ដោយ ខែ សុណង
2020-05-13
RFA

ក្រុមមេធាវីលោក កឹម សុខា (ឆ្វេង) លោក ផែង ហេង (កណ្ដាល) អ្នកស្រី ម៉េង សុធារី និង(ស្ដាំ) លោក ចាន់ ចេន ក្នុងពេលថ្លែងចំពោះអ្នកសែត ក្រោយសវនាការនៅសាលាឧទ្ធរណ៍ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

រូប៖ ពលរដ្ឋ
សាលាឧទ្ធរណ៍នៅរសៀលថ្ងៃទី១៣ ឧសភា បានបើកការជំនុំជម្រះលើបណ្ដឹងរបស់ក្រុមមេធាវីលោក កឹម សុខា ដែលសុំឱ្យសាលាឧទ្ធរណ៍បដិសេធ ការដាក់ភស្តុតាងរបស់តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ។ សាលាឧទ្ធរណ៍បានសម្រេចថា ការដាក់ភស្តុតាងនេះជារឿងត្រឹមត្រូវ តែក្រុមមេធាវីលោក កឹម សុខា នៅតែអះអាងថា នេះជាការអនុវត្តខុសនីតិវិធី។
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា អ្នកស្រី ម៉េង សុធារី ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ចៅក្រមសាលាឧទ្ធរណ៍សម្រេចបដិសេធបណ្ដឹងរបស់ក្រុមមេធាវី ដោយយោងលើមាត្រា៣២១ នៃក្រមនីតិវិធីព្រហ្មទណ្ឌដែលចែងថា ភស្តុតាងក្នុងសំណុំរឿងព្រហ្មទណ្ឌ អាចជូនបានដោយសេរី។
អ្នកស្រីបញ្ជាក់ថា ក្រុមមេធាវីខកចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចនេះ ព្រោះមេធាវីនៅតែសម្អាងថា តាមផ្លូវច្បាប់ គឺមានតែគូភាគីទេ ទើបមានសិទ្ធិដាក់ភស្តុតាងក្នុងពេលជំនុំជម្រះ។ អ្នកស្រីថា គូភាគី នោះគឺសំដៅដល់ដើមបណ្តឹងរដ្ឋប្បវេណី និងជនជាប់ចោទ មិនមែនជាតំណាងអយ្យការនោះទេ៖«តំណាងអយ្យការបានធ្វើសេចក្តីសន្និដ្ឋានមួយច្បាស់លាស់ណាស់ថា មានភស្តុតាងគ្រប់គ្រាន់ដាក់បន្ទុកលើកូនក្តីយើងខ្ញុំ កូនក្តីយើងខ្ញុំមានពិរុទ្ធភាពគ្រប់គ្រាន់ ហើយអាចបញ្ជូនរឿងហ្នឹងមកជំនុំជម្រះបានហើយ។ អ៊ីចឹងហើយបានជារឿងហ្នឹងយកមកជំនុំជម្រះដល់សព្វថ្ងៃនេះ។ រួចចុះដាក់ភស្តុតាងនៅពេលនេះថា តើការស៊ើបអង្កេតកន្លងមកថា តើសេចក្តីសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញាដែលថា មានភស្តុតាងគ្រប់គ្រាន់នោះ អ៊ីចឹងមានន័យថា អត់មានភស្តុតាងគ្រប់គ្រាន់វិញ ឬយ៉ាងណា ទើបបានជាពេលនេះដាក់បន្ថែម»។
អ្នកស្រី ម៉េង សុធារី ថ្លែងទៀតថា សេចក្តីសម្រេចបែបនេះ នឹងប៉ះពាល់ដល់ដំណើររឿងក្តីព្រហ្មទណ្ឌដទៃទៀតនៅថ្ងៃខាងមុខ ពីព្រោះបើតំណាងអយ្យការមានសិទ្ធិបញ្ចូលភស្តុតាងក្នុងពេលជំនុំជម្រះ នោះការស៊ើបអង្កេតរឿងក្តីមិនចាំបាច់ធ្វើឡើងដោយម៉ត់ចត់ឡើយ។
តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ កាលពីខែចុងខែកុម្ភៈបានដាក់ភស្តុតាងជាវីដេអូចំនួន៧ ឃ្លីប បន្ថែមទៀត អំឡុងសវនាការក្តីលោក កឹម សុខា។ វីដេអូទាំងនោះ ភាគច្រើនគឺស្តីអំពីបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ បាតុកម្មនៅផ្លូវវ៉េងស្រេង និងសារនយោបាយរបស់លោក កឹម សុខា។ ក្រៅពីវីដេអូឃ្លីបនេះ តំណាងអយ្យការក៏បានដាក់សេចក្តីថ្លែងការណ៍រួមរបស់គណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី ដែលបានចរចាបង្កើតជាគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១២ នោះ ជាភស្តុតាងបន្ថែមផងដែរ។ ទាំងតំណាងអយ្យការ និងមេធាវីរដ្ឋាភិបាលសុទ្ធតែអះអាងថា គ្រប់ភាគីអាចដាក់ភស្តុតាងបាននៅពេលជំនុំជម្រះ ហើយប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ ក៏បានសម្រេចទទួលយកភស្តុតាងថ្មីទាំងនេះ។
ប្រធានផ្នែកសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) លោក នី សុខា ថ្លែងថា ភាពចម្រូងចម្រាស់នៃការដាក់ភស្តុតាង ឬសូម្បីតែការជម្រះក្តីលោក កឹម សុខា ក៏ដោយចុះ ក៏ហាក់មិនមានអ្វីគួរឱ្យចាប់អារម្មណ៍នោះដែរ ពីព្រោះទាំងសហគមន៍ជាតិ និងអន្តរជាតិសុទ្ធតែដឹងច្បាស់ហើយថា នេះជាសំណុំរឿងនយោបាយ៖ «វិវាទនេះ គេហៅថា វិវាទបែបនយោបាយ ដូច្នេះគួរតែអ្នកនយោបាយ យកការដោះស្រាយតាមបែបនយោបាយ ប្រសើរជាជាងការប្រើប្រាស់ប្រព័ន្ធតុលាការមកដោះស្រាយរឿងវិវាទបែបនយោបាយ»។
សហមេធាវីការពារក្តីលោក កឹម សុខា អ្នកស្រី ម៉េង សុធារី បញ្ជាក់ថា ក្រុមមេធាវីនឹងពិភាក្សាគ្នាបន្ថែមទៀតថា តើត្រូវប្តឹងសាទុក្ខករណីនេះទៅតុលាការកំពូលដែរ ឬមួយក៏យ៉ាងណា។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនបានចូលរួមក្នុងសវនាការសាលាឧទ្ធរណ៍នៅពេលរសៀលនេះទេ ប៉ុន្តែលោកបានទទួលជួបឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក ប៉ាប្លូ កង (Pablo Kang) នៅពេលព្រឹក នៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក។ លោកបង្ហោះលើហ្វេសប៊ុកថា នៅក្នុងជំនួបនោះ ពួកលោកបានពិភាក្សាគ្នាអំពីកិច្ចការងារមួយចំនួន ដូចជា បញ្ហាសេដ្ឋកិច្ច និងសង្គម ជាពិសេសបញ្ហាជំងឺកូវីដ-១៩ និងជីវភាពរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែជំនួយការ លោក កឹម សុខា គឺលោក មុត ចន្ថា ដែលមានវត្តមានក្នុងជំនួបនោះដែរ បានអះអាងថា លោកទាំងពីរក៏បានពិភាក្សាគ្នាអំពីវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផងដែរ។
ក្រុមប្រទេសប្រជាធិបតេយ្យនៅតែប្រកាន់ជំហរទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា និងផ្ដល់សិទ្ធិធ្វើនយោបាយពេញលេញដល់រូបលោកវិញ ពីព្រោះពួកគេពិនិត្យឃើញថា មេបក្សប្រឆាំងរូបនេះមិនបានប្រព្រឹត្តបទល្មើសក្បត់ជាតិដូចការចោទប្រកាន់របស់របបក្រុងភ្នំពេញនោះឡើយ៕
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី គាំទ្រការបង្កើតរណសិរ្សប្រមូលផ្ដុំអ្នកប្រជាធិបតេយ្យ លុះត្រាតែគណបក្សសង្គ្រោះជាតិ ជាអ្នកនាំមុខ
- បក្សប្រឆាំងថ្កោលទោស ការវាយប្រហារកញ្ញា ស្រីមាស ដែលអ្នកគាំទ្រគណបក្សនេះ
- ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថា ជំនួបរវាងលោក កឹម សុខ និងលោក ហ៊ុន សែន ជារឿងវិជ្ជមាន
- យុវតីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវជនមិនស្គាល់មុខលួចវាយរបួសក្បាល
- អ្នកវិភាគនយោបាយ ថា គណបក្សសង្គ្រោះជាតិ ត្រូវពង្រឹងស្មារតីបង្រួបបង្រួមជាតិដើម្បីបង្កើតសម្ពន្ធភាពថ្មី
- តើជំនួបលោក ហ៊ុន សែន និង កឹម សុខា អាចឈានទៅបញ្ចប់វិបត្តិនយោបាយវិញឬយ៉ាងណា?
- អ្នកវិភាគមើលឃើញថាជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ជាសញ្ញាណវិជ្ជមានសម្រាប់នយោបាយនៅកម្ពុជា
- មេបក្សខ្មែរក្រោក គ្មានប្រតិកម្មចំពោះការដកមុខតំណែងពីឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទេ
- លោក កឹម សុខា និងក្រុមមេធាវីរបស់លោក ទៅចូលរួមគោរពវិញ្ញាណក្ខន្ធម្ដាយក្មេកលោក ហ៊ុន សែន
- គ្រួសារ និងមេធាវី សង្ឃឹមថា សាលាឧទ្ធរណ៍ នឹងឲ្យសកម្មជនបក្សប្រឆាំង ៩នាក់នៅក្រៅឃុំតាមការស្នើសុំ
we knew there are only two policy of this court system. Democracy justice and the other justice
The court of mafia never wrong ‘ O K ‘ because their law is made by the groups of mafia’ and their groups alway wright even they killed khmer people they are still not in jail but for real khmer are wrong all the time because veitcong dogs are the mafia of hanoi’