ដោយ ហេង រស្មី
2020-07-25
RFA

និមិត្តសញ្ញាក្រុមហ៊ុនចិន ហូវ៉េ (Huawei)។ RFA
អ្នកជំនាញផ្នែកឌីជីថល (Digital) ទាមទារឱ្យរបបក្រុងភ្នំពេញបង្កើតមន្ទីរពិសោធន៍ផ្នែកសន្តិសុខ ឌីជីថល (Digital) ដើម្បីឱ្យប្រាកដថា ក្រុមហ៊ុនហូវ៉េ (Huawei) ចិនមិនបានបង្កប់ឧបករណ៍ឈ្លបយកការណ៍ នៅក្នុងប្រទេសកម្ពុជា។ ក្តីបារម្ភនេះ ដោយសារតែ កាលពីថ្ងៃទី១៥ កក្កដា កន្លងទៅក្រុមហ៊ុន ឆាយណា តេឡេខម ក្លូបបល លីមីតធីត (China Telecom Global Limited) បានជួបពិភាក្សាគ្នាជាមួយក្រសួងប្រៃសណីយ៍ ដើម្បីពង្រីកផលិតផល និងសេវារបស់ខ្លួនបន្ថែមទៀតនៅប្រទេសកម្ពុជា ស្របពេលដែលអាមេរិកនិងអង់គ្លេស បានហាមឃាត់ការប្រើប្រាស់ឧបករណ៍ ក្រុមហ៊ុន (Huawei) ក្នុងប្រព័ន្ធG5 ដោយក្តីកង្វល់ពីបញ្ហាសន្តិសុខជាតិ។
អ្នកជំនាញផ្នែកឌីជីថលនិយាយថា កម្ពុជាអាចមានវិធីផ្សេងដើម្បីធ្វើឱ្យប្រាកដថា ក្រុមហ៊ុន Huawei ពិតជាមានភាពស្មោះត្រង់ក្នុងការរកស៊ីរបស់ខ្លួននៅកម្ពុជាដែរឬទ។
អ្នកប្រឹក្សាសុវត្ថិភាពផ្នែក ឌីជីថល(Digital) នៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ង៉ែត ម៉ូសេ មានប្រសាសន៍ថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀតបានហាមមិនឱ្យក្រុមហ៊ុន Huawei ចូលលក់ក្នុងប្រទេសរបស់ពួកគេដោយយល់ឃើញថា ឧបករណ៍ក្នុងទូរស័ព្ទមានបង្កប់ដើម្បីឈ្លបយកទិន្នន័យរបស់អ្នកប្រើប្រាស់។
លោកនិយាយថា កម្ពុជាគួរតែមានមន្ទីរពិសោធន៍សន្តិសុខផ្នែកឌីជីថល(Digital Security Lab)ដើម្បីពិនិត្យមើលឧបករណ៍ដែលបំពាក់នៅលើទូរស័ព្ទស្មាតហ្វូន (Smart Phone) របស់ក្រុមហ៊ុនហូវ៉ែ ដើម្បីឱ្យប្រាកដថា តើមានបង្កប់នៅប្រព័ន្ធឈ្លបយកការណ៍ដែរ ឬយ៉ាងណា?។
លោកបញ្ជាក់ថា ប្រសិនបើទូរស័ព្ទស្មាតហ្វូន ហូវ៉េ មានបង្កប់នៅប្រព័ន្ធឈ្លបយកការណ៍មែនគឺប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច ព័ត៌មាន និងនយោបាយនៅក្នុងប្រទេសកម្ពុជា។ លោកនិយាយថា សព្វថ្ងៃនេះទិន្នន័យវាបានជួយវិភាគនូវអាកប្បកិរិយា និន្នាការ របស់ប្រជាជន ដូចជានៅសហរដ្ឋអាមេរិក ការបែកធ្លាយទិន្នន័យរបស់ហ្វេសប៊ុកទៅកាន់ភាគីទីបី បានប៉ះពាល់ដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦ កន្លងទៅ៖ «ហូវ៉េ បើគាត់ដាក់មកហ្នឹងគាត់គួរតែបង្ហាញជាសាធារណៈទៅ។ គាត់ថា (Huawei) កម្ពុជាបារម្ភរឿងហ្នឹងកម្ពុជា អាចស្វះស្វែងរកក្រុមហ៊ុនណាដែលអ្នកជំនាញខាងសាយប័រស៊ីឃ្ឃូរីធី (Cyber Security) ឱ្យគាត់ទៅសាកល្បងទៅ។ រួចហើយចេញរបាយការណ៍ជាសាធារណៈ ទៅរដ្ឋសភា ដើម្បីឱ្យទទួលស្គាល់ថា នេះហូវ៉េ អត់ឈ្លបយកការណ៍ទេ នេះហូវ៉េឈ្លបយកការណ៍»។
ក្តីបារម្ភរបស់អ្នកជំនាញនេះ ដោយសារតែរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត កាលពីថ្ងៃទី១៥ ខែកក្កដា បានជួបពិភាក្សាគ្នាជាមួយ អ្នកចាត់ការទូទៅនៃក្រុមហ៊ុន ឆាយណា តេឡេខម ខេមបូឌា (China Telecom Cambodia Co., Ltd.) ដឹកនាំដោយលោកស្រី លីង យាន (Ling Yan) ដើម្បីពិភាក្សាស្តីពីប្រតិបត្តិការវិស័យទូរគមនាគមន៍នៅកម្ពុជាឱ្យកាន់តែរីកចំរើនឡើង។
គេហទំព័រហ្វេសប៊ុកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា នៅក្នុងជំនួបនោះលោកស្រី លីង យាន (Ling Yan) បានប្រាប់ទៅ លោក ជា វ៉ាន់ដេត អំពីព័ត៌មានទូទៅរបស់ក្រុមហ៊ុន ព្រមទាំងផលិតផល និងសេវារបស់ខ្លួននៅប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក។ លោកស្រីបានបញ្ជាក់ថា គោលបំណងរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងប្រៃសណីយ៍ គឺសម្រាប់គម្រោងនាពេលអនាគត រយះពេលវែងនៅកម្ពុជា។ ប៉ុន្តែអ្នកស្រីមិនបាននិយាយលំអិតពីឧបករណ៍ដែលមាននៅក្នុងទូរស័ព្ទស្មាតហ្វូន ហូវ៉េ (Huawei) មានបំពាក់ប្រព័ន្ធឈ្លបយកការណ៍ដែរ ឬ យ៉ាងណាទេ។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកមាស ប៉ូ បដិសេធធ្វើអត្ថាធិប្បាយជុំវិញ បញ្ហាក្រុមហ៊ុន Huawei នេះ កាលពីថ្ងៃទី២៣ កក្កដា៖ «ខ្ញុំឃើញហើយសំណួរអូន។ តែឥឡូវវាអង្គុយអត់កើត ម៉ាស៊ីនត្រជាក់ វាលិចទឹក វាស្រក់ទឹក»។
ប៉ុន្តែ នាយកប្រតិបត្តិក្រុមហ៊ុន ហូវ៉េ តិចណូឡូជី ខេមបូឌា (Huawei Technologies Cambodia Co.,Ltd) លោក សុវណ្ណ យ៉ាវ មានប្រសាសន៍ប្រាប់ព័ត៌មានក្នុងស្រុក ដែលស្និទ្ធនឹងរបបក្រុងភ្នំពេញថា ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនឆ្នាំ២០១៩ មានចំនួន ១២០ពាន់លានដុល្លារ។
លោកនិយាយថា បច្ចុប្បន្ន ហូវ៉េ ផ្តោតលើអាជីវកម្មធំៗចំនួន៤ គឺ អាជីវកម្មជាមួយក្រុមហ៊ុនប្រតិបត្តិករ ដូចជា ទូរស័ព្ទស្មាតហ្វូន (Smart Phone) ទូរស័ព្ទសែលកាត (CellCard) និងមិត្តហ្វូន(Metfone) ជាដើមសម្រាប់បង្កើតប្រព័ន្ធគមនាគមន៍ដើម្បីប្រើប្រាស់សេវាកម្មអ៊ីនធឺណិត។
លោកនិយាយថា សម្រាប់ជាមួយរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុនផ្តោតទៅលើវិស័យឌីជីថល(Digital) ដោយប្រើប្រាស់ឧបករណ៍ទូទៅ ដូចជាទូរស័ព្ទដៃ ថេបផ្លេត (Tablet)និងស្មាតវ៉ច (Smart Watch)និងបច្ចេកវិជ្ជាចុងក្រោយក្នុងការស្រាវជ្រាវគឺបច្ចេកទេស អាយខ្លៅ (iCloud)។
លោកបញ្ជាក់ថា ក្រុមហ៊ុនហូវ៉េ (Huawei) បានបញ្ចប់ការសាកល្បង នូវបច្ចេកវិទ្យា 5Gដោយមានការសហការពីរាជរដ្ឋាភិបាលកម្ពុជា និងប្រតិបត្តិកររបស់ក្រុមហ៊ុន ដែលធ្វើឱ្យលទ្ធផលដំណើរការបានល្អប្រសើរ។
ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនហូវ៉េ (Huawei) អាមេរិក និងអង់គ្លេស បានហាមឃាត់ក្រុមហ៊ុន (Huawei) ក្នុងប្រព័ន្ធG5 ដោយក្តីកង្វល់ពីបញ្ហាសន្តិសុខជាតិ។ កាលពីថ្ងៃទី ១៤ កក្កដា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ម៉ៃឃ៍ ប៉ុមប៉េអូ (Mike Pompeo) បានស្វាគមន៍ប្រទេសអង់គ្លេស ដែលបានហាមឃាត់ ឧបករណ៍ក្រុមហ៊ុន (Huawei) ក្នុងប្រព័ន្ធG5 របស់ប្រទេសនេះ។ លោកថា ការសម្រេចរបស់អង់គ្លេសនេះ ជាការងើបឡើងការពារសន្តិសុខជាតិ តាមរយៈការហាមឃាត់ ការប្រើប្រាស់ឧបករណ៍ទាំងឡាយ ដែលគ្មានការទុកចិត្តបាន និងពីម្ចាស់ដែលអាចបង្កគ្រោះថា្នក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការភ្នំពេញសម្រេចឃុំខ្លួនជនជាតិចិន១១នាក់ ពីបទចាប់ជំរិត និងបង្ខាំងមនុស្សខុសច្បាប់
- ប្រជាពលរដ្ឋខ្មែរចាត់ទុកថា ទំនិញគ្រប់ប្រភេទនាំចូលពីប្រទេសចិនគ្មានគុណភាព
- “ការបញ្ជាទិញរថយន្តធុនធំសម្រាប់វិស័យយោធាក្នុងស្ថានភាពបច្ចុប្បន្ន គឺជាការខ្ជះខ្ជាយថវិកា”
- អ្នកវិភាគថា មាគ៌ានយោបាយរបស់ចិនគឺចង់គ្រប់គ្រងកម្ពុជាផ្ដាច់មុខ
- តុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនជនជាតិចិន៦នាក់ពីបទបង្ខាំងមនុស្សខុសច្បាប់
- មន្ត្រីសង្គមស៊ីវិលទាមទារឱ្យអាជ្ញាធរចាប់ខ្លួនមេបញ្ជាការរងកងទ័ពជើងទឹកមកផ្ដន្ទាទោស
- តុលាការសម្រេចឃុំខ្លួនជនជាតិចិន៤នាក់ពីបទជួញដូរថ្នាំញៀនខុសច្បាប់
- ក្រុមហ៊ុនចិនមានជម្លោះដីធ្លីនៅត្បូងឃ្មុំដាក់កម្លាំងប្រដាប់អាវុធរារាំងពលរដ្ឋចូលបង្កបង្កើនផល
- អ្នកវិភាគសង្គមថា កម្ពុជាមិនគួរគាំទ្រចិនងប់ងុលពេកនោះទេ
- មន្ត្រីបក្សប្រឆាំងថា កម្ពុជាមិនគួរបំពាក់គ្រឿងឥស្សរិយយសដល់អ្នកជំនាញវេជ្ជសាស្ត្រយោធាចិន ៤រូប
haha so funny’ this beast regime can’t do that to the big boss’