លោក ហ៊ុន សែន ថា​ភាព​រឹង​មាំ​នៃ​សន្តិភាព​ធានា​បាន​អត្រា​មាន​ការងារ​ធ្វើ​៩៩,៧%

ការងារ | ព័ត៌មានជាតិ | សេដ្ឋកិច្ច
លោក ញឹម សុខន |០១ ឧសភា ២០២០ | ម៉ោង ៤:២៨ ល្ងាច
VOD

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។  (ជន ចាន់រ៉ែន)

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​មោទនភាព​ថា ភាពរឹងមាំ​នៃ​សន្តិភាព វា​បាន​ធានា​អត្រា​មានការ​ងារ​ធ្វើ​ដល់ ៩៩,៧ភាគរយ​ នៃ​កម្លាំង​ពលកម្ម​សរុប ១០លាន​នាក់។

នេះ​បើ​តាម​សារលិខិត​ចូលរួម​អបអរ​សារ​ទរ​ទិវា​ពលកម្ម​អន្តរជាតិ១ឧសភា របស់​នាយក​រដ្ឋមន្ត្រី។ ក្នុង​លិខិត​នោះ ​លោក ហ៊ុន សែន លើកឡើង​ថា ដោយសារ​រដ្ឋាភិបាល​អាច​ការពារ​បាន​យ៉ាង​រឹងមាំ​នូវ​សន្តិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ ទើប​ប្រទេស​ទទួល​បានការ​រីកចម្រើន​លើ​គ្រប់​វិស័យ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៀត​ថា ជា​លទ្ធផល​ រដ្ឋាភិបាល​សម្រេច​បាននូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​អត្រា ៧​% ជាម​ធម្យ​មក្នុង ១ឆ្នាំ ដែល​បាន​បង្កើត​ការងារ​កាន់តែ​ច្រើន​ជូន​ប្រជាពលរដ្ឋ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា៖ «រដ្ឋាភិបាល​​អាច​ធានា​បាន​នូវ​អត្រា​មានការ​ងារ​ធ្វើ ៩៩,៧ភាគរយ​ នៃ​កម្លាំង​ពល​កម្មសរុប ១០លាន​នាក់ ក្នុង​ប្រទេស​មាន​ប្រមាណ ៣,៦៩លាន​នាក់ [ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ ចំនួន​ជាង ១,៥លាន​នាក់ និង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ២,២លា​ននាក់​] វិស័យ​កសិកម្មប្រមាណ ៤លាន​នាក់ មន្ត្រី​សាធារណៈ​ចំនួន ៥០ម៉ឺន​នាក់ និង​ពលករ​ធ្វើការ​នៅ​ក្រៅប្រទេស ១,២៨លាន​នាក់»។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ទៀត​ថា តាម​មហិច្ឆតា នៅ​ឆ្នាំ២០៣០ និង២០៥០ កម្ពុជា​នឹង​ក្លាយ​ពី​ប្រទេសមាន​ចំ​ណូល​ធម្យ​មក​ម្រិ​តខ្ពស់ ឬចា​កផុត​ពី​ប្រទេស​ក្រីក្រ ។

ប៉ុន្តែ​ បច្ចុប្បន្ននេះ ការ​គំរាមកំហែង​ជំងឺ​កូ​វីដ១៩ រោងចក្រ​ ១៣០ បាន​ព្យួរការងារ ធ្វើឱ្យកម្មករ​ក្នុង​វិស័យ​នេះ​ប្រមាណ ១០ម៉ឺន​នាក់ ​បាត់បង់​ការងារ នេះ​បើ​ផ្អែក​តាម​ទិ​ន្នន័យក្រ​សួង​ការងារ។ ចំណែក​ពលរដ្ឋខ្មែរ​ដែល​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ថៃ​ប្រមាណ ១០ម៉ឺន​នាក់​ ក៏​វិលត្រឡប់​មក​កម្ពុជា​ ដោយ​មិន​មាន​ចំណូល ខណៈ​អ្នកធ្វើការ​ក្នុង​វិស័យ​សេវាកម្ម​កម្សាន្ត​ជិត ៨ម៉ឺន​នាក់ បាត់បង់​ប្រាក់ចំណូល ក្រោយពី​រដ្ឋាភិបាល​បញ្ជា​ឱ្យ​បិទ​ខារ៉ាអូខេ ក្លឹប​កម្សាន្ត នៅ​ទូទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និងសិទ្ធិមនុស្ស​ លោក មឿន តុលា មិន​ជឿ​តួលេខ​អ្នកមាន​ការងារ​ធ្វើដែល​បង្ហាញ​ដោយ​រដ្ឋាភិបាល​នេះ​ទេ។

លោក មឿន តុលា សំអាង​ថា កម្ពុជា​គ្មាន​ប្រព័ន្ធ​ធានា​រាប់​រង​អត់​ការងារ​ធ្វើ ដូច​បណ្តា​ប្រទេស​មួយចំនួន ដែល​អ្នក​អត់​ការងារ​ធ្វើ អាចម​កប្រាប់​រដ្ឋាភិបាល​ដើម្បី​ស្វែងរក​ការងារ។

លោក​ថា ប្រព័ន្ធ​បែបនេះ មិន​ឆ្លុះបញ្ចាំង​បញ្ហា​សង្គម​ទេ ព្រោះ​អ្នក​អត់​ការងារ​ធ្វើ​ខ្លះ គ្មាន​ឱកាស​ឱ្យរដ្ឋាភិបាល​ដឹង​ឡើយ ។

លោក មឿន តុលា បង្ហាញ​ការ​ព្រួយបារម្ភ​ថា វិបត្តិ​សង្គម​វា​នឹង​កើតឡើង បើ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​បាត់បង់​ការងារ​ច្រើន​ទៅៗ ពលករ​ចំណាកស្រុក​វិល​ចូលកាន់​តែ​ច្រើន បញ្ហា​បំណុល​ពលរដ្ឋ​រាប់​លាន​នាក់​ មិន​ត្រូវ​បាន​ដោះស្រាយ​នោះ។

លោក​ថា៖ «វា​អាច​មាន​បញ្ហា​មួយចំនួន​ដែរ​ទៅដល់​វិស័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនា​គារ​បើសិនជា​កូនបំណុល​របស់​ខ្លួន​កាន់តែ​ច្រើន​ទៅៗ​ ដែល​មិន​មានលទ្ធភាព​សងបំណុល​ទៅវិញ។ អ៊ីចឹង​ មាន​បញ្ហា​ច្រើ​នណាស់​ដែល​កម្ពុជា​ត្រូវ​ដោះ​នៅពេល​ហ្នឹង»។

របាយ​កា​រណ៍​បណ្តុំ​អង្គការ​សមាគម​បង្ហាញ​នៅ​ចុងខែ​មីនា ​ឆ្នាំ២០២០នេះ គឺ​ពលរដ្ឋ​ប្រមាណ ២លាន ៥សែន​នាក់​ កំពុង​ជាប់បំណុល។ របាយការណ៍​បញ្ជាក់​ថា បំណុល​ជាមធ្យម ៤០០០ដុល្លារក្នុង​ម្នាក់ ហើយ​បំណុល​នេះ​ជា​ចំនួន​ធ្ងន់ធ្ងរ​ជាងគេ​លើ​ពិភពលោក បើ​ប្រៀបធៀប​ពល​រដ្ឋ​ផ្សេង​ៗដែល​ជាប់បំណុល។

អង្គការ​ពលកម្ម​អន្តរជាតិ (ILO) កាលពី​ឆ្នាំ២០១៧ បាន​បង្ហាញ​របាយការណ៍​ស្រាវជ្រាវ​មួយ​រក​ឃើញថា ពលករ​ចំណាកស្រុក​កម្ពុជា រង​ការរំលោភ​បំពាន​ខ្ពស់​ជាងពលការ​ចំណាកស្រុក វៀតណាម ឡាវ និង​មីយ៉ាន់ម៉ា ។

របាយការណ៍​បញ្ជាក់​ថា ប្រទេស​ជាអ្នកទទួល ​ចាត់ទុក​ពលករ​ខ្មែរ​គ្មាន​ជំនាញ ឬគ្មាន​បទពិសោធន៍ ត្រូវឱ្យធ្វើការ​នៅ​កន្លែ​ងប្រើ​កម្លាំង​ច្រើន តែ​ទទួល​បាន​ប្រាក់ឈ្នួល​ទាប។ 

របាយការណ៍​រដ្ឋាភិបាល​បង្ហាញថា ពលរដ្ឋខ្មែរ​ទៅ​ធ្វើការងារ​ទាំង​ស្រប និង​មិន​ស្របច្បាប់​នៅ​ថៃ មាន​ជាង ១លាន​នាក់ ប៉ុន្តែ​ មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា មាន​ប្រមាណ ២លាន​នាក់ នេះ​គិតតែ​ក្នុង​ប្រទេស​ថៃ មិន​ទាន់​រាប់​បញ្ចូលព​លក​រខ្មែរ​ទៅ​ធ្វើការងារ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង និង​ម៉ាឡេស៊ី​ជាដើម​នោះ​ទេ។

អនុប្រធាន​សហព័ន្ធ​សហជីពកម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា ​លោកស្រី អ៊ំ ម៉ា​និ​ត បាន​អះអាង​កាលពី​ថ្ងៃពុធ​ថា ​បច្ចុប្បន្ន​នេះ ​អ្នក​អត់​ការងារ​ធ្វើ​មួយចំនួន កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពីផ្ទះ​ជួល និង​ខ្លះទៀត​កំពុង​ប្រឈម​នឹង​ដាច់​បាយ បើ​គ្មាន​ការ​ជួយសង្គ្រោះ​បញ្ហា​ស្បៀង។

លោកស្រី​ថា៖ «ហើយ​មួយទៀត​ ត្រូវតែ​ផ្តល់​អាហារ​ឱ្យគាត់​ ព្រោះ​អំឡុង​ពេល​ហ្នឹង ​បើ​ពួក​គាត់​គ្មាន​ចំណូល​ ហើយ​អត់​ការងារ​ធ្វើ​ទេ​ គាត់​និយាយ​ទាំងអស់​សង្ឃឹមថា ​គាត់​នឹង​ដាច់ពោះ​ស្លាប់​ព្រោះ​បំ​ណុល​ឯកជន​ គេ​លែងឱ្យ​គាត់​ខ្ចីហើយ ពី​ព្រោះ​គាត់​លែង​មាន​លុយ​បង់​ការ​ឱ្យគេ​ហើយ»។

អ្នក​វិភា​គនយោយ​ដែល​មាន​អាសយ​ដ្ឋាន​នៅ​ក្រៅប្រទេស​ លោក គឹម សុខ ហៅ​សារ​នយោបាយ​នេះ ទំនងជា​គ្មាន​ការ​ចាប់​អារម្មណ៍​ពី​ពលរដ្ឋដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​គំរាមកំហែង​ដោយ កូ​វីដ១៩ទេ បើ​ដំណោះស្រាយ​រដ្ឋាភិបាល វា​មិន​ឆ្លើយ​តប​ទៅ​នឹង​ទំហំ​នៃ​ផល​ប៉ះពាល់​នោះ។

លោក​ថា៖ «សូម្បីតែ​លុយ​ឧបត្ថម្ភ​ទូទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះអាសន្ន​នៅពេល​នេះ មិនទាន់​បង្ហាញ​ផង​ហ្នឹង ហើយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ទំនងជា​អត់​លុយ​ផង ពីព្រោះ​គាត់​កំពុងតែ​ប្រើ​គ្រប់​ល្បិ​ចកល​ដើម្បី​ប្រមូល​លុយ ដូចជា​ការ​រឹត​បន្តឹង​ចរាចរណ៍​ ល្បែង​ប្រមូល​វិភាគទាន​ពី​មន្ត្រី​រាជការ​គ្រប់​លំដាប់ថ្នាក់​ជាដើម»។

យ៉ាងនេះ​ក្តី រដ្ឋាភិបាល​អះអាង​ថា ផល​ប៉ះពាល់​ពី​កូ​វីដ១៩នេះ សណ្ឋាគារ និង​ផ្ទះសំណាក់ ត្រូវ​បាន​លើកលែង​ពន្ធ ៤ខែ កម្មករ​ព្យួរ​ការងារ​ ទទទួល​បាន​ប្រាក់​ឧប​ត្ថ​ម្ភ ៧០ដុល្លារ​ក្នុង១ខែ បើ​រោងចក្រ​បិទ​ កម្ម​ករនិ​យោ​ជិត​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ថ្មី។ 

ចំណែក​ថៅកែ​រោងចក្រ​សហគ្រាសដែល​រង​ផល​ប៉ះពាល់​ដោយសារ​ខ្វះ​វត្ថុធាតុដើម និង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA រប​ស់សហ​ភាព​អឺរ៉ុប​ជាដើម​នោះ ទទួល​បានការ​លើកលែង​ពន្ធ (Tax Holiday​) រយៈពេល ៦ខែ ដល់ ១ឆ្នាំ តាម​កម្រិត​នៃ​ផល​ប៉ះពាល់​ជាក់ស្តែង៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ថា​ភាព​រឹង​មាំ​នៃ​សន្តិភាព​ធានា​បាន​អត្រា​មាន​ការងារ​ធ្វើ​៩៩,៧%"

  1. Anonymous says:

    OH…GOD ..no any body believing your stinky mouth. your are a real animal that every one hated the most. you are not just even old but more than that was so dump than the dog. go home listening your speak than you will know what you are. also take the mirror reflecting yourself to see how ugly you are not even suitable to be a human being. every time you get madness it look worse than dump giant .

  2. Anonymous says:

    So funny’ mr Sen’ this is the joke of the week’