ដោយ ជីវិតា
2020-11-26
RFA

ទិដ្ឋភាពពលរដ្ឋតាមដានសវនការ នៅខាងមុខតុលាការក្រុងភ្នំពេញ លើសំណុំរឿងសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង ១០០ នាក់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ Photo courtesy
តុលាការលើកពេលជំនុំជម្រះរឿងក្តីមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំងទៅដើមឆ្នាំ២០២១
តុលាការក្រុងភ្នំពេញសម្រេចលើកពេលជំនុំជម្រះរឿងក្តីសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់ ១២០នាក់ ទៅខែមករា និងខែមីនា ឆ្នាំ២០២១ខាងមុខ។ មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលសវនាការថា ការបំពេញការងាររបស់តុលា ការមានភាពថ្លោះធ្លោយ ឬកំហុសឆ្គងមួយចំនួនដូចជាបញ្ចូលលេខសំណុំរឿងខុស ហើយដីកាខ្លះខុសឈ្មោះ និងជនជាប់ចោទខ្លះមិនទទួលបានដីកាកោះពីតុលាការនោះទេ។
យ៉ាងហោចណាស់មានមនុស្សជាង ៣០នាក់រួមមាន៖ មន្ត្រី សកម្មជន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងអ្នកធ្វើការងារសង្គមដែលត្រូវតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះ បានចូលបំភ្លឺនៅតុលាការ តាមដីកានៅថ្ងៃទី២៦ ខែវិច្ឆិកា។
មេធាវីម្នាក់ការពារក្ដីក្នុងសំណុំរឿងនេះ លោក ឡោ ជុនធី ឱ្យដឹងថា ក្នុងចំណោមមនុស្សដែលតុលាការចោទប្រកាន់ ក្នុងនោះមានកូនក្ដីរបស់លោកចំនួន ១២នាក់។ លោកឱ្យដឹងថា តាមការកត់សម្គាល់របស់លោក សវនាការថ្ងៃនេះមានជនជាប់ចោទជាង ៣០នាក់ចូលបំភ្លឺ ក្នុងនោះមានជនជាប់ឃុំពីរនាក់ផងដែរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ។ មេធាវីរូបនេះឱ្យដឹងទៀតថា សវនការថ្ងៃដំបូងនេះមិនទាន់ជជែកស៊ីជម្រៅនៅឡើយទេ គឺមានការជជែកត្រឹមបញ្ហាកោះហៅ ការពឹងពាក់មេធាវី និងសំណើបញ្ចូលសំណុំរឿង។ លោកថា ក្រុមមេធាវីបានស្នើទៅតុលាការលើកពេលសវនាការ ដើម្បីឲ្យក្រុមមេធាវីពិនិត្យសំណុំរឿងឡើងវិញនិងទំនាក់ទំនងជាមួយកូនក្ដី ហើយតុលាការសម្រេចដាក់កាលបរិច្ឆេទលើក ទៅថ្ងៃទី១៤ ខែមករា និងថ្ងៃ៤ ខែមីនា ឆ្នាំ២០២១ខាងមុខ៖ «សវនាការព្រឹកមិញនេះ យើងបានសម្របសម្រួលគ្នាទៅរលូន យើងអត់មានប្រទាំងប្រទើសគ្នាទេ យើងជជែកគ្នាម៉ាព្រឹកបានស្រុះស្រួលគ្នាថា បញ្ចូលសំណុំរឿងតែពីរសំណុំរឿងវិញ ហើយសម្រេចដាក់បរិច្ឆេទត្រឹមត្រូវ»។
ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ប្រាប់សារព័ត៌មានក្នុងស្រុក(VOD) ថា មានជនជាប់ចោទចំនួន ៣៤រូបបានចូលរួមឆ្លើយបំភ្លឺនៅក្នុងសវនាការ។
រីឯពលរដ្ឋមកពីខេត្តបាត់ដំបង លោក ឡី សុខុន ដែលត្រូវចូលបំភ្លឺនៅតុលាការដែរនោះ ឱ្យអាស៊ីសេរីដឹងថា តុលាការមិនទាន់សួរដេញដោលអ្វីលោកនោះទេ គ្រាន់តែតុលាការបានឈ្មោះលោកនិងពន្យល់ពីនីតិវិធីច្បាប់ដល់លោក។ លោកថា មកដល់ពេលនេះលោកនៅតែមិនទាន់ដឹងថា ខ្លួនលោកក្បត់ជាតិ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដោយរបៀបណានោះទេ៖ «ដល់ពន្យល់ពីនីតិវិធីច្បាប់ហើយទាញអង្គហេតុជាមួយមេធាវីរបស់ខ្ញុំខ្លះៗ ដើម្បីលើកពេលវេលាហើយប្រមែប្រមូលសំណុំរឿងពួកខ្ញុំយកមកសិក្សាឱ្យបានច្បាស់លាស់»។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា សង្កេតឃើញថា សវនាការថ្ងៃនេះមិនទាន់ទទួលបានលទ្ធផលអ្វីជាដុំកំភួននៅឡើយទេ ដោយពេលចាប់ផ្ដើមដំបូងមានការខ្ទាស់គ្នារវាងមេធាវី និងព្រះរាជអាជ្ញា។ លោកថា ព្រះរាជអាជ្ញាទាមទារឱ្យច្របាច់សំណុំរឿងចំនួន៤ ឱ្យមកត្រឹមតែពីរ ប៉ុន្តែមេធាវីការពារជនជាប់ចោទជំទាស់។ លោកថា ក្រោយការជជែកគ្នាទើបមានការឯកភាពបញ្ចូលសំណុំរឿងពី៤ មកត្រឹម ២សំណុំរឿងតាមសំណើរបស់ព្រះរាជអាជ្ញា។ លោកថា ដោយសារភាគីពាក់ព័ន្ធមិនទាន់ជជែកដេញដោលគ្នានៅឡើយ ទើបតុលាការសម្រេចលើកសវនាការនេះ ទៅជំនុំជម្រះនៅឆ្នាំ២០២១ខាងមុខ៖ «ដោយសារអីដែលខ្ញុំមានមិនច្បាស់ហើយអាចមានភាពមិនប្រក្រតីតាមនីតិវិធី គឺតុលាការដែលជនចោទខ្លះអញ្ជើញមកតុលាការហ្នឹងគាត់ទទួលកោះទេ គាត់គ្រាន់តែបានលឺគេថា ឬក៏បានដឹងដំណឹងថា មានសវនាការនៅថ្ងៃហ្នឹងអីដឹងតៗគ្នាអីគាត់មក បើតាមនីតិវិធីគេថា ជនជាប់ចោទត្រូវទទួលបានដីកាកោះ»។
មន្ត្រីសិទ្ធិមនុស្សដដែលឱ្យដឹងទៀតថា តាមការសង្កេតរបស់លោកមានជនជាប់ចោទចំនួន ៣៣នាក់បានចូលបំភ្លឺនៅតុលាការ ដែលក្នុងនោះមានមេធាវីការពារជនជាប់ចោទចំនួន ៨នាក់ ហើយមេធាវី០៦នាក់ផ្ដល់ដោយគណៈមេធាវី និង ២រូបទៀត ជាមេធាវីជនជាប់ចោទពឹងពាក់គឺលោកមេធាវី សំ សុគង់ និងមេធាវី ឡោ ជុនធី។
លោក នី សុខា សង្កេតឃើញថា សំណុំរឿងយ៉ាងធំនេះមានភាពចន្លោះប្រហោង ឬភាពខ្វះចន្លោះរបស់តុលាការដូចជាការចេញដីកាខុសឈ្មោះ ខុសអាសយដ្ឋាន ហើយអ្នកខ្លះចូលបំភ្លឺទាំងគ្មានដីកាពីតុលាការ។
ក្រុមប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណជាង ៣០០នាក់ដែលមិនជាប់ក្តីក្តាំបាននាំគ្នាទៅតាមដានដំណើរការក្តីនេះ។ ប៉ុន្តែអាជ្ញាធរបានដាក់ពង្រាយកងសន្តិសុខ និងប៉ូលិសជាច្រើននាក់ មិនឱ្យពួកគេប្រមូលផ្ដុំគ្នា និងផ្ដល់កម្លាំងចិត្តដល់សកម្មជនគណបក្សប្រឆាំងនៅមុខតុលាការនោះឡើយ។

កញ្ញា សេង ធារី មេធាវីអន្តរជាតិ និងជាស្ថាបនិកមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្រៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ Photo courtesy

មេធាវីអន្តរជាតិ និងជាស្ថាបនិកមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរដែលមិនមែនជាសមាជិករបស់គណបក្សសង្គ្រោះជាតិ កញ្ញា សេង ធារី ឱ្យអ្នកសារព័ត៌មានដឹងក្រោយចូលបំភ្លឺថា តុលាការមិនគួរបន្តនីតិវិធីតទៀតទេ ដោយគួរទម្លាក់ចោលការចោទលើកញ្ញា និងអ្នកផ្សេងទៀត៖ «អត់នឹកស្មានដល់ថា មានទូតច្រើនចូលរួមនេះឆ្លុះបង្ហាញថា ចលនាអន្តរជាតិឆ្លុះបង្ហាញពីលើស្រុកខ្មែរ ហើយដាក់សម្ពាធលើរបបនេះ និងជួយការពារខ្ញុំនិងអ្នកផ្សេងទៀតផង ព្រោះនេះគ្រាន់តែឆាកនយោបាយទេ»។
រីឯសមាជិកព្រឹទ្ធសភាជាប់ឆ្នោតគណបក្សប្រឆាំង និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ឱ្យអ្នកសារព័ត៌មានដឹងក្រោយចេញពីតុលាការថា លោកនៅតែប្រកាសមិនទទួលយកការចោទប្រកាន់របស់តុលាការឡើយ ដោយលោកអះអាងថា លោកមានឈាមជ័រខ្មែរក្រោមជាអ្នកស្នេហាជាតិ មិនមែនអ្នកក្បត់ជាតិទេ៖ «មកនេះអត់ដឹងថា ខ្ញុំមានទោសអីខុសអីចង់ដឹងដែរថា តើខុសអី? បើផ្សំគិតក្បត់ខ្ញុំមិនដឹងថា ឥឡូវស្រុកខ្មែរអ្នកណាក្បត់ ហើយខ្ញុំផ្សំគំនិតជាមួយអ្នកណា?ហើយក្បត់អ្នកណា? បើក្បត់ខ្មែរមានចូលជាមួយបរទេស»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានចេញសេចក្ដីថ្លែងការណ៍ចាត់ទុកការជំនុំជម្រះក្ដីទ្រង់ទ្រាយធំទៅលើសកម្មជនគណបក្សសង្គ្រោះជាតិទំនងជាកើតចេញពីហេតុផលនយោបាយ ខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវដែលបានបង្កើតឡើងយ៉ាងរឹងមាំដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ អ្នកស្រីបានបន្ថែមទៀតថា ដំណើរក្តីរបស់តុលាការទំនងជាផ្នែកមួយនៃយុទ្ធសាស្ត្របំភិតបំភ័យ និងបំបាក់មុខគូប្រជែងរបស់រដ្ឋាភិបាល។ អ្នកស្រីសម្ដែងក្ដីកង្វល់យ៉ាងខ្លាំងអំពីការជំនុំជម្រះក្តីទ្រង់ទ្រាយធំមួយដែលនឹងកើតមានទៅលើបុគ្គលមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ។
មន្ត្រីសិទ្ធិមនុស្សលោក នី សុខា សង្កេតឃើញថា សំណុំរឿងចោទប្រកាន់បទឧក្រិដ្ឋ និងការប៉ុនប៉ងបើកការជំនុំជម្រះទ្រង់ទ្រាយធំដ៏ស្មុគស្មាញនេះ និងអាចប៉ះពាល់ដំណើរការទទួលបានយុត្តិធម៌របស់ជនជាប់ចោទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មេធាវីថា ដីកាកោះហៅមនុស្សជាង១០០នាក់ ក្នុងរយៈពេលខ្លីធ្វើឲ្យពិបាកក្នុងការត្រៀមខ្លួន
- សកម្មជនបក្សប្រឆាំងម្នាក់នៅបាត់ដំបងត្រូវបានចាប់ខ្លួនក្រោមបទចោទថា កាប់ព្រៃឈើ
- មន្ត្រីបក្សប្រឆាំងចាត់ទុកដីកាកោះរបស់តុលាការរបបក្រុងភ្នំពេញថា ជារឿងកំប្លែង
- ស្ថានទូតខ្មែរនៅអាមេរិកថា ការមិនខ្វល់នឹងមន្ត្រីបក្សប្រឆាំង គ្មានន័យថា មិនយកចិត្តទុកដាក់នឹងពលរដ្ឋទេ
- អាជ្ញាធរបង្ខំប្រពន្ធសកម្មជនបក្សប្រឆាំងម្នាក់ឱ្យចុះចូលបក្សកាន់អំណាចជាថ្នូរដោះលែងប្ដី
- សកម្មជននិងពលករខ្មែរនៅថៃផ្អាកពិធីមួយចំនួនដោយបញ្ហានយោបាយថៃឡើងកម្ដៅខ្លាំង
- សកម្មជនបក្សប្រឆាំងខេត្តស្វាយរៀង ៤នាក់ ត្រូវបានដោះលែង ក្រោយបង្ខំឱ្យឈប់គាំទ្របក្សខ្លួន
- មន្ត្រីបក្សប្រឆាំងស្នើលោក ហ៊ុន សែន បញ្ឈប់វប្បធម៌លាបពណ៌ និងឈ្លបយកការណ៍បែបខ្មែរក្រហម
- លោក ហ៊ុន សែន ប្ដេជ្ញាការពារត្រកូលហ៊ុន ទោះបីជារលាយផែនដីក៏ដោយ
- លោក ថាច់ សេដ្ឋា ប្រកាសជំហរថា លោកនឹងចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុលាការ
keep watching how this beast regime play what we call communist trick
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាមទារឱ្យ លោកស្រីរ៉ូណា ស្មីត Rhona Smith អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។
តាមសេចក្តីថ្លែងការណ៍ដែល ទទួលបាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានបេសកកម្ម
អចិន្ត្រៃយ៍កម្ពុជា បានបដិសេធទាំងស្រុងចំពោះការចេញផ្សាយព័ត៌មាន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់លោកស្រីរ៉ូណា ស្មីត Rhona Smith ដែលបានលើកឡើងថា ការបើកសវនការលើអតីតក្រុមប្រឆាំងរយៈពេលប៉ុន្មានថ្ងៃនេះ គឺទំនងជាធ្វើឡើងក្នុងហេតុផលនយោបាយ។
«ទស្សនៈផ្ទាល់ខ្លួនរបស់បុគ្គលដែលអះអាងថាជាអ្នកជំនាញ ប៉ុន្តែមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ គឺជាការលើកឡើងដែលសម្រាំងយកតែផ្នែកខ្លះ និងបកស្រាយដោយមួលបង្កាច់ មិនផ្អែកលើការពិត។ មានឧទាហរណ៍ អំពីករណីមន្ត្រីគណបក្សកាន់អំណាចជាច្រើន ដែលបានប្រព្រឹត្តខុស ហើយត្រូវបានយកមកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។ ការណ៍នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ការចូលរួមជាមួយគណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យ បុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ វាគឺជាយុត្តាធិការរបស់តុលាការនៅក្នុងការ កំណត់បទចោទ និងបន្តនីតិវិធី ដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុនិងអង្គច្បាប់។ ការធ្វើសេចក្ដីសន្និដ្ឋានថា ការបើកសវនាការជំនុំជម្រះលើបុគ្គលណាមួយធ្វើឡើងក្នុងហេតុផល នយោបាយនិងទម្រង់យុទ្ធសាស្ត្របំភិតបំភ័យចំពោះទស្សនៈផ្ទុយគ្នា គឺជាការនិយាយបំផ្លើសនិងជាការ ប្រមាថទាំងស្រុងលើស្ថាប័នតុលាការឯករាជ្យនៃរដ្ឋអធិបតេយ្យ»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានពន្យល់ថា បទល្មើស «ឧបឃាត» និង «ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា៤៥១ និង មាត្រា៤៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានតាក់តែងឡើងដោយមានជំនួយពីអ្នកជំនាញផ្នែកច្បាប់មកពី ប្រទេសលោកខាងលិចផងដែរ។ ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ ព្រមទាំងមានសិទ្ធិរកមេធាវីការពារ ដើម្បីបង្ហាញ ទឡ្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក នៅក្នុងប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវ ការជំនុំជម្រះត្រឹមត្រូវ ធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ជនជាប់ចោទក៏បានត្រូវគេផ្តល់មេធាវី ការពារសិទ្ធិដោយមិនយកកម្រៃ ប៉ុន្តែពួកគាត់បានសម្រេចយកមេធាវីការពារ តាមជម្រើសផ្ទាល់ខ្លួនវិញ។
កម្ពុជាបញ្ជាក់ទៀតថា ដំណើរការនីតិវិធីរបស់តុលាការចំពោះជនជាប់ចោទ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដោយផ្អែកទៅលើ បទល្មើសដែលបានចោទប្រកាន់ស្របតាមច្បាប់ ហើយក៏មិនបានពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនិងជួបជុំដោយសន្តិវិធីនោះឡើយ។ បើគេចាត់ទុកការអនុវត្តច្បាប់គឺជាការរឹតត្បិត សេរីភាព នោះគឺជាការបន្ទាបតម្លៃនៃគោលការណ៍នីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានទទូចថា អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពនៃ ប្រព័ន្ធតុលាការជាតិ ដែលក្នុងចំណោមនោះ មិនត្រូវធ្វើការវិនិច្ឆ័យជាមុន ឬធ្វើអ្វីដែលជះឥទ្ធិពលលើ លទ្ធផលនៃសំណុំរឿងពាក់ព័ន្ធនឹងបុគ្គលដែលកំពុងរង់ចាំសវនានោះឡើយ។ ការយកចិត្តទុកដាក់ ប្រកបដោយការប្រុងប្រយ័ត្ន និងគោរពនីតិវិធីតុលាការខាងលើ ព្រមជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកទទួលអាណត្តិនីតិវិធីពិសេស ដែលបានគូសបញ្ជាក់អំពីសារឮសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នឹងជួយឱ្យរដ្ឋទូទៅទាំងអស់ និងកម្ពុជា ជាពិសេស បន្តរក្សានូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការពិតប្រាកដ ជាមួយ អ្នករាយការណ៍ពិសេស៕