តុលាការ​កំពូល​នឹង​ជម្រះ​បណ្ដឹង​សុំ​បដិសេធ​ការ​ស៊ើបអង្កេត​បន្ថែម​រឿង​ចារកម្ម​របស់​អតីត​អាស៊ីសេរី​ពីរ​រូប នៅ​សប្ដាហ៍​ក្រោយ

ដោយ ជុន ច័ន្ទបុត្រ
2020-10-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ក្រោយ​ចេញ​ពី​ស្ដាប់​ការ​ប្រកាស​សាលក្រម នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៩។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ក្រោយ​ចេញ​ពី​ស្ដាប់​ការ​ប្រកាស​សាលក្រម នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៩។ RFA


តុលាការ​កំពូល​នឹង​លើក​យក​សំណុំ​រឿង​សុំ​បដិសេធ​ចោល​ការ​ស៊ើបអង្កេត​បន្ថែម​ទាក់ទង​នឹង​បទ​ចោទ​ធ្វើ​ចារកម្ម​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ទៅ​ជំនុំ​ជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី២២ តុលា សប្ដាហ៍​ក្រោយ​នេះ។ អនុប្រធាន​តុលាការ​កំពូល លោក ជីវ កេង គឺ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ អម​ដោយ​ចៅក្រម​ប្រឹក្សា ៤រូប​ផ្សេង​ទៀត។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប គឺ​លោក សំ ចំរើន ឱ្យ​ដឹង​ថា លោក​ និង​កូន​ក្ដី នឹង​ចូល​រួម​ក្នុង​សវនាការ​នេះ​តាម​កាល​កំណត់ ដោយ​មិន​សុំ​ពន្យារ​ពេល​នោះ​ទេ។

តុលាការ​កំពូល​ធ្លាប់​ច្រាន​ចោល​បណ្ដឹង​របស់​អ្នក​ទាំងពីរ ដែល​ស្នើសុំ​បដិសេធ​ការ​ស៊ើបអង្កេត​បន្ថែម​សំណុំ​រឿង​កាន់​កាប់​រូបភាព​អាសអាភាស​រួច​ទៅ​ហើយ កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា កន្លងទៅ។

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ចំនួន​ពីរ​បទ​ល្មើស គឺ​បទ“ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ” និង​បទ “ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស”។ តុលាការ​ក្រុង​ភ្នំពេញ​បាន​​ប្រើ​ពេល​ប្រមាណ​ពីរ​ឆ្នាំ ដើម្បី​ស៊ើប​អង្កេត និង​បើក​ការ​ជំនុំ​ជម្រះ​រឿង​ក្ដី​នេះ ប៉ុន្តែ​នៅ​ទីបំផុត តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​លើ​អ្នក​ទាំង​ពីរ​ឡើយ។ ទោះ​ជា​បែប​នេះ​ក្ដី តុលាការ​ក្រុង​ភ្នំពេញ​បែរ​ជា​សម្រេច​ឱ្យ​ស៊ើបអង្កេត​រឿង​ក្ដី​នេះ​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​សំណុំ​រឿង​ត្រូវ​អូស​បន្លាយ​ដោយ​គ្មាន​ពេល​​កំណត់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ទីភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ​ផង នៅ​តែ​ទាម​ទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ វិញ ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles