ដោយ ហេង រស្មី
2020-04-29
RFA

ឧត្ដមសេនីយ៍ ឈឿន សុចិត្ត (រូបចង្អុល) ស្នងការនគរបាលខេត្តកណ្ដាល ពេលចុះទៅប្រាប់ទាហានវៀតណាមឱ្យរុះរើតង់ស្នាក់នៅចំនួន ៩កន្លែង បោះនៅចំណុចដំបូកចែវ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ដែលជាតំបន់មិនទាន់បានឯកភាពគ្នាវាស់ចែកខណ្ឌសីមា និងបោះបង្គោលនៅឡើយ។

រូប៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
តំណាងរាស្ត្រគណបក្សប្រឆាំង និង ក្រុមយុវជនចាត់ទុកតង់ចំនួន៩ ដែលយោធាវៀតណាមបោះចូល ក្នុងទឹកដីកម្ពុជា ឋិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល គឺជាជាល្បិចឈ្លានពានទឹកដីកម្ពុជាជាថ្មីទៀត ពីសំណាក់ភាគីវៀតណាម។ ពួកគេអះអាងថា អាជ្ញាធរវៀតណាម បានប្រើរូបភាពទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ ជាលេសឈ្លានពានទឹកដីខ្មែរ ខណៈតំបន់នោះ វៀតណាមធ្លាប់សង់ប៉ុស្តិ៍យោធាបំពានទឹកដីខ្មែរ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងក្រុមយុវជន ទាមទារឱ្យរដ្ឋាភិបាល ស្នើឱ្យវៀតណាម រុះរើតង់ទាំងអស់ ចេញពីតំបន់ព្រំដែន ដែលពុំទាន់ឯកភាពគ្នាបោះបង្គោលនៅឡើយ។ ពួកគេអះអាងថា ការដោះស្រាយបញ្ហានេះ ត្រូវផ្អែកតាម មរតករបស់បារាំង និងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការកំណត់ បន្ទាត់ព្រំដែន ដើរតាមព្រែកស្បូវ ឬដៃទន្លេបាសាក់ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល ជាប់ខេត្តអាន យ៉ាង (An Giang ) ប្រទេសវៀតណាម។
ពួករកឃើញថា តំបន់មិនទាន់ឯកភាពកំណត់បង្គោលព្រំដែន គឺវៀតណាមមានប្រៀបជាងកម្ពុជា ដោយវៀតណាមបានគ្រប់គ្រងព្រែកស្បូវទាំងស្រុង ហើយខ្សែបន្ទាត់ព្រំដែន បណ្ដោះអាសន្ន ឆ្ងាយពីព្រែកស្បូវ ចូលដីខ្មែរ ៣០០ម៉ែត្រ ទៅ ៤០០រយ ម៉ែត្រ។ បញ្ហានេះ ក្រុមយុវជន និង គណបក្សប្រឆាំង អះអាងថា គឺជាការរំលោភលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងផ្ទុយពីច្បាប់អន្តរជាតិ។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលកំពុងរស់នៅក្រៅប្រទេស ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលត្រូវតែកំណត់ខណ្ឌសីមាព្រំដែន នៅតំបន់នោះ ផ្អែកតាមច្បាប់អន្តរជាតិ និងយកមរតករបស់បារាំងជាមូលដ្ឋាន ក្នុងការបោះបង្គោលព្រំដែន ដើរតាមគន្លងទឹកជ្រៅ ឬពុះពាក់កណ្ដាលព្រែកស្បូវ៖ «ចង់ឱ្យយួន (រៀតណាម) រើតង់ទៅវិញ ហើយក្រោយមកត្រូវកំណត់ព្រំដែន អ្វីដែលជាមរកតរបស់បារាំងកំណត់ឱ្យ ហើយព្រំដែន ត្រូវកំណត់ពាក់កណ្ដាល ព្រែកស្បូវហ្នឹងតែម្តង មិនមែននៅខាងជើង ព្រែកស្បូវ ៣០០ ទៅ ៤០០ម៉ែត្រដូចសព្វថ្ងៃហ្នឹងទេ។ អាហ្នឹងយើងដោះស្រាយ ទៅតាមគោលការណ៍ច្បាប់អន្តរជាតិ»។
កាលពីពេលថ្មីៗនេះ យោធាវៀតណាម បោះតង់ និងចងអង្រឹងចំនួន ៩កន្លែងឆ្លងចូលទឹកដីកម្ពុជា ក្រោមហេតុផលថា ទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩។ តង់នីមួយៗ មានយោធាវៀតណាមពី ៥ ទៅ ៦នាក់ ដាក់ទង់ជាតិវៀតណាម មានឧបករណ៍វាស់កម្ដៅកូវីដ-១៩ មានគ្រែ មានកៅអី និង អង្រឹង ។ អាជ្ញាធរខ្មែរថា យោធាវៀតណាម ប្រើប្រាស់កាំភ្លើងខ្លី ហើយតំបន់នោះ មានប្រជាជនខ្មែររស់នៅដាច់ៗ ពីគ្នាពីភូមិមួយ ទៅភូមិទៀត សំបូរព្រៃល្បោះ និងមានចម្ការចេក រួមទាំងដំណាំផ្សេងៗ។
ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍ថា ជំហររបស់ រដ្ឋាភិបាល ទាមទារខ្សែបន្ទាត់ព្រំដែន ដើរតាមព្រែក ឬពុះចំកណ្ដាលព្រែកស្បូវ អនុលោមតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥។ លោកអះអាងថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ គឺជាគុណសម្បត្តិ ដែលភាគីប្រទេសទាំងពី ឯកភាពគ្នា យកខ្សែបន្ទាត់ព្រំដែន ដើរតាមផ្លូវខ្សែទឹកមានជាង ១៩២ គីឡូម៉ែត្រ ៖ «ក្នុងករណីដែលខ្សែព្រំដែន ដើរតាមផ្លូវទឹក យើងតែងតែទាមទារយកគោលការណ៍ ច្បាប់អន្តរជាតិ យកមកអនុវត្តខ្សែព្រំដែនធ្វើនាវាចរណ៍បាន។ អាហ្នឹងយើងយកខ្សែជ្រលងទឹកជ្រៅ តែក្នុងករណីដែលធ្វើនាវាចរណ៍មិនបានទេ យើងធ្វើទឹកជាពីរទៅ។ កន្លែងណា ត្រឹមកណ្ដាលយើងគូសខ្សែជាពីរ ជាមួយឡាវក៏អ៊ីចឹង ជាមួយថ្ងៃក៏អ៊ីចឹង ជាមួយវៀតណាមយើងបានជោគជ័យ វៀតណាម នៅឆ្នាំ ២០០៥ វៀតណាមគេព្រមទម្លាក់មកទាំងអស់ នៅពាក្យកណ្ដាលព្រែក និងពាក្យកណ្ដាលផ្លូវទឹក »។
កាលពី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងរដ្ឋសភា ថា ភាគីប្រទេសទាំងពីរ បានឯកភាពចុះហត្ថលេខាប្រើប្រាស់សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ គឺសំដៅប្រើប្រាស់ខ្សែបន្ទាត់ព្រំដែនដើរតាមទន្លេ ព្រែក បឹង និងស្ទឹងជាដើម ស្របតាមគោលការណ៍ ច្បាប់អន្តរជាតិ។ លោកថា ខ្លឹមសារសន្ធិសញ្ញានេះ បានឯកភាពគ្នា អនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពី ប្រើប្រាស់ទឹករួមគ្នា ក្នុងការស្រោចស្រព និងធ្វើកសិកម្មជាដើម៖ «សន្ធិសញ្ញាបំពេញបន្ថែមនេះ គឺសំដៅ កែសម្រួលទិសដើរនៃខ្សែព្រំដែនគោក ដើរតាមទន្លេ ដើម្បីកំណត់ខ្សែព្រំដែន ដើរតាមទន្លេ ឬផ្លូវទឹក ស្របតាមគោលការណ៍ និងការអនុវត្តអន្តរជាតិ ពោលគឺ យើងត្រូវពុះទ្រូងព្រែកហ្នឹងតែម្ដង ចំពាក់កណ្ដាលហ្នឹងតែម្ដង។ ពលរដ្ឋកម្ពុជា ដែលរស់នៅបណ្ដោយខ្សែព្រំដែនទឹក ក៏មានសិទ្ធិប្រើប្រាស់ទឹកទន្លេ ព្រែក ស្ទឹងទាំងនោះ»។
ទោះជាយ៉ាងណា ក្រុមយុវជន ពលរដ្ឋ អាជ្ញាធរ និងគណបក្សប្រឆាំង សង្កេតឃើញថា ការអនុវត្តជាក់ស្ដែងពុំដូច្នេះទេ។ ពួកគេថា ព្រែកស្បូវ ឬដៃទន្លេបាសាក់ ដែលកំពុងមានភាពចម្រូងចម្រាសនោះ វៀតណាមបានគ្រប់គ្រងព្រែកនោះទាំងស្រុងជាច្រើនឆ្នាំមកហើយ។
ប្រធានក្រុមការងារ ១០០រាត្រី លោក មួង សូនី កត់សម្គាល់ថា មកទល់ពេលនេះ ពលរដ្ឋខ្មែរនៅតំបន់នោះ ទិញទឹក ពីវៀតណាមដែលទាញចេញ ពីព្រែកស្បូវ ឬ ដៃទន្លេបាសាក់ មកស្រោចស្រពស្រូវកសិកម្មរបស់ខ្លួន ហើយត្រូវពឹងទាំងស្រុងលើទីផ្សារវៀតណាម៖ «នៅតំបន់ហ្នឹងគឺ អត់មានការអភិវឌ្ឍអីទេ ផ្លូវសឹងតែជិះមិនកើតផង ផ្ទះប្រជាជនគឺក្រីក្រណាស់ លំបាកច្រើន ជីវភាព សាលារៀន ការរៀនសូត្រ និងមន្ទីរពេទ្យ ព្រោះនៅភូមិព្រែកស្បូវហ្នឹង អត់មានទឹកធ្វើស្រូវទេ ព្រោះព្រែកហ្នឹងវៀតណាមគេយកបាត់ហើយ ចង់ធ្វើស្រូវ ត្រូវទិញទឹកពីវៀតណាម គេលក់ឱ្យ។ ភាគច្រើនចំណាកស្រុកអស់ច្រើនណាស់ ប្រជាជនតំបន់ហ្នឹង»។
អាស៊ីសេរីមិនទាន់ទាក់ទង មន្ត្រីនាំពាក្យស្ថានទូតវៀតណាម ដើម្បីសុំការបំភ្លឺរឿងនេះនៅឡើយទេ នៅថ្ងៃទី២៩ មេសា។
ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង បន្ថែមថា តំបន់នោះ មិនទាន់បោះបង្គោលព្រំដែនជាផ្លូវការនៅឡើយទេ ហើយភាគី ប្រទេសទាំងពីរ ត្រៀមស្នើទៅរដ្ឋាភិបាលបារាំង ឱ្យចម្លងខ្សែព្រំដែន ពីផែនទីបោន (Bonne) ខ្នាត ១/១០០ ពាន់ ទៅជាផែនទី UTM ខ្នាត ១/៥០ ពាន់វិញ។
របាយការណ៍របស់ក្រុមការងារ ១០០ រាត្រី បង្ហាញថា ក្នុងឃុំសំពៅពូនដែលកំពុងចម្រូងចម្រាស់រឿងព្រំដែននោះ មានភូមិចំនួន ២ នៅជាប់ព្រំដែនវៀតណាម គឺភូមិ ព្រៃធំ បោះបង្គោលព្រំដែនរួច នៅឆ្នាំ ២០១៧ និង ភូមិព្រែកស្បូវ មិនទាន់បោះបង្គោលព្រំដែន ដែលវៀតណាមបានបោះតង់ចូលដីខ្មែរ។ របាយការណ៍បន្តថា ភូមិព្រែកស្បូវ មានប្រជាជនខ្មែរ ឬ រស់នៅជាង ១ពាន់គ្រួសារ នៅជាប់ព្រំដែនវៀតណាម ហើយពលរដ្ឋភាគច្រើនធ្វើចំណាកស្រុកស្ងាត់ភូមិ។ ដោយឡែក ប្រទេសវៀតណាមវិញ មានប្រជាជនរស់រាប់ម៉ឺនគ្រួសារ តាមបណ្ដោយព្រែកស្បូវ ឬហៅថា ព្រែកបីញ ឌី (Binh Di) ជាភាសាវៀតណាម។ តំបន់នោះ វៀតណាមមាន មន្ទីរពេទ្យ សាលារៀន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវខ្វាត់ខ្វែងតាមបណ្ដោយព្រំដែន និងមានផ្លូវក្រវាត់ព្រំដែនចំនួន២ ខ្សែ ផ្ទុយពីកម្ពុជា មានផ្លូវលំ ២ ខ្សែ លំបាកធ្វើដំណើរខ្លាំង គ្មានហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងមន្ទីរពេទ្យគ្រប់គ្រាន់។
កម្ពុជាមានព្រំដែនជាប់នឹងប្រទេសវៀតណាមចំនួន ១.២៤៥គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ៣៧១បង្គោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមយុវជន៖ ការបោះតង់របស់ទាហានវៀតណាម ឆ្លងចូលទឹកដីកម្ពុជា ជាការឈ្លានពានទឹកដីខ្មែរ
- យុវជនសង្គ្រោះជាតិថ្កោលទោសរបបក្រុងភ្នំពេញរឿងចាប់ចងមន្ត្រីបក្សប្រឆាំងថ្មីៗនេះ
- សម្ភាសមន្ត្រីស្ថាប័នឃ្លាំមើលគណនេយ្យភាពអាមេរិក រឿងលោក ភូ លីវុឌ្ឍ ជះលុយជិត ២សែនដុល្លារក្នុងនយោបាយអាមេរិក
- អ្នកទោសនយោបាយ សរសេរលិខិតស្នើសុំលោក ហ៊ុន សែន ឱ្យដោះលែងអ្នកជាប់ឃុំរឿងនយោបាយ មានជំងឺ ពិការភាព និងអនុវត្តទោសបាន ២ ភាគ ៣ ហើយ
- មន្ត្រីបក្សប្រឆាំងថា របបក្រុងភ្នំពេញបង្ក្រាបអ្នករិះគន់ខ្លាំងជាងប្រយុទ្ធនឹងជំងឺកូវីដ-១៩
- យុវជនសោកស្ដាយដែលនាយករដ្ឋមន្ត្រី មិនគោរពការសន្យាថា មិនចាប់ចងសកម្មជនបក្សប្រឆាំង
- មន្ត្រីនាំពាក្យបក្សកាន់អំណាច បដិសេធការចំណាយលុយតាមរយៈមន្ត្រីនៅក្រៅប្រទេស ឲ្យជួយបញ្ចុះបញ្ចូលអ្នកនយោបាយអាមេរិកាំង
- ក្រសួងយុត្តិធម៌ថា ច្បាប់ស្ដីពីគ្រប់គ្រងប្រទេសក្នុងភាពអាសន្នកាត់បន្ថយអំណាចរដ្ឋាភិបាល
- អ្នកវិភាគទទូចឱ្យបក្សប្រឆាំងបង្កើតរណសិរ្សអ្នកប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា
- សកម្មជនបក្សប្រឆាំង ដែលរងការវាយដំមិនទាន់ទទួលបានយុត្តិធម៌
Where the F are the Cambodian National Arm Forces when there is a foreign soldiers are camp in our territory without any notices? How come we have not hear a word from Hun Sen??? What is Hun Sen going to respond to this… does he has the ball to tell the Vietnamese government to withdraw their’s military personnel back or is he going to stay quiet and let the Vietnamese do whatever they want to do to our nation? Those Vietnamese soldiers should be detained on the spot without any question because they are in our territory. If they want to prevent the COVID 19 from spreading into their country, they should built a post on their territory. THIS IS A PURE ACTS OF ADVANCING OF AN INVASIONS AND TO PROVOKE ACTIONS BETWEEN THE TWO COUNTRY. The UN should also take notices of WHY this is being taken place and this is UNACCEPTABLE no matter what theirs’ explanations are.
please do not depending on that great leader of KAMPOUCHEA he is only good at murdering Cambodian. VIETNAM was his boos that they greeted his party since 1952 Cambodia and Lao is only the poppet country only . you will never see HUN SEN doing any thing to his boss he only tell Cambodian not to go close to that border that all. I just want to say the Viet and China they are HUN SEN boss this nation was just only words but sovereignty was gave to them already. the only word from HUN SEN to take that sovereignty use to speak to the world witch they wanted to help Cambodian . GOD bless Cambodian and it’s people