បទយកការណ៍
21/11/2020 – 09:07
ដោយ៖ អេង គីមហុង
RFI

២២វិច្ឆិកាឆ្នាំ២០១០ដល់២២វិច្ឆិកាឆ្នាំ២០២០ គឺជាខួប១០ឆ្នាំគត់នៃហេតុការណ៍រត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រនៃទីក្រុងរណបកោះពេជ្រ។ ហេតុការណ៍នៅរាត្រីថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកឆ្នាំនោះ បានសម្លាប់មនុស្ស៣៦៥នាក់ និងរបួស៥៥៥នាក់។ ជនរងគ្រោះជាបុរសម្នាក់ដែលត្រូវបានទាញចេញពីគំនរមនុស្សបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិដោយក្ដីតក់ស្លុតថា គេនៅមានជីវិតមកដល់សព្វថ្ងៃនេះ គឺបានគុណបុណ្យទឹកដោះម្ដាយថ្លៃ ជួយសង្គ្រោះកូនថ្លៃពីកណ្ដាប់ដៃយមរាជនៅវិនាទីចុងក្រោយ។

«បងប្អូននៅឲ្យស្ងៀមកម្លាំងយើងនឹងទាញអ្នកអស់គ្នាពីក្រោយមកវិញ ជួយបានមួយយកមកមួយ ទាញឡើងមក អូសអាមួយនោះចេញសិនមក ប្រឹងឡើង! ពូពូ សុំទឹកផឹកតិចមក ជួយខ្ញុំផង ខ្ញុំស្លាប់ឥលូវហើយ ស្រេកទឹកណាស់បោះទឹកឲ្យខ្ញុំផង» នេះជាហេតុការណ៍ដ៏រន្ធត់នៃព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់ នៅលើស្ពានពេជ្រកោះ១០ឆ្នាំមុន នៅរាត្រីនៃចុងក្រោយនៃពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១០ ហើយពេលនោះរថយន្តសារ៉ែនសង្គ្រោះមនុស្សបានបន្លឺលាន់ឮពេញទីក្រុងភ្នំពេញជាមួយនឹងអារម្មណ៍សោកសង្រេងជាទីបំផុត ក្នុងនាមជាមនុស្សជាតិដូចគ្នា។
១០ឆ្នាំមុន នៅក្នុងហេតុការណ៍រត់ជាន់គ្នានេះ ជនរងគ្រោះខ្លះបញ្ឈរភ្នែក អ្នកខ្លះលាដៃសុំជំនួយឲ្យទាញខ្លួនចេញពីគំនរមនុស្សដែលស្អិតដូចកែវវិទ្យាសាស្ត្រ ខ្លះទៀតបានស្លាប់ និងសន្លប់បាត់ទៅហើយ។ នៅចំពោះមុខគំនរមនុស្សស្រែកឲ្យជួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដុតដៃដុត ស្រែកឡើងស្អកបំពង់កក៏មាន ដើម្បីជួយពួកគេតាមដែលអាចធ្វើទៅបាន។

«ខ្ញុំមិននឹកស្មានថា ខ្លួនឯងបានរួចផុតពីសោកនាដកម្មដ៏រន្ធត់នោះទេ រយៈពេល១០ឆ្នាំហើយដែលខ្ញុំមិនអាចបំភ្លេចបាន វាដក់ក្នុងអារម្មណ៍ខ្ញុំរហូត ។ នៅពេលខ្ញុំជាប់នឹងគំនរមនុស្ស ខ្ញុំគិតថា ខ្លួនឯងស្លាប់ហើយ ដោយគ្មានសង្ឃឹមថា នឹងរស់ដូចរាល់ថ្ងៃនេះទេ ដកដង្ហើមលែងរួច តោងដៃស្ពានឡើងស្ពឹកដៃស្ពឹកជើងអស់ហើយ អ្នកខ្លះជាប់គរលើគ្នាពីកន្លះម៉ោងទៅបួនម៉ោងក៏មាន។» នេះជាការថ្លែងដោយតក់ស្លុតរបស់បុរសវ័យ២៧ឆ្នាំម្នាក់ ដែលគាត់ឲ្យវិទ្យុបារាំងដាក់ឈ្មោះក្រៅថា «មានជីវិតរស់ជាថ្មី»។
ប្រៀបដូចជាត្រីរួចចេញពីទ្រូ លោកមានជីវិតរស់ជាថ្មី រៀបរាប់បន្តដោយរលីងរលោងទឹកភ្នែកថា «ទឹកដោះម្ដាយខ្ញុំថ្លៃណាស់ ធ្វើឲ្យខ្ញុំរស់មកដល់ឥលូវ អ្វីក៏ខ្ញុំលែងចង់បានដែរកុំថាឡើយអំណោយ។ អំឡុងពេលជាប់ គិតថា បើស្លាប់ពាក្យចុងក្រោយក៏មិនបាននិយាយទៅកាន់ម៉ែពុក។ បើមិនបានគុណបុណ្យអ្នកម្ដាយថ្លៃទេ តែបើបណ្ដោយឲ្យជាប់ខ្លួន២០នាទី គឺដឹងតែស្លាប់ហ្មង។ គ្រាន់តែចេញរួចពីគំនរមនុស្សភ្លាម ជីវិតខ្ញុំប្រៀបដូចត្រីរួចចេញពីទ្រូអ៊ីចឹង!។»
ក្រោយរួចខ្លួនការសង្កត់សង្កិន រស់ជាថ្មី និយាយថា គេដើរអូសជើងបណ្ដើរឈប់បណ្ដើរភ័យបណ្ដើរប្រៀបសត្វមាន់រួចចេញពីខ្ទះទឹកពុះ «អ្នកដែលមានជីវិតលុះត្រាជាមនុស្សមានកម្លាំងនិងនៅពីលើកគេ ហើយលទ្ធភាពដែលអាចរស់បានទៀត លុះត្រាតែ [នៅ] ក្រោមបាតស្ពានបំផុត។ ដូចខ្ញុំអី បន្ទាប់ពីរើខ្លួនរួច រត់ផង ដើរផង ដួលផង ខោអាវដាច់រហែក ឡើងសង្វេគខ្លួនឯង ហើយសប្បាយចិត្តពេលឃើញអ្នករើខ្លួនផ្សេងទៀតរត់មកជាមួយគ្នា។»

កាលណោះ រស់ជាថ្មី ជាកីឡាករអុំទូក វ័យ១៧ឆ្នាំ មកពីខេត្តកណ្ដាល។ ជាធម្មតា ក្រោយសំរាកពីការប្រកួតអុំទូក កីឡាករមកពីជនបទរូបនេះស្រវេស្រវា ដើរកំសាន្តមើលសម្រស់ទីក្រុង។ ទីក្រុងដែលពេលនោះ នរណាមិនល្បី ភាពស៊ីវីល័យទីតាំងថ្មីនៃរមណីយដ្ឋានកោះពេជ្រ។ ចាត់ទុកថាជាសាក្សីរស់ម្នាក់ក្នុងចំណោមអ្នករស់រានមានជីវិតជាង៥០០នាក់ផ្សេងទៀត រស់ជាថ្មី យល់ថា មូលហេតុដែលនាំឲ្យកើតមានព្រឹត្តការណ៍ជាន់គ្នាស្លាប់ដោយសារបញ្ហាបច្ចេកទេសជាធំ។ «ស្ពានតូចផ្ទុកមនុស្សលើសចំណុះ ហើយមនុស្សរុញគ្នាទៅវិញទៅមកទៀត ហើយអ្នកខាងក្រោយរុញទៅខាងមុខដោយអត់យល់កាលៈទេសៈថា ខាងមុខទៅលែងរួចអត់! គិតតែរុញ។» បើតាមរស់ជាថ្មី ទាំងគាត់ទាំងគេ ដំបូងគិតថា គេរុញគ្នាលេងតាមទម្លាប់សប្បាយធម្មតា តែដូចពាក្យចាស់ថា សប្បាយក្លាយជាទុក្ខ។
បន្ទាប់ពីព្រឹត្តិការណ៍រត់ជាន់គ្នាបានមួយថ្ងៃ ពោលគឺនៅព្រឹកថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០១០ ព្រះសង្ឃបាននិមន្តមកសូត្រធម៌ឧទ្ទិសកុសលជូនដល់អ្នកស្លាប់ ខណៈសាច់ញាតិអ្នកស្លាប់ស្រែកទ្រហោយំទាំងទឹកភ្នែកនិងភាពសោកសង្រេង ឡើងមកយកសព កូន ប្អូន ប្រពន្ធ ឬប្ដី ទៅធ្វើបុណ្យ។ ហើយអ្នកស្លាប់ទាំងនោះបន្សល់ទុកស្លាកស្នាមស្បែកជើងរាប់រយគូ រួមនឹងសម្លៀកបំពាក់មួយចំនួនផង នៅរាយប៉ាយពាសពេញស្ពាន។

៤ឆ្នាំក្រោយក្រោយព្រឹត្តការណ៍ជាន់គ្នាលើស្ពានពេជ្រ ទើប រស់ជាថ្មី ត្រឡប់មកជាន់ដីក្រុងជាថ្មី។ បទពិសោធន៍នេះធ្វើឲ្យរស់ជាថ្មី ខ្លាចរអានឹងកន្លែងជួបជុំប្រមូលផ្ដុំ និងបានប្រាប់កូនតូចរបស់គេឲ្យនៅឆ្ងាយពីកន្លែងប្រមូលផ្ដុំដែលមនុស្សច្រើន។ «គេបបួលទៅមើលបាល់ជុំគ្នានៅពហុកីឡដ្ឋានជាតិ ខ្ញុំរាដៃអត់ទៅទេ គឺរាងតែម្ដង សូម្បីដេកនៅផ្ទះដាច់ភ្លើងម្ដងៗក៏ភ័យដែរ។»
អ្វីដែលលោករស់ជាថ្មី មិនទាន់អស់ចិត្តនោះ គឺគេមិនទាន់ដឹងឡើយថា មិត្តភក្ដិស្គាល់គ្នាពេលឡើងមកអុំទូកនិងដឹកដៃគ្នាមកលេងស្ពានពេជ្រនេះរស់ឬស្លាប់ឡើយក្នុងរយៈពេល១០ឆ្នាំមកនេះ។
សូមជម្រាបជូនថា កាលពី១០ឆ្នាំមុន ស្ពានពេជ្ររំលេចដោយព័ណ៌លឿងទុំ បានទាញអារម្មណ៍មហាជនឲ្យដើរឆ្លងកាត់ មិនថា ពេលថ្ងៃ ឬពេលរាត្រីឡើយ។ ពេលរាត្រី ស្ពានពេជ្រមានសម្រស់កាន់តែលេចធ្លោថែមមួយកម្រិតទៀត ដោយសារភ្លើងបំភ្លឺចែងចាំងរត់ប្រដេញគ្នា។ តែអនិច្ចា គ្មាននរណាដឹងឡើយថា ស្ពានពេជ្រដ៏ស្រស់ស្អាតនេះ នៅថ្ងៃទី៣នៃពិធីបុណ្យអុំទូកឆ្នាំ២០១០ បានក្លាយជាកន្លែងសោកនាដកម្មតែមួយប៉ព្រិចភ្នែក។ ភ្លាមៗក្រោយហេតុការណ៍មនុស្សរត់ជាន់គ្នាស្លាប់ អាជ្ញាធរបានវាយកម្ទេចស្ពាននេះចោលដោយមិនបង្អង់យូរឡើយ ដោយជំនួសមកវិញនូវស្ពានថ្មពីរសម្រាប់ធ្វើដំណើរទៅវិញទៅមក។ បច្ចុប្បន្ន ទីតាំងនេះបានក្លាយជាកន្លែងជួបជុំដ៏ពេញនិយម ដោយហាងអាហារត្រៀបត្រាពាសពេញ ខ្លះលក់ម្ហូបចិន កូរ៉េ និងម្ហូបខ្មែរក៏មាន។

រស់ជាថ្មី ជឿថា បើកាលពី១០ឆ្នាំមុនមានស្ពានថ្មធ្វើដំណើរទៅវិញទៅមកដូចរាល់ថ្ងៃនេះ ម្ល៉េះកម្ពុជាមិនជួបហេតុការណ៍រត់ជាន់គ្នាស្លាប់៣៦៥នាក់ និងរបួស៥៥៥នាក់ឡើយ។ បើតាមលោករស់ជាថ្មី ពេលនោះមានអ្នកខ្លះបង្ខំចិត្តលោតពីលើស្ពានចូលក្នុងទឹក អ្នកមានសំណាងបានរស់ជាថ្មីដូចគាត់ អ្នកខ្លះទៀត អភ័ព្វលិចស្លាប់ក៏មាន។
ដើម្បីជាការចងចាំ អាជ្ញាធររាជធានីភ្នំពេញក៏បានសាងសងស្ដូបរំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅមិនឆ្ងាយប៉ុន្មានពីទីតាំងស្ពានពេជ្រ ដែលឥលូវប្រែមកជាស្ពានថ្ម។ រៀងរាល់ឆ្នាំ ក្រុមគ្រួសារជនគ្រោះអ្នកស្លាប់បាននាំគ្នាមកធ្វើពិធីបង្សុកូលនៅទីនេះ។

២២វិច្ឆិកាឆ្នាំ២០១០ដល់២២វិច្ឆិកាឆ្នាំ២០២០ គឺជាខួប១០ឆ្នាំគត់នៃហេតុការណ៍រត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រនៃទីក្រុងរណបកោះពេជ្រ ដែលជារាត្រីថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានចាត់ទុកព្រឹត្តិការណ៍នេះថា ជាសោកនាដកម្មដ៏ធ្ងន់ធ្ងរមួយដែលកម្ពុជាមិនធ្លាប់ប្រទះទេ តំាងពីក្រោយការដួលរលំរបបខ្មែរក្រហម។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាបានយកថ្ងៃព្រហស្បតិ៍ ទី២៥វិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃកាន់ទុក្ខជាតិ។
គួរកត់សម្គាល់ថា កាលណោះ មតិខ្លះបានស្ដីបន្ទោសទៅលើអាជ្ញាធរ ដែលមិនបានយកចិត្តទុកដាក់រៀបចំឲ្យបានល្អ បង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ ហើយទន្ទឹមនឹងនេះក៏មានផងដែរ ការទាញភ្ជាប់ព្រឹត្តការណ៍រត់ជាន់គ្នាស្លាប់នឹងជំនឿអរូបិយនានា ក៏ដូចជាអំពើភេរវកម្មជាដើម។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកគូរប្លង់បានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៍អកុសលនេះ កើតឡើងដោយសារការរប្រមូលម្ដុំនៃការប្រគុំតន្ត្រីសម្បូរបែបនានានៅកោះពេជ្រ ដែលជាហេតុធ្វើឲ្យមហាជនឡើងពីជនបទសម្រុកទីនោះ ខណៈការរៀបចំរបស់អាជ្ញាធរមិនបាននឹកគិតដល់ចំណុចនេះ៕
we Cambodian should understood every thing was set up by VIETCONG and this regime. HUN SEN was the killer indeed there was so many Cambodian life was lost started from 1979 up to this day. I’m felling sad to see this HUN SEN evil killer still doing his evil trick to murder more Cambodian and our nationalist . the evil HUN SEN pointing his finger to every one saying they are KBOTH CHEATH but it just his evil act to murder all our nationalist . how can HUN SEN love his own nation he said he have been recue this nation from POL POT killer . I knew every Cambodian knew the two main policy player was only two communist Khmer Rue and communist VIETCONG what was always bring bad thing to our nation was VIETCONG who wanted to take over CAMBODIA for century. VIETCONG took so many young Cambodian to train form another party beside Cambodian leader since 1951 that was HUN SEN party this day from 1970 up to this day I knew VIETCONG leadership have been order CPP witch was sponsoring by them to kill more Cambodian so they can bring their people to live in Cambodian land. Cambodian inside the country should know by now how many Vietnamese are in Cambodia right now ?? the future is not looking good the country is getting smaller and VIETCONG trying to get more land their slave HUN SEN is trying to murder more Cambodian this evil did not even care about the border and he let Vietnamese come into Cambodia freely . at last I just want to say GOD bless Cambodia that all