សិទ្ធិមនុស្ស
13 ឧសភា 2020
ស៊ុនណារិន
វីអូអេខ្មែរ

ភ្នំពេញ — អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty International នៅថ្ងៃពុធនេះ បានចេញផ្សាយរបាយការណ៍មួយ ក្រោយបានសម្ភាសអ្នកធ្លាប់មានបទពិសោធន៍នៃការចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយក្នុងនោះរកឃើញអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សដោយមានការបង្ខំឲ្យឆ្លើយសារភាពផងដែរ។
របាយការណ៍នេះត្រូវបានស្រាវជ្រាវនៅចន្លោះ ខែវិច្ឆិកានិងខែធ្នូ ឆ្នាំ២០១៩ ដែលចងក្រងនូវការរំលោភសិទ្ធិមនុស្សដ៏ធំធេងពាក់ព័ន្ធនឹងយុទ្ធនាការរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងគ្រឿងញៀន ដែលបានចាប់ផ្តើមឡើង កាលពីខែមករា ឆ្នាំ ២០១៧។ យុទ្ធនាការដែលនាំឲ្យមានការចាប់ខ្លួនមនុស្សរាប់ពាន់នាក់មានឈ្មោះថា «សង្រ្គាមប្រឆាំងគ្រឿងញៀន»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ Amnesty International។
អង្គការអន្តរជាតិមួយនេះបានសម្ភាសមនុស្ស ៥១ នាក់ ដែលក្នុងនោះ ៣៤ នាក់ ជាអ្នកប្រើប្រាស់គ្រឿងញៀន ឬក៏ពីមុនធ្លាប់ប្រើប្រាស់គ្រឿងញៀន បន្ថែមលើការពិនិត្យមើលឯកសារផ្លូវការរបស់រដ្ឋាភិបាលផងដែរ។
ចំណុចសំខាន់នៃរបាយការណ៍នេះនិយាយអំពីយន្តការនៃការពង្រឹងច្បាប់ ដោយមានការចាប់ខ្លួនជនល្មើសដែលរងការចោទប្រកាន់ ហើយនាំឲ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ ការចោទប្រកាន់នៃការធ្វើទារុណកម្ម ការបំពាននៅមណ្ឌលកែប្រែគ្រឿងញៀន និងបញ្ហាអំពើពុករលួយ ដែលទាក់ទងនឹងការឃុំខ្លួនមនុស្សមិនមានកំហុស។
របាយការណ៍ឲ្យដឹងថា សម្រាប់បុគ្គលដែលមកពីសហគមន៍ក្រីក្រនិងដែលមិនសូវមានការយកចិត្តទុកដាក់នៅពេលមានការបង្រ្កាបគ្រឿងញៀន គ្រាន់តែអ្នកឈរនៅក្បែរក៏ត្រូវបានចាប់ខ្លួន និងអាចនាំឲ្យពួកគេជាប់ពន្ធនាគារច្រើនឆ្នាំ ហើយជួនកាល រងការចោទប្រកាន់ថាជួញដូរគ្រឿងញៀន។
ក្នុងករណីមួយចំនួនទៀតជនរងគ្រោះក៏ត្រូវបានបង្ខំនិងត្រូវបានធ្វើទារុណកម្មឲ្យសារភាពផងដែរ។ នេះបើតាមរបាយការណ៍នេះ។
អ្នកដែលត្រូវបានសម្ភាសម្នាក់និយាយនៅក្នុងរបាយការណ៍ថា៖ «ពួកគេសួរខ្ញុំថា តើខ្ញុំលក់គ្រឿងញៀនប៉ុន្មានដងហើយ? ប៉ូលិសនិយាយថា ប្រសិនបើខ្ញុំមិនសារភាព គាត់នឹងប្រើកាំភ្លើង [ដំបង] ឆក់លើខ្ញុំម្តងទៀត»។ នេះបើតាម ស្រីនាង អាយុ ៣០ ឆ្នាំ ដែលត្រូវបានសម្ភាសដោយអង្គការ Amnesty International។
អង្គការបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ ២០២០ អ្នកជាប់ឃុំនៅទូទាំងប្រទេសបានកើនឡើងដល់ទៅ ៧៨ ភាគរយ ដែលមានអ្នកជាប់ឃុំទៅដល់ជិត ៤ ម៉ឺននាក់ ក្រោយមានយុទ្ធនាការប្រឆាំងគ្រឿងញៀននេះ។
បើតាមរបាយការណ៍នេះ យ៉ាងហោចណាស់មនុស្សចំនួន ៥៥.៧៧០ នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា ប្រើប្រាស់ ឬលក់គ្រឿងញៀន នៅចន្លោះខែមករា ឆ្នាំ ២០១៧ ដល់ខែមីនា ឆ្នាំ ២០២០។របាយការណ៍នេះបញ្ជាក់ថា ចំនួនអ្នកជាប់ឃុំនៅពន្ធនាការដែលកាលពីចុងឆ្នាំ ២០១៦ មានប្រមាណ២២.០០០ នាក់ បានកើនឡើងទៅដល់ជិត ៣៩.០០០ នាក់ ក្នុងខែមីនា ឆ្នាំ ២០២០។ ពន្ធនាគាររបស់កម្ពុជាអាចដាក់មនុស្សបានប្រមាណ ២៦.០០០ នាក់ តែប៉ុណ្ណោះ។
អង្គការអន្តរជាតិនេះបញ្ជាក់ថា៖ «វិបត្តិនៃការចង្អៀតណែនក្នុងពន្ធនាការនេះកំពុងបង្កឲ្យមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងលក្ខណៈជាប្រព័ន្ធ។ នេះជារំលោភបំពានលើសិទ្ធិរបស់អ្នកទោសដែលត្រូវទទួលបានសុខភាពផ្លូវកាយ និងផ្លូវចិត្តដែលអាចទទួលយកបាន ហើយក្នុងករណីខ្លះមានរហូតដល់ការធ្វើទារុណកម្ម ឬការធ្វើបាបផ្សេងទៀត ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
លោក Nicholas Bequelin នាយកអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty International ប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា សង្រ្គាមប្រឆាំងគ្រឿងញៀនរបស់កម្ពុជា «គឺជាគ្រោះមហន្តរាយខ្លាំង ដោយមានការរំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធ ហើយវាបង្កើតឱកាសជាច្រើនសម្រាប់មន្រ្តីពុករលួយ មានប្រាក់ខែតិចតួចនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា»។
បើតាមរបាយការណ៍នេះ មានការបង្ខំឲ្យផ្តល់ប្រាក់ដល់ប៉ូលិស ដើម្បីផ្លាស់ប្តូររបាយការណ៍ដែលដាក់ទៅតុលាការដើម្បីកុំឲ្យមានការចោទប្រកាន់ធ្ងន់ធ្ងរ ដើម្បីឲ្យមានការដោះលែងលឿន ឬការកាត់ទោសស្រាល ឬក៏ដោះលែងមនុស្សដែលគ្មានកំហុស ដែលត្រូវបានចាប់ខ្លួន។
អ្នកដែលត្រូវបានសម្ភាសម្នាក់និយាយថា៖ «នៅពេលបងប្អូនស្រីរបស់ខ្ញុំនៅអធិការដ្ឋានស្រុក ប៉ូលិសម្នាក់ប្រាប់ខ្ញុំថា ប្រសិនបើខ្ញុំឲ្យលុយ ១០០ ដុល្លារទៅគាត់ គាត់នឹងដូររបាយការណ៍របស់ប៉ូលិសទាក់ទងនឹងករណីបងប្អូនស្រីរបស់ខ្ញុំ។ គាត់និយាយថា គាត់នឹងធ្វើឲ្យករណីនោះស្រាល បន្ទាប់ពីបញ្ជូនទៅតុលាការ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចោទជាសំណួរទៅលើវិធីសាស្រ្តនៃការធ្វើការស្រាវជ្រាវនេះ និងថា តើមានការពិភាក្សាជាមួយស្ថាប័ននិងអាជ្ញាធរអនុវត្តច្បាប់ពាក់ព័ន្ធឬយ៉ាងណា។ លោកចោទជាសំណួរថា តើរបាយការណ៍នេះ អាច«យកជាការបាន» ឬក៏អត់។
លោកមានប្រសាសន៍ថា៖ «ចំណែកទីពីរ បើសិនជាគាត់មានមូលដ្ឋានភស្តុតាងច្បាស់លាស់បញ្ជាក់ថា ការអនុវត្តយុទ្ធនាការនេះធ្វើឡើងដោយបំពានច្បាប់ ដូចជាអ្វីដែលគាត់លើកឡើងមានការកែប្រែបទល្មើស កែប្រែបទចោទមិនស្របទៅនឹងអង្គហេតុ ឬមួយសមត្ថកិច្ចអនុវត្តតួនាទី ដោយបំពានរំលោភទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ អាហ្នឹងឲ្យតែមានមូលដ្ឋានភស្តុតាងច្បាស់លាស់ សូមធ្វើការសហការជាមួយនឹងសមត្ថកិច្ច គឺយើងនឹងធ្វើការដោះស្រាយ។ អ្នកដែលប្រព្រឹត្តល្មើសទៅនឹងច្បាប់ អ្នកដែលបំពានច្បាប់ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ ក៏ប៉ុន្តែ បើគាត់ក្រែងចេះតែលើក ហើយគ្មានមូលដ្ឋាន ហើយមិនសហការជាមួយសមត្ថកិច្ច អាហ្នឹងក៏យើងមិនដឹងដោះស្រាយយ៉ាងម៉េចដែរ»។
VOA បានសាកសួរលោក សំណាង អាយុ ៤០ ឆ្នាំរស់ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលប្អូនប្រុសរបស់លោកឈ្មោះ លីណា អាយុ ៣០ ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០១៨ ដោយមានការចោទប្រកាន់ពីដំបូងឡើយថា ប្អូនរបស់លោកជួញដូរគ្រឿងញៀន។ លោក លីណា ត្រូវកាត់ទោសឲ្យជាប់ពន្ធនាការ ២៥ ឆ្នាំ ហើយសំណុំរឿងរបស់លោកកំពុងស្ថិតក្នុងដៃតុលាការកំពូល។
លោក សំណាង ដែលបានប្រាប់ត្រឹមឈ្មោះខ្លួន ដោយបារម្ភខ្លាចមានបញ្ហាក្រោយផ្តល់បទសម្ភាសន៍មានប្រសាសន៍ថា ប្អូនប្រុសរបស់លោក មិនមែនជាអ្នកញៀនគ្រឿងញៀន ហើយក៏មិនមែនជាអ្នកជួញដូរដែរ។ លោកថា ប៉ូលិសបានបង្ខំបុគ្គលម្នាក់ ដែលត្រូវបានចាប់ខ្លួនឲ្យឆ្លើយដាក់ប្អូនប្រុសរបស់លោក ទាំងដែលពួកគេមិនដែលស្គាល់គ្នាទាល់តែសោះ។
លោកបានថ្លែងប្រាប់ VOA ថា៖ «ខ្ញុំមើលតាមចម្លើយដែលប្អូនខ្ញុំ ហើយនឹងតុលាការសួរ ហ្នឹង ខ្ញុំសង្ឃឹមថា ប្អូនខ្ញុំរួចដែរ បើគេឆ្លើយថាអានោះវាមិនដែលស្គាល់គ្នាទេ កុំធ្វើបាបគាត់ អី។ មិនដែលស្គាល់ទេ ហើយប្អូនខ្ញុំអត់ដែលស្គាល់គ្នាមែន តែឈ្មោះមិនដែលស្គាល់ផង»។
បើតាមរបាយការណ៍របស់ប៉ូលិសដែល VOA ទទួលបានពីលោក សំណាង សមត្ថកិច្ចចាប់ខ្លួនមនុស្សពីរនាក់ គឺលោក លីណា ដែលត្រូវជាប្អូនប្រុសរបស់លោក និងលោក យឹម ប៊ុនឆៃ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២៥ ឆ្នាំ។
លោក សំណាង មានប្រសាសន៍ថា ប្អូនប្រុសរបស់លោកមិនដែលស្គាល់ឈ្មោះ ប៊ុនឆៃ នោះទេ ហើយ ប៊ុនឆៃ ក៏បានប្រាប់តុលាការថា លោកត្រូវបានប៉ូលិសបង្ខំឲ្យឆ្លើយថា ឈ្មោះ លីណា ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
លោកមានប្រសាសន៍ថា៖ «ហើយអានោះវាឆ្លើយប្រាប់ថាកុំធ្វើបាបគាត់អី ប៉ូលិសបង្ខំឲ្យឆ្លើយដាក់ទេ។ អាហ្នឹងខ្ញុំស្តាប់ដោយផ្ទាល់ត្រចៀកតែម្តង។ សូម្បីតែនៅក្នុងតុលាការ ដៃគូប្អូនខ្ញុំក៏និយាយថា ប៉ូលិសបង្ខំឲ្យឆ្លើយដាក់គាត់ទេ។ កុំធ្វើបាបគាត់អី»។
លោកបន្ថែមថា ទោស ២៥ ឆ្នាំទាំងដែលគ្នា គ្មានកំហុសអីសោះ។ ដូចជាជ្រុលពេកហើយ។ លោកបន្ថែមថា៖ «ហើយគ្នាមិនអាចរស់ដល់ ២៥ ឆ្នាំទេ ព្រោះគ្នាមានជំងឺជាប់ខ្លួនផងហ្នឹង។ ដូចអយុត្តិធម៌ណាស់បង មែនតើ។ ខ្ញុំសូម្បីតែនិយាយ ក៏ចង់ស្រកទឹកភ្នែកដែរបង»។
លោក សំណាង បន្តថា នៅដំណាក់កាលនីមួយៗលោកបានប្រើប្រាស់ថវិកាប្រមាណ ១២.០០០ ដុល្លារអាមេរិក ដើម្បីឲ្យមានទំនុកចិត្តថា ប្អូនប្រុសរបស់លោកអាចត្រូវដោះលែង។
លោកមានប្រសាសន៍ថា៖ «ហើយខ្ញុំគិតថាបើយុត្តិធម៌មាន យើងប្រើលុយកាក់តិចតួចអ៊ីចឹងទៀត វាអាចរួចហើយបែរជាអត់រួចទៀត»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា អំពើពុករលួយក្នុងវិស័យតុលាការនៅតែខ្ពស់នៅឡើយសម្រាប់ប្រទេសកម្ពុជា។ លោកបន្តថា កន្លងទៅ លោកក៏ទទួលបានព័ត៌មានពាក់ព័ន្ធនឹងការជម្រិតទារលុយពីកម្លាំងសមត្ថកិច្ច និងការចោទប្រកាន់របស់ព្រះរាជអាជ្ញាដែរ។
លោកមានប្រសាសន៍ថា៖ «នៅក្នុងកិច្ចការដែលយើងធ្វើទាក់ទងវិស័យយុត្តិធម៌ហ្នឹង យើងក៏ទទួលបានព័ត៌មានមួយចំនួនទាក់ទងទៅនឹងអំពើពុករលួយការជម្រិតទារប្រាក់អីជាដើមពីព្រះរាជអាជ្ញាក្តី ពីប៉ូលិស ពីមន្រ្តីអនុវត្តច្បាប់ ទៅលើក្មេងៗ ដែលគាត់អាចជា អ្នកត្រូវបានគេចោទប្រកាន់ថាជាអ្នកលក់ ឬក៏អ្នកខ្លះហ្នឹងគឺអាចគ្រាន់តែជាអ្នកប្រើប្រាស់ទេ»។
លោកបន្ថែមថា នេះជាភាពមិនច្បាស់លាស់ ដូច្នេះលោកថា មិនគួរមានការចោទប្រកាន់ហើយយកទៅដាក់ពន្ធនាគារភ្លាមៗទេ គឺគួរមាននីតិវិធីឲ្យមានភាពច្បាស់លាស់ជាងមុន។
នាយករងអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លងទៅមានសេចក្តីរាយការណ៍ថា អ្នកសេពគ្រឿងញៀនមួយចំនួន ដែលត្រូវបានចាត់ទុកថាជាជនរងគ្រោះ ត្រូវបានចោទប្រកាន់ថា ជាអ្នកជួញដូរគ្រឿងញៀន នៅពេលត្រូវបានចាប់ខ្លួន។
លោកថ្លែងថា៖ «ខ្លះជាជនរងគ្រោះនៃអំពើជួញដូរគ្រឿងញៀនទេ ប៉ុន្តែនៅពេលដែលអាចនឹងធ្វើការចោទប្រកាន់បាន ទាល់តែចោទប្រកាន់អំពីរក្សា និងការជួញដូរ ហើយអ៊ីចឹងត្រូវជាគាត់ទៅជាប់ទោសដែរ។អាទាំងអស់ហ្នឹងបើសិនជាពិនិត្យទៅ គាត់ជាអ្នករងគ្រោះដោយសារការប្រើប្រាស់ជួញដូរគ្រឿងញៀន។ អាហ្នឹងត្រូវគិតគូពិចារណាព្រោះគាត់រងគ្រោះពីរដង»។
កាលពីដើមសប្តាហ៍នេះ ក្រសួងយុត្តិធម៌បានសម្រេចបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី -ខេត្ត និងដើម្បីបញ្ចៀសការចង្អៀតណែនក្នុងពន្ធនាគារ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា យុទ្ធនាការនេះមិនមែនដើម្បីដោះលែងអ្នកជាប់ទោសពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ តែវាពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទូទៅ ដែលក្នុងនោះមានបទល្មើសគ្រឿងញៀនផងដែរ។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ២០១៩ សមត្ថកិច្ចបានបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន ៩.៨០៦ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២០.៤៩០ នាក់៕
I knew whatever happen to Cambodia was always greater then the other nation. did some one knew what the reason why this nation deference from the other?? please do not getting upset to me I just answer the truth because I’m also Cambodian. nothing else beside the lace of EDUCATION<<<< please do not getting madness whit me all those AH CHESSTU in Cambodia. please learn how to admitted some thing can be wrong as we are only human being. as a Cambodian born I knew this people attitude was not that way. most of them did not know they just pretending they know so much. for example they learned about communist when it come to turn Cambodia into communist policy they made it greater then the other. when it come to Democracy that mean human right freedom of speak some one may be going greater then that. sorry every one you can filling up the blanc spot I do not want to talk too much about this . it come to all these young they have been born in the dark history time line if we talking about EDUCATION it must be so low some of them may not even know how to write their own language that was so easy to receive violence manor from their leader willing to leaded the nation through any kind of policy. as I said being a leader it is a job it is not being a business to made money . leader in the world they reserve to have better income and their name can be keep in the history for century to come bad or good is up to each and every one of them. GOD bless Cambodia and it's people
I just receive another news>> HUN SEN unrecognized leader of the world starting to filling up Cambodia seaside. this is another improvement beside forest, underground mind, and sand . we can see after all those improvement finish Cambodia will be tiger in Asian nation.