កសិកម្ម | ព័ត៌មានជាតិ | ព័ត៌មានជាតិ
លោក ណាត សុភាព | ២៨ មេសា ២០២០ | ម៉ោង ៤:១៦ ល្ងាច
VOD

ប្រជាកសិករដែលដាំដំណាំស្វាយ លើកដាក់រៀបចំផ្លែស្វាយដើម្បីយកទៅលក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)
ប្រជាកសិករមួយចំនួន អះអាងថា តម្លៃកសិផលរបស់ពួកគេនៅតែមានតម្លៃទាបជាងទីផ្សារ ដែលវាផ្ទុយទៅនឹងអ្វីដែលរដ្ឋាភិបាលបានអះអាងអំពីតម្លៃទីផ្សារនៅតែខ្ពស់សម្រាប់ផលិតផលកសិកម្ម។
ក្រសួងពាណិជ្ជកម្មបានចេញការបកស្រាយមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ ខែមេសាចុងសប្ដាហ៍មុន ដោយរៀបរាប់ថា ផ្លែស្វាយមានគុណភាពល្អ ត្រូវបានប្រមូលទិញក្នុងតម្លៃចន្លោះពី ៥០០ ទៅ ៥៥០រៀល ក្នុងមួយគីឡូក្រាម ពីសំណាក់រោងចក្រផលិតដំណាប់ស្វាយ។
ក្រសួងស្រាយបំភ្លឺបែបនេះបន្ទាប់ពីបានចុះទៅពិនិត្យដល់ទីតាំងចម្ការមួយកន្លែងស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាទីដែលមានការបង្ហោះរូបថតបង្ហាញនូវគំនរស្វាយដ៏ច្រើន។
ទោះជាយ៉ាងណា កសិករដាំស្វាយនៅស្រុកកោះធំ ខេត្តកណ្ដាល អ្នកស្រី ម៉ៃ ស្រើន និយាយថា បច្ចុប្បន្ននេះ ឈ្មួញទិញស្វាយពីកសិករតម្លៃ ១៥០រៀល ទៅ ៣៥០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ កសិកររូបនេះ អះអាងថា ពលរដ្ឋសម្រេចលក់ក្នុងតម្លៃបែបនេះ ដោយសារគ្មានជម្រើស។
អ្នកស្រី ម៉ៃ ស្រើន និយាយថា៖ «វាអត់បានចំណេញឯណា ព្រោះវាថោកធ្វើម៉េចទៅ ដល់អ៊ីចឹង យើងទុកវាម៉េច យើងបេះវាលក់ទៅ កុំឱ្យវាខាតច្រើនពេក ជ្រុះអស់ យើងស្តាយអត់បានលុយ»។
អ្នកស្រី ខៀវ សាវឿន ជាកសិករដាំស្វាយនៅស្រុកសន្ទុក ខេត្តកំពង់ធំ និយាយថា ស្វាយនៅស្រុកគាត់ឈ្មួញទិញ ១គីឡូ តម្លៃ១០០រៀលតែប៉ុណ្ណោះ។
អ្នកស្រីអំពាវនាវទៅក្រសួងពាណិជ្ជកម្មចាត់មន្ត្រីជំនាញចុះទៅខេត្តរបស់គាត់ ដើម្បីជួយអន្តរាគមន៍រកទីផ្សារឱ្យប្រជាពលរដ្ឋនៅតំបន់នោះផង ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ។
អ្នកស្រី ខៀវ សាវឿន ប្រាប់ថា៖ «សូមឱ្យក្រសួង រដ្ឋាភិបាលចុះមកមើល រកទីផ្សារឱ្យប្រជាជនផង ព្រោះស្វាយឥលូវកំពុងដោន [ធ្លាក់ចុះ] គ្រប់គ្នា ហើយអត់មានលក់បានសោះ ជ្រុះចោលនៅស្រុក [ស្រុកសន្ទុក] ខ្ញុំ ព្រោះទុំគ្រប់គ្រា ១គីឡូ ១០០រៀល លក់ម៉េច បេះចោលពាក់កណ្តាល»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ មានប្រសាសន៍បន្ថែមថា បើប្រជាកសិករចង់លក់ស្វាយឱ្យបានតម្លៃខ្ពស់ ត្រូវទំនាក់ទំនងទៅលេខរោងចក្រដំណាប់ស្វាយដែលមាននៅលើវេបសាយក្រសួងពាណិជ្ជកម្ម ឬមុននឹងដាំស្វាយត្រូវធ្វើកុងត្រា ឬកិច្ចសន្យាជាមួយគ្នាជាដើម។
លោក ស៊ាង ថៃ មានប្រសាសន៍ថា៖ «អ្នកលក់ មុននឹងគាត់ដាំ [ស្វាយ] គាត់ត្រូវធ្វើកិច្ចសន្យាជាមួយអ្នកទិញឱ្យច្បាស់លាស់ទៅថា បរិមាណផលិតផលរបស់គាត់មានខ្ទង់ប្រហែលប៉ុននេះ ហើយថ្លៃប៉ុណ្ណោះ ស៊ីញ៉េកុងត្រាជាមួយគ្នា ជាមួយអ្នកទិញទៅ ដើម្បីធានានិរន្តរភាពនៅក្នុងការផ្គត់ផ្គង់ផ្លែស្វាយហ្នឹង ជួនកាលយើងមិនអាចថាបានដែរ ក្រែងលោដល់ [ផ្លែទុំទាន់ស្មើគ្នា] ទាំងអស់គ្នា វាច្រើនទៅ អ្នកទិញគាត់ក៏ឆ្លៀតឱកាសទំលាក់ថ្លៃក៏ថាបានដែរ»។
នាយិកាមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោកស្រី តុង ចាន់ធាង និយាយថា ដើមចមដែលនាំឱ្យស្វាយធ្លាក់ចុះតម្លៃនោះ ដោយសារជំងឺកូវីដ១៩ រីករាលដាលទូទាំងពិភពលោក ធ្វើឱ្យបណ្តាប្រទេសមួយចំនួនដែលធ្លាប់ទិញស្វាយពីកម្ពុជា បានផ្អាកបណោ្តះអាសន្ន ឬទិញយកតិចតួចក្នុងតម្លៃទាបជាដើម។
អ្នកជំនាញកសិកម្មរូបនោះបញ្ជាក់ថា នៅថ្ងៃខាងមុខ ក្រសួងគួរតែរៀបចំផែនការទុកមុន បើកម្ពុជាជួបបញ្ហាប្រឈមនានា ជាពិសេសដូចជាបញ្ហាជំងឺកូវីដ១៩ គឺក្រសួងត្រូវមានវិធានការជួយអន្តរាគមន៍រកទីផ្សារជូនប្រជាកសិករ ដើម្បីឱ្យតម្លៃស្វាយទទួលបានសមរម្យជាដើម។
លោកស្រី តុង ចាន់ធាង មានប្រសាសន៍ថា៖ «យើង [ក្រសួងពាណិជ្ជកម្ម] រៀបចំផែនការបង្ការទុកមុន ឧទាហរណ៍ថា នៅក្នុងខណៈពេលដែលមានបញ្ហាជួបប្រទះកើតឡើងដូចឆ្នាំហ្នឹង យើងអត់ដឹងមុនទេទាំងអស់គ្នា ធ្វើម៉េចយើងអាចពាំនាំព័ត៌មានទាំងអស់ហ្នឹង មកប្រាប់ប្រជាកសិករជាអ្នកដាំដុះ ជាការល្អមួយដែរ ដើម្បីឱ្យកសិករគាត់ដឹងព័ត៌មានទាំងអស់ហ្នឹង ហើយគាត់អាចត្រៀមខ្លួនគាត់ ដើម្បីដោះស្រាយបញ្ហាដែលគាត់ជួបប្រឈមនៅពេល [ថ្ងៃខាងមុខ] បន្តទៀត»។
ស្ថិតិនៃការនាំចេញកសិផលកសិកម្មឆ្នាំ២០១៩ ឱ្យដឹងថា គិតត្រឹមដើមខែតុលា កម្ពុជានាំចេញស្វាយប្រមាណ ៤ម៉ឺន ២ពាន់តោន ទៅកាន់ប្រទេសវៀតណាម ថៃ និងសឹង្ហបុរី៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
how can you believe to those jungle PHD . they are only good at made their cases to kill.