ដោយ សេក បណ្ឌិត
2020-05-11
RFA

រូបភាពពីវីឌូអូ ដែលត្រូវបានគេអះអាងថា ជាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តរបស់មន្ត្រីយោធា និងម៉ូតូរបស់កម្មករ ហើយរូបជនរងគ្រោះដេកស្លាប់ក្បែររថយន្ត មុននឹងអ្នកបើកបរគេចខ្លួន។

រូប៖ ហ្វេសប៊ុកឈ្មោះឧត្ដមសេនីយ៍ ទី ចំរើនកុសល
សមត្ថកិច្ច មិនទាន់នាំខ្លួនមន្ត្រីយោធាម្នាក់ ដែលជាប់សង្ស័យបើករថយន្តបុកមនុស្សម្នាក់ស្លាប់មកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ។ មន្ត្រីសង្គមស៊ីវិល និងគ្រួសារជនរងគ្រោះ ទទូចឲ្យអាជ្ញាធរពន្លឿនការអនុវត្តច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងជាគំរូល្អក្នុងសង្គម។
មន្ត្រីនគរបាលយុត្តិធម៌ជាន់ខ្ពស់ម្នាក់នៅក្នុងក្រសួងមហាផ្ទៃ អះអាងថា មន្ត្រីយោធាដែលបើក រថយន្តបុកពលរដ្ឋម្នាក់ស្លាប់នោះនៅតែបន្តរត់គេចខ្លួន ហើយគ្រួសារ ជនបង្កនៅតែរក្សាជំហរផ្ដល់សំណង ៣ពាន់ដុល្លារដល់គ្រួសារជនរងគ្រោះ ដើម្បីបញ្ចប់រឿងដដែល។
សមាជិកក្រុមប្រឹក្សានីតិកម្មនៅក្រសួងមហាផ្ទៃ លោក ទី ចំរើនកុសល ប្រាប់អាស៊ីសេរីថា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចជំនាញបានបញ្ជូនទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ ឧត្ដមសេនីយ៍ផ្កាយមួយរូបនេះ ក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលស្រឡាញ់ភាពយុត្តិធម៌ ជួយផ្តល់ព័ត៌មានអំពីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យរូបនោះ ដើម្បីនាំមកទទួលខុសត្រូវចំពោះមុខច្បាប់ និងលុបបំបាត់វប្បធម៌បុកស្លាប់ហើយបោះលុយសំណងតិចតួច ហើយរួចខ្លួននោះ៖ «គាត់នៅបន្តរត់គេចខ្លួន ប៉ុន្តែនៅពេល ដែលសំណុំរឿងនេះដល់ដៃព្រះរាជអាជ្ញារងរូបណា គាត់នឹងចេញដីកាបញ្ជាឲ្យនាំខ្លួន ឬក៏ដីកាកោះបណ្ដោះអាសន្ន ខ្ញុំមិនច្បាស់ទេណា តែករណីនេះប្រហែលជាចេញដីកាបញ្ជាឲ្យនាំខ្លួនតែម្តង ហើយបានយើងឃើញដីកា ទើបយកស្វះស្វែងរកឃើញនៅកន្លែងឃាត់ខ្លួននៅកន្លែងនោះ។ សំណងនៅតែសងត្រឹម ៣ពាន់ដុល្លារ ហើយខាងភាគីជនរងគ្រោះ បានពឹងពាក់មេធាវីរួចហើយ គឺទាមទារសំណងចំនួន ៥ម៉ឺនដុល្លារ»។
សមត្ថកិច្ចអះអាងថា ជនបង្កដែលបើករថយន្តបុកមនុស្សស្លាប់ហើយរត់គេចនេះ គឺជាមន្ត្រីយោធា ពាក់ស័ក្ដិ៥ ឈ្មោះ ឈុន សារ៉េត និងមានមុខរបររកស៊ីក្រៅខាងខួងបុកគ្រឹះ។ ប្រភពផ្លូវការមួយចំនួន បញ្ជាក់ទៀតថា មន្ត្រីយោធារូបនេះ ធ្វើការក្នុងអង្គភាពកងទ័ពជើងគោក ហើយនៅការិយាល័យ ”ក១” ។
កាលពីយប់ថ្ងៃទី២៥ ខែមេសា មន្ត្រីយោធារូបនេះ បានបើករថយន្តម៉ាក់ហ្វត (Ford) មួយគ្រឿងពាក់ស្លាកលេខ ខេមរភូមិន្ទ បុកនឹងម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ នៅតាមបណ្ដោយផ្លូវ ២០០៤ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់។ នៅពេលកើតហេតុ ម្ចាស់រថយន្ត បានចុះមកទាញម៉ូតូចេញពីមុខឡាន រួចបើកគេចចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព ដោយមិនខ្វល់ពីជនរងគ្រោះ ឬហៅឡានពេទ្យទៅជួយសង្គ្រោះនោះទេ ទុកឲ្យជនរងគ្រោះដេកស្ដូកស្ដឹងក្រោមដំណក់ទឹកភ្លៀងរហូតដល់ស្លាប់។
ជនរងគ្រោះ ដែលស្លាប់នោះមានឈ្មោះ វង រដ្ឋា អាយុ ៣០ឆ្នាំ ជាកម្មកររោងចក្រ នៅសង្កាត់ចោមចៅ ក្រុងភ្នំពេញ ប៉ុន្តែមានស្រុកកំណើតនៅភូមិថ្មី ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ភរិយាជនរងគ្រោះ គឺលោកស្រី សិន ថា ទទូចដល់សមត្ថកិច្ចជំនាញ ឱ្យជួយពន្លឿនការអនុវត្តច្បាប់ ដើម្បីឲ្យលោកស្រី ទទួលបានសំណងសមរម្យសម្រាប់ចិញ្ចឹមកូនតូចចំនួន ២នាក់ និងស្នើសុំឲ្យផ្ដន្ទាទោសជនបង្កទៅតាមច្បាប់៖ «បងចង់បានសំណងសមរម្យ ព្រោះជីវិតមនុស្សមូយទាំងមូល គាត់ឲ្យប៉ុណ្ណឹងម៉េចកើត។ សម្រាប់បងយកសំណងមកសង់ផ្ទះឲ្យកូននៅ និងទុកចិញ្ចឹមកូន ព្រោះអត់មានអ្នកចិញ្ចឹមទៀតទេ»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកចរាចរណ៍ លោក ហ៊ឹម យ៉ាន និងស្នងការរងរាជធានីភ្នំពេញ ទទួលបន្ទុកចរាចរណ៍ លោក ចេវ ហាក់ បានទេ នៅថ្ងៃ ទី១០ ខែឧសភា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
រីឯអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន លើកឡើងដដែលថា លោកមិន ទាន់បានដឹងអំពីដំណើរស្រាវជ្រាវរកមន្ត្រីយោធា ដែលបើកបុក ហើយរត់គេចខ្លួននេះនៅឡើយទេ ដោយលោកអះអាងថា កំពុងជាប់រវល់តាមដានយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ថ្មី។
មន្ត្រីសង្គមស៊ីវិល យល់ថា គ្រោះថ្នាក់ចរាចរណ៍ មិនអាចកាត់បន្ថយបានទេ ប្រសិនបើរដ្ឋាភិបាល ឬស្ថាប័នអនុវត្តច្បាប់ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្ដោតសំខាន់តែលើការផាកពិន័យធ្ងន់ធ្ងរមួយមុខ ចំណែកករណីបុកមនុស្សស្លាប់ ហើយរត់គេចពីកន្លែងកើតហេតុ នៅតែមានការអនុវត្តច្បាប់ធូរលុង និងយឺតយ៉ាវដដែល។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ស្នើសុំឲ្យរដ្ឋាភិបាល ពង្រឹងការអនុវត្តច្បាប់ដោយផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ ចំពោះអ្នកបើកបរណា ដែលបានបុកគេហើយរត់គេចខ្លួន ព្រោះលោកពិនិត្យឃើញថា ករណីបុកហើយរត់ កំពុងតែក្លាយជាវប្បធម៌អាក្រក់មួយ នៅក្នុងសង្គមកម្ពុជា៖ «រឿងនេះជារឿងប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ទោះបីជាថា អ្នកនោះ មានឋានៈប៉ុណ្ណាក៏ដោយ ត្រូវតែអនុវត្តច្បាប់ឲ្យមហាជនគេមើលឃើញថា រឿងនេះ សមត្ថកិច្ចដែលមានតួនាទី បានចាត់វិធានការឲ្យគេបានដឹង និងមានភាពកក់ក្ដៅថា សមត្ថកិច្ចទាំងអស់នេះជាអ្នកបម្រើប្រជាពលរដ្ឋ ការពារសុវត្ថិភាពប្រជាពលរដ្ឋ និងការពារ សណ្ដាប់ធ្នាប់សង្គម ប៉ុន្តែបើសិនដឹងបទល្មើសកើតឡើងហើយ យើងនៅតែមិនអើពើ យើងមិនចាត់វិធានការសួរថា តើចៀសផុតអំពីការរិះគន់ទៅលើការអនុវត្តច្បាប់»។
មាត្រា៨៥ នៃច្បាប់ចរាចរណ៍ថ្មីចែងថា ជនណាបើកបរដោយធ្វេសប្រហែលខ្ចីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឱ្យអ្នកដទៃស្លាប់ ត្រូវផ្ដន្ទាទោសពី១ឆ្នាំទៅ ៣ឆ្នាំនិងពិន័យជាប្រាក់ ៤លានរៀលទៅ ១០លានរៀល។ ករណីជនបង្កបើកបរដោយគ្មានប័ណ្ណបើកបរនិងបើកបរក្នុងស្ថានភាពស្រវឹងហើយបណ្ដាលឱ្យស្លាប់ច្រើននាក់ ឬបើករត់គេចពីកន្លែងកើតហេតុដើម្បីគេចពីការទទួលខុសត្រូវ គឺត្រូវផ្ដន្ទាទោសពី ២ឆ្នាំទៅ ៥ឆ្នាំនិងពិន័យជាប្រាក់ពី ១០លានរៀលទៅ ២៥លានរៀល ព្រមទាំងហាមបើកបររយៈពេល ៥ឆ្នាំ។
ទោះបីជាច្បាប់ចែងពីការដាក់ទោសធ្ងន់ធ្ងរបែបនេះក្តី ក៏ការផ្ដន្ទាទោសមកលើអ្នកបើកបរ ដែលបានរត់គេចពីកន្លែងកើតហេតុ កម្រកើតមានណាស់។ ជាឧទាហរណ៍ ករណីកូនស្រីរបស់មន្ត្រីគណ បក្សកាន់អំណាចប្រចាំខេត្តសៀមរាបម្នាក់ឈ្មោះ យិន ម៉ាណា ដែលបានបើករថយន្តទំនើបក្នុងល្បឿនលឿន ហើយបានបុកនិស្សិតស្រីម្នាក់បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ កាលពីខែមីនា ឆ្នាំ ២០១៩នោះ ត្រូវបានជាប់ឃុំខ្លួនក្នុងពន្ធនាគារចំនួនពីរខែប៉ុណ្ណោះ ហើយការចូលខ្លួនដោះស្រាយ តាមផ្លូវច្បាប់នេះ ទាល់តែមានការស្រែកបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទៀតផង។ ចំណែកករណីលោក ជាម យៀប ជាសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលបុកអ្នកធ្វើដំណើរលើដងផ្លូវ ហើយរត់ដែលបណ្ដាលឱ្យស្ត្រីជាប្រពន្ធមានផ្ទៃពោះស្លាប់ និងប្ដីរងរបួសធ្ងន់ក្នុងស្រុកកៀនស្វាយកាលពីឆ្នាំ២០១៣ គឺពុំមានសមត្ថកិច្ចណាម្នាក់នាំខ្លួនលោកមកផ្ដន្ទាទោសនោះ ដែររហូតមកដល់ពេលនេះ។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិល លើកឡើងថា ប្រសិនបើអាជ្ញាធរនិងប្រព័ន្ធយុត្តិធម៌នៅតែបរាជ័យក្នុងកាតព្វកិច្ចស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដូច្នេះថ្ងៃណាមួយគ្រួសារជនរងគ្រោះ ឬពលរដ្ឋអាចនឹងដើរតួជាតុលាការកាត់ក្ដីជនល្មើសដោយខ្លួនឯង ដែលធ្វើឱ្យសង្គមនេះកាន់តែធ្លាក់ក្នុងស្ថានភាពឃោរឃៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- “អឺរ៉ុបដាក់កម្ពុជាក្នុងបញ្ជីខ្មៅលាងលុយកខ្វក់ឆ្លុះបញ្ចាំងឱ្យឃើញនូវការបាត់បង់ថវិកាជាតិច្រើន ដោយមន្ត្រីពុករលួយ”
- ប៉ូលិសចរាចរណ៍ លើកលែងផាកពិន័យយានយន្ត កំពុងធ្វើស្លាកលេខ
- សាច់ញាតិប្ដឹងទៅតុលាការរកយុត្តិធម៌ករណីបុរសម្នាក់ស្លាប់ពេលជាប់ឃុំ នៅពន្ធនាគារខេត្តបាត់ដំបង
- យុវជន កែម ឡី និយម គង់ រ៉ៃយ៉ា ស្នើសុំឲ្យតុលាការក្រុងភ្នំពេញ ទម្លាក់ចោលការចោទប្រកាន់
- អ្នកឃ្លាំមើលចង់ឲ្យនគរបាលចរាចរណ៍បន្ធូរបន្ថយការផាកពិន័យបទល្មើសមួយចំនួន និងទម្លាក់តម្លៃផាកមកត្រឹម ២០ភាគរយ
- មេធាវីនឹងដាក់លិខិតស្នើសុំពន្លឿនសវនាការក្តីអតីតអ្នកកាសែត ខេមបូឌា ដេលី ២នាក់
- មេប៉ូលិសចរាចរណ៍គំរាមចាប់ខ្លួនអ្នកប្រមាថប៉ូលិសចរាចរណ៍ និងបង្ហោះព័ត៌មានញុះញង់ពីការពិន័យចរាចរណ៍
- មន្ត្រីនគរបាលយុត្តិធម៌ម្នាក់ ចេញមុខរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះដែលរថយន្តមន្ត្រីយោធាបុកស្លាប់
- បក្សប្រឆាំងបន្តទាមទារដោះលែងអ្នកទោសនយោបាយសម្រាប់ពិធីបុណ្យវិសាខបូជាខាងមុខ
- HRW ថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននឹងក្លាយជាមហន្តរាយសិទ្ធិមនុស្សនៅកម្ពុជា
every one knew life in Cambodia is so cheap . some time it cheap as a few hundreds$$$