ខួប​២៣​ឆ្នាំ​នៃ​រដ្ឋប្រហារ៖ ប្រពន្ធ​លោក ហូ សុខ ទុក​ឱ្យ​ព្រះ​ជា​អ្នករក​យុត្តិធម៌​ជំនួស​ខ្លួន

ដោយ ជីវិតា
2020-07-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបថត​របស់ លោក ហូ សុខ (ឆ្វេង) កាល​នៅ​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ។

រូបថត​របស់ លោក ហូ សុខ (ឆ្វេង) កាល​នៅ​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ។

 RFA


ឃាតកម្ម​ជាច្រើន​បាន​កើតឡើង​នៅ​ក្នុង​ខែ​កក្កដា ក្នុង​នោះ​ជនរងគ្រោះ​មាន លោក ហូ សុខ ផង​ដែរ​។ លោក ហូ សុខ ជា​មន្ត្រី​ជាន់ខ្ពស់​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៃ​រដ្ឋាភិបាលចម្រុះ ក្នុង​ឆ្នាំ​១៩៩៧ ដែល​មាន​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​២​។ ឃាតក​បាន​បាញ់សម្លាប់​លោក ហូ សុខ នៅ​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​១៩៩៧ ខណៈ​លោក​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ការិយាល័យ​មួយ​របស់​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ក្នុង​ក្រសួង​មហាផ្ទៃ អំឡុង​ពេល​រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន ទម្លាក់​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ។

២៣ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ដោយ​គ្មាន​ជន​ល្មើស​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​។ តើ​ភរិយា​របស់​លោក ហូ សុខ មាន​ទស្សនៈ​យ៉ាង​ណា​ដែរ។

លោក ហូ សុខ គឺជា​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ក្នុងចំណោម​មន្ត្រី​ជាន់ខ្ពស់​រាប់​សិប​នាក់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច (FUNCIPEC) ដែល​ត្រូវ​បាន​សម្លាប់​ក្រៅច្បាប់​អំឡុង​ពេល​រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧។

ខណៈ​ទាហាន និង​មន្ត្រី​ជាន់ខ្ពស់​រាជានិយម​ដ៏ទៃ​ទៀត​ត្រូវ​បាន​ចាប់ខ្លួន និង​បាញ់​សម្លាប់​នៅ​ក្នុង​ព្រៃ ឬ​នៅ​ក្រៅ​ក្រុង​ភ្នំពេញ លោក ហូ សុខ ត្រូវ​បាន​បាញ់សម្លាប់​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ។

ប្រពន្ធ​លោក ហូ សុខ គឺ​លោក ស្រី ជា គឹម បច្ចុប្បន្ន​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​កូន ៥​នាក់ មាន​ប្រសាសន៍​ថា ទោះជា​ពេលវេលា​កន្លង​ផុត​ទៅ​យូរ​ហើយ​ក្តី លោកស្រី​ក៏​នៅតែ​ចង់​បាន​យុត្តិធម៌ ប៉ុន្តែ​លោកស្រី​មិន​រំពឹង​ថា អ្នកគ្រប់គ្រង​រដ្ឋ​បច្ចុប្បន្ន​អាច​រក​យុត្តិធម៌​ជូន​ប្តី​របស់​លោកស្រី​បាន​ទេ៖ «ការ​ចង់​បាន​យុត្តិធម៌​នៅតែ​ចង់បាន​ជានិច្ច ប៉ុន្តែ​មនុស្ស​គ្មាន​យុត្តិធម៌​ទេ មានតែ​ព្រះ​មួយ​ទេ​ដែល​យុត្តិធម៌​។ ទុក្ខសោក​របស់ខ្ញុំ​បាន​ថ្វាយ​ទៅ​ព្រះ​អស់ហើយ​។ ព្រះអង្គ​ថា ការ​សងសឹក​ទុក​ឱ្យ​ព្រះអង្គ»។

ក្រោយ​ការ​ប្រយុទ្ធ​គ្នា​រយៈពេល ២​ថ្ងៃ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​រវាង​កង​ទ័ព​ស្មោះត្រង់​នឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​១ និង​កងទ័ព​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ ឧត្ដមសេនីយ៍ ហូ សុខ ត្រូវ​បាន​កម្លាំង​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី៧ កក្កដា ឆ្នាំ ១៩៩៧ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ លោក​ត្រូវ​បាន​គេ​យក​ទៅ​ឃុំ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ក្នុង​ការិយាល័យ​របស់​ឧត្ដមសេនីយ៍ ម៉ា ឈឿន។ នៅ​ក្នុង​ការិយាល័យ​របស់​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ឯង ដែល​លោក ហូ សុខ ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​កាំភ្លើង។

ដោយសារ​មាន​សម្ពាធ​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ជាង​២​សប្ដាហ៍​ក្រោយមក សហ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​លោក យូ ហុកគ្រី បាន​បង្កើត​ក្រុម​ស៊ើបអង្កេត​ឃាតកម្ម​មួយ​។ លទ្ធផល​ស៊ើបអង្កេត​ជំហាន​ដំបូង បាន​ជំរុញ​ឱ្យ​លោក ស ខេង សម្រេច​បញ្ឈរជើង​ឧត្តមសេនីយ៍​នគរបាល​បី​រូប នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ដែល​ជាប់​សង្ស័យ​មាន​ចំណែក​ទទួលខុសត្រូវ​ក្នុង​ឃាតកម្ម​លោក ហូ សុខ ។ នគរបាល​ជាន់ខ្ពស់​ទាំង​បី​រូប​នោះ គឺ​លោក ម៉ា ឈឿន លោក ថន អ៊ិម និង​លោក​ថោង លឹម។

ប៉ុន្តែ​ក្រោយ​ពី​ត្រូវ​បាន​ព្យួរ​ការងារ ដើម្បី​បើកផ្លូវ​ឱ្យ​មាន​ការស៊ើបអង្កេត​បាន​ប្រមាណ​២​ខែ ពួកគេ​ទាំង​បី​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​មិន​បាន​ពិគ្រោះ​ជាមួយ​លោក ស ខេង បញ្ជា​ឱ្យ​ពួកគេ​ចូល​ធ្វើ​ការ​ធម្មតា​ឡើងវិញ នៅ​ខែ​កញ្ញា​។ លោក ហ៊ុន សែន សម្រេច​បែប​នោះ បន្ទាប់ពី​មាន​សំណើ​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី។

សេចក្តី​សម្រេច​របស់​លោក ហ៊ុន សែន មិន​ត្រឹមតែ​ធ្វើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អាក់អន់ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើន​ភាព​តានតឹង​រវាង​លោក សង ខេង និង​លោក ហុក ឡង់ឌី ដែល​បាន​បោះ​សន្ទូច​រំលោង​ភ្នំ​ទៀត​ផង។

ទោះជា​យ៉ាងណា លោក ស ខេង បាន​បង្ហើប​អំពី​គោលដៅ​នៃ​អ្នក​សម្លាប់​លោក ហូ សុខ។

នៅ​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​១៩៩៧ ដដែល គឺ​នៅ​ថ្ងៃ​ដែល​លោក ហ៊ុន សែន ចេញទៅ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស លោក ស ខេង ត្រូវ​បាន​កាសែត ដឹ ខេមបូឌា ដេលី (The Cambodia Daily) ដកស្រង់​សំដី​លោក​យក​មក​ចុះផ្សាយ​ថា «យើង​បាន​ស្គាល់​អត្តសញ្ញាណ​អ្នក​សម្លាប់​លោក ហូ សុខ ហើយ។ យើង​សង្ឃឹម​ថា ឃាតក​នឹង​ត្រូវ​ចាប់ខ្លួន​ឆាប់ៗ​ខាងមុខនេះ​»​។ ក៏ប៉ុន្តែ​លោក ស ខេង មិន​បាន​បញ្ចេញ​ឈ្មោះ​ជនសង្ស័យ​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា រឿង​នេះ​ជា​រឿង​រស៊ើប​ណាស់​។ ទោះជា​យ៉ាងណា បន្តិច​ក្រោយ​មក​លោក ស ខេង បាន​ប្ដូរ​ចិត្ត​ដោយ​និយាយ​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ត៍​ថា លោក​មិន​ដែល​បាន​និយាយ​អំពី​រឿង​នេះ​ទេ។

ប៉ុន្តែ​ជំនួយការ​របស់​លោក ស ខេង គឺ​ឧត្តមសេនីយ៍​ខៀវ សុភ៌ក ក្រោយមក​បាន​បញ្ជាក់​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ត៍​ថា លោក ស ខេង ដឹង​ថា អ្នកណា​ជា​អ្នក​សម្លាប់​លោក ហូ សុខ ហើយ ប៉ុន្តែ​វា​ឆាប់​ពេក​ក្នុង​ការ​ធ្វើ​សកម្មភាព​ចាប់ខ្លួន ដោយ​រង់ចាំ​ប៉ូលិស​បញ្ចប់​ការស៊ើបអង្កេត​ជា​មុន​សិន។ទោះជា​យ៉ាង​ណា​ក្តី ម្ភៃ​បី​ឆ្នាំ​បាន​កន្លងផុត​ទៅ ឃាតកម្ម​លោក ហូ សុខ នៅតែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​ដដែល ហើយ​លោក ស ខេង ក៏​នៅតែ​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដដែល។ លោក ស ខេង ដែល​ជា​អ្នកបង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឃាតកម្ម​នេះ និង​ធ្លាប់​បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា លោក​ស្គាល់​អត្តសញ្ញាណ​ឃាតក​តាំងពី ២៣​ឆ្នាំមុន​នោះ មិនដែល​ឃើញ​បង្ហាញ​របាយការណ៍​ណាមួយ​ពី​ឃាតកម្ម​នេះ​ឡើយ។

កាសែត​ភ្នំពេញ​ប៉ុស្ត៍​ចេញផ្សាយ​ថ្ងៃ​ទី១០ តុលា ឆ្នាំ ១៩៩៧ អះអាង​ថា នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី៩ កញ្ញា ផ្ញើ​ទៅកាន់​កាសែត​របស់​ខ្លួន លោក ហូលីយោ ហេលដ្រេស៍ (Julio Jeldres) អ្នក​សរសេរ​ប្រវត្តិ​របស់​ព្រះ​បរមរតនកោដ្ឋ សម្ដេច ព្រះនរោត្តម សីហនុ បាន​សរសេរ​ថា លោក​មាន​ព័ត៌មាន​ដែល​ទទួល​បាន​ពី​សាក្សី​មិន​បញ្ចេញ​អត្តសញ្ញាណ ដែល​និយាយ​ថា លោក ហុក ឡង់ ឌី ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់​លោក ហូ សុខ។

ទោះជា​យ៉ាងណា លោក ហុក ឡង់ ឌី ដែល​អាច​ជា​មនុស្ស​សំខាន់​ក្នុង​រឿង​ឃាតកម្ម​នេះ បាន​ទទួល​មរណភាព​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ កាលពី​ព្រលប់​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​២០០៨ នៅ​ក្នុង​ខេត្ត​ស្វាយរៀង។

ចំណែក​លោក ម៉ា ឈឿន ដែល​ការិយាល័យ​របស់​លោក​ក្នុង​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​ប្រើប្រាស់​ធ្វើឃាត​លោក ហូ សុខ នោះ បច្ចុប្បន្ន​ឡើងបុណ្យ​ស័ក្ដិ​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម។ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក ម៉ា ឈឿន តាម​ទូរស័ព្ទ​អំពី​ឃាតកម្ម​លោក ហូ សុខ ប៉ុន្តែ​លោក​ឆ្លើយ​ថា លោក​ជាប់រវល់​ក្មួយ​ឈឺ៖ «សុំទោស​ខ្ញុំ​ជាប់​មានធុរៈ​បន្តិច ក្មួយ​ឈឺ»។

ឃាតកម្ម​លោក ហូ សុខ គឺជា​ភាព​អាម៉ាស់​មួយ​ដ៏​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពីព្រោះ​ជនរងគ្រោះ​រូប​នេះ ត្រូវ​បាន​បាញ់សម្លាប់​ខណៈ​លោក​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ក្រសួងមហាផ្ទៃ ជា​កន្លែង​ដែល​គួរតែ​មាន​សុវត្ថិភាព​ខ្ពស់​បំផុត។

នាយករង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា នេះ​គឺជា​ឧក្រិដ្ឋកម្ម​មួយ​ធ្ងន់ធ្ងរ រំលោភ​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្រាវជ្រាវ​ដោយ​តម្លាភាព និង​ឯករាជ្យ ដើម្បី​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស៖ «វា​ជា​រឿង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​ករណី​កើតឡើង​អ៊ីចឹង វា​ត្រូវ​តែ​មាន​ការស៊ើបអង្កេត​រក​អ្នកណា​ដែល​ទទួលខុសត្រូវ ដើម្បី​រក​ការពិត​ផ្ដល់​យុត្តិធម៌ និង​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មានការ​កើតឡើង​បន្ត​ទៅ​ទៀត»។

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដឹង​ថា រឿង​សម្លាប់​មនុស្ស​នៅ​​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​៥-៦ ឆ្នាំ​១៩៩៧ គ្មាន​ការស៊ើបអង្កេត​នោះ​ទេ​។ លើស​ពី​នេះ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា រឿង​នេះ​ផុត​កំណត់​នៃ​ការស៊ើបអង្កេត​ហើយ៖ «រឿង​នេះ​វា​ហួស​អាជ្ញាយុកាល​នៃ​ការស៊ើបអង្កេត​ហើយ​ប្អូន​អើយ​ប្អូន»។

ពិតមែន​ហើយ ផុត​អាជ្ញាយុកាល ពី​ព្រោះតែ​សមត្ថកិច្ច​ទុក​ឱ្យ​វា​ផុត ដោយ​មិន​បាន​ចាត់ការ។

មាត្រា​១០​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ស្ដីពី​អាជ្ញាយុកាល​នៃ​បទល្មើស​ចែងថា​៖ «​ថិរវេលា​នៃ​អាជ្ញាយុកាល​នៃ​បណ្ដឹង​អាជ្ញា​ចំពោះ​បទឧក្រិដ្ឋ​មាន​រយៈ ១៥​ឆ្នាំ»។

ឃាតកម្ម​លោក ហូ សុខ និង​ឃាតកម្ម​លើ​ទាហាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជាច្រើន​នាក់​ទៀត​នោះ គិត​មកដល់​ខែ​កក្កដា ឆ្នាំ​២០២០​នេះ មាន​រយៈពេល​២៣​ឆ្នាំ​ហើយ គឺ​មាន​ន័យ​ថា លទ្ធភាព​ដែល​អាច​ប្ដឹង​រក​យុត្តិធម៌​ជូន​លោក ហូ សុខ បាន​ផុត​កំណត់​រយៈពេល​៨​ឆ្នាំ​ហើយ បើ​យោង​តាម​មាត្រា​១០​នេះ​។​

ក៏ប៉ុន្តែ ប្រសិនបើ​ឃាតកម្ម​លោក ហូ សុខ និង​មន្ត្រី​ដទៃ​ទៀត​ត្រូវ​គេ​រក​ឃើញ​ថា រំលោភបំពាន​មាត្រា​៩​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ អាជ្ញាយុកាល​នៃ​បទល្មើស នៅ​តែ​មាន​បន្ត​រហូត ទោះ​កន្លង​ផុត​យូរ​យ៉ាង​ណា​ក្ដី។

មាត្រា​០៩​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា ស្ដីពី​ឧក្រិដ្ឋកម្ម​ដែល​គ្មាន​អាជ្ញាយុកាល​កំណត់ ចែង​យ៉ាង​ដូច្នេះ​ថា​៖ «បទឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍ បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ និង​បទឧក្រិដ្ឋ​សង្គ្រាម មិន​អាច​ផុត​អាជ្ញាយុកាល​បានទេ»។

នេះ​មាន​ន័យថា ប្រសិនបើ​មាន​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ និង​មិន​លម្អៀង​មួយ រកឃើញ​ថា ការ​សម្លាប់​លោក ហូ សុខ និង​កងទ័ព​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​រាប់សិប​នាក់​នៅ​អំឡុង​ពេល​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ គឺជា​បទឧក្រិដ្ឋ​សង្គ្រាម ឬ​ជា​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ​នោះ អាជ្ញាយុកាល​នៃ​ល្មើស និង​បណ្ដឹង​អាជ្ញា​ប្រឆាំង​នឹង​ជនល្មើស​មិន​ចេះ​ផុត​រលត់​ឡើយ ពោល​គឺ​ជនរងគ្រោះ និង​អ្នកមាន​ផលប្រយោជន៍​ក្នុង​សំណុំ​រឿង​នេះ នៅតែ​អាច​ដាក់​ពាក្យ​បណ្តឹង​សើរើ​រហូត​ទៅ ដូចដែល​សាលា​ក្តី​ខ្មែរក្រហម​កំពុងតែ​ដំណើរការ​ជំនុំជម្រះ និង​ផ្ដន្ទាទោស​មេ​ដឹក​ខ្មែរក្រហម ដូច្នេះ​ដែរ។

ឧក្រិដ្ឋកម្ម​មួយ​ដែល​សាលា​ក្តី​ខ្មែរក្រហម​បាន​ជំនុំជម្រះ និង​ផ្ដន្ទាទោស​លោក នួន ជា និង​លោក ខៀវ សំផន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នោះ គឺ​ការ​សម្លាប់​ឈ្លើយសឹក ឬ​ការ​សម្លាប់​អតីត​បច្ចាមិត្ត ដែល​គ្មាន​លទ្ធភាព​តដៃ​។ ភា្លមៗ​ក្រោយ​ឡើង​កាន់​អំណាច​នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ប្រមូល​អតីត​ទាហាន និង​មន្ត្រី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ចន្លោះ​ពី​២០០០ (​ពីរ​ពាន់​) ទៅ​៣០០០ (​បី​ពាន់​) នាក់​យក​ទៅ​បាញ់សម្លាប់​ចោល​នៅ​ទួល​ពោធិ៍ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់ ដោយ​បញ្ឆោត​ថា ឱ្យ​ទៅ​ទទួល​សម្ដេច​ឳ។

ការ​ប្រហារជីវិត​អតីត​ទាហាន លន់ នល់ នៅ​ទួល​ពោធិ៍ជ្រៃ​នៅ​ឆ្នាំ​១៩៧៥ និង​ការ​ប្រហារ​ជីវិត​ទាហាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច អំឡុង​រដ្ឋប្រហារ​ថ្ងៃ​៥-៦ កក្កដា ឆ្នាំ ១៩៩៧ មាន​លក្ខណៈ​ស្រដៀង​គ្នា​។ ស្រដៀង​គ្នា គឺ​ត្រង់​ថា ជនរងគ្រោះ​ត្រូវ​បាន​ចាប់ខ្លួន និង​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ មុន​ត្រូវ​បាញ់សម្លាប់។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បញ្ជាក់​ថា អំឡុង​ពេល​រដ្ឋប្រហារ​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៧ កក្កដា ឆ្នាំ​១៩៩៧ កងទ័ព​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ បាន​សម្លាប់​ក្រៅច្បាប់​នូវ​ពលទាហាន មន្ត្រី​ប៉ូលិស និង​យោធា​ជាន់ខ្ពស់​រាប់​សិប​នាក់​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​១។ មន្ត្រី​សិទ្ធិមនុស្ស​សហប្រជាជាតិ​ឱ្យ​ដឹង​ទៀត​ថា គេ​បាន​រក​ឃើញ​សាកសព​ខ្លះ​នៃ​ទាហាន និង​មន្ត្រី​រាជា​និយម​ទាំងនោះ ស្ថិត​ក្នុង​ដៃ​ជាប់​ចំណង ក្រណាត់​រុំ​មុខ ស្លៀក​ខោខ្លី និង​លលាដ៍ក្បាល​ត្រូវ​បាន​បាញ់​បំបែក​ដោយ​គ្រាប់កាំភ្លើង​។ នេះ​បញ្ជាក់​ថា នៅមុន​ពេល​ត្រូវ​បាញ់សម្លាប់ ពួកគេ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន និង​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ​រួចទៅ​ហើយ។

ច្បាប់​សង្គ្រាម ឬ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ដែល​ចែង​ក្នុង​អនុសញ្ញា​ក្រុង​ហ្សឺណែវ កំណត់​ថា ទាហាន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​សមរភូមិ ឬ​បាន​ទម្លាក់អាវុធ​ចុះចូល គឺជា​ឈ្លើយសឹក ឬ​អ្នក​ទោស​សង្គ្រាម​។ ជីវិត និង​សេចក្ដីថ្លៃថ្នូរ​ក្នុងនាម​ជា​មនុស្សជាតិ​របស់​ពួកគេ​ត្រូវ​ទទួល​បាន​ការ​ការពារ ហើយ​បន្ទាប់​ពី​ចប់​សង្គ្រាម ពួកគេ​ត្រូវ​បាន​ដោះលែង​។ ការ​ប្រហារ​ជីវិត​សត្រូវ​របស់​ខ្លួន ដែល​បាន​ទម្លាក់អាវុធ ឬ​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ ឬ​ខណៈ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន គឺជា​ការ​រំលោភ​ច្បាប់​សង្គ្រាម និង​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ងាក​មក​ភរិយា​របស់​លោក ហូ សុខ គឺ​លោកស្រី ជា គឹមវិញ​។ លោកស្រី​មាន​ប្រសាសន៍​ថា ពីដំបូងៗ កូន​របស់​លោកស្រី​មាន​កំហឹង​ខ្លាំង​ណាស់​ក្រោយ​បាន​ដឹង​ថា ឪពុក​ខ្លួន​ត្រូវ​ឃាតក​បាញ់សម្លាប់​ខណៈ​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​។ ប៉ុន្តែ​ពេលវេលា​បាន​ជួយ​ធ្វើឱ្យ​ពួកគេ​រំសាយ​កំហឹង​បន្តិច​ម្តងៗ ហើយ​ចំណែក​លោកស្រី​វិញ ដើម្បី​អាច​រស់​ក្នុង​ភាព​ស្ងប់ស្ងាត់​ក្នុង​ចិត្ត​ទៅ​បាន លោកស្រី​សូម​ឱ្យ​អហោសិកម្ម​ត្រឹមណឹង​ទៅ​ចុះ ដោយ​ថ្វាយ​រឿង​នេះ​ជូន​ព្រះ​យេស៊ូគ្រិស្ត ជា​អ្នក​សម្រេច​ជំនួស​លោកស្រី​ទៅ​វិញ ពីព្រោះ​លោកស្រី​ថា មនុស្សលោក​លោភលន់​ណាស់ មិន​ចេះ​ស្កប់ស្កល់​ឆ្អែតឆ្អន់​ទេ ដូច្នេះ​មាន​តែ​ព្រះ​ទេ ដែល​អាច​សម្រេច​វាសនា​របស់​ពួកគេ៖ «ខ្ញុំ​មានតែ​ការ​អត់​ទោស​ឱ្យ​គេ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ជីវិត​ទៅ​មុខ​ទៀត​។ មនុស្ស​ចង់​បាន មនុស្ស​ចង់​មាន មនុស្ស​ចង់បាន​អំណាច​គ្រប់គ្រង មិន​ចេះ​ចប់​ទេ អត់​ស្កប់ស្កល់​ទេ​មនុស្ស មានតែ​ស្វែងរក​ព្រះហឫទ័យ​ពី​ព្រះអង្គ​រក​យុត្តិធម៌​។ កូន​ខ្ញុំ​ដូច​ថា គាត់​ស្ងប់​អារម្មណ៍​អស់​ទៅ ម៉្លោះ​ហើយ​គាត់​មិន​ដែល​រម្លឹក​អី​ទេ។ គាត់​គ្រាន់តែ​ដឹង​ថា គេ​សម្លាប់​ឪពុក​គាត់​ដោយ​អយុត្តិធម៌ ដោយ​បាញ់​នៅ​ក្រសួង​មហាផ្ទៃ»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ខួប​២៣​ឆ្នាំ​នៃ​រដ្ឋប្រហារ៖ ប្រពន្ធ​លោក ហូ សុខ ទុក​ឱ្យ​ព្រះ​ជា​អ្នករក​យុត្តិធម៌​ជំនួស​ខ្លួន"

  1. Anonymous says:

    In this beast regime and leaded by the veitcong mafia dictator and his groups never get justice for the victims ‘because they are the criminals they work togethers and they follwed Angka lour youn-hanoi to kill khmer ‘ so no justice for khmer people ‘