កម្ពុជា សង្គម
28/07/2020 – 09:09
ដោយ៖ វណ្ណ សុគន្ធា
RFI

គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍របស់អតីតគណបក្សសង្រ្គោះជាតិបានសរសេរលិខិតចំហមួយទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ជាលិខិតចំហស្នើឱ្យប្រមុខរដ្ឋាភិបាលកម្ពុជាប្រើប្រាស់យន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ រដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានអះអាងថា ខ្លួនកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមហើយ ប៉ុន្តែបញ្ហាខ្លះជារឿងតូចតាច គឺអាចដោះសា្រយដោយទ្វេភាគី មិនចាំបាច់ប្រើប្រាស់យន្តការអន្តរជាតិឡើយ។
ជាដំបូង គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍របស់អតីតបក្សបក្សប្រឆាំងបានកោតសរសើរមេដឹកនាំវៀតណាមដែលបានជំរុញឱ្យប្រទេសដែលកំពុងមានជម្លោះក្នុងសមុទ្រចិនខាងត្បូងដោះស្រាយជម្លោះដោយផ្អែកទៅច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសមុទ្រឆ្នាំ១៩៨២។ ការលើកឡើងរបស់មដឹកនាំវៀតណាមនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦កាលពីខែមុន។ សម្រាប់គណៈកម្មការនេះ ទង្វើរបស់មេដឹកនាំវៀតណាមនេះ គឺជាទឹកចិត្តស្នេហាជាតិ និងជាកាតព្វកិច្ចដែលថ្នាក់ដឹកនាំជាតិត្រូវធ្វើ ដើម្បីការពារបូរណភាពទឹកដី។
ហេតុដូច្នេះហើយ គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍របស់អតីតបក្សបក្សប្រឆាំងចង់ឱ្យប្រមុខរដ្ឋាភិបាលកម្ពុជាប្រើប្រាស់មធ្យោបាយដូចគ្នានេះក្នុងការដោះស្រាយព្រំដែនសមុទ្រជាមួយវៀតណាមវិញដោយប្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ (PCA) ទាមទារដែនសមុទ្រ និងកោះមួយចំនួនពីវៀតណាមកវិញ។ ដោយឡែក ចំពោះបញ្ហាទាហានវៀតណាមចូលមកបោះតង់នៅតាមព្រំដែនកម្ពុជា-វៀតណាមជាង២០០តង់វិញ គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍នេះ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសលេហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ព្រមទាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានចាត់ទុកបញ្ហាបោះតង់របស់ទាហានវៀតណាមនេះថា ជារឿងតូចតាច។ រឿងតូចតាច ដែលលោកស្រីពន្យល់ថា គឺភាគីកម្ពុជា និងវៀតណាមអាចដោះស្រាយគ្នាបានដោយទ្វេភាគីមិនចាំបាច់ពឹងពាក់អន្តរជាតិឡើយ។ បើតាមលោកស្រី កុយ ពិសី គឺភាគីវៀតណាមបានគូសបញ្ជាក់ជាផ្លូវការមកកាន់កម្ពុជាហើយថា វៀតណាមនឹងរុះរើតង់ចេញពីតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមវិញ នៅពេលបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះការបោះតង់របស់ទាហានវៀតណាមនេះ គឺក្នុងន័យការពារការរីករាលដាលជំងឺកូវីដ ១៩ឆ្លងកាត់តាមព្រំដែននៃប្រទេសទាំងពីរ។
ចំពោះបញ្ហាព្រំដែនសមុទ្រកម្ពុជា-វៀតណាមវិញ លោកស្រី កុយ ពិសី បានគូសបញ្ជាក់ថា កម្ពុជាមិនទាន់បានដោះស្រាយដាច់ស្រឡះជាមួយវៀតណាមនៅឡើយទេ ពោល គឺកម្ពុជារង់ចាំបញ្ចប់ការកំណត់ព្រំដែនគោកជាមួយវៀតណាមទាំងស្រុងសិន។ តែទោះជាបែបនេះក្តី លោកស្រីអនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានអះអាងថា រដ្ឋាភិបាលកម្ពុជាបានប្រកាសជំហរជាផ្លូវការរួចមកហើយថា ព្រំដែនសមុទ្រជាមួយវៀតណាម គឺកម្ពុជាទទួលស្គាល់ខ្សែព្រំដែនប្រ៊ីវីយ៉ែដែលគូសឡើងដោយបារាំង។
ក៏ប៉ុន្តែ គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍របស់អតីតបក្សបក្សប្រឆាំងនៅតែយល់ថា ការប្រើប្រាស់យន្តការអន្តរជាតិ រួមមាន តុលាការអាជ្ញាកណ្តាលអន្តរជាតិ តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងអនុសញ្ញា និងច្បាប់អន្តរជាតិនានា ដើម្បីដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយវៀតណាម គឺនឹងប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់៕
do not dream that animal monster killer will do anything to his master. this evil rather murder Cambodian then his million years master’s people