កម្ពុជា
28 វិច្ឆិកា 2019
អូន ឆេងប៉រ
វីអូអេខ្មែរ

ការហូរចូលយ៉ាងគំហុកនៃទុនវិនិយោគ និងអ្នកទេសចរចិនមកកម្ពុជា បាននាំឱ្យប្រទេសមួយនេះ ដើរតួយ៉ាងសំខាន់លើការដឹកមុខវិស័យសំខាន់ៗដែលជួយជ្រោងសេដ្ឋកិច្ចកម្ពុជា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានវិស័យអចលនទ្រព្យ វិស័យសំណង់ និងការវិនិយោគសាធារណៈ។
ភ្នំពេញ — រដ្ឋាភិបាលចិននិងកម្ពុជាបានប្រកាសនៅក្នុងខែវិច្ឆិកានេះថា ប្រទេសទាំងពីរកំពុងពិចារណានិងសន្ទនា ដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ បើយោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតចិនកាលពីថ្ងៃទី១៤ ខែវិច្ឆិកាថា ក្រុមមន្ត្រីនៃប្រទេសទាំងពីរគ្រោងជួបប្រជុំគ្នានៅរដ្ឋធានីប៉េកាំង នៅដើមខែធ្នូខាងមុខ ដើម្បីឈានទៅបង្កើតអ្វីដែលអាចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់ ដែលកម្ពុជារៀបចំជាមួយនឹងប្រទេសចិន។
ការរៀបចំឈានទៅបង្កើតក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កើតឡើងនៅចំពេលដែលទំនាក់ទំនងរវាងប៉េកាំងនិងភ្នំពេញ កំពុងស្ថិតនៅក្នុងចំណុច «ខ្ពស់បំផុត» ដែលប្រទេសទាំងពីរបរិយាយគ្នាថា ជា«មិត្តដែកថែប»។
យ៉ាងណាក្ដីដំណឹងអំពីការរៀបចំកសាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីរវាងកម្ពុជានិងចិននេះ បាននាំឱ្យមានប្រតិកម្មចម្រុះពីអ្នកពាក់ព័ន្ធ និងអ្នកតាមដាន ដែលបានបង្ហាញទាំងក្ដីសង្ឃឹម និងកី្ដបារម្ភផងដែរ។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កម្ពុជាមានក្ដីសង្ឃឹមរំពឹងថានឹងទាញបានផលចំណេញពីការធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលអាចនឹងកើតឡើងពេលការចរចាបានបិទបញ្ចប់ដោយជោគជ័យ ដែលលោករំពឹងថា«នឹងមិនប្រើពេលយូរ»នោះទេ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីសប្ដាហ៍មុន លោក ប៉ែន សុវិជាតិ បាននិយាយថា៖ «ជាការពិតទៅ ប្រទេសតូចគឺយើង ប្រទេសតូចក្នុងចំណោមអាស៊ាននេះ គឺជាប្រទេសដែលនឹងអាចទទួលបានប្រយោជន៍ធំ បើសិនជាយើងធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសធំដូចជាប្រទេសចិន។ យើងកុំថា យើងជាទីផ្សារតូច ទីផ្សារយើងជាទីផ្សារមួយ ដែលប្រទេសចិនចាប់អារម្មណ៍»។

បើយោងតាមមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់រូបនេះ បើសិនជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ការចរចានាំទៅបង្កើនការនាំចូលទំនិញកសិកម្មជាច្រើនមុខរបស់កម្ពុជា នឹងមានលក្ខណៈងាយស្រួលជាងមុន ដោយការកំណត់គុណភាព ស្របតាមនិយាមកម្ម (Standardisation) របស់ចិនលើទំនិញកសិកម្ម នឹងអាចសម្រួលការចរចាជាកញ្ចប់។
«ទីផ្សារចិនជាទីផ្សារធំមួយ ដែលយើងអាចនឹងមានលទ្ធភាពនាំចេញនូវទំនិញគ្រប់មុខ។ យើងបារម្ភតែមួយវិញទេ គឺយើងលទ្ធភាពនៃការផលិតរបស់យើងនៅមានកម្រិត យើងនាំទំនិញអីចេញទៅប្រទេសគេ អ៊ីចឹងហើយ ការពង្រឹងផលិតភាពផលិតកម្ម ការពង្រឹងគុណភាពទំនិញ ការពង្រឹងខឿនឧស្សាហកម្ម គឺជាទិសដៅចម្បងស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់យើងដែលមានរួចមកហើយ»។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន មានទំហំ៧ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។ នៅក្នុងនោះ កម្ពុជាមានឱនភាពដោយសារតែការនាំចូលពីប្រទេសចិនមានទំហំប្រមាណ៦ពាន់លានដុល្លារទៅហើយ។ ប្រទេសទាំងពីរគ្រោងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់១០ពាន់លានដុល្លារត្រឹមឆ្នាំ២០២៣។
លោក តែ តាំងប៉ ប្រធានសហព័ន្ធសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានបង្ហាញក្ដីរំពឹងថា បណ្ដាសហគ្រាសនានានៅកម្ពុជា ជាពិសេសវិស័យកសិកម្ម អាចនឹងចាប់បានប្រយោជន៍ នៃការនាំមកនូវការវិនិយោគ និងគ្រឿងឧបក្ខារកែច្នៃផលិតផលដើមកសិកម្ម បង្កើតតម្លៃបន្ថែម បង្កើនការនាំចេញទៅចិនវិញ។
លោក តែ តាំងប៉ បានប្រាប់ VOA តាមទូរស័ព្ទយ៉ាងដូច្នេះថា៖ «អ៊ីចឹងបានយើងធ្វើម៉េច ទីមួយការប្រកួតប្រជែង អាការប្រកួតប្រជែងហ្នឹង យើងត្រូវធ្វើបរិមាណឱ្យបានច្រើន ហើយយើងត្រូវធ្វើតម្លៃហ្នឹងឱ្យបានធូរ។ នេះគេម្នាក់ៗដឹងហើយ សព្វថ្ងៃទាល់តែប្រឹងប្រែង»។
លោក តែ តាំងប៉ បានបន្ថែមថា ក្នុងការចរចា FTA ជាមួយនឹងចិន រដ្ឋាភិបាលគួរដកស្រង់បទពិសោធន៍ពីករណីកន្លងមកជាមួយទីផ្សារប្រទេសជិតខាងដូចជាវៀតណាម និងថៃ ដែលកម្ពុជាហាក់បើកទូលាយសម្រាប់ទំនិញនាំចូល តែការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសក្បែរខាងទាំងពីរមានសភាពលំបាកមិនមានភាពសេរីទូលាយឡើយ។
លោកបណ្ឌិត Bradley Jansen Murg អ្នកជំនាញសេដ្ឋកិច្ចនយោបាយ នៅសាកលវិទ្យាល័យ Seattle Pacific (SPU) បានលើកឡើងថា ខណៈដែលខាងកម្ពុជាកំពុងសំឡឹងមើលនិងរំពឹងបង្កើនការនាំចេញផលិតផលកសិកម្ម តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ភាគីចិនក៏មិនឃើញអ្វីខាតបង់នោះដែរ។
អ្នកជំនាញរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិក ក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ចិនមុខជានឹងបន្តគាំពារទីផ្សារមួយចំនួនរបស់ខ្លួន។ យ៉ាងណាក្ដី ការហូរចូលនាពេលខាងមុខនៃទំនិញកម្ពុជា[ចូលទៅទីផ្សារចិន] បង្កជាគំរាមកំហែងតិចតួចបំផុត[ដល់ចិន] បើគេនិយាយក្នុងរង្វង់នៃភាពខុសប្លែកគ្នាយ៉ាងធំធេង នៃទំហំសេដ្ឋកិច្ចប្រទេសទាំងពីរ»។
លោក Bradley Jansen Murg បានបន្ថែមយ៉ាងដូច្នេះថា៖ «និយាយក្នុងន័យនយោបាយ សម្រាប់ប្រទេសចិន នេះជាជ័យជម្នះមួយរបស់គេ ខណៈដែលការណ៍នេះនឹងនាំកម្ពុជាទៅកាន់តែកៀកក្នុងគន្លងគោចររបស់ចិន ដែលចិនមើលទៅមិនត្រូវបង់តម្លៃអ្វីជាដុំកំភួនទាល់តែសោះ។ ខណៈដែលចិនកំពុងតែស្វះស្វែងរកការបង្កើនឥទ្ធិពលរបស់ខ្លួននៅកម្ពុជា ការណ៍ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នឹងផ្ដល់ជាសញ្ញាថ្មីមួយផ្សេងទៀតពីខាងចិន ថាចិននឹងជួយកម្ពុជាគ្រប់ពេលដែលចាំបាច់»។
ការហូរចូលយ៉ាងគំហុកនៃទុនវិនិយោគ និងអ្នកទេសចរចិនមកកម្ពុជា បាននាំឱ្យប្រទេសមួយនេះ ដើរតួយ៉ាងសំខាន់លើការដឹកមុខវិស័យសំខាន់ៗដែលជួយជ្រោងសេដ្ឋកិច្ចកម្ពុជា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានវិស័យអចលនទ្រព្យ វិស័យសំណង់ និងការវិនិយោគសាធារណៈ។

ព្រមពេលជាមួយគ្នានេះ ឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចរបស់ចិននៅកម្ពុជា ក៏ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ផងដែរពីសំណាក់បណ្ដារដ្ឋាភិបាលបស្ចិមលោក រួមមានសហរដ្ឋអាមេរិកជាដើម ដែលបង្ហាញការសង្ស័យពីពេលកន្លងមកថា មានលទ្ធភាពដែលចិនអាចប្រើប្រាស់ឥទ្ធិពលខ្លួន ដើម្បីដាក់ពង្រាយវត្តមានយោធាចិននៅកម្ពុជា ហើយកម្ពុជាអាចនឹងបាត់បង់អធិបតេយ្យភាព។ ទាំងចិន ទាំងកម្ពុជា សុទ្ធតែបានបដិសេធការសង្ស័យខាងលើ។
ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងកាន់តែខ្លាំងឡើងផ្នែកសេដ្ឋកិច្ចរបស់ចិនជាមួយបណ្ដាប្រទេសនៅតំបន់អាស៊ីអគ្នេយ៍ ដូចជាកម្ពុជា ទីក្រុងប៉េកាំងមានក្ដីបំណងបង្កើនតម្លៃផ្នែកយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយរបស់ខ្លួន។ នេះជាការលើកឡើងរបស់លោក Sebastian Strangio អ្នកស្រាវជ្រាវតាមដានលើឥទ្ធិពលនៃវត្តមានចិននៅតំបន់អាស៊ីអគ្នេយ៍។
អ្នកតាមដានជនជាតិអូស្ត្រាលីរូបនេះ បានបញ្ជាក់ប្រាប់ VOAតាមសារអេឡិចត្រូនិក ក្នុងន័យដើមយ៉ាងដូច្នេះថា៖ «បើកាលណាកម្ពុជាផ្ដេកផ្ដួលពឹងផ្អែកលើចិនកាន់តែខ្លាំង នោះរដ្ឋាភិបាលកម្ពុជានឹងកាន់តែលំបាកក្នុងការធ្វើសកម្មភាពណាដែលដើរផ្ទុយពីផលប្រយោជន៍របស់ចិននាពេលខាងមុខ»។
ជាក់ស្ដែងថ្មីៗនេះ កម្ពុជាបានប្រកាសគាំទ្រចិនលើការបង្ក្រាបនិងអនុវត្តធម៌ក្ដៅលើបាតុករទាមទារកំណែទម្រង់ប្រជាធិបតេយ្យនៅ តំបន់រដ្ឋបាលពិសេសហុងកុង ហើយកម្ពុជាក៏បានចូលរួមជាមួយប្រទេស៣៧ផ្សេងទៀត កាលពីពាក់កណ្ដាលឆ្នាំនេះក្នុងការគាំទ្រចំណាត់ការរបស់ចិន លើបណ្ដាជនមូស្លីម Uighur នៅខេត្ត Xinjiang ភាគខាងលិចប្រទេស។ នេះមិនទាន់រាប់បញ្ចូលការគាំទ្ររបស់កម្ពុជាលើជំហរចិនមិនចង់ធ្វើអន្តរជាតូបនីយកម្មលើបញ្ហាសមុទ្រចិនខាងត្បូង។
លោក Sebastian Strangio បានបន្ថែមថា៖ «លើសពីនេះទៅទៀត បើសិនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងនាំឱ្យមានកំណើនគួរឱ្យកត់សម្គាល់លើការនាំចេញរបស់កម្ពុជាទីកាន់ទីផ្សារចិន ការណ៍នេះក៏នឹងជួយកាត់បន្ថយផងដែរ ការពឹងផ្អែករបស់ប្រទេស[កម្ពុជា] ទៅលើទីផ្សារអឺរ៉ុបនិងសហរដ្ឋអាមេរិក និងការដាក់សម្ពាធរបស់បស្ចិមលោកដើម្បីឱ្យធ្វើកំណែទម្រង់និងដំណើរប្រជាធិបតេយ្យូបនីយកម្ម»។
សហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មធំលំដាប់ទីពីររបស់កម្ពុជា បន្ទាប់ពីចិនដែលឈរលេខមួយ។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាអឺរ៉ុប មានតម្លៃ៦.៧ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨ ដែលក្នុងនោះ កម្ពុជាសម្រេចបានការនាំចេញទៅកាន់អឺរ៉ុបបានជិត៦ពាន់លានដុល្លារ។
ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបប្រព្រឹត្តទៅក្នុងក្របខណ្ឌគម្រោងសម្បទានពាណិជ្ជកម្ម «អ្វីៗក៏បានលើកលែងតែអាវុធ» (EBA) ដែលបានលើកចេញរនាំងពន្ធគយនានា ជាមួយនឹងលក្ខខណ្ឌមួយចំនួនសម្រាប់កម្ពុជា រួមមានការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងស្ថានភាពការងារសមស្របជាដើម។

ដំណឹងអំពីការចាប់ផ្ដើមរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិននេះ កើតមានឡើងចំពេលដែលសហភាពអឺរ៉ុបកំពុងតែពិនិត្យសើរើលក្ខណៈសម្បត្តិរបស់កម្ពុជា ដែលអាចឈានទៅដល់ការដកប្រទេសមួយនេះចេញពីក្របខណ្ឌ EBA ជាការឆ្លើយតបនឹងការបង្ក្រាបផ្នែកនយោបាយនៅភ្នំពេញ ដែលមានការរុកកួនបណ្ដាញផ្សព្វផ្សាយមិនចំណុះនឹងរដ្ឋ សង្គមស៊ីវិលដែលហ៊ានបរិហាររដ្ឋាភិបាល ការរំលាយបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាព នៅមុនការបោះឆ្នោតឆ្នាំ២០១៨ ដែលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចក្រសោបយកស្ថាប័ននយោបាយរបស់រដ្ឋទាំងស្រុង។
បន្ទាប់ពីបើកដំណើរការនីតិវិធីត្រួតពិនិត្យវាយតម្លៃកាលពីដើមខែកុម្ភៈ ឆ្នាំ ២០១៩នេះ សហភាពអឺរ៉ុបបានសម្រេចចេញជារបាយការណ៍មួយច្បាប់ផ្ញើជូនរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ខែវិច្ឆិកា (ពីរថ្ងៃមុនស្ថានទូតចិនប្រកាសរឿងFTA) ដែលបានគូសបញ្ជាក់អំពីការរំលោភសិទ្ធិនយោបាយ«ជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ»ប្រព្រឹត្តដោយរដ្ឋអំណាចខ្មែរ។
កាលពីចុងឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់បានប៉ាន់ប្រមាណថា បើសិនជាពុំមាន EBA ការនាំចេញរបស់កម្ពុជាទៅកាន់អឺរ៉ុប ត្រូវបង់បន្ថែមតម្លៃបង់ពន្ធគយប្រមាណ៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យមន្ត្រីរាជការរបស់លោកត្រៀមសម្រាប់លក្ខណៈ ក្នុងសេណារីយោដែលកម្ពុជាត្រូវបានដកចេញពីគម្រោង EBA លោក ប៉ែន សុវិជាតិ នៃក្រសួងពាណិជ្ជកម្មខ្មែរ បានលើកឡើងថា ការចរចាពាណិជ្ជកម្មសេរីជាមួយចិននេះ មិនមានពាក់ព័ន្ធនឹងអនាគតមិនច្បាស់លាស់របស់កម្ពុជា ក្នុងប្រព័ន្ធ EBA ឡើយ។
នៅពេលដែលលោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់និងផ្លូវលើកទីពីរ (Belt and Road Summit) នៅរដ្ឋធានីប៉េកាំង កាលពីចុងខែមេសាកន្លងទៅ លោកបានជួបនឹងលោក Wang Huning សមាជិកដ៏មានឥទ្ធិពលក្នុងការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្ដចិន (ដែលជាជនមានអំណាចកំពូលលំដាប់ទីប្រាំនៅប្រទេសចិន) ហើយទទួលបានការធានាថា ប្រទេសចិននឹងជួយទំនុកបំរុងកម្ពុជាលើបញ្ហា EBA ជាមួយសហភាពអឺរ៉ុប។
ជាក់ស្ដែង ក្នុងករណីដោយឡែកដែលមានការសម្រេចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សហភាពអឺរ៉ុប លើកតាំងរនាំងពន្ធគយសម្រាប់អង្ករកម្ពុជា ដើម្បីការពារទីផ្សារផលិតអង្ករក្នុងរដ្ឋជាសមាជិករបស់ខ្លួន ប្រទេសចិនបានជួយរងកុម្ម៉ង់ទិញអង្ករកម្ពុជា ដែលក្នុងឆ្នាំនេះ ក្រសួងពាណិជ្ជកម្មរំពឹងថា ការនាំអង្ករទៅប្រទេសចិន នឹងកើនឡើងដល់៤សែនតោន។
យ៉ាងណាក្ដីវាពិបាកនឹងទៅរួចដែលចិនអាចនឹងជួយរ៉ាប់រងកុម្ម៉ង់ទិញផលិតផលផ្សេងទៀត ដែលអឺរ៉ុបទិញយក ក្នុងករណីដែលប្រទេសនេះចង់ប្រើ FTA ដើម្បីស្ដារផលប៉ះពាល់ក្នុងករណីកម្ពុជាត្រូវតម្រូវឱ្យចេញពីប្រព័ន្ធអនុគ្រោះពន្ធ EBA។ នេះជាការលើកឡើងរបស់លោក Miguel Chanco សេដ្ឋវិទូជាន់ខ្ពស់ជំនាញតំបន់អាស៊ី នៅក្រុមហ៊ុនស្រាវជ្រាវ Pantheon Macroeconomics ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
អ្នកសេដ្ឋកិច្ចរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិកយ៉ាងដូច្នេះថា៖ «គេសមតែនឹងគិតយ៉ាងដូច្នេះថា ប្រទេសចិនខ្លួនឯងនៅតែជាប្រទេសនាំចេញចម្បងនៃផលិតផលវាយនភណ្ឌ ដែលធ្វើដូច្នេះចិននៅតែអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ដល់តម្រូវការផលិតផលវាយនភណ្ឌក្នុងស្រុក បើទោះជាប្រទេសផ្សេងទៀតដូចជាបង់ក្លាដែស និងវៀតណាម បានក្រសោបយកទីផ្សារបានមួយចំនួនយ៉ាងណាក្ដី»។
ពីសាកលវិទ្យាល័យ Seattle Pacific ស្ថិតក្នុងរដ្ឋវ៉ាស៊ីងតោន ភាគពាយ័ព្យសហរដ្ឋអាមេរិក លោកបណ្ឌិត Bradley Jansen Murg បានយល់ស្របដូចគ្នានេះដែរ ដោយលោកថា៖ «មិនមានតឹកតាងអ្វីមកធ្វើជាអំណះអំណាងបញ្ជាក់ឡើយ ដែលថា ប្រទេសចិនអាចនឹងស្រូបយកការផលិតលើសលប់នៃទំនិញពីវិស័យវាយនភណ្ឌកម្ពុជា ប្រសិនជា EBA ត្រូវបានដកចេញ។ កិច្ចព្រមព្រៀង FTA ជាមួយចិន គ្មានផ្លូវអាចនឹងមកដើរតួជាអ្នកជួសមុខស្ដារស្ថានការណ៍បានរហ័សនោះទេ ក្នុងពេលដែល EBA ត្រូវបានដកចេញ»។
ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន បើសិនជាកើតឡើង នឹងគ្របដណ្ដប់ទៅលើផ្នែកសំខាន់ៗចំនួន៤ រួមមាន ផ្នែកទំនិញ ផ្នែកសេវាកម្ម ផ្នែកវិនិយោគ ផ្នែកសហប្រតិបត្តិការណ៍។
នៅពេលត្រូវបានសួរថា ពាណិជ្ជកម្មសេរីនឹងនាំឱ្យកម្ពុជាបាត់បង់ចំណូលពន្ធគយពីការនាំចូលខ្លះ ហើយអាចនឹងមានផលប៉ះពាល់លើផលិតកម្មក្នុងស្រុក ពីសំណាក់រលកនៃការនាំចូលពីចិន លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងបានលើកឡើងថា វាជាប្រការធម្មតាក្នុងចរន្តពាណិជ្ជកម្មសកល ហើយនៅក្នុងរយៈពេលវែងFTAនេះនឹងហុចផលដល់កម្ពុជា៕
នៅក្នុងរូបភាពដែលម្ចាស់និយាយទៅកាន់ឆ្កែរបស់គាត់
ទៅដេក!!!!!
I hope the free trade agreement between HUN SEN and China can be prevent from Cambodian. we Cambodian knew China wagging a cold war to step up to be a supper powers . China and Soviet both of them sponsor the dictator regime around the world. both China and Soviet did not care about human right all they care was making money to step up of being a supper power’s nation . I knew China is so good at making money and also a creasy gambler . their communist rule was every one have the same way of living but please believing me when it come to corruption it was a mask problem that making the world worry about it. MY warning to Cambodian if HUN SEN going 100% to China you better find the way to be alive some where else . as what I used to mentioning for a long time ago one more term HUN SEN will destroy this nation to the end. my warning to HUN SEN >I do not believe that the US will let you go to China 100% the reason why >>one more the region interest which the US knew it very dangerous for them . so what do you think Mr HUN SEN do you think China is so easy to get money from them ?? I think you HUN SEN was step in China trap 60% now you still can step out but not going too far then that you will be 100% dead.