របាយការណ៍៖ បឹងនិងជីវភាពពលរដ្ឋនៅភ្នំពេញរងការគំរាមកំហែងពីការអភិវឌ្ឍ

បរិស្ថាន
ស៊ាវ ម៉េង |២៧ កក្កដា ២០២០ |ម៉ោង ១៤:១១
VOD

បឹងទំពុន

បុរសម្នាក់កំពុងតែដោះត្រីពីមងនៅបឹងទំពុន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ (រូបភាពដោយ ស៊ាវ ម៉េង)


លោក ធឿង ថេង ហើយនិងប្រពន្ធគាត់បានប្រកបរបរនេសាទត្រី​នៅបឹងទំពុនដែលស្ថិតនៅភាគខាងត្បូង​រាជធានីភ្នំពេញ​ អស់រយ:ពេលជាង១០ឆ្នាំមកហើយ​។ ប៉ុន្តែនៅពេល​ថ្មីៗនេះមាន​អ្នកមកប្រាប់គាត់ឱ្យ​ចាកចេញ​ពីបឹងនោះឱ្យបានកាន់តែឆាប់​កាន់តែល្អ ដែលបញ្ហានេះធ្វើឱ្យគិតថាតើគាត់នឹងត្រូវ​ធ្វើអ្វីបន្តទៀត។

លោក ថេង ដែលទើបតែទៅដោះ​ត្រីចេញពីមងរបស់គាត់ បាននិយាយថា៖«មើល៍! លុបបឹងអស់រលីង ចេញសុទ្ធតែខុនដូ អគាធំៗអស់ហើយ លែងមានបឹងរកត្រីបានហើយ» ។

ចំនួនត្រីនៅក្នុងធុងរបស់គាត់គឺមានចំនួនតិចជាងពីមុន ហើយគាត់ក៏មិនដែលគិតថាការនេសាទរបស់គាត់នៅក្នុងបឹងនេះ នឹងមានប្រសើរឡើងនោះដែរ។

លោក ថេង បានបន្ថែម​ថា៖ «នៅបឹងនេះ បរិយាកាសព្វថ្ងៃវាល្អ វាបរិសុទ្ធ។ បើសិនជាមានសុទ្ធតែខុនដូបែបនេះ វាប៉ះពាល់ដូចថា ផ្សែងឡាន អត់មានកន្លែងណាវាអាចចេញចូល វានៅវិលវល់ បាំងអគារជិតឈឹងទាំងអស់។ ទីមួយ បង្ហូរទឹកស្អុយជាច្រើន សុទ្ធតែជាគីមីជាច្រើន បើសិនជាមានបឹងជាច្រើន អត់សូវមានគីមីច្រើនទេ។ បើសិនជាមានខុនដូច្រើន សុទ្ធតែគីមី ថ្នាំច្រើន បរិយាកាសល្អក៏លែងមានហើយ។ យើងបាត់បងច្រើន ធ្វើឱ្យមនុស្សឈឺ។ អ្នកខ្លះអត់មានលុយទិញថ្នាំសង្កូវ ដេកចាំតែស្លាប់តែម្ដង»។​

ក្រោមហេតុផល​អភិវឌ្ឍ បុគ្គលមានអំណាចនិងក្រុមហ៊ុនធំៗមួយចំនួន បាននិងកំពុងចាក់លុបបឹងនៅភាគខាងជើងនិងខាងត្បូងរាជធានី​ភ្នំពេញ។​​ ស្របពេលដែលរដ្ឋាភិបាលមិនសូវអើពើនឹងការព្រួយបារម្ភជុំវិញ​ផលប៉ះពាល់ដល់បរិស្ថានផងនោះ​ ប្រជាពលរដ្ឋដែលនៅអាស្រ័យបឹងនិងអ្នកស៊ូមតិបានធ្វើការព្រមានពីផលប៉ះពាល់នៃការលុបបឹងដល់ជីវភាពររស់នៅបស់ប្រជាពលរដ្ឋនិងការគ្រប់គ្រងទឹកស្អុយ។

(លោក ធឿន ថេង បង្ហាញពីចំនួនត្រីកំភ្លាញប្រហែលបួនទៅប្រាំក្បាល ដែលគាត់រកបានពីការនេសាទនៅបឹងទំពុនកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០)។ រូបភាព៖ ស៊ាវ ម៉េង)

របាយការណ៍ថ្មីមួយចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយក្រុមអង្គការសិទ្ធិមនុស្សនិងសិទ្ធិដីធ្លីចំនួន៤រួមមាន​អង្គការលីកាដូ បណ្តាញយុវជនកម្ពុជា​ អង្គការសមធម៌កម្ពុជា និងអង្គការសមាគមធាងត្នោត បានឱ្យដឹងថាជាង៩០ភាគរយនៃបឹងក្នុងខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ នឹងត្រូវបានលុបបើសិនជាការអភិវឌ្ឍនៅតែបន្តកើតមានឡើង។ របាយការណ៍ដដែលថាបញ្ហានេះនឹងបណ្ដាលឱ្យប្រជាពលរដ្ឋអាស្រ័យផលបឹងនិងពឹងផ្អែកដោយការធ្វើការនៅទីនោះនឹងត្រូវចាកចេញ ហើយវានឹងមានផលប៉ះពាល់ផ្សេងៗទៀតដល់រាជធានី​។

បឹងទំពុននិ​ងបឹងជើងឯក មានផ្ទៃសរុបចំនួន១៥០០ហិកតា ក៏ប៉ុន្តែបឹងនេះ ត្រូវបានផ្ដល់ឱ្យក្រុមហ៊ុន​ ING Holdings (ក្រុមហ៊ុន អាយ អិន ជី) ដែលមានទំនាក់ទំនងនឹង ឧកញ៉ា​ អ៊ឺង ប៊ុន​ហ៊ូវ​ ដែលក្នុងនោះមានក្រុមហ៊ុនធំៗចំនួន៣​ក៏មានឈ្មោះក្នុងគម្រោងអភិវឌ្ឍបឹងទំពុននេះ គឺ​ ផ្សា Aeon Mall, Chip Mong Land villas and mall, and ខុនដូ Urban Village។

យោងតាមរបាយការណ៍ក្រុមអង្គការសិទ្ធិមនុស្សដែលមានចំណងជើងថា «ការបាត់បង់បឹងទំពុន» បានលើកឡើងពីអនុក្រឹត្យផ្សេងៗចាប់ឆ្នាំ២០១៧ និង២០១៨ ស្តីពីការកាត់ដីបឹងនេះទៅឱ្យបុគ្គលនិងក្រុមហ៊ុនឯកជន​ធ្វើការ​អភិវឌ្ឍ។​បើយោងតាមរបាយការណ៍នេះ មួយភាគបីនៃបឹងគឺត្រូវបានលុបទាំងស្រុង ដោយបន្សល់ទុកត្រឹមតែ១០០០ហិកតាប៉ុណ្ណោះ។

តាមរបាយការណ៍នេះ​ ក្រៅពីអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ កសិករ និងអ្នកនេសាទ ដែលបានរស់នៅនិងអាស្រ័យផលបឹងអស់រាប់ទសវត្ស បឹងក៏ជាផ្នែក​មួយដ៏សំខាន់ក្នុងការកាត់បន្ថយ​ទឹកជំនន់ដោយទឹក​ភ្លៀង ​និង​ទឹកស្អុយប្រមាណ៧០ភាគរយ​បានហូរចូលក្នុងបឹងនេះ។

ការសិក្សាមួយដែលមានការ​សហការពី​សាលារាជធានីភ្នំពេញ បានឱ្យដឹងថាយ៉ាងហោចណាស់ផ្ទៃបឹងទំពុន ឬជើងឯក ចំនួន៤៨០ហិកតា ត្រូវរក្សាទុកដើម្បីការពារពីទឹកជំនន់និងទឹកកខ្វក់​។ មួយវិញទៀត ទឹកចំនួន២៥​ទៅ៣០លានម៉ែត្រគូបជារៀងរាល់ឆ្នាំ ដែលត្រូវការការ​គ្រប់គ្រង ដើម្បីបញ្ចៀសកុំឱ្យមានទឹកជំនន់នៅតំបន់ទំនាបនៃរាជធានី​ភ្នំពេញនិងក្រុងតាខ្មៅ។

ការផ្លាស់ប្ដូរការរស់នៅលើបឹង

លោក សឿង សារ៉ន នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត បានឱ្យដឹងថា ការលុបបឹង គឺមានប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋ ដូចជាការប្រឈមនឹងការដេញចេញ បាត់បង់ចំណូលប្រចាំថ្ងៃពីការលក់បន្លែនិងរបរនេសាទត្រីនៅទីនោះ។ លោកបន្ថែម​ថា​ការអភិវឌ្ឍបែបនេះ វាមិនសូវផ្ដល់ផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជាច្រើននោះទេ ពោលគឺភាគច្រើនផលប្រយោជន៍បានទៅឱ្យម្ចាស់ក្រុមហ៊ុន និងអ្នកមានចំណូលខ្ពស់។

លោកមានប្រសាសន៍ថា៖ «អ្នកដែលមានលទ្ធភាពទិញនៅកន្លែងទាំងនោះ សុទ្ធតែអ្នកមានចំណូលខ្ពស់ សុទ្ធតែមានតម្លៃថ្លៃៗ។ បឹងភាគច្រើនស្ថិតនៅចំកណ្ដាលរាជធានី ដែលធ្វើឱ្យវាមានតម្លៃខ្ពស់។»

នៅក្នុងការស្ទង់មតិក្នុងរបាយការណ៍​ «ការបាត់បង់បឹងទំពុន»​  ៦២ភាគរយនៃប្រជាពលរដ្ឋបឹងទំពុននិងបឹងជើងឯកចំនួន៤៦៩នាក់​មានជាប់បំណុល ដែលក្នុងនោះ​មានតិចជាង៥០ភាគរយប៉ុណ្ណោះមានសមត្ថភាពអាចសងបំណុលបាន។

កំពុងតែជួសជុលទូករបស់ខ្លួននៅមាត់បឹងទំពុនបន្ទាប់ពីឡើងមកពីបេះបន្លែនាពេលរសៀល លោក យ៉ាន់ ចន្ថា ដែលមានអាយុ៣១ឆ្នាំ មានកូនពីរនាក់ក្នុងបន្ទុក បានឱ្យដឹងថា គាត់និងប្រពន្ធគាត់រកមួយថ្ងៃបានប្រហែល១០ម៉ីនរៀលពីការបេះត្រកួន ដែលតម្លៃនេះវាតិចជាងពីមុន ដោយសារតែបន្លែនិងត្រីមានការថយចុះ បើប្រៀបធៀបជាមួយនឹងកាលពីបីឆ្នាំមុន។ គាត់បានបន្តឱ្យដឹងថា ដោយសារតែមានផលប៉ះពាល់អវិជ្ជមានពីការលុបបឹង រកត្រីមិនសូវបាន​ដូចពីមុន​ អ្នកខ្លះគាត់ទៅធ្វើការសំណង់បាត់ហើយ។

លោក ចន្ថា មានប្រសាសន៍ថា៖ «ឥឡូវរកអត់សូវបានច្រើនទេ ដោយសារគេចាក់ដី។ រកនេះបានបន្តិច ទៅរកកន្លែងផ្សេងបានបន្តិច។ ច្រើនកន្លែងតែបានតិច។ […] ៣០ទៅ៤០ភាគរយ បានបោះចោលមុខរបរនៅបឹងនេះ។ អ្នកខ្លះគេទៅធ្វើការសំណង់។ ចំណែកខ្ញុំវិញ ខ្ញុំអត់ទាន់ដឹងទេថាខ្ញុំនឹងធ្វើអីទេ។ ចាំដល់ពេលហ្នឹងចាំគិតទៀត!» 

បើតាមរបាយការណ៍ដដែលនេះ​ ការលុបបឹងនៅតំបន់នេះនឹងមានផលប៉ះពាល់ដល់ជីវិតនិងសិទ្ធិរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សត្វស្លាប ត្រីនិងបរិស្ថាន។​ របាយការណ៍បានឱ្យដឹងថា​ ប្រជានេសាទបានរាយការណ៍ថា ពួកគាត់នេសាទបានត្រីកាន់តែតិចជាងមុន និងមានការលំបាកក្នុងការរកប្រភេទត្រីចំនួន៥២ប្រភេទដែលរស់នៅក្នុងបឹងនេះ។​ លើសពីនេះទៅទៀត​ នៅក្នុងរបាយការណ៍ ក៏បានប៉ាន់ប្រមាណថា ដើម្បីលុបបឹងនេះបាន វាតម្រូវឱ្យមានខ្សាច់ចំនួន៧លានម៉ែត្រគូប ដែលខ្សាច់នេះនឹងត្រូវបូមចេញពីទន្លេមេគង្គនិងទន្លេបាសាក់។​ ក៏ប៉ុន្តែការបូមខ្សាច់ វានឹងមានផល់ប៉ះពាល់ដល់បរិស្ថាន​ ក្នុងនោះមានការបាក់ស្រុតមាត់ទន្លេ ហានិភ័យទឹកជំនន់ ត្រីស្លាប់ និង​ ការបាត់បង់ទីជម្រក​ជាដើម​។

កញ្ញា ឡុង គន្ធា សកម្មជនបរិស្ថានមាតាធម្មជាតិ ក៏បានឱ្យដឹងដែរថា ការលុបបឹងធ្វើឱ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋនៅតំបន់នោះ ដល់ជីវៈចម្រុះ សត្វស្លាប និងបណ្ដាលឱ្យលិចរាជធានីភ្នំពេញពេលភ្លៀងធ្លាក់។

កញ្ញា មានប្រសាសន៍ថា៖ «នៅពេលដែលលុបបឹង នៅពេលភ្លៀងខ្លាំងម្ដងៗ គឺលិចស្ទើរតែគ្រប់កន្លែងនៅរាជធានីភ្នំពេញ។ មួយទៀត គឺប្រជាពលរដ្ឋ ដែលគាត់រស់នៅអាស្រ័យផលទៅលើបឹង ត្រូវបាត់បង់ទីកន្លែងដែលគាត់ធ្លាប់អាស្រ័យ ដែលប្រជាពលរដ្ឋខ្លះ គាត់មិនមានលទ្ទភាពសម្រាប់ទៅរកទីលំនៅថ្មី។»  

កញ្ញាបានបន្ថែមថា បឹងគឺជាសម្បត្តិសាធារណ:របស់រដ្ឋ។ ប៉ុន្ដែការលុបបឹងភាគច្រើនដែលថាដើម្បីអភិវឌ្ឍរាជធានី ផ្ដល់ផលប្រយោជន៍ទៅឱ្យតែអ្នកមានលុយប៉ុណ្ណោះ។

ការលុបនៅភាគ​ខាងជើង

ការលុបបឹងនៅរាជធានីភ្នំពេញដើម្បីការអភិវឌ្ឍទីក្រុង​រណប គម្រោងសាងសង់បុរីនិងខុនដូនានា មានសភាពរីកដូចផ្សិត។ សកម្មភាពលុបទាំងអស់នេះ មានតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយរហូតមកដល់សព្វថ្ងៃ បឹងនៅរាជធានីភ្នំពេញចំនួន១៦ក្នុងចំណោមបឹង២៦ត្រូវបានលុបទាំងស្រុង ខណៈបឹងចំនួន​១០ទៀត​កំពុងត្រូវបានលុបបណ្ដើរៗ ដែលក្នុងនោះ គឺមានបឹងសំរោង និងបឹងតាមោកឬបឹងកប់ស្រូវ នេះបើយោងតាមឯកសាររបស់សមាគមធាងត្នោត ដែលចេញកាលពីចុងខែធ្នូ ឆ្នាំ២០១៩។

មានចម្ងាយប្រហែល៣០គីឡូម៉ែត្រ​ និងស្ថិតនៅតាមបណ្ដោយផ្លូវបឹងកប់ស្រូវដែលពោរពេញទៅដោយឡានធំៗជាពិសេសឡានដឹកដី បឹងតាមោកដែលស្ថិតនៅខណ្ឌព្រែកព្នៅ គឺជាបឹងដ៏ធំផុតក្នុងចំណោមបឹងធំផុតដែលស្ថិតនៅភាគ​ខាងជើងរាជធានីភ្នំពេញ​ ដែលមានទំហំរហូតដល់​ ៣ ២៤០ហិចតា។

ប៉ុន្តែបឹងនៃភាគ​ខាងជើងនៃ​រាជធានីភ្នំពេញនេះ កំពុងក្លាយជាមជ្ឃមណ្ឌលនៃការអភិវឌ្ឍថ្មីៗ ហើយផ្ទៃបឹង​ជាង៥០០ហិកតា ត្រូវបានកាត់ឱ្យនិងផ្ដល់ឱ្យគម្រោងអភិវឌ្ឍរបស់​រដ្ឋនិងឯកជនតាំងពីឆ្នាំ២០១៨។

កាលពីខែមុន នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹតក្នុងការផ្ដល់ដីចំនួន៣០០ហិកតាផ្ដល់ឱ្យក្រសួងការពារជាតិដើម្បីសាងសង់មូលដ្ឋានបញ្ជាការយុទ្ធសាស្រ្តយូរអង្វែងនៃកងយោធពលខេមរភូមិន្ទ។ អនុក្រឹតមួយទៀតចុះថ្ងៃទី២៧ ផ្ទៃបឹងចំនួន៣០ហិកតាត្រូវបានកាត់ទៅឱ្យអ្នកស្រី គឹម ហ៊ាង ភរិយា លោក​ លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា​គណបក្សប្រជាជនកម្ពុជា ក្នុងការដោះដូរនឹង​ដីនៅរាជធានីភ្នំពេញ៩,៨ហិកតា។ បើយោងតាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្ស អ្នកស្រី គឹម ហ៊ាង គឺជា្រធានក្រុមហ៊ុន Hero King Ltd., ដែលក្រុមនេះគឺពាក់ព័ន្ធនឹងការផ្ដល់ខ្សាច់ដើម្បីចាក់លុបបឹង។

«បើអត់ទីជម្រក វាដូចអន់ជាងសត្វទៅទៀត!» នេះគឺជាការលើកឡើងរបស់អ្នកស្រី ប្រាក់ សុភា កំពុងតែស្ថិតនៅក្នុងកិច្ចប្រជុំជាមួយសមាជិកសុទ្ធតែស្រ្ដីប្រហែល៨នាក់ និងតំណាងឱ្យសហគមន៍ដែលរងផលប៉ះពាល់ពីការលុបបឹងតាមោក ឬបឹងកប់ស្រូវ។

រស់នៅ​ភូមិសំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គ្រួសារអ្នកស្រី ប្រាក់ សុភា និង៩៦គ្រួសារទៀត បានរស់នៅជិតបឹងតាមោកតាំងពីឆ្នាំ១៩៩០មក។ ពួកគាត់​​បាន​សម្ដែងការព្រួយបារម្ភចំពោះការលុបបឹងដ៏ធំនេះ និងបារម្ភខ្លាច​បាត់បង់ទីជម្រករបស់ពួកគាត់ទៅថ្ងៃអនាគត។

អ្នកស្រី សុភា បាននិយាយថា៖ «វាប៉ះពាល់ដល់ខ្លួនខ្ញុំនិងសហគមន៍ខ្ញុំជាទីបំផុត ផ្ទះសម្បែងរបស់នាងខ្ញុំនិងប្រជាពលរដ្ឋទាំងមូល។ ពួកខ្ញុំរកស៊ីនិងអាស្រ័យផល រស់រានមានជីវិតដោយសារបឹងនេះ។»

អ្នកស្រី អ៊ីម ផល្លា មានវ័យ៧០ឆ្នាំ ហើយក៏ជាប្រជាពលរដ្ឋម្នាក់រស់នៅជិតបឹងតាមោកនេះតាំងពីឆ្នាំ១៩៩០ដែរនោះ បានសម្ដែងការព្រួយបារម្ភដូចគ្នាដែរ។ អ្នកស្រីយល់ថា កាលពីមុនប្រជាពលរដ្ឋនៅបឹងតាមោកនេះ បង្កបង្កើនផល និងដាំដំណាំដើម្បីចិញ្ចឹមតែក្រពះប៉ុណ្ណោះ ពេលខ្លះ​រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកក៏មានដែរ។

អ្នកស្រីបានឱ្យដឹងថា៖ «ប៉ុន្តែឥឡូវ សូម្បីខ្ញុំសុំធ្វើតែបង្គន់ សរសរឬជញ្ជាំងបាក់បែក ក៏គេអត់ឱ្យខ្ញុំធ្វើដែរ។»

«អភិវឌ្ឍខ្លះ ទុកខ្លះ»

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញ បានឱ្យដឹងថា បឹងនៅរាជធានីភ្នំពេញសព្វថ្ងៃនេះ គឺមិនមែនត្រូវបានលុបទេ ប៉ុន្ដែបឹងទាំងអស់នេះគឺកំពុងត្រូវបានស្ដារដើម្បីស្ដុកទឹកពេលភ្លៀងធ្លាក់វិញទេ ដោយសារនៅរាជធានីនេះ មានទឹកជំនន់ធំគឺទឹកភ្លៀង។

លោកមានប្រសាសន៍ថា៖ «នៅក្នុងរាជធានីភ្នំពេញ វាជាបាតខ្ទះដែលយើងត្រូវបូម។ បូមទឹកចេញពីរាជធានីភ្នំពេញនេះទៅតាមស្ថានីយបឹងទំពុន តាមស្ថានីយបឹងត្របែក ហើយនឹងស្ថានីយនៅកប់ស្រូវ។ ហើយបឹងដែលយើងឃើញថាមានរាល់ថ្ងៃនេះ គឺយើងកំពុងតែស្រង់ទិន្នន័យដើម្បីស្ដារបឹង។ »

លោក វណ្ណា បានបន្តឱ្យដឹងថា នៅបឹងតាមោក មិនទាន់មានការចាក់ដីលុបបឹងរបស់ឯកជនឬក្រុមហ៊ុនឯកជនណានោះទេ។ បើតាមការស្រង់ព័ត៌មានរបស់គាត់ មានតែករណីរំលោភបឹងដោយប្រជាពលរដ្ឋប៉ុណ្ណោះ។ ក៏ប៉ុន្តែលោកបានទទួលស្គាល់ថា មានតែការចាក់ដីមួយករណីប៉ុណ្ណោះ​ គឺការចាក់ដី បង្កើតផ្សារដើមគរជំនួសផ្សារដើមគរសព្វថ្ងៃ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងជួយកាត់បន្ថយបរិស្ថានមិនល្អ។

លោកមានប្រសាសន៍ថា៖  «ដីសាធារណ:របស់រដ្ឋ រដ្ឋជាអ្នកមានសិទ្ធិកំណត់ចាត់ចែង ដើម្បីសុវត្ថិភាព ការពារបរិស្ថាននិងការស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ មានន័យថា វាជាប្រយោជន៍សារធារណ: មិនមានការលុបបឹងណាមួយជាប្រយោជន៍ឯកជននោះទេ!»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យដឹងថា ការលុបបឹងគឺជាការអភិវឌ្ឍ ដែលវាមានទាំងគុណសម្បត្តិនិងគុណវិបត្តិ។

លោកមានប្រសាសន៍ថា៖ «ការលុបបឹង គឺជាចំណែកមួយនៃការអភិវឌ្ឍក្រុង។ […] វាតែងតែមានការសិក្សា ការរៀបចំ ស្របទៅតាមផែនការរបស់យើង។ រាល់គម្រោងនៃការអភិវឌ្ឍ យើងតែងតែមានគម្រោងសិក្សាទៅលើផលប៉ះពាល់ និងទៅលើគុណសម្បតិ

ឆ្លើយតបទៅនឹងសំណួរថា តើការលុបបឹងមានគុណសម្បតិ្តយ៉ាងណាខ្លះលោក មាសភក្ដីបានបញ្ជាក់ថា៖ «នៅពេលដែលមានការរៀបចំអភិវឌ្ឍស្រួលបួល ពួកគាត់រស់នៅក្នុងតំបន់ឬក៏កន្លែងដែលមានការរៀបចំជូនពួកគាត់បានល្អប្រសើរ អាទីតាំងចាស់ក៏ត្រូវបានធ្វើការអភិវឌ្ឍ។ វាសុទ្ធតែចេញជាកត្តាមួយដែលចំណេញទាំងអស់ ជាផលប្រយោជន៍រួមច្រើន»

បឹងកក់មានទំហំ​៩០ហិកតា​ដែលស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ត្រូវបានកាត់និងលុបទាំងស្រុងដើម្បីអភិវឌ្ឍជាទីក្រុង​រណបទៅឱ្យក្រុមហ៊ុនឯកជនមួយ។ លោក សារ៉ន មានប្រសាសន៍ថា បន្ទាប់ពីបញ្ហាដ៏ចម្រូងចម្រាស់ ទោះបីជាប្រជាពលរដ្ឋគាត់បានផ្លាស់ប្ដូរទីលំនៅទៅរស់នៅកន្លែងដែលមានហេដ្ឋារចនាសម្ព័ន្ធល្អក៏ពិតមែន ក៏ប៉ុន្តែពួកគាត់នៅតែជួបបញ្ហាជីវភាព និងផ្លូវអារម្មណ៍។

កាលពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០ លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ឈប់លុបបឹងហើយទុកនិងកែច្នៃបឹងដែលនៅសេសសល់ ទៅជាតំបន់ទាក់ទាញភ្ញៀវ

ទេសចរណ៍វិញ។ លោកថា​បើសិនជាបន្តលុបបឹងទៀត រាជធានីភ្នំពេញនឹងបន្តលិចពេលភ្លៀងធ្លាក់ ដោយសារតែទឹកអស់កន្លែងហូរចូល​។

លោក Saber Masoomi អ្នកសម្របសម្រូលប្រចាំប្រទេសរបស់អង្គការ Wildfowl and Wetlands Trust (WWT) បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាគួរតែមាន គម្រោងសន្តិសុខទឹក ដើម្បីកុំឱ្យមានទឹកជំនន់ដូចនៅរាជធានីបាងកក។

លោក Saber មានប្រសាសន៍ថា៖ «រាជធានីភ្នំពេញគឺត្រូវការគម្រោងសន្តិសុខទឹក។ គម្រោងនេះ វាបង្ហាញថា ថាតើទឹកស្អាតនឹងធ្វើឡើងនៅកន្លែងណា ទឹកជំនន់នឹងត្រូវហូរទៅទីណា ហើយទឹកស្អុយនឹងត្រូវគ្រប់គ្រងបែបណា។»

បឹងអាចអភិរក្សទុកជាបេតិកភណ្ឌរបស់រាជធានី ហើយទុកបឹងទាំងអស់ដែលនៅសល់សម្រាប់កន្លែងសម្រាក និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។

សម្រាប់ប្រជាពលរដ្ឋដែលអាស្រ័យផលបឹងដូច លោក ថេង ពួកគាត់នឹងជួបបញ្ហាដូចជាការបាត់បងទីលំនៅ និងជីវភាព។

លោក ថេង បានធ្វើការអំពាវនាវកុំឱ្យមានការលុបបឹងទំពុនបន្តទៀត ដើម្បីប្រជាពលរដ្ឋដែលអាស្រ័យលើបឹងនេះ អាចប្រកមមុខរបរចឹញ្ចឹមជីវិតបាន ហើយកាត់បន្ថយជាតិពុលនៅរាជធានីពីការកសាងអគារនិងខុនដូរខ្ពស់ៗ។

លោកមានប្រសាសន៍ថា៖ «បើមានការអភិវឌ្ឍខ្លះទុកខ្លះ វាគ្រាន់បើ សម្រាប់អាគ្នាអ្នកអត់។ ដល់ពេលអភិវឌ្ឍអស់ចឹង គ្នាអ្នកអត់ មិនដឹងទៅរកអីបាន។ […] ខ្ញុំសំណូមពរឱ្យគាត់ទុកខ្លះទៅ ទុកឱ្យគ្នារកស៊ីខ្លះ លុបអស់ខ្លាំងពេកក៏ពិបាក គ្នាមិនដឹងទៅរកឯណាឯណីទេ»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "របាយការណ៍៖ បឹងនិងជីវភាពពលរដ្ឋនៅភ្នំពេញរងការគំរាមកំហែងពីការអភិវឌ្ឍ"

  1. Anonymous says:

    WELL ….do you know what and why they are doing some thing so strange . No1 not enough educated.No2 communist brain. N03 powers of the dictator . all these three important point that made this regime have to do to stay alive. in HUN NAL regime this dictator was holding powers by destroy the country for $$$$ because all the corruption money in some part was helping him to stay in powers longer. HUN NAL the evil of this poor nation will never give up until his nation over take by Vietcong. I know in the near future this poor nation will be over if all Cambodian not rising up on time to kick this evil out . I know you know every bodies know we have to rising up to be alive .