រដ្ឋាភិបាល​ប្រកាស​វិធានការ​រឹត​បន្តឹង​ទិដ្ឋាការ​ឱ្យ​ជនបរទេស​ខណៈ​អ្នក​កើត​ជំងឺ​កូវីដ-១៩​ កើន​ដល់​១០២​នាក់

ដោយ មួង ណារ៉េត
2020-03-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

 រូប​ហ្វេសប៊ុក លោក ហ៊ុន សែន


រដ្ឋាភិបាល​ប្រកាស​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​បន្ថែម​ទៀត សម្រាប់​ជនជាតិ​បរទេស​ចូល​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​៣០ មីនា តទៅ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩ (Covid-19) ស្រប​ពេល​ដែល​កម្ពុជា​រក​ឃើញ​អ្នក​កើត​ជំងឺ​នេះ​សរុប​ចំនួន ១០២​នាក់​។ អ្នកឃ្លាំមើល​ស្វាគមន៍​វិធានការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល តែ​យល់​ថា រាង​យឺត​ពេល​បន្តិច។

វិធានការ​រឹត​បន្តឹង​ជនជាតិ​បរទេស​ចូល​កម្ពុជា​នឹង​ចាប់​នៅ​ពាក់​កណ្ដាលយប់ (​ម៉ោង ២៣៖៥៩នាទី) ថ្ងៃ​ទី​៣០ មីនា តទៅ​គឺ​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ទាំងអស់ ដល់​ជនបរទេស​ដោយ​អាជ្ញាធរ​តម្រូវ​ឱ្យ​ជនបរទេស​ស្នើសុំ​ទិដ្ឋាការ​នៅ​តាម​ស្ថាន​តំណាង​កម្ពុជា នៅ​បរទេស​ជា​មុន​សិន​។ ជនបរទេស​ដែល​អាច​ទទួល​បាន​ទិដ្ឋាការ​ពី​ស្ថាន​តំណាង​កម្ពុជា (​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​) ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​នោះ​ជា​មុន​សិន ថា គ្មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី កូវីដ១៩​។ វិញ្ញាបនបត្រ​សុខភាព​នោះ​ក៏​តម្រូវ​ឱ្យ​មាន​សុពល​ភាព​មិន​លើស​៧២​ម៉ោង មុន​ពេល​ចេញ​ដំណើរ​មក​កម្ពុជា។

លក្ខខណ្ឌ​មួយទៀត ជនបរទេស​ក៏​តម្រូវ​ឱ្យ​មាន​ឯកសារ​ធានារ៉ាប់រង​សុខភាព​ក្នុង​ចំនួន​ទឹកប្រាក់ យ៉ាងតិច ប្រាំ​ម៉ឺន (៥០ ០០០)​ដុល្លារ​អាមេរិក​ដែរ ក្នុង​កំឡុង​ពេល​ស្នាក់នៅ​កម្ពុជា​។ ប៉ុន្តែ​សម្រាប់​ជនបរទេស​កាន់​ទិដ្ឋាការ​ការទូត (​ប្រភេទ​A) និង​ទិដ្ឋាការ​ផ្លូវការ​(​ប្រភេទ​B) របស់​កម្ពុជា មិន​ចាំបាច់​អនុវត្ត​វិធានការ​ស្នើសុំ​ខាងលើ​នេះ​ឡើយ។

ទោះ​យ៉ាងណា ក្រសួងការបរទេស​បញ្ជាក់​ថា ជនបរទេស​ទាំងអស់ នឹង​ត្រូវ​ត្រួតពិនិត្យ​ហានិភ័យ​សុខភាព​បន្ថែម​ទៀត​ដោយ​មន្ត្រី​ជំនាញ នៅ​ពេល​ដែល​មកដល់​ប្រទេស​កម្ពុជា ។ ជនបរទេស ក៏​នឹង​ត្រូវ​ដាក់​ដាច់ដោយឡែក ស្របតាម​វិធានការ​សុខាភិបាល (​ចត្តាឡឺស័ក) ដែរ ដើម្បី​បង្ការ​និង​ទប់ស្កាត់​មេរោគ​នៃ​ជំងឺ​កូវីដ១៩។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ករណី​នេះ​ច្រើនដង ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង នៅ​ថ្ងៃ​ទី​២៨ មីនា តែ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នកទទួល។

ទោះ​យ៉ាងណា ក្រសួង​ការបរទេស អះអាង​ក្នុង​សេចក្ដីជូនដំណឹង​ដដែល ចុះ​ថ្ងៃ​ទី​២៧ មីនា ថា វិធានការ​តឹងរ៉ឹង​លើ​អ្នកដំណើរ​ជនបរទេស​បែប​នេះ ក៏​ត្រូវ​បាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដាក់​ចេញ​ដើម្បី​កាត់បន្ថយ​និង​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ១៩ ដែរ។

កាលពី​ពាក់កណ្ដាល​ខែ​មីនា ក្រសួងសុខាភិបាល​សម្រេច​ហាម​ប្រជាជន​មកពី​ប្រទេស​លោក​ខាង​លិច​ចំនួន​៥ ចូល​កម្ពុជា​រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​មីនា​។ ប្រទេស​ទាំង​៥​គឺ អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និង​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​មិន​ហាម​ប្រជាជន​ពី​ប្រទេស​ចិន​នោះ​ទេ ហើយ​ថ្មីៗ​នេះ​មាន​ជនជាតិ​ចិន​ជិត​ពីរ​រយ (១៧៤)​នាក់ មកពី​ទីក្រុង​វូហាន (Wuhan) ប្រទេស​ចិន ជាទី​កន្លែង​ប្រភព​ជំងឺ​កូវីដ​១៩ បាន​ចូល​មក​កម្ពុជា និង​កំពុង​ស្នាក់​នៅ​ខេត្ត​ស្វាយរៀង ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ​សុខាភិបាល​ខេត្ត។

ទន្ទឹម​នឹង​ការ​រឹតបន្តឹង​ជនបរទេស​ចូល​កម្ពុជា​នេះ ក្រសួង​សុខាភិបាល ប្រកាស​នៅ​ថ្ងៃ​ទី​២៨ មីនា ថា បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវីដ១៩(Covid-19) ចំនួន​៤​នាក់​ថែមទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​កើត​ជំងឺ​នេះ សរុប កើន​ដល់​១០២​នាក់​។ អ្នក​កើត​ជំងឺ​កូវីដ​១៩​ថ្មី ទាំង​៤​នាក់ គឺជា​គ្រួសារ​តែមួយ និង​ជា​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ​។​

អ្នក​ទាំង​៤​នាក់​ជា​ពលរដ្ឋ​ខ្មែរ ទើប​ធ្វើដំណើរ​ត្រលប់​មកពី​ប្រទេស​បារាំង ចូល​កម្ពុជា​។ បុរស​ជា​កូន អាយុ​៣៩​ឆ្នាំ បាន​ត្រលប់​ពី​បារាំង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ មីនា​។ ឯ​ឪពុក​វ័យ ៦២​ឆ្នាំ ម្ដាយ​វ័យ​៦១​ឆ្នាំ និង​កូនស្រី វ័យ ៣៧​នាក់ នៃ​គ្រួសារ​នេះ បាន​ត្រលប់​មកដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២២ មីនា។ បច្ចុប្បន្ន អ្នកជំងឺ​ទាំង​៤​នាក់ ត្រូវ​បាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ។

នៅ​ថ្ងៃ​នេះ​ដែរ​ក្រសួង​សុខាភិបាល បាន​ប្រកាស​ពី​ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​មាន​ចំនួន​១៣​នាក់​ហើយ​។ ក្នុង​នោះ អ្នកជា​សះស្បើយ​ម្នាក់ ជា​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​ស្ត្រី​ជនជាតិ​អង់គ្លេស​និង​ក្រុម​បុរស​ជនជាតិ​ខ្មែរ​ចំនួន ១១​នាក់។ រីឯ​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​មាន​ចំនួន ៩១​នាក់ ក្នុង​នោះ ស្ត្រី​២៦​នាក់ បុរស ៦៥​នាក់​។ ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ថ្នាក់​ជាតិ និង​មន្ទីរពេទ្យ​បង្អែក​តាម​ខេត្ត​។ មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ករណី​អ្នកជំងឺ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​នៅ​ឡើយ​ទេ។ក្រៅពី​វិធានការ​រឹត​បន្តឹង​លើ​ជនបរទេស​នៅ​ក្នុង​ប្រទេស​វិញ អាជ្ញាធរ ក៏បាន​បង្កើន​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​លើ​ជនជាតិ​ខ្មែរ​ដែរ​។ ក្នុង​នោះ មាន​ដូចជា ការ​អំពាវនាវ​កុំ​ឱ្យ​ប្រមូល​ផ្ដុំគ្នា ការ​បង្កើន​ការ​ផ្សព្វផ្សាយ​គ្រប់​មធ្យោបាយ នៅ​តាម​ភូមិ ដើម្បី​ឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​វិធី​ការ​បង្ការ​ជំងឺ ការ​បិទ​សាលារៀន រង្គសាល ហាង​ខារ៉ាអូខេ ផ្អាក​សេវា​ដឹកជញ្ជូន​សាធារណៈ​ការ​អំពាវនាវ​កុំ​ឱ្យ​ឡើងថ្លៃ​ម៉ាស់​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​កន្លែង​ទី​សាធារណៈ ជាដើម​។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ក៏បាន​បង្កើន​វិធានការ​តាម​ចាប់ខ្លួន​ពលរដ្ឋ​ណា ដែល​អាជ្ញាធរ​សន្មត​ថា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ជំងឺ​កូវីដ​១៩ ដែរ។ មក​ដល់​ពេល​នេះ មាន​មនុស្ស​ច្រើន​នាក់​ហើយ​ត្រូវ​បាន​ចាប់ខ្លួន ភាគច្រើន​គឺជា​យុវជន និង​អ្នក​ចូលចិត្ត​បញ្ចេញមតិ​តាម​ហ្វេសប៊ុក(facebook)​។​

ជាមួយ​គ្នា​នេះ នគរបាល​ខេត្ត​សៀមរាប បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ដុស សុខឡី អាយុ​២៩​ឆ្នាំ កាលពី​ថ្ងៃទី​២៧ មីនា​ដោយសារ​ស្ត្រី​ជា​អ្នកលក់​ខោអាវ​រូប​នេះ បង្ហោះ​សារ​ជា​វីដេអូ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុ​ក (facebook) និង​បង្ហោះ​តាម​បណ្ដាញ​កម្មវិធី Tik Tok បំផុស​ឱ្យ​ពលរដ្ឋ​ហូប​ពងមាន់​ស្ងោរ ការពារ​ជំងឺ​កូវីដ​១៩​។ បច្ចុប្បន្ន​សមត្ថកិច្ច បាន​ដោះលែង​ស្ត្រី​រូប​នោះ​វិញ​ហើយ ក្រោយ​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បំផុស​ព័ត៌មាន។

ពាក់ព័ន្ធ​នឹង​វិធានការ​រឹត​បន្តឹង​លើ​ជនបរទេស​ចូល​កម្ពុជា សង្គម​ស៊ីវិល​ស្វាគមន៍​វិធានការ​នេះ ប៉ុន្តែ​យល់ថា រៀង​យឺត​ពេល​បន្តិច។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​និង​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី យល់​ថា រៀង​យឺត​ពេល​បន្តិច​ដែល​រដ្ឋាភិបាល​ទើបតែ​ចាត់វិធានការ​តឹងរ៉ឹង​នេះ​។ លោក​បន្ត​ថា ស្រប​នឹង​វិធានការ​តឹងរ៉ឹង​លើ​ជនបរទេស​រដ្ឋាភិបាល​ត្រូវ​បង្កើន​ការពិនិត្យ​ត្រួតពិនិត្យ​សុខភាព​ឱ្យ​បាន​តឹងរ៉ឹង​ថែមទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​ជឿជាក់៖ «ខ្ញុំ​គិត​ថា វិធានការ​ទាំងអស់ ទោះបី​ចេញ​មក​ពី​ប្រទេស​គេ​ក៏ដោ សំខាន់​គឺ​មន្ត្រី​(​សុខាភិបាល​)ខ្លួន​យើង​ហ្នឹង ត្រូវតែ​តាមដាន​យកចិត្តទុកដាក់​នៅ​តាម​ច្រក​មួយៗ ទាំងអស់​គ្នា​។ កុំ​ទាន់​អាល​ផ្ដោត​លើ​ស្រុក​គេ​ខ្លាំង​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ វា​សំខាន់​ណាស់ ដែល​ត្រូវតែ​មាន​លិខិតបញ្ជាក់​សុខាភិបាល​មក​ពី​ប្រទេស​គេ»។

មក​ដល់​ពេល​នេះ​កម្ពុជា បាន​បិទ​ច្រក​ព្រំដែន​គោក និង​ព្រំ​ដែនទឹក ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​អស់​ហើយ គឺ​បិទ​តាម​ពីក្រោយ​ប្រទេស​ទាំងពីរ​។ នៅ​សល់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ មិន​ទាន់​មាន​ការ​ប្រកាស​ថា បិទ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "រដ្ឋាភិបាល​ប្រកាស​វិធានការ​រឹត​បន្តឹង​ទិដ្ឋាការ​ឱ្យ​ជនបរទេស​ខណៈ​អ្នក​កើត​ជំងឺ​កូវីដ-១៩​ កើន​ដល់​១០២​នាក់"

  1. Anonymous says:

    I see>>>can you think a bit >>why there are a lot of criticism to you about this fight again COVID19. can you make a news conference for the world to see clear about your action . come on being a leader you have to showing us how smart you are. just like every leader when the time like this they come out and tell their onw people what to do. sorry I’m ..AH LNGOUNGTU just want to see AH..CHESSTU like you solve this problem peacefully . GOD bless KAMPOUCHEA