ដោយ មាន ឫទ្ធិ
2020-04-29
RFA
តើប្រទេសណាខ្លះបានបង្កើនយុទ្ធនាការឈ្លបយកការណ៍លើពលរដ្ឋខ្លួនឯង ចាប់តាំងពីមានករណីផ្ទុះរាលដាលនៃជំងឺរាតត្បាតសាកលកូវីដ១៩?
ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតសាកលកូវីដ១៩ រដ្ឋាភិបាលនៃប្រទេស មួយចំនួននៅលើពិភពលោក ជាពិសេសក្រុមប្រទេសដែលមានប្រព័ន្ធដឹកនាំបែបកុម្មុយនិស្ត ឬផ្ដាច់ការ បានបង្កើនយុទ្ធនាការឈ្លបយកការណ៍លើពលរដ្ឋខ្លួនឯង ដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ ក្រោមហេតុផលថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺនេះ។ ចំណាត់ការដូច្នេះ រងការរិះគន់ថា បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិឯកជនភាពរបស់បុគ្គល និងពលរដ្ឋទូទៅ។ សង្គមស៊ីវិលអន្តរជាតិ ចង់ឃើញរដ្ឋអំណាចនៃប្រទេសទាំងអស់ ផ្ដោតលើការគោរពសិទ្ធិមនុស្សជាចម្បង មុននឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជា ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតនេះ។
មិនខុសពីនៅតាមបណ្ដាប្រទេសដែលមាននិន្នាការកុម្មុយនិស្ត ឬប្រព័ន្ធគ្រប់គ្រងបែបផ្ដាច់ការនៅលើពិភពលោក នៅកម្ពុជា រដ្ឋអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបណ្ដែតបណ្ដោយឲ្យឱកាសនៃវិបត្តិជំងឺកូវីដ១៩ កន្លងផុតទៅ ដោយពុំបានកេងយកប្រយោជន៍នោះឡើយ។ លោកបានប្រញ៉ាប់ប្រញ៉ាប់ឆក់យកវិបត្តិនេះ ប្រែក្លាយជាឱកាស ដើម្បីធានាភាពយូរអង្វែងនៃការគ្រប់គ្រង និងក្តោបក្តាប់អំណាចរបស់លោកតទៅទៀត។
ការឆក់យកឱកាសនោះគឺ ការបង្កើតច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន៖
ច្បាប់នេះធ្វើឡើងដោយប្រញាប់ប្រញាល់គ្មានការប្រមូលមតិយោបល់ពីពលរដ្ឋទូទៅ ឬសង្គមស៊ីវិលជាតិ និងអន្តរជាតិឡើយ លើកលែងតែអ្វីដែលបានដាក់ចេញដោយរបបឯកបក្សរបស់លោក។ ដោយប្រើពេលមិនដល់ ៣សប្ដាហ៍ផង ច្បាប់នេះ បានឆ្លងផុតក្រុមប្រឹក្សាធម្មនុញ្ញ ដោយគ្មានការកែប្រែ។ បើទោះជាច្បាប់នេះ អនុញ្ញាតឲ្យរដ្ឋដកហូតសិទ្ធិសំខាន់ៗ របស់ពលរដ្ឋ ជាពិសេស សិទ្ធិដើរហើរ សិទ្ធិប្រមូលផ្តុំ សេរីភាពនៃការបញ្ចេញមតិ សិទ្ធិផ្ដល់ និងទទួលបានព័ត៌មានក៏ដោយ ច្បាប់នេះ ត្រូវក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។ ច្បាប់នេះ ធ្វើឡើងដោយចាត់ទុកបញ្ហាជំងឺរាតត្បាតលើសុខភាពសាធារណៈ ស្មើគ្នានឹងបញ្ហាពេលប្រទេសមានសង្គ្រាម ដែលមានន័យថា ច្បាប់អាជ្ញាសឹក ក៏អាចត្រូវយកមកអនុវត្ត ក្នុងពេលមានអាសន្នផ្នែកជំងឺរាតត្បាត ដូចគ្នានឹងពេលមានសង្គ្រាមដែរ។
មាត្រា ៥ នៃច្បាប់នេះ បានបើកដៃ និងផ្តល់អំណាចយ៉ាងទូលំទូលាយ ឲ្យរដ្ឋអំណាច អាចដកហូត និងរិតត្បិតសិទ្ធិសេរីភាពនៃការផ្តល់ និងទទួលបានព័ត៌មានក្នុងពេលប្រទេសស្ថិតក្នុងភាពអាសន្ន តាមរយៈការដាក់ចេញវិធានការឃ្លាំមើល និងតាមដាមតាមគ្រប់មធ្យោបាយ ដោយប្រើប្រព័ន្ធទូរគមនាគមន៍គ្រប់រូបភាព។ ក្រៅពីនេះ ច្បាប់នេះ ក៏អនុញ្ញាតឲ្យរដ្ឋ ដាក់ចេញនូវវិធានការឥតកំណត់ដទៃទៀត ដែលរដ្ឋយល់ថា មានភាពសមស្រប និងចាំបាច់។
វិធានការឃ្លាំមើល និងតាមដាន និងវិធានការសមស្រប និងចាំបាច់ដែលគ្មាននិយមន័យនេះហើយ កំពុងបង្កឲ្យមានការព្រួយបារម្ភ។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន RSF ថាច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ននេះ រំលោភសេរីភាពនៃការផ្ដល់ព័ត៌មាន និងសេរីភាពនៃការទទួលបានព័ត៌មាន។ នាយកកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន លោក ដានីញ៉ែល បាស្តាត (Daniel Bastard) ថា ច្បាប់នេះ នឹងបង្កើតឱ្យមាននូវប្រព័ន្ធមួយនៃការតាមដានឈ្លបយកការណ៍ និង ការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ មិនធ្លាប់មានពីមុនមកក្នុងរយៈពេល ៣០ឆ្នាំ កន្លងមក។
ការរិះគន់ទាំងនេះត្រូវមន្ត្រីបក្សកាន់អំណាច និងលោក ហ៊ុន សែន ច្រានចោល ក្រោមហេតុផលថា ការរឹតត្បិតសិទ្ធិសេរីភាពទូទៅ តែងតែកើតមានឡើង ក្នុងពេលប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។ ក៏ប៉ុន្តែ ពួកគេពុំបានលើកឡើងទេថា រដ្ឋធម្មនុញ្ញនៃប្រទេសនិយមប្រជាធិបតេយ្យមួយចំនួន ពិសេសនៅសហរដ្ឋអាមេរិក បានហាមដាច់ខាតការធ្វើច្បាប់ទាំងឡាយណាដែលប៉ះពាល់ដល់ ឬដកហូតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃសារព័ត៌មាន ព្រោះសិទ្ធិទាំងពីរនេះ ជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធប្រជាធិបតេយ្យ។
អ្នកជំនាញវិស័យសារព័ត៌មាន លោក ណុប វី មានប្រសាសន៍ថា លោកពិបាកវាយតម្លៃ អំពីយុទ្ធនាការឈ្លបយកការណ៍របស់រដ្ឋអំណាចដោយប្រើបច្ចេកវិទ្យាទូរគមនាគមន៍ ក្នុងពេលបច្ចុប្បន្ននេះ។ ក៏ប៉ុន្តែ លោកថា ពលរដ្ឋទូទៅហាក់ពុំមានទំនុកចិត្ត ឬបាត់បង់ទំនុកចិត្តតែម្ដង ទៅលើការប្រាស្រ័យទាក់ទងតាមប្រព័ន្ធទូរស័ព្ទ តាំងពីមុនពេលផ្ទុះរាលដាលនៃជំងឺកូវីដ១៩ នេះ មកម៉្លេះ៖ «រឿងទំនុកចិត្តចំពោះការឆ្លើយឆ្លង ឬការទំនាក់ទំនងតាមទូរស័ព្ទ វាមានបញ្ហា ធ្វើឲ្យពលរដ្ឋបាត់បង់ទំនុកចិត្ត ចាប់តាំងពីការលេចធ្លាយការទំនាក់ទំនងតាម ទូរស័ព្ទរបស់មេដឹកនាំគណបក្សប្រឆាំងអីមកម៉្លេះ។ រឿងប្រមូលព័ត៌មានឯកជននេះ មិនមែនចេះតែកើតឡើងនៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ នេះទេ។ វាមានការលេចធ្លាយតាំងពីមុនមកម៉្លេះ តាំងពីមុនគណបក្សប្រឆាំងមិនទាន់ត្រូវបានរម្លាយ មកម៉្លេះ»។
នៅលើពិភពលោក យ៉ាងហោចណាស់មានរដ្ឋាភិបាលចំនួន ២៥ ប្រទេស បានដាក់ចេញកម្មវិធីប្រមូលយកព័ត៌មាន និងឈ្លបយកការណ៍តាមដានពលរដ្ឋ ពីគ្រប់មធ្យោបាយ ដូចជា តាមប្រព័ន្ធទូរស័ព្ទ ប្រព័ន្ធ GPS បណ្ដាញសង្គម វីដេអូកាម៉េរ៉ាសុវត្ថិភាព ដែលមានប្រព័ន្ធអាចកំណត់អត្តសញ្ញាណបុគ្គលបាន និងការប្រើប្រាស់ឧបករណ៍យន្តហោះ ដ្រូន គ្មានមនុស្សបើក ជាដើម។
នៅប្រទេសចិន រដ្ឋអំណាចបានតម្រូវឲ្យ មនុស្សរាប់លាននាក់នៃប្រទេសនេះ ចាំបាច់ត្រូវដំឡើងកម្មវិធី តាមដានសុខភាព ឬ Health Codes នៅក្នុងទូរសព័្ទរបស់ពួកគេ ដើម្បីតាមដានសកម្មភាព ឬកំណត់ការរិតត្បិតការធ្វើដំណើររបស់ពលរដ្ឋ ឬអ្នកសង្ស័យថា ឆ្លងជំងឺកូវីដ១៩។ រីឯ នៅទីក្រុងមូស្គូ នៃប្រទេសរុស្ស៊ីវិញ អាជ្ញាធរបានតម្រូវឲ្យពលរដ្ឋ ត្រូវតែមាន QR Codes នៅពេលធ្វើដំណើរចេញក្រៅផ្ទះ។ អាជ្ញាធររុស្សី ក៏គ្រោងបំពាក់ឧបករណ៍កាម៉េរ៉ាសុវត្ថិភាពជាង ១សែន ដែលអាចកំណត់អត្តសញ្ញាណ ឬស្គាល់មុខមនុស្សបាន ដើម្បីពង្រឹងវិធានការដាក់មនុស្ស ឲ្យនៅដាច់ដោយឡែកពីគេ។ រីឯនៅប្រទេសឥណ្ឌាវិញ អាជ្ញាធរនៃប្រទេសនេះ បានសាកល្បងដាក់ចេញកម្មវិធីតាមដាន ការធ្វើដំណើររបស់ពលរដ្ឋ និង ចែកចាយអាសយដ្ឋានរបស់អ្នកឆ្លងជំងឺជាដើម។ ក្រៅពីនោះ អាជ្ញាធរនៅប្រទេសជឿនលឿនមួយចំនួនទៀត ដូចជា នៅប្រទេសប៉ូឡូញ ហូឡង់ អេស្ពាញ អ៊ៀកឡង់ និងចក្រភពអង់គ្លេសជាដើម ក៏សុទ្ធតែបានបង្ហាញការចាប់អារម្មណ៍ ឬចាប់ផ្ដើមដាក់ចេញកម្មវិធីតាមទូរស័ព្ទដៃ ដើម្បីជួយតាមដាន និងស្វែងរកអ្នកដែលសង្ស័យថា ឆ្លងជំងឺកូវីដ១៩។
ការដាក់ចេញនូវវិធានការតាមដាន និងឈ្លបយកការណ៍កាន់តែខ្លាំងឡើង ពីសំណាក់អាជ្ញាធររដ្ឋាភិបាលនៃប្រទេសទាំងនេះ រងការរិះគន់ ពីសង្គមស៊ីវិលអន្តរជាតិថា ជាការរំលោភសិទ្ធិឯកជនភាពរបស់បុគ្គល ឬពលរដ្ឋនៃប្រទេសរៀងៗ ខ្លួន។ អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House អំពាវនាវឲ្យរដ្ឋាភិបាលនានា ចាំបាច់ត្រូវតែការពារសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ទាំងនៅក្នុងអំឡុងពេល និងក្រោយពេលមានវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដោយគោរពតាមគោលការណ៍ចម្បងៗ មួយចំនួននៃសេរីភាពបុគ្គល។ គោលការណ៍ចម្បងទាំងនេះ រួមមានដូចជា ការប្រមូល ឬឈ្លបយកការណ៍ ត្រូវតែមានការគ្រប់គ្រងប្រកបដោយតម្លាភាព មានភាពចាំបាច់ខាងផ្នែកវិទ្យាសាស្ត្រ ក្នុងគោលដៅដើម្បីកម្រិតការរីករាលដាលនៃជំងឺឆ្លង ដោយត្រូវកំណត់ពេលវេលា ជាក់លាក់នៃការអនុវត្តវិធានការដូចនេះ។ អង្គការនេះថា ការគោរពសេរីភាពសារព័ត៌មាន គឺពិតជាមានសារសំខាន់ចាំបាច់ណាស់ក្នុងអំឡុងពេលមានភាពអាសន្ន។ ដូច្នេះហើយ រដ្ឋមិនត្រូវដាក់កម្រិត ឬរឹតត្បិតដោយខុសច្បាប់ទៅលើលំហូរព័ត៌មានដោយសេរីនោះទេ។ អង្គការនេះថា ការដាក់ទោសទណ្ឌផ្នែកព្រហ្មទណ្ឌ ដោយសារតែការចែកចាយព័ត៌មានមិនពិត គឺជាការអនុវត្តគ្មានសមាមាត្រ ហើយងាយនឹងរងការអនុវត្តតាមទំនើងចិត្តពីអាជ្ញាធររដ្ឋ។ អង្គការនេះស្នើថា រដ្ឋាភិបាលនៃប្រទេសនានា គួរតែប្រយុទ្ធនឹងព័ត៌មានមិនពិត ដោយបញ្ចេញនូវព័ត៌មានច្បាស់លាស់ ពិតប្រាកដ និងប្រកបដោយបច្ចុប្បន្នភាពវិញ។
ដូចគ្នានេះដែរ អង្គការសង្គមស៊ីវិលអន្តរជាតិជាង ១០០ស្ថាប័ន ដែលភាគច្រើនមកពីស្ថាប័នសារព័ត៌មាន ក្នុងនោះក៏រួមមានទាំងអង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងអង្គការលើកលែងទោសអន្តរជាតិ ក៏បានដាក់ចេញជាលក្ខខណ្ឌស្នើឡើងចំនួន ៨ចំណុច ដែលរដ្ឋត្រូវបំពេញឲ្យបាន មុនពេលអនុវត្តវិធានការប្រមូល ឬឈ្លបយកការណ៍។ លក្ខខណ្ឌទាំងនោះ មានដូចជា ការធានាថា ការឈ្លបយកការណ៍ធ្វើឡើងស្របច្បាប់ មានភាពចាំបាច់ ដើម្បីប្រឆាំងនឹងជំងឺឆ្លង និងមានភាពសមាមាត្រ ដោយត្រូវកំណត់ពេលវេលាជាក់លាក់ និងថា រដ្ឋត្រូវធានាថា ទិន្នន័យដែលប្រមូលបាននេះ បម្រើឲ្យតែគោលដៅប្រយុទ្ធនឹងជំងឺកូវីដ១៩ តែមួយគត់ ពិតប្រាកដ ហើយមិនត្រូវយកទៅប្រើប្រាស់ក្នុងគោលដៅដទៃ ឬគោលដៅពាណិជ្ជកម្មឡើយ។ ក្រៅពីនោះ គឺរដ្ឋត្រូវធានាថា ការឈ្លបយកការណ៍នេះ មិនបម្រើឲ្យគោលដៅ ដើម្បីរើសអើងប្រឆាំងពូជសាសន៍ ពលរដ្ឋក្រីក្រ និងសំឡេងរិះគន់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមអ្នកជំនាញ ព្រមានពីហានិភ័យនៃការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយចិន និងប្រទេសពាក់ព័ន្ធ
- បទសម្ភាសន៍៖ អ្នកជំនាញព្រមានថា ឱកាសស្វែងរកជម្រើសអភិវឌ្ឍន៍តំបន់ទន្លេមេគង្គប្រកបដោយភាពឆ្លាតវៃ អាចនឹងត្រូវបាត់បង់
- អ្នកជំនាញថា របបលោក ហ៊ុន សែន ប្រើយុទ្ធសាស្ត្រការពារអធិបតេយ្យ ក្នុងគោលនយោបាយការបរទេសមិនខុសពីសម័យខ្មែរក្រហម
>>>>>>>>>>>>>>>>>>>>> I KNOW THE ANSWERS <<<<<<<<<<<<<<<<<<<<<<<<<<> he was so skinny without enough food for many month just about falling down one day he was so sick and stay in their camp at the time every one gone to work so he had that opportunity still some food to eat so he will nor going to staving to die. he was trying to dig DAM LONGMY to et it raw so sad one of them saw him they took him to punished in the hole under the ground . some time they took him to asked some question he acting he is a mental person he did this for manty time they still not believe him . until last day he et his own ass then they said he was true mental person until than he acting all the way till those KHMER RUE group gone from that camp. now he was free in democracy nation . this was what happen to our life during that day that make us so angry when we that kind of spy. the only the people shouting out CHHAIYO PAK PAKDEWATT KAMPOUCHEA from POL POT,HUN SEN , HENG SAMRIN , CHEA SIM said that kind of word that all mean they are the same group of those killer. HUN SEN is every true a former ANGKA LEIR his hand was full of Cambodian blood. please get this evil animal out not to let him murder more Cambodian . GOD bless Cambodia and it’speople