ដោយ សុជីវី
2020-07-26
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះជួបកម្មករនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។ Photo courtesy of SPM Facebook’s page
ក្រុមកម្មកររោងចក្រមួយចំនួន ចាប់ផ្ដើមព្រួយបារម្ភពីការបាត់បង់ការងារធ្វើរយៈពេលយូរ ឬជារៀងរហូត ដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយជាផ្លូវការរបស់សហភាពអឺរ៉ុប នឹងចាប់ផ្ដើម នៅរយៈពេល២សប្ដាហ៍ខាងមុខទៀត។ សហជីព ជំរុញឱ្យរដ្ឋាភិបាលស្វះស្វែងដោះស្រាយតាមសំណើរបស់សហភាពអឺរ៉ុប ដើម្បីរក្សាEBA ដែលជាប្រយោជន៍របស់កម្មករ។
ក្រុមកម្មករខ្លះ និយាយថា ពួកគេទើបទទួលបានការងារវិញ ក្រោយការព្យួរការងារច្រើនខែដោយវិបត្តិជំងឺកូវីដ-១៩ (Covid-19) ដូច្នេះ ពួកគេមិនចង់បាត់បង់ការងារធ្វើម្ដងទៀតទេ ខណៈកម្មករខ្លះទៀត ព្រួយបារម្ភថា ការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ នៅពេលខាងមុខ ដ៏ខ្លីនេះ នឹងប្រឈមបាត់បង់ការងារ ហើយធ្វើឱ្យគ្រួសារទាំងមូលជួបវិបត្តិ។
កម្មការិនីម្នាក់ ធ្វើការនៅរោងចក្រ ជា ស៊ីណាត (CHEA SINAT GARMENT CO., LTD) នៅខណ្ឌច្បារអំពៅ លោកស្រី អែម លីលី ប្រាប់ថា ការបាត់បង់ការងារធ្វើរយៈពេល៣ខែកន្លងមក បណ្ដាលឱ្យលោកស្រី ធ្លាក់ជីវភាពដុនដាប ដូច្នេះលោកស្រី មិនចង់បាត់បង់ការងារធ្វើម្ដងទៀត ដោយសារ តែការដកប្រព័ន្ធអនុគ្រោះពន្ធ EBAទេ។ កម្មការិនីរូបនេះ សំណូមពរ រដ្ឋាភិបាល រកវិធីទប់ទល់នឹងវិបត្តិមួយនេះ ដោយត្រូវតែធានាពីនិរន្តរភាពការងារ និងអត្ថប្រយោជន៍របស់កម្មករ ឱ្យបាន នៅពេលដែលបណ្ដោយឱ្យបាត់បង់ EBA នៅពេលខាងមុខ៖ «កំពុងតែកង្វល់ថា មានការងារអត់ទាន់បានមួយខែទេ ដល់ពេលឥឡូវគេកាត់EBA ហ្នឹងទៀត ត្រូវអត់ការងារធ្វើទៀត។ តើខ្ញុំទៅរកការងារឯណាបានធ្វើ? ខ្ញុំអត់ដឹងថា ត្រូវធ្វើយ៉ាងម្ដេចទេ ព្រោះដោយសារអ្វី វាប៉ះពាល់ច្រើនកន្លែងអ៊ីចឹងណាបង ព្រោះអ្វីអត់លុយអត់កាក់ ហើយជួលផ្ទះគេផង អ្វីផង ហើយទើបធ្វើការបានមួយខែ មិនទាន់បានបើក(លុយ) ផង គេតម្រូវ ត្រូវកាត់(EBA) បាត់ទៀត។ វាពិបាកណាស់ ព្រោះអ្វីរោងចក្រគេក៏ប៉ះពាល់ យើងក៏ប៉ះពាល់»។
កម្មការិនីម្នាក់ទៀត ធ្វើការនៅរោងចក្រប័ររី អាប់ភើរ៉ែល (BERRY APPAREL (CAMBODIA) CO., LTD.) នៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ លោកស្រី ឡេង សីហា ដែលទើបតែបានចូលធ្វើការងារវិញ នៅដើមខែកក្កដានេះ ក៏ព្រួយបារម្ភពីការបាត់បង់ការងារជាថ្មីទៀតដែរ ដោយសារបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA។ តំណាងកម្មកររោងចក្រប័ររី អាប់ភើរ៉ែល រូបនេះ ចង់ឱ្យរដ្ឋាភិបាល ស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តាមការចង់បានរបស់សហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលជាប្រយោជន៍ធំបំផុតរបស់កម្មករ៖ «ប្រហែលជាព្យួរទៀត ព្រោះពីមុនថៅកែយើង ប្រាប់២ជំហានដែរ។ ថៅកែប្រជុំប្រាប់ថា វាប៉ះពាល់នឹងអត្ថប្រយោជន៍និយោជក និយោជកទៅអត់រួច ពួកគាត់អាចព្យួរ ឬក៏បិទរោងចក្រ។ អ៊ីចឹង ពួកខ្ញុំ គិតថា ព្រួយបារម្ភខ្លាំង សម្រាប់ការបិទEBA ហ្នឹងទៀត។ ពួកខ្ញុំ ព្រួយមែនទែន ដោយសារកម្មករវាច្រើនម៉ឺននាក់ដែរ អត់ការងារធ្វើ។ បងជួយផ្សាយព័ត៌មានហ្នឹង ដើម្បីឱ្យដល់សម្ដេច (ហ៊ុន សែន) ឱ្យគាត់ជួយមកដល់ប្រទេសខ្មែរយើង ព្រោះកម្មករយើងពិបាកខ្លាំងណាស់ណាបង»។
ចំណែកកម្មករកំពុងតវ៉ាវិវាទការងារ ជាមួយថៅកែរោងចក្រសឺពីយ៉ា (SEPIA (CAMBODIA) GARMENT CO., LTD.) នៅខណ្ឌពោធិ៍សែនជ័យ គឺ លោក ហោ វាសនា ព្រួយបារម្ភថា ការកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងកាន់ខាតប្រយោជន៍ កម្មករ ដែលកំពុងមានវិវាទការងារ។ កម្មកររូបនេះ ចង់ឱ្យរដ្ឋាភិបាល បង្ហាញយុទ្ធសាស្ត្រស្ដារជីវភាពកម្មករ ប្រសិនបើរងវិបត្តិការងារ ដោយសារEBA បន្ថែមលើវិបត្តិជំងឺកូវីដ១៩ (Covid-19) ក្នុងពេលបច្ចុប្បន្ន៖ «សង្ឃឹមភាគតិចដែលមានការងារធ្វើទៀតបង (ពេលដកEBA) សង្ឃឹមភាគតិច SEPIA។ ស្រុកខ្មែរយើង ពិបាករកការងារធ្វើណាស់ឥឡូវ។ ភាគច្រើន គេទាល់តែមានខ្សែរយៈទើបបានចូល (ធ្វើការរោងចក្រ)។ ជួនកាលទៅអ្នកខ្លះទៅ គេសូកលុយសូកអ្វីទៅ ទើបបានចូល។ បើនិយាយពី(រោងចក្រ)តាមជនបទវិញ សូកលុយ ប្រាំ ប្រាំមួយរយ (ដុល្លារ) ទើបបានចូល។ អ៊ីចឹងពិបាកណាស់»។
សហភាពអឺរ៉ុប នឹងចាប់ផ្ដើមដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០ភាគរយ ស្មើនឹងទឹកប្រាក់ជាងមួយពាន់(១.១០០) លានដុល្លារអាមេរិក នៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ។ ថ្វីត្បិតតែភាគីរដ្ឋាភិបាល ធ្វើដូចគ្មានការព្រួយបារម្ភ ពីការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ប៉ុន្តែតំណាងថៅកែរោងចក្រនៅកម្ពុជា មានការបារម្ភខ្លាំងពីវិបត្តិនេះ និងតែងតែស្នើសុំឱ្យសហភាពអឺរ៉ុប ពិចារណាឡើងវិញ ម្ដងហើយម្ដងទៀត។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្លាប់ព្យាករណ៍ថា កម្មករខ្ទង់ជិតមួយលាន (៧៥០ ០០០)នាក់នឹងប្រឈមភាពអត់ការងារធ្វើ នៅពេលសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ចំនួន២០ភាគរយ ហើយនៅពេលនោះ ក្រុមគ្រួសាររបស់កម្មករ ខ្ទង់បី (៣)លាននាក់ផ្សេងទៀត នឹងទទួលរងផលប៉ះពាល់ ពីវិបត្តិនេះដែរ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបរាជ័យ ក្នុងការសុំសហភាពអឺរ៉ុប ពន្យារពេលដកប្រព័ន្ធអនុគ្រោះពន្ធនេះ ៣ដងរួចមកហើយ។
ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក វ៉ាន់ សូអៀង លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីដើមខែមិថុនា ថា អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធមែន កម្ពុជានឹងបាត់បង់ការបញ្ជាទិញថែមទៀត ហើយនឹងធ្វើឱ្យបាត់បង់ឱកាសការងារសម្រាប់កម្មករ ហើយឱកាសការងារនេះ នឹងបាត់បង់ ជារៀងរហូត មិនវិលត្រលប់មកវិញ ជាដាច់ខាត។ លោក វ៉ាន់ ស៊ូអៀង បន្តថា បើការដកប្រព័ន្ធអនុគ្រោះពន្ធEBA ធ្វើឡើងតាមការកំណត់ ក្នុងខែសីហាខាងមុខនេះ វិស័យកាត់ដេរ នៅកម្ពុជា នឹងធ្លាក់កាន់តែធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមក។
ជុំវិញករណីនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា លោក ខេន លូ និងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទេ នៅថ្ងៃទី២៦ កក្កដា។
ប្រធានសម្ព័ន្ធសហជីពជាតិ (NTUC) លោក ហ្វា សាលី ទទួលស្គាល់ថា បើការដកប្រព័ន្ធអនុគ្រោះ២០ភាគរយ នៅខែសីហាខាងមុខនេះ ធ្វើឡើងមែន នឹងប៉ះពាល់ដល់ជីវភាពកម្មករបន្ថែមទៀត លើវិបត្តិជំងឺកូវីដ១៩។ លោក ហ្វា សាលី ជំរុញឱ្យរដ្ឋាភិបាល រិះរកមធ្យោបាយជួយកម្មករ ចេញពីវិបត្តិនេះ និងចង់ឱ្យគណបក្សប្រឆាំង ជួយអន្តរាគមន៍ទៅសហភាពអឺរ៉ុប កុំឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ EBA៖ «អំពាវនាវដល់ថ្នាក់ដឹកនាំនៃគណបក្សប្រឆាំង គួរតែបន្ធូរបន្ថយដូចគ្នា។ គួរតែយោគយល់ដូចគ្នា។ ជួយដល់កម្មករ កម្មការិនីខ្មែរ ស្នើដល់សហគមន៍អឺរ៉ុបឱ្យបន្តឡើងវិញ។ កុំឱ្យមានគំនុំគុំកួននឹងគ្នា។ ដោះស្រាយបញ្ហាសំខាន់ជីវភាពបងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត និងប្រជាជនទាំងមូលតែម្ដង»។
ប៉ុន្តែ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ អះអាងថា គ្មាននរណាម្នាក់ ឬស្ថាប័នណាមួយ អាចបញ្ចុះបញ្ចូលសហភាពអឺរ៉ុប មិនឱ្យផ្ដាច់EBA បានទេ ក្រៅពីរដ្ឋាភិបាលកម្ពុជា ព្រោះអឺរ៉ុប រកឃើញថា រដ្ឋាភិបាលបានរំលោភសិទ្ធិកម្មករ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ។ តំណាងអង្គការឃ្លាំមើលសិទ្ធិការងាររូបនេះ បញ្ជាក់ថា មានតែឆន្ទៈនយោបាយស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិកម្មករ សិទ្ធិមនុស្ស តាមការចង់បានរបស់សហភាពអឺរ៉ុបតែមួយគត់ ទើបអាចធ្វើឱ្យអឺរ៉ុប បន្តការអនុគ្រោះពន្ធ ដល់កម្ពុជា៖ «បើសិនជាចង់ដោះស្រាយមែន វាមានតែឆន្ទៈនយោបាយ ដូចខ្ញុំបញ្ជាក់ពីខាងដើម ថាសម្បទានគ្នា ហើយស្វែងរកដំណោះស្រាយ ហើយចរចាគ្នា ដើម្បីកសាងនូវសេដ្ឋកិច្ចប្រទេសកម្ពុជាឡើងវិញ ឱ្យកម្ពុជាមានទីផ្សារនាំចេញគ្រប់គ្រាន់ ដើម្បីមកកសាងសេដ្ឋកិច្ច ឱ្យប្រជាពលរដ្ឋ កម្មករហ្នឹង មានការងារធ្វើ។ អាហ្នឹង ជាកត្តាសំខាន់»។
របាយការណ៍របស់សហភាពអឺរ៉ុប បង្ហាញថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប កាលពីឆ្នាំ២០១៨ មានទំហំទឹកប្រាក់ជាងប្រាំពាន់ (៥,៨) លានដុល្លារ ក្នុងនោះផលិតផលសំលៀកបំពាក់ មានច្រើនជាងគេ គឺ ៧៣៤%ភាគរយ ផលិតផលស្បែកជើង ១២,៧% ភាគរយ ផលិតផលកង់ ៥,៧ភាគរយ និងអង្ករបីភាគរយ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីថា មានរោងចក្រថ្មី៧៧ បើកដំណើរការ ខណៈរោងចក្រ ៦ ត្រូវបិទទ្វារអំឡុងពេលជំងឺកូវីដ១៩
- មតិពលរដ្ឋរឿងផលប៉ះពាល់សេដ្ឋកិច្ចបន្ទាប់ពីកូនអត់ការធ្វើនៅប្រទេសថៃដោយសារជំងឺកូវីដ-១៩
- កម្មកររោងចក្រចំនួន២ នៅក្រុងតាខ្មៅ ទទូចឱ្យអាជ្ញាធរពន្លឿនដោះស្រាយក្រោយសន្យាពីសប្ដាហ៍មុន
- កម្មកររោងចក្រវ៉ាយអូលែតប្រកាសបន្តតវ៉ា ក្រោយការដោះស្រាយធ្វើឱ្យកម្មករបាត់ប្រយោជន៍
- សហជីព និងអ្នកជំនាញថា ការអនុគ្រោះពន្ធ EBA សំខាន់ជាងរឿងពាណិជ្ជកម្មសេរីជាមួយចិន
- ចំនួនអ្នកក្រ បន្តកើនឡើងច្រើន ដោយសារវិបត្តិជំងឺកូវីដ-១៩
- អ្នកវិភាគថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន មិនអាចជួយសង្គ្រោះសេដ្ឋកិច្ចបានទេ
- អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿត្អូញត្អែរថា អាជ្ញាធរថៃតឹងតែងខ្លាំងចំពោះខ្មែរឆ្លងដែនទៅមើលតូបក្នុងដីថៃ
- ក្រសួងកសិកម្មចុះMOUជាមួយក្រុមហ៊ុនពីរដើម្បីផលិតបន្លែទីផ្សារក្នុងស្រុក និងនាំចេញ
- ប្រជាពលរដ្ឋខ្មែរចាត់ទុកថា ទំនិញគ្រប់ប្រភេទនាំចូលពីប្រទេសចិនគ្មានគុណភាព
what is in her hand I knew it envelope whit some money not more then 5$ US . my question is can this evil buying you only that much of $$$$?? I knew indeed this evil was what every one say KBOTH CHEATH . in some time I was laughing my ass off when I saw the guy behind this evil on the right craw around beside his master hand some of those envelop to HUN NAL to share $$ to all those people. please think about these HUN NAL buying you only 5$and he stilling from you million time not even that he may kill you if you saying some thing bad about him. please rising up get this evil to go hell so that you can living in peace