នយោបាយ
14 មិនា 2020
ម៉ែន គឹមសេង
វីអូអេខ្មែរ

រូបឯកសារ៖ លោកសេនាប្រមុខ លន់ ណុល ឆ្នាំ១៩៧៥។ ក្នុងរូបថតថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៧៥ នេះ លោកប្រធានាធិបតី លន់ ណុល បានសម្រេចចាកចេញពីប្រទេសកម្ពុជាដើម្បីបង្កើនឱកាសនៃការទទួលបានជំនួយពីសហរដ្ឋអាមេរិកសម្រាប់កម្ពុជា។ Photo: AP
វ៉ាស៊ីនតោន— ថ្ងៃទី១៨ខែមីនានេះគឺជាខួបលើកទី៥០នៃការធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយមនិងឈានទៅការបង្កើតរបបសាធារណរដ្ឋជាលើកដំបូងនៅប្រទេសកម្ពុជាដែលដឹកនាំដោយលោកសេនាប្រមុខលន់ នល់និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ។
បើទោះបីជារបបនេះមិនបានស្ថិតស្ថេរនៅយូរអង្វែងគឺមានរយៈពេលតែ៥ឆ្នាំ ប៉ុន្តែសម្រាប់អ្នកដែលបានចូលរួមលើកស្ទួយរបបដែលគាំទ្រដោយសហរដ្ឋអាមេរិកនោះនៅចងចាំពីគោលបំណងចង់បានប្រទេសកម្ពុជាមួយដែលឯករាជ្យដោយមិនចំណុះប្រទេសជិតខាងនិងពលរដ្ឋមានសិទ្ធិសេរីភាពហើយជៀសផុតពីរបបកុម្មុយនីស្ត។
អតីតអ្នកគាំទ្ររបបសាធារណរដ្ឋខ្មែរមួយចំនួនដែលកំពុងតែរស់នៅសហរដ្ឋអាមេរិកនៅបន្តការពារជំហរដែលពួកអស់លោកបានចូលរួមធ្វើការផ្លាស់ប្តូរនៅពេលនោះ។
លោក ឱក សឿម អតីតអ្នកតំណាងរាស្ត្រមួយរូបដែលបានចូលរួមបោះឆ្នោតដកតំណែងសម្តេចព្រះ នរោត្តមសីហនុ ពីប្រមុខរដ្ឋនៃប្រទេសកម្ពុជាបានការពារទង្វើរបស់ក្រុមអ្នកតំណាងរាស្ត្រនៅពេលនោះថា៖
«ព្រឹត្តិការណ៍នេះអស់លោកខ្លះថា ជារដ្ឋប្រហារ អស់លោកខ្លះថាជាសង្គ្រាមស៊ីវិលខ្ញុំសូមជម្រាបថាហេតុការណ៍ដែលបានដកតំណែងសម្តេចព្រះប្រមុខរដ្ឋគឺស្របតាមរដ្ឋធម្មនុញ្ញដែលសភាបានអនុម័តសច្ចាប័ន ថ្វាយព្រះអង្គជាប្រមុខរដ្ឋក៏ទៅតាមសភា។ ដូច្នេះសភាមានសិទ្ធិនឹងដកតំណែងប្រមុខរដ្ឋណាដែលធ្វើខុសនៅក្នុងរដ្ឋធម្មនុញ្ញ។ បាទគឺអីចឹង»។
រដ្ឋសភាជាតិបានបោះឆ្នោតដកហូតសេចក្តីទុកចិត្តនិងតំណែងប្រមុខរដ្ឋជាផ្លូវការពីសម្តេចព្រះនរោត្តមសីហនុនៅថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០ក្នុងខណៈពេលដែលព្រះអង្គធ្វើដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេស។កម្ពុជាបានងាកមកកាន់របបសាធារណរដ្ឋវិញនៅថ្ងៃទី៩ខែតុលាឆ្នាំនោះដោយបានបញ្ចប់របបរាជានិយមដែលកម្ពុជាបានប្រកាន់យកជាង២.០០០ឆ្នាំ។

លោក ឱក សឿមបានពន្យល់ពីហេតុផលដែលឈានមកដល់ការសម្រេចបោះឆ្នោតដកតំណែងសម្តេចព្រះប្រមុខរដ្ឋថា៖ «ដោយសារតែព្រះអង្គលម្អៀងទៅរកចិន។ លោកត្រូវគ្នានឹងចិនត្រូវគ្នានឹងយួនឱ្យ យួនប្រើប្រាស់ទឹកដីខ្មែរយើងឱ្យយួននៅពេញរហូតដល់ទៅ៥ឬ៦ម៉ឺននាក់ឯណោះ។ រួចហើយពួកយួនទាំងនោះកាលពីមកដល់ដំបូងពួកគេស្រួលទេប៉ុន្តែដល់ក្រោយមកវាទារពន្ធទារដាពីអ្នកស្រុកជាយដែនទាំងអស់។ អ្នកស្រុកកើតទុក្ខបុកម្នេញក៏បះបោរក៏មករកហេតុផលបានដឹងថាសម្តេចលោកធ្វើខុសក្នុងគោលនយោបាយអព្យាក្រិត»។
លោក ឱក សឿម បានកាន់តំណែងជាអ្នកតំណាងរាស្ត្រមណ្ឌលសំរោង ខេត្តឧត្តរមានជ័យតាំងពីឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៧០ ហើយក្រោយពីទម្លាក់សម្តេចព្រះ នរោត្តម សីហនុ លោកបន្តកាន់តំណែងជាសមាជិកសភាធម្មនុញ្ញរហូតដល់ឆ្នាំ១៩៧២ទើបលាឈប់ហើយបានចូលបម្រើក្នុងជួរកងទ័ព។ លោកមានឋានន្តរសក្តិជាវរសេនីយ៍ត្រី និងជាមេបញ្ជាការមួយរូបប្រចាំ នៅខេត្តឧត្តរមានជ័យ។
ក្រោយពីរបបសាធារណរដ្ឋខ្មែរបានដួលរលំធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមកុម្មុយនីស្តខ្មែរក្រហមដែលមានប្រទេសចិនគាំទ្រ នៅថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥ លោកឱក សឿមបានភៀសខ្លួនជាមួយនឹងកូនទាហានដែលនៅសេសសល់មួយចំនួនចូលក្នុងទឹកដីថៃ ហើយត្រូវបានទទួលឱ្យស្នាក់នៅក្នុងមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅអូតាប៉ាវ។ លោកបានមកដល់សហរដ្ឋអាមេរិកនៅខែតុលាឆ្នាំ១៩៧៥។ បច្ចុប្បន្នលោករស់នៅរដ្ឋ Virginia។
អ្នកដែលនៅរស់រានមានជីវិតដែលពេលនេះស្ថិតក្នុងវ័យ៧០ដល់៨០ឆ្នាំគ្រោងនឹងរៀបចំកម្មវិធីរំលឹកខួបលើកទី៥០នេះនៅថ្ងៃទី២១ខែមីនានៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ាដើម្បីរំលឹកដល់ការលះបង់របស់ពួកអស់លោក។
លោក ឱក សឿម បានបញ្ជាក់ថាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ ទោះបីជាអ្នកណាបំភ្លេចយ៉ាងម៉េចក៏បំភ្លេចមិនបានដែរប៉ុន្តែប្រវត្តិសាស្ត្រនេះហាក់ដូចជាស្រពិចស្រពិលសម្រាប់អ្នកជំនាន់ក្រោយដោយសារតែការរៀនសូត្រពុំបានដោយពួកគេកើតមិនទាន់ហើយអ្នកចាស់ក៏ស្លាប់អស់ទៅ។

លោក ឱក សឿម បានបញ្ជាក់បន្ថែមថា៖ «យើងសូមរំលឹកឡើងវិញនូវពលិកម្មខ្មែររាប់សែននាក់ដែលទាំងយុវជនសិស្សនិស្សិតវិទ្យាល័យ មហាវិទ្យាល័យស្ម័គ្រចិត្តចូលធ្វើទាហាន២៤ម៉ោងដើម្បីការពារប្រទេសជាតិដែលយួនយៀកកុង វៀតណាមខាងជើងវាយសង្គ្រប់មកលើប្រទេសខ្មែរយើងតែប៉ុណ្ណឹងហើយយើងសូមរំលឹកគុណបំណាច់អ្នកទាំងអស់នោះឱ្យបានជ្រាបច្បាស់ថាមិនមែនជាសង្គ្រាមស៊ីវិលទេគឺជាសង្គ្រាមប្រឆាំងនឹងយៀកកុង វៀតណាមខាងជើងដែលរាតត្បាតចូលមកប្រទេសខ្មែរវាយនៅទូទាំងប្រទេសទាំងអស់»។
លោក ថាច់ ធឿង កំពុងរស់នៅក្នុងទីក្រុងឃីង ខោនធី រដ្ឋវ៉ាស៊ីនតោនស្តេត (Washington state) និងជាអ្នករៀបចំខួបទី៥០នេះដែរ។ លោកតំណាងឱ្យក្រុមយោធាពិសេស Mike Force។ លោកគឺជាអតីតវរសេនីយ៍ឯកនិងជាមេបញ្ជាការម្នាក់នៃក្រុមពិសេស Mike Force ដែលធ្លាប់បានឈរជើងនៅដែនដីខ្មែរកម្ពុជាក្រោមដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម។ លោកត្រូវបានបញ្ជូនមកប្រទេសកម្ពុជានៅថ្ងៃទី៣០ខែមេសា ឆ្នាំ១៩៧០ តាមសំណើរបស់លោកសេនាប្រមុខលន់ នល់ដើម្បីជួយអន្តរាគមន៍ទប់ស្កាត់វត្តមានកងទ័ពកុម្មុយនីស្តវៀតណាមនៅក្នុងប្រទេសកម្ពុជា។ កងពលតូចថ្មើជើងលេខ៤៥របស់លោកឈរជើងនៅតំបន់ភ្នំបាសិតខេត្តកំពង់ស្ពឺ។
លោក ថាច់ ធឿង បានបញ្ចាក់ប្រាប់វីអូអេថា៖ «យើងដឹងហើយថាខ្មែរក្រោមខ្មែរកណ្តាលខ្មែរលើគឺជាខ្មែរ ជាពូជសាសន៍ខ្មែរតែមួយ។ ប្រវត្តិសាស្រ្តបានចារមកឃើញច្បាស់លាស់អីចឹងហើយ ហើយយើងជាខ្មែរពេលដែលប្រទេសខ្មែរត្រូវគេឈ្លានពានត្រូវគេរុករានគឺយើងត្រូវតែហ៊ានធ្វើពលិកម្មហើយការពលិកម្មហ្នឹងឯងគឺកងទ័ពហ្នឹងឯង។ យើងគ្មានអាវុធ គ្មានយុទ្ធភណ្ឌអីធ្វើម៉េចអាចច្បាំងនឹងកុម្មុយនីស្តកើត? តាមពិតទៅគឺយើងស្ម័គ្រចិត្តមកបម្រើការនៅកម្ពុជាហ្នឹងឯង»។
ទាហានខ្មែរកម្ពុជាក្រោមមានប្រវត្តិជួយសហរដ្ឋអាមេរិកប្រយុទ្ធនឹងក្រុមកុម្មុយនីស្តវៀតណាមនៅលើទឹកដីវៀតណាមតំបន់ដែនដីសណ្តទន្លេមេគង្គ។ ឯកសាររបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលបានអនុញ្ញាតឱ្យមើលជាសាធារណៈ បានបញ្ជាក់ថា នៅដើមឆ្នាំ១៩៧០នោះគឺមានទាហានខ្មែរក្រោមចំនួន៤កងវរសេនាតូចដែលមានទាហានចំនួន២.១០០នាក់ត្រូវបានបញ្ជូនទៅប្រទេសកម្ពុជា។
លោក ថាច់ ធឿង មានស្រុកកំណើតនៅស្រុកត្រោក ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម។ លោកបានបន្ថែមថាពលិកម្មរបស់អ្នកទាំងនោះមិនត្រូវបំភ្លេចចោលនោះទេ។
«ខ្ញុំមិននិយាយអីទេពីរបបដឹកនាំណាក៏ដោយក៏ប៉ុន្តែយុទ្ធជនយុទ្ធនារីដែលមកពលិកម្មដើម្បីរក្សាទឹកដីហ្នឹងគឺជាការមួយពលិកម្មដ៏ប្រវត្តិសាស្ត្រហើយខ្ញុំមិនចង់ឃើញថាក្នុងអនាគតទៅគេសរសេរប្រវត្តិសាស្រ្តគេថាពលិកម្មនោះវាគ្មានប្រយោជន៍ឬក៏ជាអ្វីផ្សេងទៀតគឺខ្ញុំមិនចង់ឃើញអីចឹង»។
រដ្ឋប្រហារថ្ងៃទី១៨ខែមីនានៅតែបន្តបែងចែកទស្សនៈនយោបាយខ្មែរនៅឡើយទោះបីជាព្រឹត្តិការណ៍នេះបានកន្លងទៅ៥០ឆ្នាំហើយក៏ដោយ។
គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចក្នុងប្រទេសកម្ពុជាមិនប្រារព្ធខួបលើកទី៥០នេះហើយក៏មិនគាំទ្រដែរដោយចាត់ទុកថាការទម្លាក់សម្តេចព្រះនរោត្តមសីហនុពីអំណាចនោះធ្វើឡើងដោយខុសច្បាប់។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាការណ៍នេះដោយសារតែរដ្ឋប្រហារនោះហើយដែលឈានទៅដល់ការឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហមហើយបានកាប់សម្លាប់ពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។
លោក សុខ ឥសាន្ត បានបន្ថែមថា៖ «យើងយល់ថានេះគឺជាអំពើខុសច្បាប់ដោយសារធ្វើរដ្ឋប្រហារក្នុងពេលដែលសម្តេចព្រះសីហនុលោកគង់នៅជាប្រមុខរដ្ឋពេញច្បាប់ទាំងអស់។ លោកសេនាប្រមុខធ្វើនេះវាគ្រាន់តែជានីតិវិធីធ្វើឱ្យស្របច្បាប់ទេ។ ហើយបងប្អូននៅខាងលោកសេនាប្រមុខលន់ នល់ក៏លោកមិននិយាយដូចខ្ញុំដែរលោកនិយាយថាការធ្វើរដ្ឋប្រហារនេះវាត្រឹមត្រូវហើយ។ ខ្លះមិនទាំងហ៊ានហៅថារដ្ឋប្រហារផងថាការទម្លាក់សម្តេចសីហនុដោយចោទសម្តេចសីហនុថាអីចេះអីចុះទៅណា។ នេះវាអាស្រ័យលើនិន្នាការនយោបាយរបស់អ្នកនិយាយទេ»។
ក្រោយពីរដ្ឋប្រហារនោះប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមដែលជាផ្នែកមួយនៃការពង្រីកសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅប្រទេសវៀតណាម។ សង្គ្រាមចន្លោះឆ្នាំ១៩៧០ដល់១៩៧៥បានសម្លាប់ពលរដ្ឋកម្ពុជាអស់ពី១៥០.០០០ដល់ ៣០០.០០០នាក់ដោយសារការវាយប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលលោកលន់ នល់និងកងកម្លាំងកុម្មុយនីស្តខ្មែរក្រហមដែលមានចិននិងវៀតណាមគាំទ្រនិងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។ នេះបើតាមឯកសារស្រាវជ្រាវនានា។
បច្ចុប្បន្នប្រទេសកម្ពុជារក្សារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញហើយលោកសុខ ឥសាន្តយល់ថាមេរៀនប្រវត្តិសាស្ត្រគឺអ្នកនយោបាយកម្ពុជាត្រូវតែកសាងឯកភាពជាតិមួយ៖
«ទៅអនាគតគោលជំហររបស់គណបក្សប្រជាជនគឺធ្វើយ៉ាងណាកសាងប្រទេសកម្ពុជាមួយប្រកបដោយសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយមានសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋហើយនឹងមានការអភិវឌ្ឍលែងឱ្យមានសង្គ្រាម។ អីចឹងទេយើងសព្វថ្ងៃនេះយើងកំពុងតែរួបរួមសាមគ្គីជាតិទាំងមូលដើម្បីរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះឆ្លងកាត់ដំណាកកាលប្រវត្តិសាស្រ្តដ៏ជូរចត់កន្លងមកធ្វើឱ្យយើងទាំងអស់គ្នាត្រូវតែឯកភាពគ្នាជៀសវាងកុំឱ្យមានសង្គ្រាម»។
រីឯលោក ឱក សឿម ទទួលស្គាល់ថាការបរាជ័យក្នុងការកសាងរបបសាធារណរដ្ឋមួយនៅប្រទេសកម្ពុជាគឺដោយសារតែកត្តាវិវត្តន៍នយោបាយពិភពលោកផងដែរ។
«ខ្ញុំសង្កេតឃើញថាអ្នកដែលពេញចិត្តនឹងរបបសាធារណរដ្ឋគឺពេញចិត្តនឹងផ្លាស់ប្តូររបបពីរាជានិយមមកសាធារណរដ្ឋនិយមក៏ដោយសារតែឃើញថាតាំងពីបុរមបុរាណមកគឺឃើញថាជាតំណតៗមកជារបបរាជានិយមហ្នឹងវាចេះតែបាត់បង់ទឹកដី បាត់បង់ទឹកដីទៅ ម្ល៉ោះហើយក៏ថាសាកផ្លាស់ប្តូរលមើលក្រែងលោវាមានសំណាងក៏ប៉ុន្តែអកុសលដោយសារមេប្លុករបស់យើងគេបោះបង់យើងចោលទៅវាក៏បានជាឡុងចុងអីចឹងទៅ ម្ល៉ោះហើយបានជាវាអីចឹង»។
បន្ទាប់ពីបានចាញ់សង្គ្រាមវៀតណាមនៅចុងខែមេសាឆ្នាំ១៩៧៥ សហរដ្ឋអាមេរិកបានដកកងទ័ពចេញនិងផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសកម្ពុជា វៀតណាមនិងឡាវ ប៉ុន្តែបានស្តារទំនាក់ទំនងការទូតជាមួយនឹងប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩១។
ព្រះបាទនរោត្តមសីហនុ បានឡើងសោយរាជ្យជាថ្មីឡើងវិញនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ១៩៩៣ ក្រោយពីភាគីខ្មែរដែលមានចម្បាំងនឹងគ្នាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងខែតុលាឆ្នាំ១៩៩១។ ប៉ុន្តែព្រះអង្គបានដាក់រាជ្យជាថ្មីថ្វាយទៅឱ្យព្រះមហាក្សត្របច្ចុប្បន្នក្នុងខែតុលាឆ្នាំ២០០៤។
ព្រះបាទនរោត្តមសីហនុ បានសោយទិវង្គតនៅថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ នៅព្រះជន្ម៨៩ព្រះវស្សាដោយជំងឺគាំងបេះដូងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។ ព្រះអង្គគឺជាព្រះមហាក្សត្រដែលទទួលបានការគោរពខ្លាំងបំផុតក្នុងចំណោមមហាជននិងអ្នកនយោបាយកម្ពុជា។
សម្រាប់លោក ឱក សឿម យល់ថាអ្នកដែលស្រឡាញ់ចង់ឱ្យមានរបបសាធារណរដ្ឋមួយសម្រាប់ប្រទេសកម្ពុជានៅតែរក្សាចិត្តរបស់ពួកគេទាំងអ្នកនៅក្រៅប្រទេសនិងក្នុងប្រទេសកម្ពុជា៖
«អាស្រ័យហេតុនេះនៅខួប៥០ឆ្នាំនេះយើងនឹកគិតថា ដើម្បីនឹងចិញ្ចឹមចិត្តយើងឱ្យរស់នៅក្នុងរបបសាធារណរដ្ឋ តែមិនមែនយើងចង់សើរើមកបង្កើតវិញស្អែកឬខានស្អែកនេះទេគឺថា ចិត្តយើងដែលបានស្រឡាញ់ទៅហើយ យើងទុកក្តីស្រឡាញ់របបរបស់យើងជាអចិន្ត្រៃយ៍បានជាខួបធ្វើ៥០ឆ្នាំនៅឆ្នាំនេះធ្វើឱ្យវាធំដុំហើយមិនអាចធ្វើបាន៥០ឆ្នាំពីរដងទេ គឺអាចបានតែមួយឆ្នាំហ្នឹង»៕
I do not want to say nothing in this article . every thing in in my book it is a long story to tell our young. if I start to talk about it that can hurt every one as former officers in the past . I just shut up my mouse right now.
Sok issan is the veitcong phoo’ that veitcong made up to speak for Youn-noi’.King si haknouk is the communist killer’ and agianst his own people by let veitcong to hide in cambodia ‘. Why king si haknouk let veitcong to stayed in cambodia?? why din’t he present at the khmer rough court?? to show the truly about killing field ‘ why queen not present at court?? all formers khmer rough must present at court to tell the true ‘ like hun-sen,heng sam ring must knew the story who toll them to killed khmer’ why these formers khmer rough not present at khmer rough court??? they try to hide the story like ah communist king hiding veitcong in cambodia’ . Sok issan not talking about veitcong spread the war to cambodia’ so everything have areason’ O K ‘ why not talking about reason ??? so sok issan is veitcong germ who twist the story to confuse young khmer ‘GOD will punish the crooks soon’
The real khmer hero who protected the country from youn-hanoi veitcong who spread the war to cambodia and killed khmer people’ . LON-NOL is the best khmer leader in the 20 century not like ah stupid communist king si hak nouk bring veitcong to killed khmer 3 million ‘ now ah sok issan twist the story ‘ to hide from khmer young generation ‘ . The evens are happen from the reason’ so must study and find out the reason before believe veitcong germ sok issan ‘GOD will punish the crooks soon’
ហាស ! ហាស
វារលាយខ្សុរដូចអំបិលត្រូវទឹកហើយអាវ៉ា រំលឹកវាម៉ោធ្វើអីទៀត លន់ណុលហ្នឹង !
We have to remember the hero for our country’ O K ‘ not the communist veitcong puppet ‘