ដោយ ហេង រស្មី
2020-08-11
RFA

ពលរដ្ឋខេត្តត្បូងឃ្មុំ នាំគ្នាមកដាក់ញត្តិនៅភ្នំពេញ នៅពីថ្ងៃទី១១ សីហា ឆ្នាំ២០២០ ស្វែងរកដំណោះស្រាយរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន នៅភូមិស្រែប្រាំង និងភូមិបុស្សស្នោ ឃុំត្រពាំងព្រីង ស្រុកតំបែរ។

រូប៖ ពលរដ្ឋ
ពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ មានជម្លោះដីធ្លីជាមួយក្រុមចិន ហាមិនីវីន អីនវេសមែន (Hamenivent Investment) បានធ្វើដំណើរមកដាក់ញត្តិនៅក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា។ ពួកគេស្នើឱ្យស្ថាប័នទាំងនេះអន្តរាគមន៍ ដោះលែងតំណាងពលរដ្ឋម្នាក់ និងស្នើឱ្យអាជ្ញាធរខេត្តនេះ ឈប់គំរាមកំហែង និងប្រើហិង្សាលើពលរដ្ឋដែលតវ៉ាការពារដីសហគមន៍។
ពលរដ្ឋ ៣៦ នាក់តំណាងឱ្យពលរដ្ឋ ១២៨គ្រួសាររស់នៅភូមិ ស្រែប្រាំង និងភូមិបុស្សស្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ឱ្យដឹងនៅថ្ងៃទី១១ ខែសីហាថា មូលហេតុដែលពួកគេមកដាក់ញត្តិដោយសារតែក្រុមហ៊ុនចិន បានរំលោភដីសហគមន៍ជាង ១ពាន់ហិកតារអស់ទាំងស្រុង ដោយមានកម្លាំងសមត្ថកិច្ចរាប់រយនាក់ គំរាមកំហែងលើពលរដ្ឋមិនឱ្យតវ៉ា។
តំណាងពលរដ្ឋ លោក ថា លីដា ឱ្យដឹងថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌បានទទួលញត្តិរបស់ពួកគេរួចហើយ នៅថ្ងៃទី១១ ខែសីហា។ លោកថា អាជ្ញាធរខេត្តត្បូងឃ្មុំ នៅតែពង្រាយកម្លាំងសមត្ថកិច្ច យាមកាមឱ្យក្រុមហ៊ុន ចិន ដែលកំពុងឈូស ឆាយរំលោភដីសហគមន៍ និងគំរាមពលរដ្ឋមិនឱ្យចូលតំបន់នោះ។ លោកថា មកទល់ពេលនេះ មានពលរដ្ឋជាង ៣០នាក់ កំពុងសម្ងំលាក់ខ្លួនក្នុងព្រៃ មិនហ៊ានចេញមកលំនៅឋានវិញទេ ព្រោះខ្លាចអាជ្ញាធរចាប់ខ្លួន។ រីឯតំណាងពលរដ្ឋ ១ទៀត កំពុងជាប់ពន្ធនាគារ ដោយសារតែតវ៉ាទាមទារដីសហគមន៍៖ «៣២គ្រួសារហ្នឹងមិនទាន់ត្រលប់ចូលមូលដ្ឋានវិញទេ ដោយសារតែតាមមូលដ្ឋាន មានការគំរាមកំហែងពលរដ្ឋ ដែលតវ៉ាដីធ្លី។ ប្រសិនជាពលរដ្ឋចូលទៅវិញគេគំរាមថា នឹងចាប់ពលរដ្ឋ។ ក្រុមហ៊ុនគេនៅបន្តឈូសឆាយ គេនៅសាងសង់ជារោង និងខ្ទម កន្លែងស្នាក់នៅរបស់គេ មានអាជ្ញាធរគេនៅយាមការពារ ក្រុមហ៊ុនហ្នឹង មិនឱ្យពលរដ្ឋទៅដីនោះទេ ហើយបើសិនជា នរណាចូលគេនឹងចាប់ទាំងអស់»។
ពលរដ្ឋមានជម្លោះដីធ្លី លោក សែម ចំណាន ចាត់ទុកទង្វើរបស់អាជ្ញាធរខេត្តនេះ ធ្វើឱ្យពលរដ្ឋរាប់សិបគ្រួសារលំបាកវេទនា និងខ្វះស្បៀងអាហារ ដោយសារតែរត់គេចពីការគំរាមកំហែង និងការធ្វើទុកបុកម្នេញ ពីសំណាក់អាជ្ញាធរ។ លោកថា ពលរដ្ឋចង់ឱ្យអាជ្ញាធរខេត្ត បកស្រាយឱ្យច្បាស់ទាក់ទិនជម្លោះដីធ្លីនេះ ព្រោះអាជ្ញាធរមូលដ្ឋានអះអាងថា ក្រុមហ៊ុនចិនបានទិញដីពីពលរដ្ឋដែលមានប្លង់កម្មសិទ្ធិ ឬរឹងត្រឹមត្រូវ៖ «លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរហ្នឹង គឺគាត់បាននិយាយថា ភាគច្រើនគឺដីហ្នឹង គេបានដោះស្រាយជូនពលរដ្ឋរួចរាល់អស់ហើយ។ អីចឹង តើដោះស្រាយរបៀបម៉េច? ដោះស្រាយតាមរយៈអីគេ? ១ ខ្ញុំចង់សួរ ហើយមួយទៀត ដីហ្នឹងគាត់ថា ក្រុមហ៊ុន គេមានប្លង់ និងប័ណ្ណកម្មសិទ្ធិគ្រប់គ្រាន់។ អីចឹងខ្ញុំចង់សួរថា តើជនជាតិបរទេសមានសិទ្ធិទិញដី មិនមែនជាស្រុកកំណើតខ្លួនឯងបានដែរឬទេ ដែលយើងមិនមែនជនជាតិជាខ្មែរ?»។
ខ្លឹមសារញត្តិមានស្នាមមេដៃ តំណាងពលរដ្ឋ ៤នាក់ តំណាងឱ្យពលរដ្ឋ ១២៨គ្រួសារ បញ្ជាក់ថា កាលពីសប្តាហ៍មុន អាជ្ញាធរខេត្តត្បូងឃ្មុំ បានប្រើកម្លាំងសមត្ថកិច្ច រួមទាំងប្រជាការពារភូមិ ៤០០នាក់ ប្រើហិង្សាចាប់ខ្លួន និងបង្ខំឱ្យពលរដ្ឋផ្ដិតមេដៃឈប់តវ៉ា ទាមទារដីពីក្រុមហ៊ុនចិន។ ពួកគាត់ស្នើឱ្យក្រសួងយុត្តិធម៌ ដោះលែងតំណាងពលរដ្ឋម្នាក់ គឺលោក សែម សាង ដែលអាជ្ញាធរចាប់ខ្លួនកាលពីសប្តាហ៍មុន។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីសុំការបំភ្លឺបញ្ហានេះ តែពួកលោកបានចុចផ្តាច់ទូរសព្ទ នៅថ្ងៃទី១១ សីហា។ ចំណែក អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលស្រុកតំបែរ លោក សុខ សារិទ្ធ និងតំណាងក្រុមហ៊ុនចិន ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន យល់ថា ការចាប់ខ្លួនពលរដ្ឋក្នុងរឿងជម្លោះដីធ្លីនេះ គឺជាទង្វើផ្ទុយពីគោលការណ៍ណែនាំរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ គួរតែពន្លឿនដោះស្រាយញត្តិរបស់ពលរដ្ឋ និងត្រូវបកស្រាយឱ្យច្បាស់ ពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិននេះ៖ «សូមឱ្យថ្នាក់ជាតិ ពិនិត្យ និងទទួលយកសំណើរបស់ពលរដ្ឋ តាមការស្នើសុំរបស់គាត់ ហើយចុះស្រាវជ្រាវ រកឱ្យឃើញនូវភាពស្របច្បាប់ជូនពលរដ្ឋ ដើម្បីឱ្យពលរដ្ឋអស់ចិត្ត ថាតើរវាងក្រុមហ៊ុន មួយណាត្រឹមត្រូវ ស្របតាមគោលការណ៍ច្បាប់»។
ព្រៃសហគមន៍ភូមិស្រែប្រាំង និងភូមិបុស្សស្នោរ មានទំហំជាង ១ពាន់ ២រយ ហិកតារ (១.២៣០) នៅជាប់ព្រែកឆ្លូង ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ព្រៃសហគមន៍នេះ មានទឹកជន់លិចជារៀងរាល់ឆ្នាំ សម្បូរដោយត្រី និងសត្វស្លាបរស់នៅ ហើយអ្នកភូមិរាប់រយគ្រួសារ តែងប្រមូលផលនេសាទនៅខែវស្សា និងធ្វើកសិកម្ម នៅរដូវប្រាំង។ ក្រុមពលរដ្ឋចោទថា អាជ្ញាធរមួយចំនួន បានឃុបឃិតគ្នា លួចលក់ដីព្រៃសហគមន៍អស់មួយផ្នែកធំ ទៅឱ្យក្រុមហ៊ុនចិន និងបានឃុបឃិតគ្នាធ្វើប្លង់ជាប្រព័ន្ធ៕

ទិដ្ឋភាពអ្នកភូមិប្រឈមនឹងកងប្រដាប់អាវុធខេត្តត្បូងឃ្មុំ ការពារក្រុមហ៊ុនចិន និងហាមមិនឱ្យពលរដ្ឋតវ៉ារឿងវិវាទដីធ្លីនៅភូមិស្រែប្រាំង និងភូមិបុស្សស្នោ ឃុំត្រពាំងព្រីង ស្រុកតំបែរ កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ


កងប្រដាប់អាវុធខេត្តត្បូងឃ្មុំ ដែលអាជ្ញាធរយកទៅការពារក្រុមហ៊ុនចិន និងហាមមិនឱ្យពលរដ្ឋតវ៉ារឿងវិវាទដីធ្លីនៅភូមិស្រែប្រាំង និងភូមិបុស្សស្នោ ឃុំត្រពាំងព្រីង ស្រុកតំបែរ កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ


ពលរដ្ឋខេត្តត្បូងឃ្មុំ នាំគ្នាមកដាក់ញត្តិនៅភ្នំពេញ នៅពីថ្ងៃទី១១ សីហា ឆ្នាំ២០២០ ស្វែងរកដំណោះស្រាយរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន នៅភូមិស្រែប្រាំង និងភូមិបុស្សស្នោ ឃុំត្រពាំងព្រីង ស្រុកតំបែរ។ រូប៖ ពលរដ្ឋ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍ភូមិស្រែប្រាំង ខេត្តត្បូងឃ្មុំថា សមត្ថកិច្ចជាង ២០០នាក់បានគំរាម និងចាប់ខ្លួនពលរដ្ឋតវ៉ារឿងដីធ្លី
- សាលាឧទ្ធរណ៍ប្រទេសថៃ នឹងសម្រេចលើបណ្ដឹងជាសមូហភាពរបស់ពលរដ្ឋរងគ្រោះដោយការបណ្ដេញចេញទាំងបង្ខំ នៅខេត្តឧត្តរមានជ័យ
- ពលរដ្ឋខេត្តព្រះសីហនុជិត ២០០គ្រួសារ ទទួលបានដីសម្បទានសង្គមកិច្ចពីអាជ្ញាធរ
- អាជ្ញាធរស្រុកពញាក្រែក ព្រមានវិធានការច្បាប់លើអ្នកភូមិត្រពាំងផ្លុង បើហ៊ានបន្តទៅធ្វើស្រែនៅក្បែរព្រំដែនជាមួយវៀតណាម
- សង្គមស៊ីវិលរិះគន់ដំណោះស្រាយដីធ្លីរបស់រដ្ឋាភិបាលបានតែរឿងតូចតាចដើម្បីចំណេញនយោបាយ
- តុលាការក្រុងភ្នំពេញទម្លាក់ចោលបណ្ដឹងរបស់អ្នកឡពាង រឿងសុំមោឃភាពកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)
- លោក ស ខេង ថា មន្ត្រីធំៗ រំលោភយកដីធ្លីពលរដ្ឋ និងធ្វើឲ្យពិបាកដោះស្រាយ
- តុលាការសម្រេចឃុំខ្លួនអភិបាលរងខេត្តបាត់ដំបងម្នាក់ និងឧកញ៉ា សង ថន ក្នុងពន្ធនាគារពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីជាមួយពលរដ្ឋ
- តំណាងពលរដ្ឋមានជម្លោះដីធ្លី ៤នាក់នៅខេត្តបន្ទាយមានជ័យដាក់ញត្តិនៅក្រសួងយុត្តិធម៌ឱ្យពន្លឿនដោះស្រាយ
- អាជ្ញាធរមិនទាន់ដោះស្រាយបញ្ចប់ករណីជម្លោះដីធ្លីរវាងពលរដ្ឋជាង ៣០០គ្រួសារជាមួយឧកញ៉ា សង ថន នៅខេត្តបាត់ដំបង
that is Chinese’s investment it good for HUN SEN but not good for Cambodian