ដោយ ជីវិតា
2020-05-11
RFA

សមាជិកក្រុមប្រឹក្សានីតិកម្មនៅក្រសួងមហាផ្ទៃ លោក ទី ចំរើនកុសល។

រូបពីហ្វេសប៊ុក លោក ទី ចំរើនកុសល
សមត្ថកិច្ចរកឃើញរថយន្តរបស់មន្ត្រីយោធា ដែលបើកបុកពលរដ្ឋម្នាក់បណ្ដាលឱ្យស្លាប់ហើយបើករថយន្តគេចខ្លួន កាលពីជាងពីរសប្ដាហ៍មុន។
សមាជិកក្រុមប្រឹក្សានីតិកម្មនៅក្រសួងមហាផ្ទៃ លោក ទី ចំរើនកុសល ប្រាប់អាស៊ីសេរីថា សមត្ថកិច្ច បានរកឃើញរថយន្តនេះ កាលពីថ្ងៃទី១០ ខែឧសភា ដែលមន្ត្រីយោធារូបនោះ បាន បើកយកទៅលាក់ទុកនៅក្នុងដីចម្ការរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល។ លោកបន្តថា តាមរបាយការណ៍របស់សមត្ថកិច្ច គឺលោក ស៊ុន ចាន់ថុល ជាអ្នករាយការណ៍ប្រាប់ឱ្យសមត្ថកិច្ច បន្ទាប់ពីលោកទទួលដំណឹងពីអ្នកចម្ការរបស់លោកថា មានរថយន្តមួយគ្រឿង ចតទុកចោលក្នុងចម្ការរបស់លោក ដោយមានបែកចង្កៀងមុខខាងឆ្វេង។ បច្ចុប្បន្ន រថយន្តនោះ កំពុងរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ។
មន្ត្រីនគរបាលយុត្តិធម៌ជាន់ខ្ពស់រូបនេះ ឱ្យដឹងដែរថា ចំណែកម្ចាស់រថយន្តមានមុខងារជាមន្ត្រីយោធា ពាក់ស័ក្តិ៥ ឈ្មោះ ឈុន សារ៉េត នៅតែបន្តរត់គេច ខ្លួនដដែល ប៉ុន្តែលោករំពឹងថា សាលាដំបូងរាជធានីភ្នំពេញ នឹងចេញដីកាបញ្ជាឱ្យនាំខ្លួនជនបង្ករូបនេះឆាប់ៗ៖ «ជនសង្ស័យនៅតែបន្តគេចខ្លួន ប៉ុន្តែគាត់បានឱ្យមេធាវីតំណាងរបស់ គាត់មកចរចាជាមួយគ្រួសារជនរងគ្រោះ ប៉ុន្តែជនរងគ្រោះ និងខាងអ្នកអនុវត្តច្បាប់ មិនព្រម គឺតម្រូវឱ្យជនសង្ស័យចូលខ្លួនមកទទួលខុសត្រូវលើរឿងនេះ។ សូមរង់ចាំបន្តិចយើងកំពុងធ្វើការជាមួយ តុលាការ។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលស្រលាញ់ភាពយុត្តិធម៌ ប្រសិនបើបានឃើញជននេះ នៅកន្លែងណាមួយមេត្តាជួយរាយការណ៍ទៅសមត្ថកិច្ចដែលនៅជិតបំផុត ឬក៏រាយការណ៍មកខ្ញុំ ផ្ទាល់តាមទូរស័ព្ទលេខ095865868 / 069865868 ដើម្បីនាំយកជនរូបនេះមកទទួលខុសត្រូវចំពោះ មុខច្បាប់»។
កាលពីយប់ថ្ងៃទី២៥ ខែមេសា មន្ត្រីយោធារូបនេះ បានបើករថយន្តម៉ាក់ហ្វត (Ford) ទៅបុកនឹងម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ នៅតាមបណ្ដោយផ្លូវ២០០៤ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់។ នៅពេលកើតហេតុ ម្ចាស់រថយន្ត បានចុះមកទាញម៉ូតូចេញពីមុខឡាន រួចបើកគេចចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព ដោយមិនខ្វល់ពីជនរងគ្រោះ ឬហៅឡានពេទ្យទៅជួយសង្គ្រោះនោះទេ ទុកឱ្យជនរងគ្រោះដេកស្ដូកស្ដឹងក្រោមដំណក់ទឹកភ្លៀងរហូតដល់ស្លាប់។
ជនរងគ្រោះ ដែលស្លាប់នោះមានឈ្មោះ វង រដ្ឋា អាយុ ៣០ឆ្នាំ ជាកម្មកររោងចក្រ នៅសង្កាត់ចោមចៅក្រុងភ្នំពេញ ប៉ុន្តែមានស្រុកកំណើតនៅភូមិថ្មី ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ភរិយាជនរងគ្រោះ លោកស្រី សិន ថា នៅតែទទូចស្នើសុំឱ្យសមត្ថកិច្ចពន្លឿនការអនុវត្តច្បាប់ ដើម្បីឱ្យលោកស្រី ទទួលបានសំណងសមរម្យសម្រាប់ចិញ្ចឹមកូនតូចចំនួន ២នាក់ និងផ្ដន្ទាទោសជនបង្កទៅតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកឃ្លាំមើលថា គ្រោះថ្នាក់ចរាចរណ៍ថយចុះដោយសារពលរដ្ឋខ្លាចការផាកពិន័យលែងសូវហ៊ានធ្វើដំណើរ
- តំណាងរាស្ត្របក្សប្រឆាំងអំពាវនាវឱ្យបញ្ឈប់ការផាកពិន័យចរាចរណ៍ថ្លៃហួសហេតុ
- មនុស្ស ១១នាក់ស្លាប់ និងរបួស៧៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មី
- សាក្សីចូលបំភ្លឺដល់តុលាការរឿងអាវុធហត្ថធ្វើទារុណកម្មស្លាប់ពលរដ្ឋម្នាក់នៅបន្ទាយមានជ័យ
- “ឃាតកសម្លាប់លោក ជា វិជ្ជា អាចរកឃើញនៅក្រោយលោក ហ៊ុន សែន ធ្លាក់ពីអំណាច”
- ប៉ូលិសក្រសួងមហាផ្ទៃហៅជនរងគ្រោះមកសាកសួររឿងប៉េអិមធ្វើទារុណកម្ម
- ភរិយាលោក ជា វិជ្ជា មិនរំពឹងថា ទទួលបានយុត្តិធម៌ពីរបបដឹកនាំបច្ចុប្បន្នរកឃាតកពិត
- “សំណុំរឿងចារកម្មអតីតអ្នកព័ត៌មានអាស៊ីសេរី រំលោភគោលការណ៍កាត់ក្ដីដោយស្មើភាព និងត្រឹមត្រូវតាមច្បាប់”
- សហជីពគ្រោងជួបជុំដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងទាមទារយុត្តិធម៌ដល់លោក ជា វិជ្ជា
- ជនរងគ្រោះម្នាក់ដែលរងការវាយដំពេលជាប់ឃុំនៅខេត្តបន្ទាយមានជ័យ ធ្លាក់ខ្លួនឈឺធ្ងន់
Thanks big for you Mr’ innocent people need to get justice’ we are appreciated your help ‘
Thank you very much mr. Kosal, you are the 1st person in the current regime who has courage to find justice for our innocent hard working Cambodia people. You will become the most respected person and your life will be prosperous and needed by most Cambodia people. Please keep it up and our poor nation needs more of your type of character to make our Cambodia to be a peaceful place to live .
thank you for the job you have done ,this is showing to every one that justice will come in a good society . one more please can you looking for the guy who hurt that Cambodian girl . thank you