ លោក​ ធឿន ប៊ុនធន ​ទៅ​ដល់​សាលាដំបូង​ខេត្ត​រតនគិរី​នៅ​រសៀល​ថ្ងៃ​ទី២៣ កញ្ញា ដើម្បី​បន្ត​នីតិវិធី​ផ្លូវ​ច្បាប់។ អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ដដែល​នេះ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា​ មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​នេះ គឺ​ជា​រឿង​នយោបាយ ដោយសារ​ពួកគេ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក (Face book) គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។ លោក​ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​នេះ​ថា ជា​ការ​គំរាមកំហែង​បំភិត​បំភ័យ​មក​លើ​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។ លោក​សង្កត់​ធ្ងន់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ និង​ច្បាប់​អន្តរ​ជាតិ ​អនុញ្ញាត​​ឱ្យ​​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរី​ភាព​សម្ដែង​មតិ​និង​ឈឺឆ្អាល​រឿង​នយោបាយ​ដោយ​សេរី៖ «ដូច្នេះ​ខ្ញុំ​គិត​ថា​សកម្មភាព​នៃ​ការ​ចាប់​ខ្លួន​​នេះ​វា​សរ​បញ្ជាក់​អំពី​ការ​រឹតត្បិត​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង​ទៅ។ ខ្ញុំ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិសេស​តុលាការ​ ត្រូវ​តែ​ពិចារណា​ឱ្យ​បាន​ដិត​ដល់​នៅ​ក្នុង​ការ​យក​ច្បាប់​មក​អនុវត្ត​ចំពោះ​ការ​ប្រើប្រាស់​នៃ​សេរីភាព​ការ​បញ្ចេញ​មតិ​ ណា​មួយ​រដូវ​នេះ​ជា​រដូវ​ភ្ជុំ​បិណ្ឌ​ផង​យើង​គួរ​ថា​កុំ​ឃុំ​ខ្លួន​ពួកគាត់​អី​ ដើម្បី​ពួកគាត់​បាន​ធ្វើ​បុណ្យ​ទាន​ផង»

​​​​​​​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២៣ កញ្ញា​ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ២៩នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ និង​ច្រើន​នាក់​ទៀត​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយសារ​តែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​ប្រឆាំង។

លោក នី សុខា លើក​ឡើង​ថា ការ​ចាប់ចង​សកម្មជន​ជន​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​នេះ​ ពុំ​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​កាន់​តែ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ក្ដៅ​ក្រហាយ​ ហើយ​ពួក​គាត់​អាច​នឹង​នាំ​តវ៉ា​ប្រឆាំង​​​នឹង​រដ្ឋាភិបាល ពីព្រោះ​សព្វ​ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ជិត​កន្លះ​នគរ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "កូន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​រតនគិរី​ទទូច​ដល់​ប៉ូលិស​ឱ្យ​ដោះលែង​ឪពុក ដើម្បី​បាន​ចូល​រួម​បុណ្យ​ភ្ជុំបិណ្ឌ"

  1. so socheath says:

    អញ្ចឹងអា នី សុខា អ្ហែងហ្នឹង ដឹកនាំការ​តវ៉ា​ប្រឆាំង​​​នឹង​រដ្ឋាភិបាលទៅ !
    ពីព្រោះអ្ហែងវាច្បាស់ថា ​សព្វ​ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ជិត​កន្លះ​នគរ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង ?
    សម្តីអ្ហែងបែបនេះ បើគឹតតាមផ្លូវច្បាប់ អាចអូសកយកទៅសួរនាំរកហេតុផលបានហើយ !

  2. Anonymous says:

    Please don’t ask this beast regime to release your father’ haha’ no way’ because this bloody regime leaded by Veitcong mafia dictator and his veitcong germs groups so don’t ask you should do something better then this because you are in the cage of veitcong mafia groups ‘ so you can’t ask the mafia groups’ they only know how to jail or killed because they are not khmer ‘they are veitcong dogs’