ដោយ វ៉ែន សុមេធ
2020-04-17
RFA

សកម្មភាពក្រុមយុវជនស្រឡាញ់ព្រៃឈើ ធ្វើយុទ្ធនាការជិះកង់ ពីភ្នំពេញទៅខេត្តព្រះវិហារហើយ ដើម្បីផ្សព្វផ្សាយពីសារសំខាន់របស់ព្រៃព្រះរកាដែលកំពុងរងការគំរាមកំហែង។ photo courtesy of Ma Chettra’s Facebook
ក្រុមសកម្មជនបរិស្ថានដែលធ្វើយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុក ជាងកន្លះខែមកនេះ នៅតែបន្តទាមទាររដ្ឋាភិបាលដកអាជ្ញាប័ណ្ណ និងបិទរោងចក្រអារឈើទាំងអស់ក្នុងប្រទេស ដើម្បីរក្សាទុកព្រៃឈើដែលនៅសេសសល់ចុងក្រោយ។ ទន្ទឹមគ្នានេះ ពួកគេក៏បារម្ភអំពីសុវត្ថិភាពផ្ទាល់ដែរ ប៉ុន្តែពួកគេបញ្ជាក់ថា នឹងមិនបញ្ឈប់សកម្មភាពរុករក និងប្រមូលភស្តុតាងកាប់ និងលក់ឈើទៅឱ្យប្រទេសជិតខាង ដាក់ជូនរដ្ឋាភិបាលនោះឡើយ ដើម្បីឱ្យចាត់វិធានការផ្លូវច្បាប់ បិទក្រុមហ៊ុនទាំងនោះ ឱ្យខាងតែបាន។
សកម្មជនបរិស្ថានដែលសកម្មក្នុងការប្រមូលភស្តុតាងនៃបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ លោក ហេង ស្រស់ ឱ្យដឹងថា ក្នុងរយៈពេលជាង២សប្ដាហ៍មកនេះ ក្រុមយុវជនស្រលាញ់បរិស្ថាន កំពុងចុះប្រមូលភស្តុតាងនានា ពាក់ព័ន្ធនឹងក្រុមហ៊ុនធំៗដែលនៅបន្តលួចដឹកឈើចេញទៅលក់នៅប្រទេសវៀតណាម៖ «មកដល់សព្វថ្ងៃនៅមានដឹកគគ្រឹកគគ្រេងដដែល។ យើងទទួលបានព័ត៌មានថ្មីៗទៀត មិនត្រឹមតែព្រៃឡង់ទេ សូម្បីនៅមណ្ឌលគិរី រតនគិរី ក៏នៅតែមានសកម្មភាពដឹកជញ្ជូនឈើ យកទៅលក់ខាងក្រៅប្រទេសហ្នឹងដែរ ដូចពោធិ៍សាត់ អារ៉ែង ភ្នំឱរ៉ាល់នៅកំពង់ស្ពឺ អីហ្នឹង កំពុងតែសស្រាក់សស្រាំជញ្ជូនយកទៅលក់ហ្នឹងហើយ។ និយាយរួមប្រភេទឈើ គេយកគ្រប់ប្រភេទ ឱ្យតែមានមុខកាត់ចាប់ពីកន្លះម៉ែត្រឡើងទៅ គឺគេយកទាំងអស់។ គេលាំងៗហើយ ដាក់នៅទូកុងទឺន័រហើយ គេដឹកចេញយកទៅលក់នៅប្រទេសវៀតណាម»។
លោកបន្តថា នៅក្នុងដំណាក់ទី២នៃយុទ្ធនាការនេះ ក្រុមលោក នឹងជិះម៉ូតូល្បាតជុំវិញព្រៃឡង់រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ទី២៧ ខែមេសា ដើម្បីប្រមូលភស្តុតាងបន្ថែមទៀត។ បន្ទាប់ពីនោះ ពួកលោកនឹងប្រគល់ភស្តុតាងទាំងអស់នោះដាក់ជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក សៅ សុខា។
យុវជនរូបនេះ រំពឹងថា អាជ្ញាធរមានសមត្ថកិច្ច នឹងយកភស្តុតាងទាំងនោះ ធ្វើជាមូលដ្ឋានផ្លូវច្បាប់ ដើម្បីឈានទៅបិទរោងចក្រធំៗចំនួន៣ ដែលបន្តរកស៊ីជួញដូរឈើ ។ ក្រុមហ៊ុនទាំងអស់នោះ រួមមានក្រុមហ៊ុន អង្គរផ្លាយវ៉ូឌ (Angkor Plywood) ក្រុមហ៊ុន ស៊ីងបាយអូធិច (Think Biotech) និងក្រុមហ៊ុន ធីង៉ា (Thy Nga PNT)៖ «យើងនៅកំពុងតាមដាន។ យើងមិនទាន់បញ្ចេញជាសាធារណៈទេ ដោយសារយើងប្រមូលភស្តុតាងទាំងអស់ហ្នឹងហើយ ដាក់ជូនទៅខាងក្រសួងបរិស្ថាន ។ ពួកគាត់អះអាង តំបន់ព្រៃឡង់ គ្មានការកាប់បំផ្លាញព្រៃឈើទេ ហើយការកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជា មិនមានលក្ខណៈទ្រង់ទ្រាយធំទេ។ អ៊ីចឹងហើយ យើងកំពុងដើរប្រមូលភស្តុតាងដាក់ជូនក្រសួងបរិស្ថានដើម្បីឱ្យគាត់បញ្ជាក់ឱ្យច្បាស់មែនទែនថា មន្ត្រីដែលគាត់ឈរជើងការពារជាតិ ឬមួយក៏ការពារផលប្រយោជន៍របស់ក្រុមហ៊ុនទៅវិញ»។
ស្របគ្នានេះ សកម្មជនបរិស្ថានម្នាក់ទៀតដែលប៉ិនប្រសព្វផ្ដិតយករូបភាពកាប់បំផ្លាញព្រៃឈើ លោក ម៉ា ចិត្រា ថ្លែងថា លោកក៏ដូចសកម្មជនព្រៃឈើដទៃទៀត ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ប៉ុន្តែដើម្បីរក្សាព្រៃឈើដែលសេសសល់ ឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ លោកនៅតែធ្វើកិច្ចការងារនេះ បើទោះបីជាត្រូវប្រឈមនឹងបញ្ហាអ្វីក៏ដោយ។
យុវជនរូបនេះ ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គួរសហការ និងបើកផ្លូវឱ្យពួកលោកធ្វើសកម្មភាពការពារព្រៃឈើបាន ដោយសេរី ហើយលោកក៏ទទូចដល់អាជ្ញាធរឱ្យបិទក្រុមហ៊ុនកាប់ឈើខុសច្បាប់ទាំងអស់នៅទូទាំងប្រទេស៖ «បាទ! សម្រាប់ខ្ញុំជាយុវជន ខ្ញុំមានការព្រួយបារម្ភដែរ ប៉ុន្តែយើងមិនអាចយកការព្រួយបារម្ភហ្នឹង ឱ្យធំជាងអ្វីដែលពួកយើងបាត់បង់ទេ។ មួយវិញទៀត បើសិនជា អាជ្ញាធរមានសមត្ថកិច្ចធ្វើការរារាំងពួកយើងមិនឱ្យចុះទៅពិនិត្យស្ថានភាពព្រៃឈើ ខណៈដែលពួកកាប់ឈើ កំពុងតែកាប់វាបង្ហាញពីចេតនាមិនល្អមួយ អាចអាជ្ញាធរ ជាអ្នកបើកដៃផ្ទាល់តែម្ដង ឱ្យពួកកាប់ឈើ ចូលទៅកាប់ឈើក្នុងតំបន់ព្រៃការពារហ្នឹង»។
ក្រុមសកម្មជនបរិស្ថាន ឱ្យដឹងថា ក្រុមហ៊ុនអង្គរផ្លាយវ៉ូឌ និងក្រុមហ៊ុន ស៊ីងបាយអូធិច មានម្ចាស់៣នាក់ ។ ក្នុងនោះមានលោក ជា ពៅ គឺជាប្អូនប្រុសបង្កើត លោក ជា វុទ្ធី ដែលជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។ កញ្ញា ជា សាំងធីតា គឺជាកូនស្រីបង្កើតលោក ជា វុទ្ធី ហើយនិងជនជាតិតៃវ៉ាន់ម្នាក់ ឈ្មោះ លោក លូ ជូចាង ដែលជាទីប្រឹក្សាសម្រាប់គម្រោងរ៉េដបូក នៅអាស៊ី។
ពួកគេឱ្យដឹងទៀតថា លោក ជា ពៅ រកស៊ីជំនួញឈើជាមួយម្ចាស់ក្រុមហ៊ុន ធី ង៉ា គឺអ្នកស្រី សេង គាង ដែលជាភរិយាដើមលោក ហ៊ុន ចូច ហើយសព្វថ្ងៃជាភរិយា របស់លោក ជា សំណាង មន្ត្រីកងរាជអាវុធហត្ថមានផ្កាយបី ដែលស្ថិតក្រោយការគ្រប់គ្រងរបស់ លោក សៅ សុខា។
ក្រុមសកម្មជនអះអាងថា ក្រុមហ៊ុនអង្គរផ្លាយវ៉ូឌ ទទួលសិទ្ធិនាំឈើយកទៅលក់ នៅក្រៅប្រទេស ហើយឈើដែលនាំទៅក្រៅប្រទេសភាគច្រើន មានប្រភពពីដែនជម្រកសត្វព្រៃឡង់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល និងព្រៃអភិរក្សផ្សេងទៀត ដែលគេបន្លំជាឈើស្របច្បាប់។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងយុទ្ធនាការរបស់ក្រុមសកម្មជននេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និងអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី បានទេ នៅថ្ងៃទី១៧ ខែមេសា ។ ចំណែក ក្រុមហ៊ុនទាំង៣ ដែលរងការចោទប្រកាន់ពីក្រុមសកម្មជនថា ពាក់ព័ន្ធនឹងការកាប់ឈើក្នុងព្រៃអភិរក្សនោះ ក៏មិនទាន់អាចទាក់ទងបានដូចគ្នា។ ទោះជាយ៉ាងណា ក្រុមហ៊ុនស៊ីងបាយអូថេក ធ្លាប់បានចេញមុខបដិសេធថា ក្រុមហ៊ុនមិនមានពាក់ព័ន្ធនឹងសកម្មភាពកាប់ឈើក្នុងតំបន់ព្រៃឡង់នោះឡើយ។
ក្រុមសកម្មជនការពារបរិស្ថាន អំពាវដល់យុវជន និងពលរដ្ឋទាំងអស់ដែលស្រលាញ់ព្រៃឈើ ចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីជាសារមួយ ជូនដល់រដ្ឋាភិបាល ចេញវិធានការបិទរាល់រោងចក្រអារឈើនៅជុំវិញតំបន់ព្រៃឡង់ និងនៅទូទាំងប្រទេស ដើម្បីរក្សាការពារព្រៃឈើដែលនៅសេសសល់ កុំឱ្យបាត់បង់តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមអ្នកស្រឡាញ់បរិស្ថានថា ការនាំឈើខុសច្បាប់ឆ្លងដែនទៅក្រៅប្រទេសកើតមានច្រើនអំឡុងពេលផ្ទុះជំងឺកូវីដ-១៩
- សង្គមស៊ីវិលថា បទល្មើសព្រៃឈើកើនឡើងនៅតំបន់ដែនជម្រកសត្វព្រៃជួរភ្នំក្រវាញកណ្ដាល
- ក្រុមយុវជនបង្ហាញវីដេអូទាមទារឱ្យបិទរោងចក្រអារឈើដែលជាប្រភពនៃវិនាសកម្មព្រៃឈើ
- ក្រុមយុវជនរកឃើញបទល្មើសព្រៃឈើ ៥៣ករណី ត្រឹមតែមួយថ្ងៃ នៅក្នុងព្រៃព្រះរកា ខេត្តព្រះវិហារ
- អ្នកប្រើហ្វេសប៊ុកធ្វើយុទ្ធនាការស្នើរដ្ឋាភិបាលបិទរោងចក្រអារឈើទូទាំងប្រទេសដើម្បីការពារព្រៃឈើ
- សកម្មជន និងសហគមន៍ថា មានការកាប់ឈើធំៗ នៅព្រៃឡង់ លក់ឱ្យក្រុមហ៊ុនអំឡុងពេលផ្ទុះជំងឺកូវីដ-១៩
- អង្គការអន្តរជាតិធំពីរស្នើឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការយាយីលើអ្នកការពារព្រៃឈើ លោក អ៊ូច ឡេង និងសហការី
- អង្គការសង្គមស៊ីវិលចំនួន២៤ ថ្កោលទោសចំពោះការចាប់ខ្លួនសកម្មជនព្រៃឈើលោក អ៊ូច ឡេង
- អាជ្ញាធរបញ្ជូនលោក អ៊ូច ឡេង និងសហគមន៍ព្រៃឡង់ ៣នាក់ទៀត ទៅតុលាការខេត្តក្រចេះ
- ព្រះរាជអាជ្ញារងខេត្តក្រចេះកំពុងសាកសួរលោក អ៊ូច ឡេង និងអ្នកសហគមន៍ព្រៃឡង់ ៣នាក់ទៀត
please do it we are over sea supporting you . HUN SEN regime can not doing any thing to all you guy if they do that mean world community involvement can be getting involve . peace for all Cambodian .
Bravo’ brothers&sisters’ this country rely on you all to rescue our forest ‘ and life&death are the same ‘ if we are afraid of die ‘ we will still living in the cage of fearing communist veitcong law’ so we must standing up ‘ fighting with the crooks who destroyed our forest and our country’ . GOD will protect the good and will punish the bad ‘ Remember’ Youth are the leader of freedom ‘leader of justice ‘freedom of speak ,freedom of protect from wrong doing’ ‘ Thanks you all’