កម្ពុជា-ជប៉ុន
21/08/2020 – 09:07
ដោយ៖ វណ្ណ សុគន្ធា
RFI

រដ្ឋមន្រ្តីការបរទេសជប៉ុន លោកម៉ូតេហ្គី តូស៊ីមីសឺ នឹងមកដល់ប្រទេសកម្ពុជានាល្ងាចថ្ងៃសុក្រនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។ នៅថ្ងៃសៅរ៍ស្អែក លោករដ្ឋមន្រ្តីការបរទេសជប៉ុននឹងជួបជាមួយលោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន នៅពេលព្រឹក និង បន្តជួបពិភាក្សាការងារជាមួយលោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានៅពេលរសៀល។ ប៉ុន្តែ មុនជំនួបនេះ លោកម៉ូតេហ្គី តូស៊ីមីសឺ បានផ្ញើសារជាមុនថា ជប៉ុននឹងបន្តជំរុញឱ្យកម្ពុជាដើរលើមាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
តាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ លោកម៉ូតេហ្គី តូស៊ីមីសឺ បានសម្តែងនូវការចាប់អារម្មណ៍របស់លោកចំពោះយុវជននយោបាយកម្ពុជា១០រូបដែលបានទៅទស្សនកិច្ចនៅជប៉ុន និង បានជួបជជែកជាមួយរូបលោកដោយផ្ទាល់កាលពីដើមឆ្នាំ២០២០នេះ។ លោកសង្កត់ធ្ងន់ថា យុវជនកម្ពុជាទាំងអស់នេះបានបង្ហាញពីស្មារតីចង់អភិវឌ្ឍប្រទេសរបស់ខ្លួនខ្លាំងណាស់។ លោករដ្ឋមន្រ្តីការបរទេសជប៉ុន បានប្រៀបប្រដូចធនធានមនុស្សរបស់កម្ពុជាទៅនឹងកំពូលប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំដែលត្រូវបានទ្រដោយថ្មរឹងមាំដាក់បន្តុបលើគ្នាជាច្រើនដើម្បីឱ្យខ្ពស់។ នៅត្រង់ចំណុចនេះ លោកបានគូសបញ្ជាក់ថា ប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រ ដើម្បីឱ្យប្រទេសកម្ពុជាអាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង។
សាររបស់រដ្ឋមន្រ្តីការបរទេសជប៉ុននេះ ធ្វើឡើងមុនរូបលោកជួបជាមួយលោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ និង បន្តជួបជាមួយលោកប្រាក់ សុខុន រដ្ឋមន្រ្តីកាបរទេសកម្ពុជានៅពេលរសៀលនៃថ្ងៃដដែលនេះ។ លោករដ្ឋមន្រ្តីជប៉ុនបានគូសបញ្ជាក់នៅថ្ងៃនេះមុនជំនួបនៅថ្ងៃស្អែកថា លោករង់ចាំជួបពិភាក្សាយ៉ាងស្មោះអស់ពីចិត្តជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិកម្ពុជា លោកបណ្ឌិតគិន ភា មើលឃើញថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសជប៉ុននេះ នឹងផ្តល់ភាពវិជ្ជមានច្រើនសម្រាប់កម្ពុជា។ បន្ថែមពីលើការរឹតបន្តឹងចំណងមិត្តភាព លោកបណ្ឌិតគិន ភា មើលឃើញថា កម្ពុជាអាចនឹងទទួលបានជំនួយបន្ថែមពីជប៉ុនតាមរយៈដំណើរទស្សនកិច្ចនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
ចំពោះបញ្ហានេះ រដ្ឋមន្រ្តីការបរទេសជប៉ុនបានលើកឡើងថា ជប៉ុននឹងបន្តកិច្ចពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យធុរកិច្ចតាមលក្ខណៈសមស្របនឹងការការពារការឆ្លងរាលដាលសារជាថ្មីនៃកូវីដ១៩។ ម៉្យាងវិញទៀត លោករដ្ឋមន្រ្តីការបរទេសជប៉ុនរូបនេះថា នឹងជម្រុញនូវសាមគ្គីភាពឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍក្រោយពេលដែលការ រីករាលដាលកូវីដ១៩នេះត្រូវបានបញ្ចប់៕
Cambodia will never have democracy unless HUN SEN is out .