ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង​ថា ការ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ពោរពេញ​ដោយ​ភាព​ភ័យ​ខ្លាច ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា
2019-09-28
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​រាប់​បាត្រ​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​នៅ​វត្ត​មួយ ក្នុង​រាជធានី​​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ RFA
ពលរដ្ឋ​រាប់​បាត្រ​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​នៅ​វត្ត​មួយ ក្នុង​រាជធានី​​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ RFA


មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ​លោក​ ហ៊ុន ​សែន​ លើក​ឡើង​ថា ​ពលរដ្ឋ​នាំ​គ្នា​ទៅ​ស្រុក​កំណើត ដើម្បី​ចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដោយ​ក្តី​រីករាយ គ្មាន​ភ័យ គ្មាន​ព្រួយ ដូច​សម័យ​សង្គ្រាម​ឡើយ។ រីឯ​ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង មើល​ឃើញ​ថា ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ ពោរពេញ​ដោយ​ភាព​ភ័យខ្លាច ​ដោយសារ​តែ​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ​និង​បញ្ហា​អសន្តិសុខ​ក្នុង​សង្គម​កំពុង​គ្រប់​ដណ្ដប់​លើ​សន្តិភាព​នៅ​កម្ពុជា។

ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​ចេញ​ពី​ភ្នំពេញ ​ទៅ​ស្រុក​កំណើត​នៅ​តាម​បណ្តា​ខេត្ត​នានា ​ដើម្បី​ចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នោះ ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ លោ​ក ហ៊ុន ​សែន ​បាន​ឆ្លៀត​កេង ចំណេញ​នយោបាយ ​ដោយ​អួត​សរសើរ​ការ​ដឹក​នាំ​របស់​លោក​ជាង៣០ឆ្នាំ​មក​នេះ​ថា ស្រុក​ទេស កម្ពុជា​សព្វថ្ងៃ កាន់​តែ​សុខ​សប្បាយ​ និង​រីក​ចម្រើន​ទៅ​មុខ។ លោក​បន្ត​ថា ផ្លូវថ្នល់ និង​ស្ពាន​តូច ធំ​ក៏​កាន់​តែ​មាន​ច្រើន ហើយ​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​វិញ​ ក៏​មាន​ស្ទើរគ្រប់​ទីកន្លែង ដែល​ផ្ដល់ ឱកាស​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ដោយ​គ្មាន​ការ​ភ័យ ព្រួយ​ដូច​សម័យ​សង្គ្រាម​ឡើយ។

ចំណែក​ប្រជាពលរដ្ឋ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ​មើល​ឃើញ​ផ្ទុយ​ពី​ការ​លើក​ ឡើង​របស់​លោក​ ហ៊ុន​ សែន។ ពួក​គេ​យល់​ថា ការ​ចូលរួម​បុណ្យ​ផ្នែក​ពុទ្ធ​សាសនា​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ គឺ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ដោយ​សារ​តែ​អស្ថិរភាព​នយោបាយ ​និង​សេដ្ឋ​កិច្ច​នៅ​ក្នុង​ប្រទេស។​ ចំពោះ​ផ្លូវថ្នល់ និង​ស្ពាន​តូច​ធំ​ភាគ​ច្រើន​ជា​ជំនួយ និង​កម្ចី​ពី​បរទេស មិន​មែន​បាន​មក​ពី​សមត្ថភាព​ដឹក​នាំ​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ខ្លាំង ហើយ​ប្រើប្រាស់​ថវិកា​ជាតិ​សម្រាប់​កសាង​ឡើយ។ បើ​គ្រាន់តែ​ដើរ​សុំ​ជំនួយ​ និង​ខ្ចី​បុល​បរទេស​សម្រាប់​ធ្វើ​ស្ពាន​ និង​ផ្លូវ​នោះ​ នរណា​ក៏​អាច​ធ្វើ​បាន​ដែរ​ ហើយ​ប្រសិន​បើ​ប្រាស់​ថវិកា​ជំនួយ ​និង​កម្ចី​នោះ​ដោយ​តម្លាភាព​ គឺ​អាច​សាងសង់​ផ្លូវ និង​ស្ពាន​បាន​រឹងមាំ និង​ស្អាត​ល្អ​ជាង​សព្វ​ថ្ងៃ​នេះ​ផង។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​បាត់ដំបង ​លោក ម៉ សារ៉ុម ​រៀបរាប់​ថា​ ពិធី​បុណ្យកាន់បិណ្ឌ ​និង​ភ្ជុំបិណ្ឌ​ ឆ្នាំនេះ​ ហាក់​សោះ​កក្រោះ​ជាង​ឆ្នាំ​មុនៗ ព្រោះ​មិន​សូវ​មាន​ប្រជាពលរដ្ឋ​យក​ចង្ហាន់​ទៅ​វត្ត​ច្រើន​កុះករ ​ឡើយ។ លោក​យល់ថា ករណី​នេះ​បណ្ដាល​មក​ពី​សេដ្ឋកិច្ចគ្រួសារ​របស់​ប្រជាពលរដ្ឋ​ធ្លាក់​ចុះ​ ជំពាក់​ បំណុល​ធនាគារ​ ដោយសារតែ​ធ្វើ​កសិកម្ម​លក់​បាន​តម្លៃ​ថោក។ ពលរដ្ឋ​ភាគច្រើន​នាំគ្នា​ចំណាកស្រុក​ ទៅក្រៅ​ប្រទេស​ខំ​រក​លុយ​ចិញ្ចឹមជីវិត ​និង​សង​ត្រឡប់​ទៅ​ធនាគារ ​មិនបាន​ត្រឡប់​ទៅ​ជួប​ជុំ​គ្រួសារ ​នៅ​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យទាន​ប្រពៃណី​ដូនតា​នេះ​ទេ៖ «គាត់​ដោះស្រាយ​ជីវភាព​ជាពិសេស​បំណុល​គេ​តែ​ម្ដង​ដោយ សារ​តែ​ការ​ប្រកបរបរ​កសិកម្ម​របស់​គាត់​មិន​បាន​ពេញ​លេញ​ហើយ​ក៏​មិន​មាន​ទីផ្សារ​ណា​ដែល​លក់​ ចេញទៅ​វា​ចំណេញ​រួចរាល់​ថ្លៃ​ជី​ថ្លៃ​អី​ដូច​ជា​បន្លែ​ និង​ផ្លែ​ឈើ​ ដូច​ជា​ស្រូវ​ជាដើម។នៅ​ពេល​គាត់​ខ្វះ ខាត ​គាត់​ចំណាក់ ​ស្រុក​ទៅ​ប្រទេស​ថៃ ​រក​លុយ​ដោះ​បំណុល​ធនាគារ។កត្តា​នេះ ហើយ​ដែល​ធ្វើ​ឲ្យ​គាត់​មិន​ បាន​មក​វត្តវ៉ា​បំពេញ​បុណ្យ​កុសល​ជួបជុំ​ញាតិ​មិត្ត​បងប្អូន​ធ្វើបុណ្យ​ជុំ​គ្នា​ដូច​ឆ្នាំ​កន្លងទៅ»

ពលរដ្ឋ​រូប​នេះ​បន្ត​ថា​ ចំពោះ​ការ​លើក​ឡើង​ថា ​ពលរដ្ឋ​សប្បាយ​រីករាយ​គ្មាន​ភ័យ​ព្រួយ​ដូច​សម័យ ​សង្គ្រាម​នោះ​ គឺ​មិន​ត្រឹមត្រូវ​ទេ​ ព្រោះ​ថ្វី​ដ្បិត​កម្ពុជា​ពុំ​មាន​សង្គ្រាម ​តែ​កម្ពុជា​កំពុង​ញាំញី​ដោយ​បញ្ហា ​អសន្តិសុខ​ជា​ច្រើន​នៅ​ក្នុង​សង្គម។ លោក​សង្កេត​ឃើញ​ថា ជា​រៀងរាល់ថ្ងៃ​បើក​តែ​ភ្នែក​ព្រលឹម​ឡើង​ប្រជាពលរដ្ឋ​កម្រ​និយាយ​គ្នា​រឿង​កិច្ចការ​អភិវឌ្ឍន៍​ណាស់​ មាន​ឮ​សូរ​តែ​ព័ត៌មាន និង​ការ​ជជែក​គ្នា​តែ​ពី​រឿង​គ្រឿង​ញៀន អំពើ​លួច​ប្លន់ ការ​បាញ់​ប្រហារ កាប់​សម្លាប់ ចាប់​រំលោភ គ្រឿង​ស្រវឹង ល្បែង​ស៊ីសង គ្រោះថ្នាក់​ចរាចរណ៍ និង​អំពើ​អយុត្តិធម៌​សង្គម​ដទៃ​ទៀត។ ជាក់​ស្តែង​បញ្ហា​អសន្តិសុខ​ទាំង​នេះ​នៅ​តែ​ឋិត​នៅ​ទំព័រ​មុខ​របស់​កាសែត​ក្នុង​ស្រុក និង​ផ្សព្វផ្សាយ​ព្រោងព្រាត​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា។ លើស​ពី​នេះ​ទៀត​ រដ្ឋាភិបាល​លោក​ ហ៊ុន ​សែន​ ក៏​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ ពលរដ្ឋ ​និង​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ដែរ ​តាម​រយៈ​ភាសា​គំរាម​កំហែង​ផង ​និង​ការ​ ពង្រាយ​កង​កម្លាំង​ក្នុង​វត្ត​អារាម ​ដើម្បី​ឃ្លាំមើល ​រឹតត្បិត​សិទ្ធិ​សេរីភាព​ ព្រម​ទាំង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ផ្សេងៗ​ ទៅ​លើ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង៖ «ដែល​ថា ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នេះ​ប្រជាពលរដ្ឋ​មក​ធ្វើ​បុណ្យ​ ដោយ​ភាព​សប្បាយ​រីករាយ​គ្មាន​ការ​ភ័យ​ខ្លាច​នេះ ​សូម​ឲ្យ​ដូច​មាត់​គាត់ ​កុំ​ឲ្យ​មាត់​គាត់​ថា ​ចិត្ត​គាត់​ធ្វើ​ អាក្រក់​ដាក់​ប្រជាពលរដ្ឋ​ឯង ​ដូច​ជា​ថ្មីៗ នេះ ​វាយ​ចៅ​សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នោះ​បាក់​ដៃ ​ហើយ​ម្នាក់​ទៀត​បែក​ក្បាល។ ខ្លួនឯង​មិន​ធ្វើ​អំពើ​ល្អ​ទេ ​តែ​ថែម​ទាំង​ទៅ​ធ្វើ​អំពើ​អាក្រក់​ជាន់​លើ​សេចក្តី​ល្អ​របស់​អ្នក​ដទៃ​ទៀត»

មន្ត្រី​សិទ្ធិមនុស្ស​កត់សម្គាល់​ថា ចាប់​តាំង​ពី​ពិធី​កាន់​បិណ្ឌ​មក អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​លើ​ក្រុម​អ្នកគាំទ្រ និង​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន ដូច​ជា ការ​ចាប់ ដាក់​ពន្ធនាគារ ការ​កោះ​ហៅ​ទៅ​សាកសួរ​ដោយ​គ្មាន​មូលដ្ឋាន។ ក្រៅ​ពី​នេះ សកម្មជន​បក្ស​ប្រឆាំង មួយ​ចំនួន​ទៀត ក៏​កំពុង​ទទួល​រង​ការ​គំរាម​កំហែង និង​រង​ការ​វាយ​ដំ​តាម​រូបភាព​ផ្សេងៗ ទៀត​ដែរ។

សកម្មជន​បក្ស​ប្រឆាំង ​និង​ជា​សកម្មជន ១០០រាត្រី​របស់​បណ្ឌិត កែម ឡី គឺ​លោក ​ថន សុភាព ​ដែល រស់​នៅ​ខេត្ត​ព្រៃវែង ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា ពិធី​កាន់​បិណ្ឌ​ឆ្នាំ​នេះ​ លោក​មិន​បាន​ទៅ​វត្ត​ធ្វើបុណ្យ ដូច​ឆ្នាំ​មុនៗ ឡើយ ព្រោះ​លោក​ធុញ​ថប់​រឿង​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កងកម្លាំង ប្រដាប់​អាវុធ​កាន់តែ​ច្រើន​នៅ​តាម​ទី​វត្ត​អារាម ហើយ​ខ្លះ​ស្លៀក​ពាក់​ស៊ីវិល​តាម​ថត​រូប​សកម្មជន​បក្ស​ប្រឆាំង​ជាដើម។ លោក​ចាត់ទុកថា សកម្មភាព​ទាំង​នោះ គឺ​មិន​មាន​ជា​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ទេ គឺ​ជា​គំរាមកំហែង​សុទ្ធសាធ៖ «ពីមុន​មក​មិន​ដែល​ឃើញ​អាជ្ញាធរ ឬ​ឈ្លប​តាម​លួច​ថត​ លួច​ប្រមាញ់​តាម​លួច​ស្ដាប់​ប្រជាពលរដ្ឋ​ដូច​ឥឡូវ​ទេ ​តែ​ឆ្នាំ​នេះ​យើង​ឃើញ​ថា​ អ្វីៗ ប្លែក។ សូម្បី​តែ​ទៅ​ វត្ត​ក៏​យើង​ឃើញ​មាន​អាជ្ញាធរ​ភ្នែក​ម្នាស់​តាម​ថត​សកម្មភាព​ប្រជាពលរដ្ឋ​គ្រប់​សកម្មភាព។ ពាក្យ​ថា​ សុវត្ថិភាព​វិញ​មិន​ដឹង​ថា ​សុវត្ថិភាព​កន្លែង​ណា​ទេ ព្រោះ​អី​មាន​អំពើ​ឆក់ ​ប្លន់ ​គ្រឿងញៀន ​កាប់ ​ចាក់ គ្នា​ហើយ​ចិន​បាញ់​បោះ​នៅ​ក្នុង​ស្រុក​ខ្មែរ។ សន្តិភាព​នេះ​នៅ​លើ​តែ​បបូរ​មាត់​ពួក​គាត់​តែ​ប៉ុន្មាន​នាក់​នោះ​ទេ។ម្សិលមិញ​នេះ​វាយ​ចៅ​សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាក់​ដៃ។ មើល​ទៅ​ សាហាវ​ព្រៃផ្សៃ​ដូច​របប ប៉ុល ពត អ៊ីចឹង»

លោក​បន្ថែម​ថា នៅ​ពេល​ដែល​លោក​ ហ៊ុន​ សែន ​អួតអាង​ពី​ភាព​រីក​ចម្រើន​នោះ ប្រហែល​ជា​ពេល​​ទៅ​វត្ត​កាន់​បិណ្ឌ​ម្តងៗ លោក​មិន​បាន​ប្រទះ​ឃើញ​មាន​ជន​ក្រីក្រ អ្នក​សុំ​ទាន ឬ​ក្មេង​អនាថា មក​អង្គុយ រង់​នៅ​ខាង​ក្រៅ​សាលាឆាន់ ដើម្បី​សុំ​ប្រាក់​កាស​ពី​ពលរដ្ឋ​ទៅ​ធ្វើ​បុណ្យ ក៏​ដូច​ជា រង់ចាំ​ទទួល​អាហារ​ថ្ងៃ​ត្រង់​ បន្ទាប់​ពី​ព្រះសង្ឃ​ឆាន់​រួច​នោះ​ទេ។

អ្នក​តាម​ដាន​បញ្ហា​សង្គម ​និង​ជា​អ្នក​សិក្សា​ផ្នែក​ច្បាប់​ លោក វ៉ន ចាន់ឡូត ទទួល​ស្គាល់​ថា ​ប្រជា​ ពលរដ្ឋ​ភាគ​ច្រើន​ធ្វើ​ដំណើរ​កម្សាន្ត ​និង​ទៅ​វត្ត​ធ្វើ​បុណ្យ ​ស្ថិត​ក្នុង​អារម្មណ៍​ភាព​ភ័យ​ខ្លាច​ដោយសារ​តែ​ កត្តា​អសន្តិសុខ​ក្នុង​សង្គម​ផង ​និង​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ពី​ក្រុម​អ្នក​កាន់​អំណាច​ផង។ លោក​ពិនិត្យ​ឃើញ​ថា​ ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ ​និង​ភ្ជុំបិណ្ឌ​នេះ​ រដ្ឋាភិបាល​ហាក់​មិន​បន្ធូរ​ដៃ ​ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ឡើយ។ ក្រុម​អ្នក​គាំទ្រ​គណបក្ស ​ប្រឆាំង​ត្រូវ​បាន​ចាប់​ដាក់​គុក​បែកបាក់​ប្រព័ន្ធ​កូន ​និង​ក្រុម​គ្រួសារ​ ហើយ​អ្នកខ្លះ​រត់ចោលស្រុក រក​ទី​កន្លែង​មាន​សុវត្ថិភាព​ដោយសារតែ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ៖ «កម្ពុជា​មិន​មាន​សង្គ្រាម​តែ​បើ​និយាយ​ពី​សន្តិសុខ​ បុគ្គល​ ឬ​សន្តិសុខ​រាងកាយ​នៅ​ឆ្ងាយ​ណាស់​ បាន​ន័យ​ថា​ ប្រជាពលរដ្ឋ​មិនទាន់​មាន​សន្តិសុខ​រាងកាយ ​និង​សន្តិភាព​ផ្លូវ​ចិត្ត​ល្អ​ប្រសើរ​នោះ​ទេ។ យើង​បាន​ឃើញ​ហើយ​ថា​ នូវ​សកម្មភាព​លួច​វាយ​ប្រហារ​ទាំង​កណ្ដាល​ថ្ងៃ គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​អសុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​រួច​ទៅ​ហើយ។ ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​ គួរតែ​កាត់​បន្ថយ​ការ​និយាយ​ឲ្យ​បាន​ច្រើន​ ហើយ​គួរ​តែ​ធ្វើសកម្មភាព​ឲ្យ​បាន​ច្រើន​ព្រោះ​ លទ្ធផល​វា​ស្ដែង​ចេញ​តាម​សកម្មភាព។ សន្តិភាព​ក្ដី ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​វា​អាស្រ័យ​លើ​ការ​អនុវត្ត​សកម្មភាព​ពិតៗ របស់​រដ្ឋាភិបាល»

ប្រជាពលរដ្ឋ ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ​ហ៊ុន​ សែន ​បើក​ចិត្ត​ឲ្យ​ទូលាយ ​និង​ឲ្យ អភ័យ​ទាន​ដល់​អ្នកនយោបាយ​គ្រប់​និន្នាការ​បក្ស​ទាំង​អស់ ​មានឱកាស​ជួបជុំ​បងប្អូន​មូល​កូន​ចៅ ​ដើម្បី​បាន​ធ្វើ​បុណ្យ​ជុំ​គ្នា​ក្នុង​មួយ​ឆ្នាំ​មាន​តែ​ម្ដង​ ហើយ​កុំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កំពប់​បុណ្យ​ដោយ​សារ​ តែ​អាជ្ញាធរ​ឃ្លាំមើល​គំរាមកំហែង។ បន្ថែម​ពី​នេះ ​ប្រជាពលរដ្ឋ​ ក៏​សូម​ឲ្យ​លោក ​ហ៊ុន ​សែន ​ប្រកាន់ ​សច្ចធម៌” ​និយាយ​យ៉ាង​ម៉េច​ធ្វើ​អ៊ីចឹង ​ព្រោះ​ប្រជាពលរដ្ឋ​រាល់​ថ្ងៃ​ប្រាថ្នា​តែ​សេចក្ដី​សុខ​ ប្រាថ្នា​ចង់​ឃើញ​អ្នកនយោបាយ​ឈប់​ឈ្លោះ​គ្នា ​ចង់​ឲ្យ​អ្នក​នយោបាយ​ចាប់​ដៃ​គ្នា​ផ្សះផ្សា​ជាតិ ​រួមគ្នា​អភិវឌ្ឍ ប្រទេស​ឲ្យបាន​ត្រឹមត្រូវ​រីក​ចម្រើន​រុងរឿង ​ប្រជាជន​រស់​នៅ​បានសុខ ​ហើយ​ឈប់​ចង​កម្មពៀរ​នឹង​គ្នា​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង​ថា ការ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ពោរពេញ​ដោយ​ភាព​ភ័យ​ខ្លាច ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ហ៊ុន សែន"

  1. Anonymous says:

    HUN SEN can not take a small leaf to cover a dead ELEPHANT . didn’t Cambodian should be shame to every nation in the world . yes I’m sour this poor nation was so shameful to every one in the world. HUN SEN was not a person who betray his own nation but he also dump as the dog. the reason HUN SEN not attending UN meeting in NEYORK because of he can not lei to the world any more. HUN SEN using some one else to be embarrass in front of world leaders. from now on HUN SEN and his right hand killers can not hiding from the world