ដោយ ខែ សុណង
2020-05-14
RFA

ទិដ្ឋភាពកម្លាំងសន្តិសុខយាមខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងពេលជម្រះក្ដីលោក កឹម សុខា (ស្ដាំ) ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ងាត់មនុស្សជាងពេលចាប់ផ្ដើមសវនាការនៅសប្ដាហ៍ទី១។

រូប៖ ពលរដ្ឋ
ក្រសួងយុត្តិធម៌អះអាងថា សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងដៃតុលាការ ដោយមិនមានស្ថាប័ន ឬភាគីណាមួយ អាចដាក់សម្ពាធឱ្យតុលាការកែប្រែសេចក្ដីសម្រេចរបស់ខ្លួនឡើយ។ ការលើកឡើងនេះ គឺបន្ទាប់ពីអង្គទូតបរទេសបានទៅជួបលោក កឹម សុខា ដល់គេហដ្ឋានរបស់លោកជាបន្តបន្ទាប់ មុនពេលតុលាការបន្តនីតិវិធីជម្រះក្ដី នេះបន្តទៀត។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ចាត់ទុកជំនួបរវាងលោក កឹម សុខា និងមន្ត្រីទូតបរទេសនោះ ថាជារឿងបុគ្គល មិនមានឥទ្ធិពលអ្វីលើនីតិវិធីតុលាការឡើយ។
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ក្រុមមន្ត្រីទូតបរទេសទៅជួបលោក កឹម សុខា ពីព្រោះពួកគាត់ធ្លាប់ស្គាល់គ្នា ហើយដោយសារតែស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលច្រើន ទើបពួកគាត់អាចជួបគ្នាបានដោយប្រក្រតីឡើងវិញ៖ «បណ្ដាក់គ្នាជួប វាជារឿងធម្មតាដោយសារស្ថានភាពកូវីដបានធូរស្បើយ ហើយការជួបសម្ដែងការគួរសម មិនមានឥទ្ធិពលអ្វីទៅលើនីតិវិធីតុលាការ និងការអនុវត្តច្បាប់ ដែលជារឿងដោយឡែក (នោះទេ)»។
ក្នុងពេលប៉ុន្មានថ្ងៃមកនេះ មន្ត្រីទូតបរទេសបានចាប់ផ្ដើមបណ្ដាក់គ្នាទៅជួបលោក កឹម សុខា ដល់គេហដ្ឋានរបស់លោកជាថ្មីទៀត នៅមុនពេលតុលាការបន្តនីតិវិធីលើសំណុំរឿងមេបក្សប្រឆាំងរូបនេះ។ មន្ត្រីទូតទាំងនោះ រួមមាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរាជទូតអូស្ត្រាលី។
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ប៉ាប្លូ កង (Pablo Kang) បានជួបលោក កឹម សុខា នៅថ្ងៃទី១៣ ឧសភា ក៏ប៉ុន្តែមុនជួបមេបក្សប្រឆាំងរូបនេះ លោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី គឺលោក កើត រិទ្ធ។ លោក ប៉ាប្លូ កង (Pablo Kang) ឱ្យដឹងនៅលើបណ្ដាញធ្វីតធ័រ (Twitter) ថា លោកបានជជែកជាមួយលោក កើត រិទ្ធ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យយុត្តិធម៌ ការផ្លាស់ប្ដូរយោបល់អំពីការកាត់ទោសលោក កឹម សុខា ការងារសាលាក្ដីខ្មែរក្រហម ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន និងសំណើធ្វើវិសោធនកម្មច្បាប់អង្គការ-សមាគម។
លោក ជិន ម៉ាលីន បញ្ជាក់ថា ជំនួបនោះពិតជាមានការលើកឡើងអំពីបញ្ហាទាំងនេះមែន ប៉ុន្តែចំពោះករណីលោក កឹម សុខា លោកថា រដ្ឋមន្ត្រីយុត្តិធម៌គ្រាន់តែធ្វើបច្ចុប្បន្នភាពនៃសវនាការក្តីនេះប៉ុណ្ណោះ មិនមែនអ្វីលើសពីនេះទេ។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត មើលឃើញថា កាយវិការរបស់មន្ត្រីទូតបរទេសនេះ បង្ហាញច្បាស់ថា ប្រទេសប្រជាធិបតេយ្យនៅតែទទួលស្គាល់លោក កឹម សុខា ថា ជាមេបក្សប្រឆាំងស្របច្បាប់ ជាមនុស្សស្អាតស្អំ និងជាអ្នកហ៊ានលះបង់ ដើម្បីបុព្វហេតុនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកយល់ថា តាមរយៈកាយវិការនេះ ក្រុមប្រទេសប្រជាធិបតេយ្យ ហាក់កំពុងដើរតួនាទីជួយសម្របសម្រួលជម្លោះនយោបាយរវាងគូភាគីទាំងសងខាងហើយ៖ «គេដើរតួជាអ្នកសម្របសម្រួលច្រើនជាង គឺបានន័យថា សម្របសម្រួលឱ្យអ្នកនយោបាយខ្មែរហ្នឹងមកមានសតិភ្ញាក់រឭក អាចបើកឱ្យមានកិច្ចចរចារវាងខ្មែរ និងខ្មែរដោយខ្លួនឯង ជាជាងដែលបរទេសគេលូកដៃចូលទៅជ្រៅ ឬក៏គេលូកដៃច្រើនជាង ដែលខ្មែរខ្លួនឯងហ្នឹងមិនចង់»។
ស្រដៀងគ្នានេះ ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា សហគមន៍អន្តរជាតិគឺជាតួអង្គសំខាន់ក្នុងការជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ កញ្ញាបន្តថា ពេលនេះក្រុមប្រទេសប្រជាធិបតេយ្យហាក់កំពុងប្រើវិធីសាស្ត្រទន់ភ្លន់ក្នុងការជជែកជាមួយគូបដិបក្ខនយោបាយទាំងសងខាង ជាជាងប្រើភាសាធ្ងន់ៗ ដូចពេលមុន៖ «ទោះបីសហគមន៍អន្តរជាតិប្រឹងខ្នះខ្នែងយ៉ាងណាក៏ដោយ បើយើងមើលជំហរលោកនាយករដ្ឋមន្ត្រី ហាក់ដូចជានៅទ្រឹង ឬក៏មិនផ្លាស់ប្ដូរជំហរ ប៉ុន្តែវាអាចបង្ហាញទៅលើរបៀបធ្វើការមួយដែលប្រើប្រាស់វិធានការត្រជាក់ ឬក៏ការជជែកគ្នា ជាជាងការប្រើប្រាស់ពាក្យសម្ដីឌឺដងដាក់គ្នា»។
ក្រោយស្ថានការណ៍កូវីដ-១៩ បានធូរស្រាលជាងមុន តុលាការរបបក្រុងភ្នំពេញបានចាប់ផ្ដើមដំណើរការក្តីលោក កឹម សុខា ឡើងវិញហើយ ដោយចាប់ផ្ដើមពីការជម្រះរឿងដាក់ភស្តុតាងរបស់តំណាងអយ្យការ ដែលក្រុមមេធាវីលោក កឹម សុខា អះអាងថា ជាការធ្វើខុសនីតិវិធី។ សាលាឧទ្ធរណ៍បានសម្រេចច្រានចោលបណ្ដឹងរបស់ក្រុមមេធាវីលោក កឹម សុខា ដោយរក្សាការសម្រេចរបស់ចៅក្រមតុលាការក្រុងភ្នំពេញទុកជាបានការដដែល។
ដោយឡែក សវនាការលើអង្គសេចក្ដីនៃសំណុំរឿងនេះវិញ តុលាការក្រុងភ្នំពេញនៅមិនទាន់កំណត់ពេលជាថ្មីនៅឡើយទេ គិតត្រឹមថ្ងៃទី១៤ ឧសភា ស្របពេលមេធាវីលោក កឹម សុខា ចង់ឱ្យតុលាការមានចំណាត់ការយ៉ាងណាធានាបាននូវយុត្តិធម៌សម្រាប់កូនក្ដី និងការពារសុវត្ថិភាពប្រឆាំងនឹងជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី ថា ទាល់តែដូរប្រព័ន្ធគ្រប់គ្រងប្រទេសបែបលួចជាតិចេញ ទើបអាចទប់ស្កាត់អំពើលាងលុយកខ្វក់នៅកម្ពុជា
- សាលាឧទ្ធរណ៍ថា ការដាក់ភស្តុតាងរបស់តំណាងអយ្យការក្នុងពេលជម្រះក្ដីលោក កឹម សុខា ជារឿងត្រឹមត្រូវ
- លោក សម រង្ស៊ី គាំទ្រការបង្កើតរណសិរ្សប្រមូលផ្ដុំអ្នកប្រជាធិបតេយ្យ លុះត្រាតែគណបក្សសង្គ្រោះជាតិ ជាអ្នកនាំមុខ
- បក្សប្រឆាំងថ្កោលទោស ការវាយប្រហារកញ្ញា ស្រីមាស ដែលអ្នកគាំទ្រគណបក្សនេះ
- ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថា ជំនួបរវាងលោក កឹម សុខ និងលោក ហ៊ុន សែន ជារឿងវិជ្ជមាន
- យុវតីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវជនមិនស្គាល់មុខលួចវាយរបួសក្បាល
- អ្នកវិភាគនយោបាយ ថា គណបក្សសង្គ្រោះជាតិ ត្រូវពង្រឹងស្មារតីបង្រួបបង្រួមជាតិដើម្បីបង្កើតសម្ពន្ធភាពថ្មី
- តើជំនួបលោក ហ៊ុន សែន និង កឹម សុខា អាចឈានទៅបញ្ចប់វិបត្តិនយោបាយវិញឬយ៉ាងណា?
- អ្នកវិភាគមើលឃើញថាជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ជាសញ្ញាណវិជ្ជមានសម្រាប់នយោបាយនៅកម្ពុជា
- មេបក្សខ្មែរក្រោក គ្មានប្រតិកម្មចំពោះការដកមុខតំណែងពីឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទេ
Haha’ this is cambodia’ this country is in the hands of Veitcong mafia dictator and his groups’ so don’t ever dream about justice or democracy’ because this country is in the law of mafia’ What ever this mafia groups do they will do even killing khmer people million ‘ O K . Look back at 1975’ this country have a killing fields but the real killers still control the country ‘and U N can’t do anything ‘can’t point or jail the killers ‘
WELL… go ahead and make your day. I mean if you are still dump like animal just do what you always anted. I think cancer of this dictatorship can not cue have to end painfully in the near future. who do every one think they are going to hurt them ?? I quest no body else excepting all those poor Cambodian who what to stay alive. I know in the near future it will be the same word said HUN NAL pushing people to the brick wall. same word said the water tie the fish eat the ant when the water empty the ant eat that fish this is what HUN NAL scar the most . I know if this dictatorship still not give up I will not blame to Cambodian . GOD bless Cambodia and it’s people