ដោយ វ៉ែន សុមេធ
2020-10-28
RFA

អ្នកស្រី សាត ផា កាន់មីក្រូ ស្រែកតវ៉ានៅមុខស្ថានទូតចិននៅភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ប្រឆាំងមូលដ្ឋានយោធាចិននៅកម្ពុជា។

រូប៖ ពលរដ្ឋ
ស្ត្រីម្នាក់រស់នៅរាជធានីភ្នំពេញបានប្រើជីវិតចុងក្រោយរបស់ខ្លួនចូលរួមតស៊ូមតិ សុំឱ្យតុលាដោះលែងសកម្មជនសង្គម ព្រះសង្ឃ និងសកម្មជននយោបាយ ជាបន្តបន្ទាប់។ នៅឆ្នាំ២០២០នេះ ស្ត្រីរូបនេះតែងតែរងការវាយដំពីសំណាក់អាជ្ញាធរក្រុងភ្នំពេញក្នុងពេលចូលរួមតវ៉ាបណ្ដាលឱ្យរបួសធ្ងន់ធ្ងរជាច្រើនលើក។ កាលពីថ្ងៃទី២៣ តុលា លោកស្រីត្រូវកងសន្តិសុខបានវាយធ្វើបាប និងចាប់សែងដូចសត្វជ្រូកក្នុងពេល ដែលលោកស្រីចូលរួមដាក់ញត្តិជាមួយក្រុមក្រុមស្ត្រីប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ នៅមុខស្ថានទូតចិនប្រចាំនៅក្រុងភ្នំពេញ។ លោកស្រី សាត ផា ថ្លែងថា បើទោះជាលោកស្រីកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្ដី ក៏លោកស្រីនៅតែប្រកាន់ជំហរចូលរួមតស៊ូមតិតទៅមុខទៀតដោយមិនមានការរាថយឡើយ។
តើហេតុអ្វីបានជាស្ត្រីរូបនេះប្ដូរជីវិតចូលរួមតស៊ូមតិយ៉ាងសកម្មបែបនេះ?
លោកស្រី សាត ផា សម្បុរជ្រះ និងមាឌរាងដំបង មានស្រុកកំណើតនៅខេត្តកំពង់ចាម រៀបរាប់ឱ្យអាស៊ីសេរីដឹងថា លោកស្រីបានមករស់នៅរាជធានីភ្នំពេញជាង ២០ឆ្នាំហើយ ដោយដំបូងឡើយជាអ្នកលក់ចេកចៀនតាមចិញ្ចើមផ្លូវ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ ស្ត្រីវ័យ ៤៧ឆ្នាំរូបនេះបន្ថែមថា ក្រោយមកអំឡុងឆ្នាំ២០០៧ លោកស្រីបានក្លាយជាពលរដ្ឋម្នាក់នៅក្រុងភ្នំពេញ នៅតំបន់បឹងកក់ ហើយក្លាយជាអ្នកតស៊ូមតិ ដើម្បីការពារដីរបស់ខ្លួន។ លោកស្រីនិយាយទាំងអួលដើមកទៀតថា ដោយសារមានប្រវត្តិឈឺចាប់ពីមុនមក ដែលជាប្រជាពលរដ្ឋរងគ្រោះដីធ្លីតំបន់បឹងកក់នោះ បានជំរុញឱ្យលោកស្រីមានចិត្តស្រឡាញ់ប្រទេសជាតិកាន់តែខ្លាំង។ លោកស្រីប្រាប់ថា ការតស៊ូរបស់លោកស្រីអំឡុងពេលនេះ គឺចង់ឱ្យប្រទេសកំណើតដ៏តូចមួយនេះមានយុត្តិធម៌សង្គម និងមានប្រជាធិបតេយ្យ ដើម្បីឱ្យពលរដ្ឋខ្មែររស់នៅមានសុខសន្តិភាពយ៉ាងពិតប្រាកដ ដោយមិនមានការចាប់មនុស្សតាមអំពើចិត្តដូចសព្វថ្ងៃទៀត៖ «ខ្ញុំចង់បានប្រទេសរបស់ខ្ញុំឱ្យមានសន្តិភាពពិតប្រាកដកុំឱ្យពលរដ្ឋយើងទៅនៅប្រទេសគេរងទុក្ខលំបាកណាស់ អ្នកខ្លះបាត់បង់ជីវិតចោលកូន ចោលក្រុមគ្រួសារ។អីចឹងខ្ញុំផ្ដាំឱ្យពុក ម៉ែបងប្អូនហ៊ានងើបឈរឡើងដូចខ្ញុំកុំខ្លាច មុននឹងក្រោយគង់តែគេសម្លាប់យើងទេ ជំនាន់អាពត ឆ្អែតហើយ ខ្ញុំកើតមកទាន់ក៥ គេសម្លាប់ឪពុកខ្ញុំ រស់នៅវេទនាណាស់។ម៉ែខ្ញុំចិញ្ចឹមខ្ញុំវេទនាណាស់គាត់បានប្រាប់ខ្ញុំពីថ្ងៃមុនគាត់ថា គាត់មិនដែលឱ្យស្រមោចខាំកូនមួយទេ ស្រណោះដែលគេវាយកូន»។
ចាប់តាំងពីដើមឆ្នាំ២០២០មកលោកស្រីសាត ផា តែងចូលរួមយ៉ាងសកម្មជាមួយក្រុមស្ត្រី ដែលជាប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ តវ៉ាទាមទារឱ្យតុលាការដោះលែងសកម្មជននយោបាយទាំងនោះវិញ។ លោកស្រីចាត់ទុកការចាប់ខ្លួន សកម្មជននយោបាយ ព្រះសង្ឃ សកម្មជនសង្គម និងអ្នកចំរៀងរែបសរុបជិត៤០នាក់កន្លងមកនេះ គឺជារឿងអយុត្តិធម៌បំផុត ពីព្រោះលោកស្រីជឿជាក់ថា ពួកគាត់ទាំងនោះមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។ កន្លងមកលោកស្រីតែងតែចូលរួមសម្ដែងមតិជាមួយប្រពន្ធសកម្មជនគណបក្សប្រឆាំង យុវជនខ្មែរថាវរៈ និងព្រះសង្ឃដើម្បីឱ្យមានយុត្តិធម៌សង្គម ជាបន្តបន្ទាប់។ ការតវ៉ាកន្លងទៅលោកស្រីតែងតែរងការវាយដំពីសំណាក់កងសន្តិសុខ ខណ្ឌ៧មករា ខណ្ឌដូនពេញ និងសន្តិសុខខណ្ឌចំការមនម្ដងហើយម្ដងទៀត បណ្ដាលឱ្យលោកស្រីរបួសធ្ងន់ចំនួន៣លើករួចមកហើយ៖ «នៅស្ថានទូតចិនដាក់រាប់រាយមកបង្ក្រាបពួកនាងខ្ញុំ ហើយចាប់ពួកខ្ញុំ៣នាក់ឡើងលើឡាន រហូតគេចាប់ខ្ញុំបោកគេរុញខ្ញុំប្រតាយប្រតប់ខ្ញុំ ឱ្យខ្ញុំដោលហើយគេជាន់ខ្ញុំ គេសែងខ្ញុំបោះដូចជាខ្ញុំអ្នកទោសឧក្រិដ្ឋ។និយាយទៅពួកគាត់សាហាវចំពោះខ្ញុំណាស់ខាងរដ្ឋាភិបាលហ្នឹងសាហាវមែនទែន។និយាយទៅរបបគាត់ផ្ដាច់ការយកមែនទែនគាត់ធ្វើបាបប្រជាពលរដ្ឋគ្រាន់តែមានម្រាមដៃ១០អត់មានអាវុធនៅលើដៃទេ គឺសាហាវមែនទែនគាត់ធ្វើបាបពួកខ្ញុំនេះ»។
លោកស្រី សាត ផា មានកូនស្រីម្នាក់ប្រុសម្នាក់ ប៉ុន្តែពួកគេមានគ្រួសារ ហើយបានបែកផ្ទះទៅរស់នៅតាមខេត្តអស់ហើយ ។សព្វថ្ងៃលោកស្រីគឺជាស្ត្រីមេម៉ាយរស់នៅរាជធានីភ្នំពេញម្នាក់ឯង។ ស្ត្រីរូបនេះសង្ឃឹមថា ការតវ៉ារបស់លោកស្រី នៅថ្ងៃខាងមុខ កម្ពុជានឹងទទួលបានយុត្តិធម៌ពេញលេញ។
ចំណែកប្រពន្ធសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតបក្សសង្គ្រោះជាតិរាជធានីភ្នំពេញលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងថា លោកស្រី សាត ផា គឺជាស្ត្រីខ្មែរម្នាក់ដែលមានមនសិការជាតិ និងស្រលាញ់យុត្តិធម៌ដែលពិបាករក។លោកស្រីឱ្យដឹងថា ក្នុងពេលចូលរួមតវ៉ាជាមួយពួកលោកស្រីម្ដងៗ លោកស្រីជាមនុស្សក្លាហានជាងគេ និងនិយាយតមាត់ជាមួយអាជ្ញាធរមិនភ័យខ្លាចការចាប់ខ្លួននោះឡើយ៖ «ខ្ញុំបានទៅពេទ្យទៅមើលគាត់ខ្ញុំសួរគាត់ថា បងចុះបើជើងបងពិការត្រូវវះយ៉ាងម៉េចទៅ គាត់ថាគាត់ប្ដូរជីវិតហើយ បាក់ជើងអីគាត់ហ្នឹងទៅ គាត់ថាប្រសិនបើដល់ដំណាក់ហ្នឹងមែន គាត់ឈឺចាប់គាត់ទិញសាំងដុតខ្លួនឯង។ ខ្ញុំថាបងកុំដល់ថ្នាក់ហ្នឹងពេក ខ្ញុំស្ងើចសរសើរគាត់ព្រោះខ្ញុំធ្វើអត់បានដូចគាត់ទេ ព្រោះខ្ញុំអត់ដែលធ្លាប់ទើបតែលើកទីមួយរបស់ខ្ញុំ ហើយខ្លួនគាត់តែមួយគាត់អត់ខ្វល់ទេហើយខ្ញុំមិនដែលបានហៅគាត់ទេ គាត់មកជួយតវ៉ាដោយខ្លួនឯង»។
កាលពីថ្ងៃទី២៣តុលា លោកស្រីសាត ផា ត្រូវបានប៉ូលិសនិងកងសន្តិសុខនៅខណ្ឌចំការមន វាយដោយដៃផង អុកនឹងក្បាលជង្គង់ផងរហូតលោកស្រីដួលសន្លប់ ។ បន្ថែមពីនេះ អាជ្ញាធរបានចាប់ដៃចាប់ជើងលោកស្រីសែងក្នុងពេលដែលលោកស្រីចូលរួមដាក់ញត្តិជាមួយក្រុមស្ត្រីប្រពន្ធសកម្មជនគណបក្សប្រឆាំងប្រមាណ ២០នាក់នៅមុខស្ថានទូតចិនប្រចាំនៅក្រុងភ្នំពេញ ទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ និងប្រទេសហត្ថលេខីទាំងអស់ គោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឲ្យបានត្រឹមត្រូវ។
លោកស្រីសាត ផា ត្រូវបានក្រុមស្ត្រីអ្នកចូលរួមតវ៉ាជាមួយលោកស្រីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅក្រុងភ្នំពេញតាំងពីរសៀលថ្ងៃទី២៣ តុលា មកមិនទាន់បានធូរស្រាលនៅឡើយទេ។ លោកស្រីឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ តុលាលោកស្រីឈឺចុកចាប់ពេញខ្លួន ជាពិសេសរបួសចាស់ត្រង់ក្បាលជង្គង់ដែលកងសន្តិសុខខណ្ឌ ៧មករា ចាប់រុញបញ្ចូលឡានក្នុងពេលតវ៉ាកាលពីខែសីហាកន្លងទៅ។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា ការបង្ក្រាបពលរដ្ឋទាំងនោះ ដោយសារពួកគាត់តវ៉ាដោយគ្មានការជូនណឹង ឬការអនុញ្ញាតពីអាជ្ញាធរក្រុងភ្នំពេញឡើយ។ លោក បន្ថែមថាអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែចាត់វិធានការដើម្បីការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូន ស្ថានទូតបរទេសនៅកម្ពុជា។
ចំណែកប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)លោក នី សុខា កត់សំគាល់ថា ការតវ៉ារបស់ក្រុមស្ត្រីប្រពន្ធសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ឃុំនោះ ជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ។លោកចាត់ទុកការបង្ក្រាបដោយហិង្សារបស់កងសន្តិសុខក្រុងភ្នំពេញនោះ គឺជាការបិទសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដោយខុសច្បាប់ និងជាការដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ៖ «ខ្ញុំគិតថាមិនមែនជាគោលការណ៍ប្រជាធិបតេយ្យទេ ពីព្រោះគោលការណ៍ប្រជាធិបតេយ្យមិនមានសុទ្ធតែមតិស្របទេ គឺវាមានមតិស្របនិងមតិផ្ទុយ។ហើយមតិផ្ទុយមិនមែនសុទ្ធតែជាខ្មាំងសត្រូវរបស់អាជ្ញាធរនោះទេ មតិផ្ទុយហ្នឹងក៏ត្រូវអាជ្ញាធរយកទៅពិចារណាទៅ ត្រង់ថាដោះស្រាយយ៉ាងម៉េចត្រូវតែមានការពន្យល់ ត្រូវតែមានហេតុផលសមសម្រប ត្រូវតែមានការដោះស្រាយបញ្ហាឱ្យបានសមស្របដូចរដ្ឋធម្មនុញ្ញបាននិយាយហើយ និយាយអំពីសំណើនិយាយអំពីកង្វល់របស់ប្រជាពលរដ្ឋត្រូវតែបានទទួលយកទៅដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់អង្គការរដ្ឋ»។
កន្លងទៅអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានថ្កោលទោសចំពោះក្រុមប៉ូលិស និងក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ដែលចាប់អូសស្ត្រី អ្នកតវ៉ាតាមដងផ្លូវ និងចាប់បោះពួកគេចូលក្នុងឡាន ថាជាអំពើរំលោភសិទ្ធិមនុស្ស។ អង្គការនេះទទូចឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ទង្វើហិង្សាប្រឆាំងក្រុមអ្នកតវ៉ាដោយសន្តិវិធីជាបន្ទាន់ និងត្រូវគោរពសិទ្ធិសេរីភាព បញ្ចេញមតិ និងការជួបជុំរបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ទោះជាយ៉ាងណាក្ដី លោកស្រី សាត ផា ឱ្យដឹងថា លោកស្រីបានបូជាជីវិតចុងក្រោយរបស់ខ្លួនដែលនៅសេសសល់ ដើម្បីបំពេញប្រយោជន៍ជាតិ។ លោកស្រីថា នៅពេលដែលព្យាបាលជំងឺជាសះស្បើយលោកស្រីនឹងបន្តចូលរួមសម្ដែងមតិជាមួយក្រុមស្ត្រីប្រពន្ធសកម្មជនគណបក្សប្រឆាំងទៀត ដើម្បីទាមទារឱ្យរកយុត្តិធម៌ រហូតមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនជនជាតិចិន២នាក់ពាក់ព័ន្ធរត់ពន្ធថ្នាំញៀនជិត១គីឡូក្រាម
- លោក ហ៊ុន សែន ស្នើកាត់ដីខេត្តកណ្ដាល ៣០២ហិកតារឱ្យរាជធានីភ្នំពេញគ្រប់គ្រង
- សមត្ថកិច្ចចាប់ខ្លួនមនុស្សជាង៥០នាក់ក្នុងមួយថ្ងៃពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀន
- តុលាការឃុំខ្លួនជនជាតិចិន ៣នាក់ រឿងគ្រឿងញៀន ខណៈ ២នាក់ទៀតត្រូវចាប់ខ្លួនរឿងបាញ់ជនជាតិចិនដូចគ្នា
- ក្រសួងប្រៃសណីយ៍សម្រេចលុបចោលនិងព្យួរអាជ្ញាប័ណ្ណប្រតិបត្តិករមួយចំនួន
- សង្គមស៊ីវិលមិនចង់ឃើញសប្បុរសជនឆ្លៀតឱកាសប្រើឥទ្ធិពលអំណាច និងទឹកប្រាក់ ដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួន ក្នុងគ្រាពលរដ្ឋកំពុងរងគ្រោះ ដោយទឹកជំនន់
- តុលាការសម្រេចឃុំខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន ៤នាក់ទាក់ទងរត់ពន្ធថ្នាំញៀនជាង ២តោន
- កម្មករប្រមូលសំរាមស៊ីនទ្រីជាង ២ពាន់នាក់ចេញធ្វើការវិញ ក្រោយទទួលបានការទូទាត់ប្រាក់អតីតភាពការងារ
- រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ដាក់លិខិតទៅរដ្ឋាភិបាលថៃ ករណីសណ្ឋាគារថៃមួយ ចម្លងរចនាបថតាមប្រាសាទបុរាណខ្មែរ
- កម្មករស៊ីនទ្រីដាក់ញត្តិស្នើសុំសាលារាជធានីភ្នំពេញទូទាត់ប្រាក់ការងារ ជាថ្នូរនឹងចូលធ្វើការវិញ
រដ្ឋបាល ដូណាល់ ត្រាំ រំលាយចោលបទប្បញ្ញត្តិមួយ ដែលកន្លងមក
ជាខែលការពារ ក្រុមសារព័ត៌មានឯករាជ្យ ក្នុងនោះមានទាំង
VOA និង RFA ផងដែរ
2020-10-28 09:49am
(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបបទប្បញ្ញត្តិសហព័ន្ធមួយ ដែលត្រូវបានតាក់តែងឡើងដើម្បីការពារឯករាជ្យភាពនៃសារព័ត៌មាន ក្នុងនោះមាន VOA, RFA និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ដែលទទួលបានជំនួយពីរដ្ឋាភិបាលអាមេរិក បើទោះបីជាមន្ត្រីរូបនោះត្រូវរងការចោទប្រកាន់ថា កំពុងតែធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព នៃបណ្តាសារព័ត៌មានទាំងនោះក៏ដោយ នេះបើយោងតាមសារព័ត៌មាន NBC និង Yahoo News ។
លោក ម៉ៃខឺល ភែក (Michael Pack) នាយកប្រតិបត្តិ (CEO) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់សារព័ត៌មានសកល (USAGM) បានលុបចោលបទប្បញ្ញត្តិសហព័ន្ធ ដែលមានឈ្មោះថា «Firewall» នៅយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលោកបានបកស្រាយថា បទប្បញ្ញត្តិទាំងនេះបានរំលោភលើ សិទ្ធិប្រធានាធិបតីអាមេរិក នៅក្នុងការអនុវត្តគោលនយោបាយការបរទេស ហើយកន្លងមកច្បាប់ទាំងនោះ «មិនបានការអ្វីឡើយ»។
ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានមួយរូបរបស់ទូរទស្សន៍អាមេរិក NBC ដែលស្ថិតនៅក្នុងចង្កោមសារព័ត៌មានឯករាជ្យ និងទទួលបានការការពារពីច្បាប់ ហ្វៃអឺ- វ៉ល firewall ផងដែរនោះបានលើកឡើងថា «គាត់ (មន្ត្រីអាមេរិក) បានបំផ្លាញច្បាប់ firewall ហើយ»។ អ្នករាយការណ៍ព័ត៌មានមួយរូបទៀត ដោយសុំមិនបញ្ចេញឈ្មោះដូចគ្នា បានបញ្ជាក់ថា «យើងទាំងអស់គ្នា ពិតជាភ័យខ្លាចខ្លាំងណាស់»។
បទប្បញ្ញត្តិសហព័ន្ធដែលមានឈ្មោះពេញថាជញ្ជាំងភ្លើងនិងស្តង់ដារខ្ពស់បំផុតនៃវិជ្ជាជីវៈសារព័ត៌មាន «Firewall and Highest Standards of Professional Journalism» ដែលផ្តល់ឯករាជ្យភាព ដល់អ្នកសរសេរព័ត៌មាន ដោយការពារពួកគេមិនឲ្យទទួលរងការបង្គាប់បញ្ជា, គំរាមកំហែង, គាបសង្កត់, ជះឥទ្ធិពល និងលូកលាន់ពីមន្ត្រីរដ្ឋាភិបាល ឬចៅហ្វាយនាយ ត្រូវបានដាក់ឲ្យអនុវត្តកាលពីខែមិថុនា ដោយក្រុមប្រឹក្សាអភិបាលរដ្ឋ ដែលមានតួនាទីត្រួតពិនិត្យលើបណ្តាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាមេរិក។
ក្រុមប្រឹក្សានេះត្រួតពិនិត្យខាងលើនេះ បានរំលាយចោលនៅពេលដែលលោក Pack ត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់ជា CEO នៃ USAGM ដែលមានសិទ្ធិទទួលបន្ទុកគ្រប់គ្រងលើបណ្តាញសារព័ត៌មាន VOA, RFA (Radio Free Asia) និង RFE (Radio Free Europe) ព្រមទាំង
វិទ្យុសេរីភាព (Radio Liberty) និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហព័ន្ធ។
គួរបញ្ជាក់ថា ក្រុមអ្នកការពារសេរីភាពសារព័ត៌មានឯករាជ្យនានា នៅសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធផ្សព្វផ្សាយអាមេរិកនានា ដែលទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ បានចេញមុខជំទាស់ភ្លាមៗទៅនឹងការសម្រេចចិត្តរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ គឺលោក Michael Pack ខាងលើនេះ ដោយពួកគេបានចាត់ទុកថា វាបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបំផ្លាញមុខមាត់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសដែលតែងតែកាន់ «ពានសេរីភាពនៃសារព័ត៌មាន» នៅលើឆាកអន្តរជាតិ៕
I’m understanding why KAMPOUCHEA still have KAM until this day and it will never ending. most of this people are poor and did not have enough education please do not getting angry whit me what I’m speaking is right . I knew who I have to blame every thing cam from leader that make their nation strong famous every one living in peace but so sad Cambodia never had leader like what we human being can expecting. talking about HUN SEN regime this monster animal leader is a uneducated evil on art he has been touching our young Cambodian to be gangster just like him HUN SEN himself doing every thing again GOD willing . I have no hope if HUN SEN still in powers unless he gone from this sad land then this nation will see a better future.