ដោយ ហេង រស្មី
2020-12-11
RFA

(ឆ្វេង) បណ្ឌិត សេង សារី អ្នកឃ្លាំមើលអភិវឌ្ឍន៍សង្គម (កណ្ដាល) លោក អ៊ុំ សំអាន សមាជិកសភាគណបក្សសង្គ្រោះជាតិ និង (ស្ដាំ) លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រូប៖ ហ្វេសប៊ុក
អ្នកឃ្លាំមើលសង្គមនិងមន្ត្រីបក្សប្រឆាំងថា ការជំរុញឱ្យរដ្ឋាភិបាលងាកមកបើកលំហនយោបាយការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវិញ គឺដើម្បីរួចផុតពីទណ្ឌកម្មបន្ថែមរបស់សហគមន៍អន្តរជាតិ។ ឆ្លើយតបការលើកឡើងនេះអ្នកនាំពាក្យបក្សកាន់អំណាចថា ប្រទេសមួយចំនួននៅបន្តផ្តល់ជំនួយឲ្យកម្ពុជានៅឡើយ។
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងសង្កេតឃើញថា រដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល គឺជាក្រុមរំលោភសិទ្ធិមនុស្ស ដែលប្រឈមនឹងការដាក់ទណ្ឌកម្ម។ ពួកគេលើកឡើងថា សព្វថ្ងៃនេះកម្ពុជាកំពុងប្រឈមបញ្ហាសេដ្ឋកិច្ច ការដាក់ទណ្ឌកម្ម និងវិបត្តិកូវីដ១៩ ផងនោះ ហើយបើរដ្ឋាភិបាលទទួលរងទណ្ឌកម្មបន្ថែមទៀតនោះអាចនឹងធ្វើប្រទេសកម្ពុជានិងពលរដ្ឋជួបវិបត្តិ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយលោក ឯម សុណ្ណរ៉ា យល់ថា ច្បាប់ថ្មីរបស់សហភាពអឺរ៉ុបបើកផ្លូវទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងទង្វើរំលោភសិទ្ធិមនុស្សនៅលើពិភពលោក គឺអាចនឹងប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជាព្រោះកន្លងទៅសភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយម្ដងហើយ ក្រោយរកឃើញថា មានការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ លោកថា នេះជាភាពអវិជ្ជមានមួយសម្រាប់កម្ពុជា ហើយកម្ពុជាគួរតែអនុវត្តតាមអនុសាស្ត្ររបស់សហភាពអឺរ៉ុបកន្លងមកដែលចង់ឃើញស្ថានភាពនយោបាយ និងសិទ្ធិមនុស្សដូចកាលពីការបោះឆ្នោតឆ្នាំ២០១៧៖ «កម្ពុជាអាចប្រឈមនឹងឧបសគ្គច្រើនខ្ញុំគិតថា ទណ្ឌកម្មរបស់អឺរ៉ុបនឹងអ្នក ដែលប្រឈមជាបុគ្គលហើយដាក់ផលប៉ះពាល់បុគ្គល គឺមានហើយបុគ្គលមួយៗ គាត់មានសក្ដានុពលកាន់ក្រុមហ៊ុនច្រើនអ៊ីចឹង បើច្រើនប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ហើយមុខមាត់កម្ពុជាក៏មានប៉ះពាល់ដែរ»។
ស្រដៀងគ្នាដែរនេះ អ្នកឃ្លាំមើលអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី យល់ថា រដ្ឋាភិបាលកម្ពុជាបានស៊ាំនឹងទណ្ឌរបស់អន្តរជាតិ ដូច្នេះលោកថា ដើម្បីបើកច្រកឱ្យមានការកចរចាផ្នែកនយោបាយលុះត្រាណាគណបក្សសង្គ្រោះជាតិត្រូវមានភាពរឹងមាំក្លាហានជាមុន និងត្រូវហ៊ានលះបង់ជាងមុខ រួមមានការក្លាហានរបស់ពលរដ្ឋផង ទើបជំរុញឱ្យមានដំណោះស្រាយនយោបាយ៖ «គណបក្សត្រូវមានយុទ្ធសាស្ត្រថ្មីត្រូវមានភាពក្លាហានជាងមុនទន្ទឹមហ្នឹង គឺពលរដ្ឋសកម្មនៅពេលពលរដ្ឋចាប់ផ្ដើមចង់ដឹងចង់ឮរឿងនយោបាយមើលឃើញខុសត្រូវមើលឃើញល្អអាក្រក់ ហើយពលរដ្ឋសកម្មក៏ជាគន្លឺធំទាញអ្នកនយោបាយឱ្យងាកមកគន្លងប្រជាធិបតេយ្យឡើងវិញ»។
រីឯសមាជិកសភាគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ដែលកំពុងភៀសខ្លួននៅសហរដ្ឋអាមេរិកអះអាងថា លោកផ្ទាល់និងមន្រ្តីគណបក្សសង្គ្រោះជាតិត្រៀមខ្លួនរួចហើយគឺនឹងចូលស្រុកវិញ នៅថ្ងៃទី៤ ខែមករាខាងមុខ។ លោកឱ្យដឹងទៀតថា ពេលនេះគណបក្សសង្គ្រោះជាតិកំពុងធ្វើនយោបាយការទូតជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យដើម្បីជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន វិលមកដើរផ្លូវប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញ៖ «យើងជឿថា លោក ហ៊ុន សែន គាត់មិនអាចនៅតែចចេសមិនស្ដារប្រជាធិបតេយ្យ បញ្ហាសិទ្ធិនៅកម្ពុជាឡើងវិញ ព្រោះគាត់ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរណាស់នៅដំណាក់កាលចុងក្រោយនេះ»។
ការលើកឡើងរបស់ឃ្លាំមើលសង្គម និងមន្ត្រីបក្សប្រឆាំងនៅពេលនេះ ខណៈក្រុមប្រឹក្សាអឺរ៉ុបអនុម័តជាផ្លូវការនូវសេចក្ដីសម្រេចនិងបញ្ញត្តិ ដែលបើកផ្លូវទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងទង្វើរំលោភសិទ្ធិមនុស្សនៅលើពិភពលោក។ ក្របខ័ណ្ឌថ្មីរបស់សហភាពអឺរ៉ុបនេះ ស្រដៀងគ្នាទៅនឹងច្បាប់ Global Magnitsky Act របស់សហរដ្ឋអាមេរិកដែរ គឺប្រើប្រាស់ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមេដឹកនាំ ឬអ្នកដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅប្រទេសដទៃ។ ស្របគ្នានេះដែរ រដ្ឋសភាប្រទេសអូស្ត្រាលី ក៏គ្រោងអនុម័តច្បាប់ស្រដៀងគ្នានេះដែរនៅដើមឆ្នាំ២០២១ ខាងមុខ។
ទោះយ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និយាយថា លោកមិនបានឃើញអ្នកណាមកដាក់ទណ្ឌកម្ពុជាទេ ប៉ុន្តែឃើញតែបរទេសបាន ផ្ដល់អំណោយដល់កម្ពុជា។ អ្នកនាំពាក្យរូបនេះនៅតែអះអាងដដែលៗ ថា កម្ពុជា គ្មានការរំលោភសិទ្ធិមនុស្សឡើយ រីឯលំហនយោបាយវិញ ក៏គ្មានការរឹតត្បិតអីដែរ ដោយសព្វថ្ងៃនេះមានគណបក្សនយោបាយជាង ៤០បក្សកំពុងធ្វើសកម្មភាពនយោបាយ៖ «ចរចាឱ្យខ្មោចអតីតបក្សប្រឆាំងរស់ឡើងវិញ បានមានសិទ្ធិមនុស្ស? មានរំលោភសិទ្ធិមនុស្សឯណានៅកម្ពុជាគ្រាន់គេចោទប្រកាន់»។
សហរដ្ឋអាមេរិកបានឈានមុខគេក្នុងការអនុម័តច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់ទណ្ឌកម្មមន្ត្រីជំនិតរបស់លោក ហ៊ុន សែន រួមមានមេកងអង្គរក្សរបស់លោក ហ៊ុន សែន នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយឧត្ដមសេនីយ៍ គន់ គីម ដែលជាទេសរដ្ឋមន្ត្រី និងលោក ទ្រី ភាព ជាឈ្មួញឈើនៅកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ រីឯទណ្ឌកម្មអាមេរិកលើក្រុមហ៊ុនចិន យូឌីជី (Union Development Group (UDG) វិនិយោគគម្រោងអភិវឌ្ឍន៍ខ្នាតធំនៅខេត្តកោះកុង ដោយសារតែក្រុមហ៊ុនចិនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងដីធ្លី។ ក្រៅពីក្រុមហ៊ុនចិន UDG នេះ មកទល់ពេលនេះមានក្រុមហ៊ុនខ្មែរចំនួន ១៦ រួចទៅហើយ ដែលអាមេរិកដាក់ទណ្ឌកម្មដោយសារតែពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
អ្នកឃ្លាំមើលសង្គមថា ករណីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជាគឺជាមូលដ្ឋាន ដែលសហភាពអឺរ៉ុបអាចនឹងដាក់ទណ្ឌកម្មបន្ថែមលើច្បាប់ថ្មីរបស់ខ្លួនទើបអនុម័ត ដែលសំដៅលើបុគ្គលរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ប្រតិកម្មចំពោះការរិះគន់របស់ អ្នករាយការណ៍ពិសេសលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលកូវីដ១៩
(ហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានប្រតិកម្មយ៉ាងខ្លាំងទៅនឹងការរិះគន់របស់ អ្នករាយការះ៍ពិសេស នៃអង្គការសហប្រជាជាតិ លើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែល ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ។
ដោយមានការខកចិត្តចំពោះការចេញផ្សាយព័ត៌មាននាពេលថ្មីៗនេះ របស់អ្នករាយការណ៍ពិសេសចំនួន៣រូប ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងរបស់កម្ពុជា ជាមួយនឹងមេរោគកូវីដ១៩។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានផ្តល់ការបំភ្លឺ ដូចខាងក្រោម៖
១៖ នៅទូទាំងពិភពលោក ការឆ្លើយតបនឹងការរាតត្បាតកូវីដ១៩ តម្រូវឱ្យមានវិធានការវិសាមញ្ញនិងពុំដែលដាក់ចេញនាពេលកន្លងទៅ ដោយគិតគូរលើកាលៈទេសៈប្រទេសនីមួយៗ។ សម្រាប់កម្ពុជា ការឆ្លើយតប ដែលបានដាក់ចេញតាមរយៈវិធីសាស្រ្តមានការចូលរួមពីតួអង្គរដ្ឋាភិបាល និងសង្គមទាំងមូល និងស្របតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក មានគោលបំណងធានាថា ជីវិតដ៏មានតម្លៃនឹងមិនត្រូវបានបាត់បង់។
គិតត្រឹមថ្ងៃនេះ ប្រទេសកម្ពុជាបានគ្រប់គ្រងមេរោគកូវីដ១៩នេះ ដោយមានករណីវិជ្ជមានតិចជាង ៣៦០ នាក់ ពុំមានអ្នកស្លាប់និងពុំមានការបិទប្រទេសឡើយ។ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៉ី និងលេខ៣ នៅលើពិភពលោក ក្នុងការគ្រប់គ្រងបានប្រសើរបំផុតចំពោះការរាលដាលឆ្លងមេរោគនេះ បើយោងតាម Bureau de Perspective Economique of Senegal។
២៖ ការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកផ្ទុកមេរោគកូវីដ១៩ ដោយក្រសួងសុខាភិបាល គឺមានសារៈសំខាន់ជាខ្លាំងនិងភាពចាំបាច់បំផុត ក្នុងកាលៈទេសៈតម្រូវឱ្យមានការទប់ស្កាត់ជាបន្ទាន់នូវការឆ្លងចូលសហគមន៍ ដែលមិនទាន់រកឃើញប្រភពច្បាស់នៅឡើយ ក្នុងគោលបំណងការពារសុវត្ថិភាពសុខភាពសាធារណៈនិងសន្តិសុខរបស់ប្រជាជនទាំងមូល ដែលត្រូវបានធានាដោយច្បាប់អន្តរជាតិ។
៣៖ វិធានបណ្តោះអាសន្ននិងមានសមាមាត្រខាងលើ ត្រូវបានដាក់ចេញដើម្បីលើកទឹកចិត្ត និងជំរុញឱ្យមានការតាមរក ធ្វើតេស្ត និង ធ្វើចត្តាឡីស័កឱ្យបានឆាប់រហ័សនិងទាន់ពេលវេលាចំពោះបុគ្គលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ថ្ងៃទី៣ និង២៨ ខែវិច្ឆិកា» សំដៅរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលដែលមិនអាចគ្រប់គ្រងបាន ដូចដែលតំបន់ខ្លះក្នុងពិភពលោកកំពុងជួបប្រទះយ៉ាងធ្ងន់ធ្ងរ។ ជាការគាំទ្រដល់វិធានការខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជាសាធារណៈនូវអត្តសញ្ញាណផ្ទាល់របស់សម្តេច នៅពេលធ្វើតេស្តកូវីដ១៩ និងបានអំពាវនាវមិនឱ្យមានការរើសអើងចំពោះអ្នកជំងឺកូវីដ១៩ ផងដែរ។
៤៖ ការគាំទ្រនិងកិច្ចសហប្រតិបត្តិការដ៏ធំធេងរបស់ពលរដ្ឋកម្ពុជាចំពោះវិធានការណ៍ខាងលើត្រូវបានឆ្លុះបញ្ចាំង តាមរយៈវត្តមានដ៏ក្លាហានរបស់ពលរដ្ឋកម្ពុជា ចំនួនលើសមួយម៉ឺននាក់ ដែលទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយព្រឹត្តិការណ៍ខាងលើ ចេញមកចូលរួមធ្វើតេស្តកូវីដ១៩ ដោយស្ម័គ្រចិត្ត។
៥៖ កិច្ចប្រឹងប្រែងការពារភាពឯកជនរបស់បុគ្គលពាក់ព័ន្ធក៏ត្រូវបានខំខិតធ្វើឡើងផងដែរ នៅពេលចំនួនករណីវិជ្ជមានកូវីដ១៩ ជាប់ទាក់ទងនឹងព្រឹត្តិការណ៍ខាងលើហាក់បានថយចុះ។ ការដាក់បង្ហាញរូបភាព ដែលបានប្រើប្រាស់ក្នុងគ្រាតម្រូវឱ្យមានប្រតិបត្តិការស្វែងរកជាបន្ទាន់ និងឆាប់រហ័សនោះ ឥឡូវត្រូវបានដកចេញពីសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលរួចហើយ។ ការឈប់បង្ហាញឈ្មោះក៏នឹងត្រូវចាប់ផ្តើមអនុវត្តឡើងវិញ នៅពេលការឆ្លងចូលសហគមន៍ត្រូវបានគ្រប់គ្រងទាំងស្រុង។
៦៖ កិច្ចការពារសិទ្ធិរបស់បុគ្គលដែលត្រូវបានដកហូតសេរីភាពនៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល។ វិធានការប្រុងប្រយ័ត្ន និងគំនិតផ្តួចផ្តើមផ្សេងៗត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ នៅក្នុងពន្ធនាគារ និងដើម្បីដោះស្រាយស្ថានភាពចង្អៀតណែននៅតាមពន្ធនាគារ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ជាថ្មីថា «ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩របស់កម្ពុជាបានដាក់បញ្ចូលនូវគុណតម្លៃសិទ្ធិមនុស្ស។ ចម្បង និងសំខាន់បំផុត គឺសិទ្ធិមានជីវិត សិទ្ធិរស់រាន និងសិទ្ធិទទួលបានការព្យាបាលសុខភាព។ អ្នករាយការណ៍ពិសេស ដែលបុគ្គលខ្លះមិនដែលស្គាល់ច្បាស់ពីកម្ពុជាផងនោះ គួរតែចូលរួមអបអរចំពោះសមិទ្ធផលខាងលើដែលមិនអាចប្រកែកបាន ទទួលស្គាល់នូវអាទិភាពរបស់កម្ពុជា និងបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវ តាមរយៈការជួយបន្ថែម ជាជាងបង្អាក់ដល់បេសកកម្មសង្គ្រោះជីវិត និងទប់ស្កាត់ការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំ»៕