សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​ជា​ច្រើន​នាក់​បាន​ភៀសខ្លួន​រក​ទី​សុវត្ថិភាព

ដោយ សេក បណ្ឌិត
2019-09-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ដោយ​ប្រជាពលរដ្ឋ
សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ដោយ​ប្រជាពលរដ្ឋ


សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​រត់​ភៀសខ្លួន​រក​ទីកន្លែង​សុវត្ថិភាព​រៀងៗ ខ្លួន។ ពួក​គាត់​អះអាង​ថា​ មូលហេតុ​ដែល​ពួក​គាត់​គេច​ខ្លួន ​ដោយសារ​មន្ត្រី​ប៉ូលិស​ខេត្ត​នេះ ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​ចាប់​សកម្មជន​បក្ស​ខ្លួន​ជា​បន្ត​បន្ទាប់។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ​ថា ជា​ការ​រារាំង​ដល់​សកម្មជន​បក្ស​ប្រឆាំង ដើម្បី​កុំ​ឱ្យ​ពួក​គេ​ទៅ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​សិរីសោភ័ណ លោក ឡាំ ប៊ុនឡាយ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី២៦ កញ្ញា​ថា លោក​បាន​ចាក​ចេញ​ពី​ផ្ទះ​តាំង​ពី​ថ្ងៃ​ទី២០ កញ្ញា ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ពីព្រោះ​លោក​ថា មន្ត្រី​ប៉ូលិស​ខេត្ត​បន្ទាយ​មានជ័យ​ប្រមាណ ២០នាក់​ បាន​ឡោម​ព័ទ្ធ​ផ្ទះ​របស់​លោក​ កាល​ពី​ថ្ងៃ​ទី៨ កញ្ញា និង​បាន​ដាក់​កម្លាំង​តាម​ដាន​លោក​ជា​បន្ត​បន្ទាប់។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​នៅ​តែ​បន្ត​តាម​ធ្វើ​ទុក​ទុក្ខ​បុក​ម្នេញ​មក​លើ​រូប​លោក​មិន​ទាន់​ឈប់​នៅ​ឡើយ ដោយ​សមត្ថកិច្ច​ខ្លាច​ពួកគេ​ទៅ​ទទួល​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ៖ «បាទ! បើ​សិន​ជា​តុលាការ​នៅ​ស្រុក​ខ្មែរ​មាន​យុត្តិធម៌ ខ្ញុំ​អត់​រត់​មាន​ទេ ព្រោះ​ដោយសារ​ខ្ញុំ​មិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ ព្រោះ​កាល​ពី​ថ្ងៃ​ទី១៣ កន្លង​ទៅ តុលាការ​បាន​ចាប់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ស្រុក​ស្វាយចេក​ លោក យ៉ាត ភារម្យ​ ហើយ​កម្លាំង​សមត្ថកិច្ច គាត់​ទៅ​ឡោមព័ទ្ធ​ផ្ទះ​ខ្ញុំ​រួច​មក​ហើយ បាន​ជា​ខ្ញុំ​គិត​ថា គ្មាន​ប្រយោជន៍​អី ត្រូវ​នៅ​តតាំង​រក​យុត្តិធម៌​បាន​ទេ»

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​អូរជ្រៅ​ឯណោះ​វិញ​ លោក សៅ ពល័ក្ខ ថ្លែង​ថា លោក​បាន​រត់​ភៀស​ខ្លួន​ដល់​ទី​សុវត្ថិភាព​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី២៥ កញ្ញា។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា ការ​រត់គេច​ខ្លួន​នេះ​ បន្ទាប់​ពី​លោក​ទទួល​ដំណឹង​ថា មាន​មន្ត្រី​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​នេះ​ជា​ច្រើន​នាក់ ក្នុង​នោះ រូប​លោក​ក៏​ជា​មុខ​សញ្ញា​ដែល​សមត្ថកិច្ច​តាម​រក​ចាប់​ខ្លួន​ដែរ។ លោក​ថា ប៉ូលិស​តាម​ចាប់​លោក ដោយសារ​កន្លង​មក​ពួក​លោក​ជួប​ប្រជុំ​គ្នា​ថ្លែង​សារ​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ៖ «ហើយ​ក្រោយ​ពី​ការ​ចាប់​ខ្លួន​សកម្មជន​ម្នាក់​នៅ​ក្នុង​ខេត្ត​មក​ យើង​មាន​ឃើញ​មន្ត្រី​ប៉ូលិស​ទៅ​កន្លែង​បុណ្យ​កាន់​បិណ្ឌ​ នៅ​វត្ត​ទំនប់ ក៥ ដែល​ខ្ញុំ​ក៏​ត្រៀម​ទៅ​ចូល​រួម​បុណ្យ​នៅ​ទី​នោះ​ដែរ ក៏​បាន​ផ្អាក​ទៅ​វិញ។ ទាំង​នេះ គឺ​សកម្មភាព​ដែល​ធ្វើ​ឱ្យ​ខ្ញុំ និង​មន្ត្រី​បក្ស​ប្រឆាំង​ដទៃ​ទៀត សម្រេច​ចិត្ត​ត្រូវ​តែ​គេច​ខ្លួន បើ​ទោះ​បី​ជា​បាត់​បង់​ការងារ និង​ឆ្ងាយ​ពី​គ្រួសារ ក៏​ត្រូវ​តែ​សម្រេច​ចិត្ត​ភៀសខ្លួន»

លោក សម រង្ស៊ី នៅ​តែ​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​លោក​នឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ​​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា​ក្ដី របប​ក្រុង​ភ្នំពេញ​ក៏​បាន​បញ្ជាក់​ជា​បន្ត​បន្ទាប់​ដែរ​ថា នឹង​ចាត់​វិធានការ​លើ​លោក សម រង្ស៊ី និង​អ្នក​ហែហម ប្រសិន​បើ​ហ៊ាន​វិល​ចូល​កម្ពុជា​តាម​កាល​កំណត់​មែន​នោះ។

ទាក់ទង​នឹង​បញ្ហា​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​នេះ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​លោក សិទ្ធ ឡោះ ​ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​របស់​លោក​មិន​បាន​ធ្វើ​ទុក​ទុក្ខ​បុក​ម្នេញ​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង​ណា​ម្នាក់​ឡើយ។ លោក​បន្ត​ថា សព្វ​ថ្ងៃ​ប្រជាពលរដ្ឋ​នៅ​​ខេត្ត​បន្ទាយមានជ័យ​នាំ​គ្នា​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​យ៉ាង​សប្បាយ ដោយ​ពុំ​មាន​​អ្វី​គួរ​ឱ្យ​ភ័យ​ព្រួយ​ដូច​ការ​លើក​ឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នោះ​ទេ៖ «រឿង​ហ្នឹង មក​ពី​ខ្លួន​គាត់​ទេ។ ខ្ញុំ​អត់​ដឹង​ដែរ​ ជា​រឿង​របស់​ពួក​គាត់។ តែ​សម្រាប់​សន្តិសុខ​សុវត្ថិភាព​ទូទៅ​របស់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ គេ​កំពុង​តែ​ធ្វើ​បុណ្យ​ទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ រស់​នៅ​ដោយ​សេចក្ដី​សុខ​ សន្តិភាព​ត្រឹមត្រូវ​ទេ។ ដូច​មិន​មាន​អីចឹង​កើត​ឡើង​ទេ​បាទ»

​​កាល​ពី​ថ្ងៃ​ទី១៣ កញ្ញា​ មន្ត្រី​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ចាប់​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយ​ចេក លោក យ៉ាត ភារម្យ ដោយ​ពុំ​មាន​ដីកា​ពី​តុលាការ​នោះ​ទេ និង​បាន​បញ្ជូន​សកម្មជន​រូប​នេះ​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃ​ស​រាជធានី​ភ្នំពេញ ដោយសារ​លោក​បាន​ជួប​ប្រជុំ​គ្នា​ឈឺ​ឆ្អាល​រឿង​នយោបាយ ដែល​ច្បាប់​កម្ពុជា​អនុញ្ញាត។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២៦ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២៩នាក់​ហើយ​ ដែល​ត្រូវ​របប​លោក​ ហ៊ុន សែន ចាប់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ និង​ច្រើន​នាក់​ទៀត​បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ដោយសារ​តែ​ពួក​គេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​​ប្រឆាំង។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ធ្វើទុក្ខបុកម្នេញ​​និង​ចាប់​ចង​សកម្មជន​បក្ស​ជា​បន្តបន្ទាប់​នេះ​ គឺ​ជា​គំរាមកំហែង​បំភិតបំភ័យ​ផ្នែក​នយោបាយ​ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា ​ការ​បង្ហោះ​សារ​ឈឺ​ឆ្អាល​រឿង​នយោបាយ​ គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​ច្បាប់ ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​ហៅ​វិធានការ​របស់​សមត្ថកិច្ច​នេះ​ថា ជា​ចេតនា​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បី​រារាំង​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ៖ «អីចឹង​ យើង​ឃើញ​ថា ច្រើន​ហើយ​ដែល​អ្នក​មិន​បាន​ធ្វើ​អី​ទេ។ គាត់​គ្រាន់​តែ​ចែកចាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក​ គេ​ចាត់​ទុក​ថា ​គាត់​ជា​អ្នក​ចូល​រួម​នៅ​ក្នុង​គំនិត​ក្បត់​ហ្នឹង។ ប៉ុន្តែ​បើ​សិន​ជា​យើង​មើល​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ តើ​បទ​ល្មើស​ហ្នឹង​វា​កើត​ឡើង​ហើយ​ឬ​នៅ ចំពោះ​ពួកគាត់​ទាំង​អស់​ហ្នឹង។ អីចឹង​ធាតុ​ផ្សំ​នៃ​បទ​ល្មើស ឬ​ក៏​ទិដ្ឋភាព ដែល​កើត​ឡើង វា​អត់​មាន​ទេ។ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​ចោទ​ប្រកាន់ គឺ​ទាក់ទង​នឹង​បទ​ល្មើស​ហ្នឹង​ហើយ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ថ្លែង​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត​នេះ​ ពុំ​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​ទេ​ ផ្ទុយ​ទៅ​វិញ ​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អ្នក​គាំទ្រ​គណបក្ស​​ប្រឆាំង​ជិត​កន្លះ​នគរ​ក្ដៅ​ក្រហាយ ហើយ​ជា​ការ​ធ្វើ​ឱ្យ​ពួកគាត់​កាន់​តែ​ស្អប់ខ្ពើម​រដ្ឋាភិបាល​ទៅ​វិញ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ទទូច​ដល់​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ឱ្យ​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជា​ធំ​ ដោយ​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់ ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា​នាំ​ឱ្យ​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ។

គិត​ត្រឹម​ថ្ងៃ​ទី២៦ កញ្ញា មាន​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​បន្ទាយមានជ័យ​ប្រមាណ ១០នាក់​ហើយ​ ដែល​បាន​រត​ភៀស​ខ្លួន​ទៅ​កន្លែង​សុវត្ថិភាព។ ទោះ​ជា​យ៉ាង​ណា​ពួក​គាត់​អះអាង​ថា ថ្វីត្បិត​តែ​ពួក​គេ​បាន​រត់​គេច​ខ្លួន​ក៏​ដោយ​ ក៏​ពួកគាត់​នៅ​តែ​ប្រកាន់​ជំហរ​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដដែល ពី​ព្រោះ​ពួក​គាត់​សង្ឃឹម​ថា ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រសិន​បើ​លោក​សម រង្ស៊ី នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ​នៅ​កម្ពុជា​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​ជា​ច្រើន​នាក់​បាន​ភៀសខ្លួន​រក​ទី​សុវត្ថិភាព"

  1. so socheath says:

    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
    មានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
    ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
    របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
    សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
    ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
    ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
    ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
    ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
    បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
    ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
    ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
    ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
    របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
    អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
    កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
    ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
    និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
    ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
    របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
    ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
    ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
    ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
    ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕

  2. Anonymous says:

    escape to the safe place waiting the time come . nothing can change till those day come . please aware of your enemy they are trying so many deference trick. sorry we should not use the word enemy this word Cambodian should not use among their nation. BUT”” sorry this word is suitable to use in HUN SEN regime right now . HUN SEN is an evil that trying to eliminated his own nation for the sake of his own dictatorship.